ព្រះគម្ពីរ
    អេណុស 1
    កំណត់ចំណាំ​នៅ​បាត
    បាវចនា

    គម្ពីរ​អេណុស

    ជំពូក​ទី ១

    អេណុស​អធិស្ឋាន​អស់​ពី​សមត្ថ​ភាព ហើយ​បាន​ទទួល​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​លោក — សំឡេង​នៃ​ព្រះ​អម្ចាស់​ចូល​មក​ក្នុង​គំនិត​លាក ដោយ​សន្យា​ថា នឹង​ផ្ដល់​នូវ​សេចក្ដី​សង្គ្រោះ​ដល់​ពួក​សាសន៍​លេមិន​នៅ​ពេល​អនាគត — ពួក​សាសន៍​នីហ្វៃ​បាន​ស្វែងរក​ជួយ​ពួក​សាសន៍​លេមិន — អេណុស​អរ​រីករាយ​នៅ​ក្នុង​ព្រះ​ដ៏​ប្រោស​លោះ​របស់​លោក។ ប្រមាណ​ជា​ឆ្នាំ ៤២០ ម.គ.ស.។

    មើល​ចុះ ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ អេណុស ដឹង​ថា ឪពុក​ខ្ញុំ​ជា​មនុស្ស​សុចរិត — ព្រោះ​លោក​បាន​បង្រៀន​ខ្ញុំ​តាម​ភាសា​របស់​លោក និង​តាម​ដំបូន្មាន និង​សេចក្ដី​ដាស់តឿន​របស់​ព្រះ​អម្ចាស់ — ហើយ​សូម​ឲ្យ​ព្រះ​នាម​នៃ​ព្រះ​របស់​ខ្ញុំ​បាន​ប្រកប​ដោយ​ព្រះ​ពរ​ចំពោះ​រឿង​នេះ​ចុះ —

    ហើយ​ខ្ញុំ​នឹង​ប្រាប់​អ្នក​រាល់​គ្នា អំពី​ការ​ពុះពារ​ដែល​ខ្ញុំ​បាន​ធ្វើ​ទៅ​ចំពោះ​ព្រះ នៅ​មុន​ពេល​ខ្ញុំ​បាន​ទទួល​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​ខ្ញុំ។

    មើល​ចុះ ខ្ញុំ​បាន​ទៅ​បរបាញ់​សត្វ​នៅ​ក្នុង​ព្រៃ ហើយ​ពាក្យ​ទាំង​ឡាយ​ដែល​ខ្ញុំ​តែង​បាន​ឮ​ឪពុក​ខ្ញុំ​និយាយ​ជា​ញឹកញាប់​អំពី​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង​សេចក្ដី​អំណរ​នៃ​ពួក​បរិសុទ្ធ បាន​ជ្រួត​ជ្រាប​ទៅ​ក្នុង​ដួង​ចិត្ត​ខ្ញុំ។

    ហើយ​ព្រលឹង​ខ្ញុំ​ស្រេកឃ្លាន ហើយ​ខ្ញុំ​បាន​លុតជង្គង់​ចុះ​នៅ​ចំពោះ​ព្រះ​ដែល​បង្កើត​ខ្ញុំ ហើយ​ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះ​អង្គ​ដោយ​ការ​អធិស្ឋាន និង​ការ​ទូល​អង្វរ​ដ៏​ខ្លាំង​សម្រាប់​ព្រលឹង​ខ្ញុំ​ផ្ទាល់ ហើយ​ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះ​អង្គ​អស់​ពេញ​មួយ​ថ្ងៃ មែន​ហើយ ហើយ​ដល់ ពេល​យប់ ខ្ញុំ​បាន​ស្រែក​អំពាវនាវ​យ៉ាង​ខ្លាំង លុះ​ត្រា​បាន​ឮ​ដល់​ស្ថានសួគ៌។

    ហើយ​ស្រាប់​តែ​មាន​សំឡេង​បន្លឺ​មក​ខ្ញុំ​ថា ៖ អេណុស បាប​ទាំង​ឡាយ​របស់​អ្នក​ត្រូវ​បាន​អត់​ទោស​ឲ្យ​ហើយ ហើយ​អ្នក​នឹង​បាន​ពរ។

    ហើយ​ខ្ញុំ អេណុស ដឹង​ថា ព្រះ​ពុំ​កុហក​ឡើយ ហេតុ​ដូច្នោះ​ហើយ ទោស​របស់​ខ្ញុំ​បាន​បំបាត់​ចោល​ទៅ។

    ហើយ​ខ្ញុំ​បាន​ទូល​ថា ៖ ឱ​ព្រះ​អម្ចាស់​អើយ ចុះ​តើ​ការណ៍​នេះ​បាន​ធ្វើ​យ៉ាង​ណា​ទៅ?

    ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ ពី​ព្រោះ​មក​ពី​សេចក្ដី​ជំនឿ​ដែល​អ្នក​មាន​ដល់​ព្រះ​គ្រីស្ទ ដែល​អ្នក​ពុំ​ដែល​បាន​ឮ ឬ​ឃើញ​ពីមុន​មក​ឡើយ។ ហើយ​ច្រើន​ឆ្នាំ​នឹង​កន្លង​ផុត​ទៅ មុន​ទ្រង់​នឹង​សម្ដែង​រូបអង្គ​ទ្រង់​នៅ​ក្នុង​សាច់ឈាម ហេតុ​ដូច្នោះ​ហើយ ចូរ​អ្នក​ទៅ​ចុះ សេចក្ដី​ជំនឿ​របស់​អ្នក​បាន​ជួយសង្គ្រោះ​អ្នក​ហើយ។

    ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ខ្ញុំ​ឮ​ពាក្យ​ទាំង​នេះ​ហើយ នោះ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​ប្រាថ្នា​ចង់​បាន​សុខុមាលភាព​ដល់​បង​ប្អូន​ខ្ញុំ ជា​ពួក​សាសន៍​នីហ្វៃ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​បាន​ប្លុង​ព្រលឹង​ខ្ញុំ​ទាំង​មូល​ទៅ​ព្រះ​ដើម្បី​ពួក​គេ។

    ១០ហើយ​នៅ​ពេល​ខ្ញុំ​កំពុង​សញ្ជឹង​ក្នុង​វិញ្ញាណ មើល​ចុះ សំឡេង​នៃ​ព្រះ​អម្ចាស់​បាន​ចូល​មក​ក្នុង​គំនិត​ខ្ញុំ​ទៀត​ថា ៖ យើង​នឹង​ពិនិត្យ​ពិច័យ​បង​ប្អូន​អ្នក ស្រប​តាម​សេចក្ដី​ព្យាយាម​របស់​ពួក​គេ​ក្នុង​ការ​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង។ យើង​បាន​ប្រទាន​ដែនដី​នេះ​ដល់​ពួក​គេ ហើយ​គឺជា​ដែនដី​បរិសុទ្ធ ហើយ​យើង​នឹង​ពុំ​ដាក់​បណ្ដាសា​ទេ លើក​លែងតែ​មក​ពី​អំពើ​ទុច្ចរិត ហេតុ​ដូច្នោះ​ហើយ យើង​នឹង​ពិនិត្យពិច័យ​ដល់​បង​ប្អូន​អ្នក ដូចដែល​យើង​បាន​ពោល​មក​ហើយ​នោះ ឯ​ការ​រំលង​ទាំង​ឡាយ​របស់​ពួក​គេ យើង​នឹង​ទម្លាក់​ចុះ​ដោយ​នូវ​សេចក្ដី​សោកសៅ ទៅ​លើ​ក្បាល​ពួក​គេ។

    ១១ហើយ​បន្ទាប់​ពី​ខ្ញុំ អេណុស បាន​ឮ​ពាក្យ​ទាំង​នេះ​រួច​ហើយ នោះ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ ក៏​ខ្ជាប់​ខ្ជួន​ទៅ​លើ​ព្រះ​អម្ចាស់ ហើយ​ខ្ញុំ​បាន​អធិស្ឋាន​ដល់​ព្រះ​អង្គ​យ៉ាង​យូរ ដើម្បី​បង​ប្អូន​របស់​ខ្ញុំ គឺ​ពួក​សាសន៍​លេមិន។

    ១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ខ្ញុំ​បាន​អធិស្ឋាន ហើយ​ធ្វើ​ការ​ដោយ​អស់​ពី​ចិត្ត នោះ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ យើង​នឹង​ប្រទាន​ដល់​អ្នក ស្រប​តាម​សេចក្ដី​ប៉ងប្រាថ្នា​ទាំង​ឡាយ​របស់​អ្នក ដោយ​សារ​សេចក្ដី​ជំនឿ​របស់​អ្នក។

    ១៣ហើយ​ឥឡូវ​នេះ មើល​ចុះ នេះ​គឺជា​សេចក្ដី​ប៉ងប្រាថ្នា​ដែល​ខ្ញុំ​បាន​ប្រាថ្នា​ពី​ព្រះ​អង្គ — ថា​ប្រសិន​បើ​ប្រជាជន​របស់​ខ្ញុំ គឺ​សាសន៍​នីហ្វៃ ត្រូវ​ធ្លាក់​ទៅ​ក្នុង​ការ​រំលង ហើយ​ត្រូវ​បំផ្លាញ​ចោល​ដោយ​មធ្យោបាយ​ណាមួយ រីឯ​ពួក​សាសន៍​លេមិន​បែរជា​ពុំ​ត្រូវ​បាន​បំផ្លាញ​ទៅ​វិញ នោះ​សូម​ឲ្យ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​រក្សា​បញ្ជី​នៃ​ប្រជាជន​ខ្ញុំ គឺ​សាសន៍​នីហ្វៃ គឺ​ប្រសិន​បើ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​ពាហុ​ដ៏​បរិសុទ្ធ​របស់​ព្រះ​អង្គ​ក៏​ដោយ ក៏​សូម​ឲ្យ​បញ្ជី​នោះ​បាន​យក​ចេញ​មក​ផ្សាយ​ក្នុង​ពេល​អនាគត​ដល់​ពួក​សាសន៍​លេមិន ដើម្បី​ក្រែង​ពួក​គេ​អាច​បាន​នាំ​មក​ឯ​សេចក្ដី​សង្គ្រោះ —

    ១៤ព្រោះ​នៅ​បច្ចុប្បន្នកាល​នេះ ការ​ប្រឹងប្រែង​របស់​យើង​បាន​ទៅ​ជា​អសារ​ឥត​ការ​ក្នុង​ការ​នាំ​ពួក​គេ​មក​រក​សេចក្ដី​ជំនឿ​ដ៏​ត្រឹម​ត្រូវ​វិញ។ ហើយ​ពួក​គេ​បាន​ស្បថ​នៅ​ក្នុង​កំហឹង​ថា បើ​មាន​លទ្ធ​ភាព ពួក​គេ​នឹង​បំផ្លាញ​បញ្ជី​របស់​ពួក​យើង និង​ពួក​យើង​ចោល​ព្រម​ទាំង​ទំនៀម​ទម្លាប់​ទាំង​ឡាយ​របស់​ពួក​អយ្យកោ​យើង​ចោល​ផង។

    ១៥ហេតុ​ដូច្នោះ​ហើយ ខ្ញុំ ដោយ​ដឹង​ថា ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​អាច​ថែរក្សា​បញ្ជី​របស់​ពួក​យើង​បាន នោះ​ខ្ញុំ​អំពាវនាវ​ដល់​ព្រះ​អង្គ​ឥត​ឈប់​ឈរ ព្រោះ​ព្រះ​អង្គ​ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ អ្វី​ក៏​ដោយ ដែល​អ្នក​សូម​ដោយ​សេចក្ដី​ជំនឿ ដោយ​ជឿ​ថា អ្នក​នឹង​បាន​ទទួល​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ អ្នក​នឹង​បាន​ទទួល​ជាមិនខាន​ឡើយ។

    ១៦នោះ​ខ្ញុំ​មាន​សេចក្ដី​ជំនឿ ហើយ​ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះ សូម​ឲ្យ​ព្រះ​អង្គ​ថែរក្សាបញ្ជី​ទាំង​ឡាយ ហើយ​ទ្រង់​បាន​ធ្វើ​សេចក្ដី​សញ្ញា​នឹង​ខ្ញុំ​ថា ព្រះ​អង្គ​នឹង​នាំ​យក​បញ្ជី​ទាំង​នោះ​ទៅ​ផ្សាយ​ដល់​ពួក​សាសន៍​លេមិន នៅ​ពេល​កំណត់​របស់​ទ្រង់។

    ១៧ហើយ​ខ្ញុំ អេណុស បាន​ដឹង​ថា រឿង​នេះ​នឹង​កើត​ឡើង ស្រប​តាម​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​ធ្វើ ហេតុ​ដូច្នោះ​ហើយ ព្រលឹង​ខ្ញុំ​ក៏​បាន​ស្ងប់​ស្ងៀម​ទៅ។

    ១៨ហើយ​ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ ពួក​អយ្យកោ​របស់​អ្នក​ក៏​បាន​សូម​ដល់​យើង​អំពី​រឿង​នេះ​ដែរ ហើយ​សំណូមពរ​របស់​ពួក​គេ នឹង​បាន​សម្រេច​ដោយ​សេចក្ដី​ជំនឿ​របស់​ពួក​គេ ត្បិត​សេចក្ដី​ជំនឿ​របស់​ពួក​គេ ក៏​ដូច​ជា​សេចក្ដី​ជំនឿ​របស់​អ្នក​ដែរ។

    ១៩ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ អេណុស បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ​ព្យាករ​អំពី​រឿង​ដែល​នឹង​មក​ដល់ ហើយ​ធ្វើ​បន្ទាល់​អំពី​រឿង​ទាំង​ឡាយ ដែល​ខ្ញុំ​បាន​ឮ ហើយ​បាន​ឃើញ​មក។

    ២០ហើយ​ខ្ញុំ​ធ្វើ​បន្ទាល់​ថា ប្រជាជន​នីហ្វៃ​បាន​ព្យាយាម​ស្វែងរក​ផ្លូវ ដើម្បី​តម្រែ​តម្រង់​ពួក​សាសន៍​លេមិន​ឡើង​វិញ​ឲ្យ​ទៅ​តាម​សេចក្ដី​ជំនឿ​ដ៏​ពិត​ដល់​ព្រះ។ ប៉ុន្តែ​ការ​ខំ​ប្រឹង​ប្រែង​របស់​ពួក​យើង បែរជា​ឥត​ប្រយោជន៍​ទៅ​វិញ សេចក្ដី​ស្អប់​របស់​ពួក​គេ​ពុំ​ប្រែប្រួល​សោះឡើយ ហើយ​ពួក​គេ​ត្រូវ​បាន​ដឹកនាំ​ដោយ​ចរិត​អាក្រក់​របស់​ពួក​គេ​ឲ្យ​ក្លាយ​ទៅ​ជា​ព្រៃ​ផ្សៃ ហើយ​កាច​សាហាវ ហើយ​ជា​ជនជាតិ ដែល​ស្រេក​ឈាម ពោរ​ពេញ​ទៅ​ដោយ​ការ​គោរព​រូប​ព្រះ និង​អំពើ​ស្មោក​គ្រោក ចិញ្ចឹមជីវិត​ដោយ​សត្វ​ព្រៃ អាស្រ័យ​រស់នៅ​ក្នុង​ត្រសាល ហើយ​ដើរ​រសាត់​ព្រាត់​នៅ​ក្នុង​ទី​រហោស្ថាន​ដោយ​ស្លៀក​ប៉ឹង​ស្បែក​ដ៏​ខ្លី​មួយ​នៅ​ចង្កេះ ហើយ​ក្បាល​ត្រងោល ឯ​ថ្វីដៃ​របស់​គេ គឺ​នៅ​លើ​ការ​ប្រើ​ធ្នូ និង​ដាវ និង​ពូថៅ។ ហើយ​ពួក​គេ​ច្រើន ពុំ​បរិភោគ​អ្វី​ក្រៅ​ពី​សាច់​ឆៅ​នោះ​ទេ ហើយ​ពួក​គេ​ស្វែងរក​បំផ្លាញ​ពួក​យើង​ពុំ​មាន​ឈប់​ឈ​រសោះ។

    ២១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ប្រជាជន​នីហ្វៃ បាន​ភ្ជួរ​រាស់​ដី ហើយ​ដាំ​ស្រូវ និង​ផ្លែ​ឈើ​គ្រប់​យ៉ាង ហើយ​ចិញ្ចឹម​សត្វ​ទាំង​ហ្វូងៗ និង​ហ្វូង​គោក្របី​គ្រប់​មុខ ព្រម​ទាំង​ពពែ និង​ពពែ​ព្រៃ និង​សេះ​ជា​ច្រើន​ផង។

    ២២ហើយ​មាន​ព្យាការី​ជា​ច្រើន​ណាស់​នៅ​ក្នុង​ចំណោម​ពួក​យើង។ ឯ​ប្រជាជន​ជា​ប្រជាជន​រឹង​ចចេស​កម្រ​យល់។

    ២៣ហើយ​គ្មាន​អ្វី​ក្រៅ​ពី​ការ​តឹងតែង ការ​ប្រកាស​ប្រដៅ និង​ពាក្យ​ព្យាករណ៍​អំពី​សង្គ្រាម​ទាំង​ឡាយ និង​ការ​ទាស់ទែង​គ្នា​ទាំង​ឡាយ និង​ការ​បំផ្លិចបំផ្លាញ​ទាំង​ឡាយ និង​ការ​រំឭក​ពួក​គេ​ជា​ញយៗ អំពី​សេចក្ដី​ស្លាប់ និង​ដំណើរ​អមត និង​សេចក្ដី​ជំនុំ​ជំរះ​ទាំង​ឡាយ និង​ព្រះ​ចេស្ដា​នៃ​ព្រះ និង​គ្រប់​ការណ៍​ទាំង​អស់​នេះ — រំជួល​ដាស់​ពួក​គេ​ឥត​ឈប់​ឈរ ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​កោតខ្លាច​ដល់​ព្រះ​អម្ចាស់។ ខ្ញុំ​សូម​និយាយ​ថា គ្មាន​អ្វី​ក្រៅ​ពី​រឿង​ទាំង​នេះ ហើយ​ដោយ​វាចា​ដ៏​ច្បាស់លាស់ ដែល​នឹង​ឃា​ឃាំង​កុំ​ឲ្យ​ពួក​គេ​ធ្លាក់​យ៉ាង​លឿន​ទៅ​ក្នុង​សេចក្ដី​បំផ្លិចបំផ្លាញ។ ហើយ​ដោយ​របៀប​នេះ​ហើយ​ដែល​ខ្ញុំ​សរសេរ​អំពី​ពួក​គេ។

    ២៤ហើយ​ខ្ញុំ​បាន​ឃើញ​សង្គ្រាម​ទាំង​ឡាយ​រវាង​ពួក​សាសន៍​នីហ្វៃ​នឹង​ពួក​សាសន៍​លេមិន នៅ​ក្នុង​ដំណើរ​នៃ​ជីវិត​របស់​ខ្ញុំ។

    ២៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ចាប់​ផ្ដើម​មានវ័យ​ចំណាស់​ចាស់ ហើយ​រយៈ​ពេល​មួយ​រយ​ចិតសិប​ប្រាំបួន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ចាប់​តាំង​ពី​ពេល​ដែល​លីហៃ ជា​អយ្យកោ​របស់​យើង​បាន​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម​មក។

    ២៦ហើយ​ខ្ញុំ​បាន​ឃើញ​ថា ជិត​ដល់​ពេល​ខ្ញុំ​ចុះ​ទៅ​ក្នុង​ផ្នូរ​របស់​ខ្ញុំ​ហើយ ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​បាន​សណ្ឋិត​មក​លើ​ខ្ញុំ​ថា ខ្ញុំ​ត្រូវ​ផ្សាយ ហើយ​ព្យាករ​ដល់​ប្រជាជន​នេះ ហើយ​ថ្លែង​នូវ​ពាក្យ​ពេចន៍​ស្រប​តាម​សេចក្ដី​ពិត​ដែល​មាន​នៅ​ក្នុង​ព្រះ​គ្រីស្ទ។ ហើយ​ខ្ញុំ​បាន​ថ្លែង​ពាក្យ​ពិត​នោះ​អស់​មួយ​ជីវិត​របស់​ខ្ញុំ ហើយ​បាន​អរ​រីករាយ​ក្នុង​កិច្ចការ​នេះ លើ​កិច្ចការ​ណាៗ​ទាំង​អស់​នៅ​ក្នុង​លោក​នេះ។

    ២៧ហើយ​នៅ​មិន​យូរប៉ុន្មាន​ទេ ខ្ញុំ​នឹង​ទៅ​រក​ទី​សម្រាក​របស់​ខ្ញុំ​ហើយ គឺ​ជាទី​ជាមួយ​នឹង​ព្រះ​ដ៏​ប្រោស​លោះ​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​សម្រាក​នៅ​ក្នុង​ព្រះ​អង្គ។ ហើយ​ខ្ញុំ​អរ​រីករាយ​នៅ​ក្នុង​ថ្ងៃ​ដែល​ជីវិត​របស់​ខ្ញុំ​នេះ នឹង​បាន​ប្រដាប់​ដោយ​អមតភាព ហើយ​នឹង​ឈរ​នៅ​ចំពោះ​ព្រះ​អង្គ ខណៈ​នោះ ខ្ញុំ​នឹង​បាន​ឃើញ​ព្រះ​ភក្ត្រ​ទ្រង់​ដោយ​សេចក្ដី​សោមនស្ស ហើយ​ព្រះ​អង្គ​នឹង​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ ចូរ​មក​រក​យើង​ចុះ អ្នក​មាន​ពរ​ហើយ មាន​ទី​កន្លែង​មួយ​ដែល​បាន​រៀបចំ​សម្រាប់​អ្នក នៅ​ក្នុង​វិមាន​របស់​ព្រះ​វរបិតា​យើង។ អាម៉ែន៕ :៚