ព្រះគម្ពីរ
  ពាក្យ​សម្ដី​នៃ​មរមន 1
  កំណត់ចំណាំ​នៅ​បាត
  បាវចនា

  ពាក្យ​សម្ដី​នៃ​មរមន

  ជំពូក​ទី ១

  មរមន​សង្ខេប​ផ្ទាំង​ធំ​របស់​នីហ្វៃ — លោក​បញ្ចូល​ផ្ទាំង​តូច​ទៅ​នឹង​ផ្ទាំង​ផ្សេង — ស្ដេច​បេនយ៉ាមីន​បង្កើត​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​នៅ​លើ​ដែនដី។ ប្រមាណ​ជា​ឆ្នាំ ៣៨៥ គ.ស.។

  ហើយ​ឥឡូវ​នេះ ខ្ញុំ មរមន ជិត​ប្រគល់​បញ្ជី​ដែល​ខ្ញុំ​បាន​ធ្វើ​មក​ទៅ​ឲ្យ​កូន​ប្រុស​ខ្ញុំ គឺ​មរ៉ូណៃ មើល​ចុះ ខ្ញុំ​បាន​ឃើញ​ដល់​ការ​បំផ្លិចបំផ្លាញ​ស្ទើរតែ​ទាំង​អស់​នៃ​ប្រជាជន​ខ្ញុំ គឺ​សាសន៍​នីហ្វៃ។

  ហើយ​ជា​ច្រើន​រយ​ឆ្នាំ​ក្រោយ​មក បន្ទាប់​ពី​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ ដែល​ខ្ញុំ​ប្រគល់​បញ្ជី​ទាំង​នេះ​ដល់​ដៃ​នៃ​កូន​ប្រុស​ខ្ញុំ ហើយ​ខ្ញុំ​សន្និដ្ឋាន​ថា គាត់​នឹង​ធ្វើ​ជា​សាក្សី​ដល់​ការ​បំផ្លិចបំផ្លាញ​នៃ​ប្រជាជន​ខ្ញុំ​ទាំង​ស្រុង។ ប៉ុន្តែ​សូម​ព្រះ​អនុគ្រោះ​ឲ្យ​គាត់​រស់នៅ ដើម្បី​គាត់​អាច​សរសេរ​រឿង​ខ្លះ​អំពី​ពួក​គេ និង​រឿង​ខ្លះ​អំពី​ព្រះ​គ្រីស្ទ ដើម្បី​ក្រែង​ថ្ងៃ​ណាមួយ ការណ៍​នេះ​នឹង​មាន​ប្រយោជន៍​ដល់​ពួក​គេ។

  ហើយ​ឥឡូវ​នេះ ខ្ញុំ​និយាយ​ខ្លះ​អំពី​អ្វី​ដែល​ខ្ញុំ​បាន​សរសេរ ព្រោះ​បន្ទាប់​ពី​ខ្ញុំ​បាន​ធ្វើ​ការ​សង្ខេប​ពី​ផ្ទាំង​នីហ្វៃ រហូត​មក​ដល់​រជ្ជកាល​ស្ដេច​បេនយ៉ាមីន ដែល​អាម៉ាលេកៃ​បាន​និយាយ​មក​នោះ នោះ​ខ្ញុំ​បាន​ពិចារណា​មើល​ក្នុង​បញ្ជី​ទាំង​ឡាយ ដែល​បាន​ប្រគល់​មក​ក្នុង​ដៃ​ខ្ញុំ ហើយ​ខ្ញុំ​បាន​រក​ឃើញ​ផ្ទាំង​ទាំង​នេះ ដែល​មាន​នូវ​ដំណើរ​រឿង​ដ៏​ខ្លី​នេះ អំពី​ពួក​ព្យាការី ចាប់​ពី​យ៉ាកុប​រហូត​មក​ដល់​រជ្ជ​កាល​នៃ​ស្ដេច​បេនយ៉ាមីន​នេះ ព្រម​ទាំង​ពាក្យ​ជា​ច្រើន​របស់​នីហ្វៃ​ផង។

  ឯ​រឿង​ទាំង​ឡាយ ដែល​មាន​នៅ​លើ​ផ្ទាំង​ទាំង​នេះ នោះ​ខ្ញុំ​ពេញ​ចិត្ត ពី​ព្រោះ​មក​ពី​ពាក្យ​ព្យាករណ៍​ទាំង​ឡាយ​អំពី​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ ហើយ​ពួក​អយ្យកោ​ខ្ញុំ​ដឹង​ថា ពាក្យ​ព្យាករណ៍​ទាំង​នេះ​ច្រើន​ត្រូវ​បាន​បំពេញ​ហើយ មែន​ហើយ ហើយ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា រឿង​ជា​ច្រើន​ដែល​បាន​ព្យាករ​អំពី​ពួក​យើង​រហូត​មក​ដល់​ថ្ងៃ​នេះ ក៏​បាន​បំពេញ​ហើយ​ដែរ ឯ​រឿង​ទាំង​ឡាយ​ណា​ដែល​នៅ​ក្រោយ​ថ្ងៃ​នេះ ច្បាស់​ជា​នឹង​បាន​កើត​ឡើង​ជា​ពិតប្រាកដ —

  ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​រើស​រឿង​ទាំង​នេះ ដើម្បី​បញ្ចប់​បញ្ជី​របស់​ខ្ញុំ​នៅ​លើ​បញ្ជី​នេះ ឯ​បញ្ជី​របស់​ខ្ញុំ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន នោះ​ខ្ញុំ​នឹង​យក​ពី​ផ្ទាំង​នីហ្វៃ ហើយ​ខ្ញុំ​ពុំ​អាច​សរសេរ​ឲ្យ​អស់​ទេ ទោះ​ជា​មួយ​ភាគរយ​នៃ​ដំណើរ​រឿង​របស់​ប្រជាជន​ខ្ញុំ​ក្ដី។

  ប៉ុន្តែ​មើល​ចុះ ខ្ញុំ​នឹង​យក​ផ្ទាំង​ទាំង​នេះ ដែល​មាន​ការ​ព្យាករណ៍​ទាំង​ឡាយ និង​វិវរណៈ​ទាំង​ឡាយ ហើយ​ដាក់​វា​ជាមួយ​នឹង​បញ្ជី​របស់​ខ្ញុំ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ព្រោះ​សុទ្ធ​តែ​ជា​ការណ៍​ជម្រើស​ចំពោះ​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា សុទ្ធ​តែ​ជា​ការណ៍​ជម្រើស​ចំពោះ​បង​ប្អូន​ខ្ញុំ​ដែរ។

  ហើយ​ខ្ញុំ​ធ្វើ​យ៉ាង​នេះ ដើម្បី​ប្រយោជន៍​មួយ​ដ៏​សំខាន់ ព្រោះ​ព្រះ​វិញ្ញាណ​បាន​ខ្សឹប​ប្រាប់​ខ្ញុំ ស្រប​តាម​ការងារ​នៃ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​ដែល​នៅ​ក្នុង​ខ្ញុំ។ ហើយ​ឥឡូវ​នេះ ខ្ញុំ​ពុំ​ដឹង​នូវ​គ្រប់​ការណ៍​ទាំង​អស់​ទេ តែ​ព្រះ​អម្ចាស់​ទ្រង់​ជ្រាប​នូវ​គ្រប់​ការណ៍​ទាំង​អស់ ដែល​នឹង​កើត​ឡើង ហេតុ​ដូច្នោះ​ហើយ ទ្រង់​បាន​ធ្វើ​ការ​ក្នុង​ខ្ញុំ ដើម្បី​ធ្វើ​អ្វីៗ​ស្រប​តាម​ព្រះ​ហឫទ័យ​ទ្រង់។

  ហើយ​ការ​អធិស្ឋាន​របស់​ខ្ញុំ​ដល់​ព្រះ គឺ​អំពី​បង​ប្អូន​ខ្ញុំ ដើម្បី​សូម​ឲ្យ​ពួក​គេ​អាច​បាន​ស្គាល់​ព្រះ​ម្ដង​ទៀត មែន​ហើយ គឺ​ស្គាល់​នូវ​សេចក្ដី​ប្រោស​លោះ​នៃ​ព្រះ​គ្រីស្ទ ដើម្បី​សូម​ឲ្យ​ពួក​គេ​អាច​បាន​ត្រឡប់​ទៅ​ជា​ប្រជាជន​ដ៏​គួរ​ស្រឡាញ់​ដូច​មុន។

  ហើយ​ឥឡូវ​នេះ ខ្ញុំ មរមន សូម​បញ្ចប់​បញ្ជី​របស់​ខ្ញុំ​ដែល​ខ្ញុំ​យក​មក​ពី​ផ្ទាំង​នីហ្វៃ​សិន​ហើយ ហើយ​ខ្ញុំ​ធ្វើ​បញ្ជី​នេះ ស្រប​តាម​ការ​ចេះ​ដឹង និង​ស្រប​តាម​យោបល់​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​ខ្ញុំ។

  ១០ហេតុ​ដូច្នោះ​ហើយ ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​អាម៉ាលេកៃ​បាន​ប្រគល់​ផ្ទាំង​ទាំង​នេះ​ដល់​ព្រះ​ហស្ត​នៃ​ស្ដេច​បេនយ៉ាមីន​ហើយ នោះ​ស្ដេច​ក៏​បាន​យក​ផ្ទាំង​ទាំង​នេះ ទុក​ជាមួយ​ផ្ទាំង​ឯ​ទៀត ដែល​មាន​បញ្ជី​ទាំង​ឡាយ ដែល​បន្ត​ពី​ស្ដេច​មួយ​ទៅ​ស្ដេច​មួយ ពី​តំណ​មួយ​ទៅ​តំណ​មួយ រហូត​មក​ដល់​សម័យ​ស្ដេច​បេនយ៉ាមីន។

  ១១ហើយ​ផ្ទាំង​ទាំង​នេះ ត្រូវ​បាន​បន្ត​ពី​ស្ដេច​បេនយ៉ាមីន ពី​តំណ​មួយ​ទៅ​តំណ​មួយ រហូត​ដល់​ធ្លាក់​មក​ក្នុង​ដៃ​ខ្ញុំ។ ហើយ​ខ្ញុំ មរមន សូម​អធិស្ឋាន​ដល់​ព្រះ សូម​ឲ្យ​ផ្ទាំង​ទាំង​នេះ​នៅ​ឲ្យ​បាន​គង់វង្ស​ចាប់​ពី​ពេល​នេះ​រហូត​ត​ទៅ។ ហើយ​ខ្ញុំ​ដឹង​ថា វា​នឹង​ត្រូវ​បាន​រក្សាទុក​ឲ្យ​បាន​គង់វង្ស ត្បិត​មាន​រឿង​ដ៏​សំខាន់ៗ​បាន​ឆ្លាក់​នៅ​លើ​នោះ ដែល​នឹង​ត្រូវ​យក​មក​ជំនុំ​ជំរះ​ប្រជាជន​ខ្ញុំ និង​បង​ប្អូន​គេ​នៅ​ថ្ងៃ​ដ៏​ធំ ហើយ​ចុង​ក្រោយ​បង្អស់ ស្រប​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​ដែល​បាន​ចែង​មក។

  ១២ហើយ​ឥឡូវ​នេះ អំពី​ស្ដេច​បេនយ៉ាមីន — ទ្រង់​មាន​ការ​ទាស់ទែង​ខ្លះ​ក្នុង​ចំណោម​ប្រជាជន​ទ្រង់។

  ១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពល​ទ័ព​សាសន៍​លេមិន​បាន​ចុះ​មក​ពី​ដែនដី​នីហ្វៃ ដើម្បី​មក​ច្បាំង​នឹង​ពួក​សាសន៍​នីហ្វៃ។ ប៉ុន្តែ​មើល​ចុះ ស្ដេច​បេនយ៉ាមីន​បាន​ប្រមូល​ពល​ទ័ព​ទ្រង់ ហើយ​បាន​ទប់​ទល់​នឹង​ពួក​គេ ហើយ​បាន​ប្រយុទ្ធ​ដោយ​កម្លាំង​ព្រះ​ហស្ត​ទ្រង់​ផ្ទាល់ ដោយ​ប្រើ​ដាវ​របស់​ឡាបាន់។

  ១៤ហើយ​នៅ​ក្នុង​កម្លាំង​របស់​ព្រះ​អម្ចាស់ នោះ​ពួក​គេ​បាន​តទល់​នឹង​ពួក​ខ្មាំងសត្រូវ​របស់​គេ រហូត​ដល់​ពួក​គេ​បាន​សម្លាប់​ពួក​លេមិន​ជា​ច្រើន​ពាន់​នាក់។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ប្រយុទ្ធ​តទល់​នឹង​ពួក​សាសន៍​លេមិន រហូត​ដល់​ពួក​គេ​បាន​ដេញ​ពួក​លេមិន ឲ្យ​ចេញ​អស់​ពី​ដែនដី​កេរ្តិ៍​អាករ​របស់​គេ​ទៅ។

  ១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​មាន​ព្រះ​គ្រីស្ទ​ក្លែងក្លាយ​ទាំង​ឡាយ នោះ​មាត់​គេ​ត្រូវ​បាន​បិទ ហើយ​ពួក​គេ​បាន​ទទួល​ទុក្ខ​ទោស ស្រប​តាម​បទ​ល្មើស​របស់​ខ្លួន

  ១៦ហើយ​បន្ទាប់​ពី​មាន​ពួក​ព្យាការី​ក្លែងក្លាយ និង​ពួក​អាចារ្យ​ក្លែងក្លាយ និង​ពួក​គ្រូ​ប្រដៅ​ក្លែងក្លាយ​នៅ​ក្នុង​ចំណោម​ប្រជាជន ហើយ​ពួក​អស់​ទាំង​នេះ​បាន​ទទួល​ទុក្ខ​ទោស ស្រប​តាម​បទ​ល្មើស​របស់​ខ្លួន ហើយ​បន្ទាប់​ពី​ការ​ទាស់ទែង​គ្នា​ជា​ច្រើន និង​ការ​បែកបាក់​គ្នា​ដ៏​ច្រើន ចូល​ដៃ​ទៅ​ឯ​ពួក​សាសន៍​លេមិន មើល​ចុះ ហេតុការណ៍​បាន​កើត​ឡើង​ថា ស្ដេច​បេនយ៉ាមីន ដោយ​មាន​ជំនួយ​ពី​ពួក​ព្យាការី​ដ៏​បរិសុទ្ធ ដែល​នៅ​ក្នុង​ចំណោម​ប្រជាជន —

  ១៧ត្បិត​មើល​ចុះ ស្ដេច​បេនយ៉ាមីន ជា​មនុស្ស​បរិសុទ្ធ​ម្នាក់ ហើយ​ទ្រង់​បាន​សោយរាជ្យ​លើ​រាស្ត្រ​របស់​ទ្រង់ដោយ​សេចក្ដី​សុចរិត ហើយ​មាន​មនុស្ស​បរិសុទ្ធ​ជា​ច្រើន​នៅ​លើ​ដែនដី ហើយ​ពួក​គេ​បាន​ថ្លែង​ព្រះ​បន្ទូល​នៃ​ព្រះ​ប្រកប​ដោយ​អានុភាព និង​សិទ្ធិ​អំណាច ហើយ​គេ​បាន​ប្រើ​វិធានការណ៍​យ៉ាង​តឹង​រឹង ពី​ព្រោះ​តែ​ការ​រឹងទទឹង​របស់​ប្រជាជន —

  ១៨ហេតុ​ដូច្នោះ​ហើយ ដោយ​ជំនួយ​ពី​ពួក​អ្នក​ទាំង​នេះ នោះ​ស្ដេច​បេនយ៉ាមីន ដោយ​បាន​ធ្វើ​ការ​ដ៏​អស់​ពី​សមត្ថ​ភាព​នៃ​កាយ​របស់​ទ្រង់ និង​អស់​ពី​សមត្ថ​ភាព​នៃ​ព្រលឹង​របស់​ទ្រង់ ព្រម​ទាំង​ពួក​ព្យាការី​ទាំង​ឡាយ​ផង បាន​បង្កើត​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​នៅ​លើ​ដែនដី​ម្ដង​ទៀត៕ :៚