ព្រះគម្ពីរ
យ៉ាកុប 7
កំណត់ចំណាំ​នៅ​បាត
បាវចនា

ជំពូក​ទី ៧

សេរេម​មិន​ទទួល​ស្គាល់​ព្រះ​គ្រីស្ទ ទាស់​ជាមួយ​នឹង​យ៉ាកុប ទាមទារ​រក​ទី​សម្គាល់ ហើយ​ត្រូវ​ព្រះ​ទ្រង់​វាយ — ពួក​ព្យាការី​ទាំង​អស់ បាន​និយាយ​អំពី​ព្រះ​គ្រីស្ទ និង​អំពី​ដង្វាយ​ធួន​របស់​ទ្រង់ — ពួក​សាសន៍​នីហ្វៃ​រស់នៅ​ក្នុង​ភាព​រសាត់​គ្មាន​ទីដៅ កើត​នៅ​ក្នុង​សេចក្ដី​ទុក្ខ​វេទនា ហើយ​ត្រូវ​ពួក​សាសន៍​លេមិន​ស្អប់។ ប្រមាណ​ជា​ឆ្នាំ ៥៤៤–៤២១ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ច្រើន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ មាន​បុរស​ម្នាក់​មក​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ មាន​ឈ្មោះ​ថា សេរេម។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា គាត់​បាន​ចាប់​ផ្ដើម​ផ្សាយ​ក្នុង​ចំណោម​បណ្ដាជន ហើយ​ថ្លែង​ទៅ​ពួក​គេ​ថា គ្មាន​ព្រះ​គ្រីស្ទ​ទេ។ ហើយ​គាត់​បាន​ផ្សាយ​រឿង​ជា​ច្រើន​ដែល​បញ្ជោរ​ប្រជាជន ហើយ​គាត់​ធ្វើ​យ៉ាង​នេះ​ក្នុង​គោលបំណង​ចង់​រំលំ​គោល​លទ្ធិ​នៃ​ព្រះ​គ្រីស្ទ​ចោល។

ហើយ​គាត់​បាន​ខិតខំ​ធ្វើ​ការ​ដោយ​ព្យាយាម ក្រែង​គាត់​អាច​បង្វែរ​ចិត្ត​ប្រជាជន​ចេញ រហូត​ដល់​គាត់​បាន​បង្វែរ​ចិត្ត​មនុស្ស​ជា​ច្រើន​ចេញ ហើយ​អ្នក​នោះ​បាន​ដឹង​ថា​ខ្ញុំ យ៉ាកុប មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ​ដែល​នឹង​យាង​មក នោះ​គាត់​ស្វែងរក​ឱកាស​មក​ជួប​ខ្ញុំ។

ហើយ​គាត់​ជា​អ្នក​រៀន​សូត្រ ម្ល៉ោះ​ហើយ គាត់​មាន​តម្រិះ​ដ៏​ឥត​ខ្ចោះ​អំពី​ភាសា​របស់​ប្រជាជន ហេតុ​ដូច្នោះ​ហើយ ទើប​គាត់​អាច​បញ្ជោរ ហើយ​រក​កលល្បិច​នៃ​សម្ដី​ជា​ច្រើន​ដោយ​អំណាច​នៃ​អារក្ស។

ហើយ​គាត់​បាន​សង្ឃឹម​ថា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​បាត់បង់​សេចក្ដី​ជំនឿ ទោះ​បី​ខ្ញុំ​បាន​ទទួល​វិវរណៈ​ជា​ច្រើន ហើយ​បាន​ឃើញ​រឿង​ជា​ច្រើន​ស្ដី​អំពី​ការណ៍​នេះ​ក៏​ដោយ ត្បិត​ខ្ញុំ​ពិតជា​បាន​ឃើញ​ពួក​ទេវតា ហើយ​ពួក​ទេវតា​បាន​ធ្វើ​ការងារ​បម្រើ​ដល់​ខ្ញុំ។ ហើយ​មួយ​ទៀត ខ្ញុំ​ក៏​បាន​ឮ​សំឡេង​នៃ​ព្រះ​អម្ចាស់​បន្លឺ​មក​ខ្ញុំ​គ្រប់​ពាក្យ​ម្ដង​ម្កាល ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​មិន​អាច​បាត់បង់​សេចក្ដី​ជំនឿ​បាន​ទេ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា គាត់​បាន​មក​ជួប​ខ្ញុំ ហើយ​បាន​និយាយ​មក​ខ្ញុំ ដោយ​ពាក្យ​ដូច្នេះ​ថា ៖ បង​យ៉ាកុប ខ្ញុំ​បាន​ស្វែង​រក​ឱកាស​ជា​ច្រើន ដើម្បី​ខ្ញុំ​អាច​និយាយ​នឹង​បង ត្បិត​ខ្ញុំ​បាន​ឮ ហើយ​បាន​ដឹង​ថា បង​ចូល​ចិត្ត​ដើរ​ផ្សាយ​នូវ​អ្វី​ដែល​បង​ហៅ​ថា ដំណឹង​ល្អ ឬ គោល​លទ្ធិ​នៃ​ព្រះ​គ្រីស្ទ។

ហើយ​បង​បាន​នាំ​ប្រជាជន​នេះ ជា​ចំនួន​ធំ ឲ្យ​គេ​បង្ខូច​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​នៃ​ព្រះ ហើយ​ពុំ​កាន់​តាម​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ ដែល​ជា​ផ្លូវ​ត្រូវ ព្រម​ទាំង​កែប្រែ​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ​ទៅ​ជា​ការ​ថ្វាយ​បង្គំ​មនុស្ស​ម្នាក់ ដែល​បង​និយាយ​ថា នឹង​យាង​មក​ក្នុង​រយៈ​ពេល​ជា​ច្រើន​រយ​ឆ្នាំ​ទៀត។ ហើយ​ឥឡូវ​នេះ មើល​ចុះ ខ្ញុំ សេរេម សូម​ប្រកាស​ប្រាប់​បង​ថា នេះ​ជា​សេចក្ដី​ប្រមាថ​ដល់​ព្រះ ព្រោះ​គ្មាន​អ្នក​ណា​អាច​ដឹង​ការណ៍​បែប​នេះ​បាន​ទេ ត្បិត​មនុស្ស​មិន​អាច​ព្យាករ​អំពី​រឿង​ដែល​នឹង​កើត​ឡើង​បាន​ឡើយ។ ហើយ​ដោយ​ពាក្យ​បែប​នេះ​ហើយ ដែល សេរេម បាន​ប្រកែក​នឹង​ខ្ញុំ។

ប៉ុន្តែ​មើល​ចុះ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​ស្រោច​ព្រះ​វិញ្ញាណ​របស់​ទ្រង់​មក​លើ​ព្រលឹង​ខ្ញុំ ដរាប​ដល់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​គាត់​ជ្រប់​មុខ​ចំពោះ​គ្រប់​ទាំង​ពាក្យ​របស់​គាត់។

ហើយ​ខ្ញុំ​និយាយ​ទៅ​គាត់​ថា ៖ តើ​អ្នក​មិន​ទទួល​ស្គាល់​ព្រះ​គ្រីស្ទ ដែល​នឹង​យាង​មក​ទេ​ឬ​អី? ហើយ​គាត់​ឆ្លើយ​ថា ៖ បើ​សិន​ជា​មាន​ព្រះ​គ្រីស្ទ​មែន​នោះ ខ្ញុំ​នឹង​ពុំ​ប្រកែក​ថា​មិន​ទទួល​ស្គាល់​ទ្រង់​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា គ្មាន​ព្រះ​គ្រីស្ទ​ឡើយ គឺ​មិន​ដែល​មាន​ពីមុន​មក ហើយ​ក៏​នឹង​គ្មាន​នៅ​ពេល​ខាង​មុខ​ដែរ។

១០ហើយ​ខ្ញុំ​និយាយ​ទៅ​គាត់​ថា ៖ តើ​អ្នក​ជឿ​ដល់​បទគម្ពីរ​ទាំង​ឡាយ​ទេ? ហើយ​គាត់​ឆ្លើយ​ថា ៖ ជឿ។

១១ហើយ​ខ្ញុំ​និយាយ​ទៅ​គាត់​ថា ៖ បើ​ដូច្នោះ អ្នក​ពុំ​យល់​បទគម្ពីរ​ទាំង​នោះ​ទេ ត្បិត​ពាក្យ​ទាំង​នោះ​ពិតជា​ធ្វើ​បន្ទាល់​អំពី​ព្រះ​គ្រីស្ទ​ហើយ។ មើល​ចុះ ខ្ញុំ​ប្រាប់​អ្នក​ថា គ្មាន​ព្យាការី​ណា​ដែល​មិន​សរសេរ ឬ​ព្យាករ ក្រៅ​ពី​និយាយ​អំពី​ព្រះ​គ្រីស្ទ​នោះ​ឡើយ។

១២ហើយ​នេះ​មិនទាន់​អស់​នៅ​ឡើយ​ទេ — ការណ៍​នេះ​បាន​សម្ដែង​ឲ្យ​ខ្ញុំ​ឃើញ ព្រោះ​ខ្ញុំ​បាន​ទាំង​ឮ ហើយ​បាន​ឃើញ ហើយ​ការណ៍​នេះ​ក៏​សម្ដែង​ឲ្យ​ខ្ញុំ​ដឹង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែរ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​ដឹង​ថា បើ​សិន​ជា​គ្មាន​ដង្វាយ​ធួន​ទេ នោះ​មនុស្ស​លោក​ទាំង​អស់​ច្បាស់​ជា​នឹង​ត្រូវ​វង្វេង​បង់។

១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បុរស​នោះ​បាន​និយាយ​មក​ខ្ញុំ​ថា ៖ ចូរ​បង​បង្ហាញ​ទី​សម្គាល់​មួយ​ដល់​ខ្ញុំ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​បង​ដឹង​ជា​ច្រើន​នេះ​មើល។

១៤ហើយ​ខ្ញុំ​និយាយ​ទៅ​គាត់​ថា ៖ តើ​ខ្ញុំ​ជា​អ្វី​ទៅ ដែល​នឹង​ល្បង​ព្រះ​ឲ្យ​បង្ហាញ​ទី​សម្គាល់​ដល់​អ្នក អំពី​រឿង​ដែល​អ្នក​ដឹង​ថា​ជា​រឿង​ពិត​នោះ? គង់តែ​អ្នក​នឹង​មិន​ទទួល​ស្គាល់​រឿង​នោះ​ទៀត ពី​ព្រោះ​អ្នក​ជា​អ្នក​ផង​អារក្ស។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គឺ​មិនមែន​ជា​បំណង​របស់​ខ្ញុំ​ទេ តែ​បើ​សិន​ជា​ព្រះ​ទ្រង់​នឹង​វាយ​អ្នក ចូរ​ចាត់​ទុក​ថា នោះ​ជាទី​សម្គាល់​មួយ​ដល់​អ្នក​ហើយ គឺ​ទ្រង់​មាន​អំណាច​ទាំង​នៅ​លើ​ស្ថានសួគ៌ និង​ផែនដី​ផង ហើយ​ក៏​ជាទី​សម្គាល់​ថា ព្រះ​គ្រីស្ទ​នឹង​យាង​មក។ ហើយ ឱ​ព្រះ​អម្ចាស់​អើយ សូម​បំណង​របស់​ទ្រង់​បាន​សម្រេច​ចុះ មិនមែន​ជា​បំណង​របស់​ទូលបង្គំ​ឡើយ។

១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ខ្ញុំ យ៉ាកុប បាន​និយាយ​ពាក្យ​ទាំង​នេះ​ហើយ ព្រះ​ចេស្ដា​នៃ​ព្រះ​អម្ចាស់​បានសណ្ឋិត​មក​លើ​បុរស​នោះ ដរាប​ដល់​គាត់​ដួល​ទៅ​លើ​ដី។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បុរស​នោះ​ត្រូវ​បាន​គេ​ថែ​ជា​ច្រើន​ថ្ងៃ។

១៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា គាត់​បាន​និយាយ​ទៅ​ប្រជាជន​ថា ៖ ចូរ​ប្រជុំ​គ្នា​មក​នៅ​ថ្ងៃ​ស្អែក ត្បិត​ខ្ញុំ​នឹង​ស្លាប់​ហើយ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​មាន​ប្រាថ្នា​ចង់​និយាយ​ទៅ​ប្រជាជន​មុន​ខ្ញុំ​នឹង​ស្លាប់​ទៅ។

១៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លុះ​ដល់​ស្អែក​ឡើង ហ្វូង​មនុស្ស​បាន​មក​ប្រជុំ​គ្នា ហើយ​បុរស​នោះ​បាន​និយាយ​យ៉ាង​ច្បាស់​លាស់​ទៅ​ប្រជាជន ហើយ​បដិសេធ​នូវ​អ្វីៗ ដែល​គាត់​បាន​បង្រៀន​ពួក​គេ ហើយ​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះ​គ្រីស្ទ និង​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ការងារ​បម្រើ​នៃ​ពួក​ទេវតា។

១៨ហើយ​គាត់​បាន​និយាយ​យ៉ាង​ច្បាស់លាស់​ទៅ​ប្រជាជន​ថា គាត់​ត្រូវ​អំណាច​នៃ​អារក្សបោក​បញ្ឆោត​គាត់។ ហើយ​គាត់​បាន​និយាយ​អំពី​ស្ថាន​នរក និង​អំពី​សេចក្ដី​អស់​កល្ប​ជានិច្ច និង​អំពី​ទោស​ដ៏​អស់​កល្ប​ជានិច្ច។

១៩ហើយ​គាត់​បាន​និយាយ​ថា ៖ ខ្ញុំ​ខ្លាចក្រែង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដ៏​អត់ឱន​មិន​បាន ព្រោះ​ខ្ញុំ​បាន​កុហក​ដល់​ព្រះ ត្បិត​ខ្ញុំ​មិន​ទទួល​ស្គាល់​ព្រះ​គ្រីស្ទ តែ​បាន​និយាយ​ថា ខ្ញុំ​ជឿ​ព្រះ​គម្ពីរ ហើយ​ព្រះ​គម្ពីរ​ពិតជា​ធ្វើ​បន្ទាល់​អំពី​ទ្រង់​មែន។ ហើយ​ដោយ​សារ​ខ្ញុំ​បាន​កុហក​ដល់​ព្រះ​យ៉ាង​នេះ នោះ​ខ្ញុំ​ខ្លាច​យ៉ាង​ក្រៃលែង ក្រែងលោ​ករណី​របស់​ខ្ញុំ​នេះ​ធ្ងន់ធ្ងរ​ពេក ប៉ុន្តែ​ខ្ញុំ​សូម​ទទួល​សារ​ភាព​ដល់​ព្រះ។

២០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​គាត់​បាន​និយាយ​ពាក្យ​ទាំង​នេះ​ចប់​ហើយ គាត់​ក៏​មិន​អាច​និយាយ​អ្វី​ទៀត​បាន​ឡើយ ហើយ​គាត់​ក៏​ផុតដង្ហើម​ទៅ។

២១ហើយ​កាល​ហ្វូង​មនុស្ស​បាន​ឮ​ពាក្យ​ដែល​គាត់​បាន​និយាយ នៅ​ពេល​គាត់​ជិត​នឹង​ដាច់ដង្ហើម​ទៅ ពួក​គេ​ក៏​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង ដរាប​ដល់​ព្រះ​ចេស្ដា​នៃ​ព្រះ​យាង​ចុះ​មក​សណ្ឋិត​លើ​ពួក​គេ ហើយ​ពួក​គេ​ត្រូវ​ចាញ់​ព្រះ​ចេស្ដា​ដោយ​ដួល​ទៅ​លើ​ដី។

២២ឥឡូវ​នេះ ការណ៍​នេះ​ធ្វើ​ឲ្យ​ខ្ញុំ យ៉ាកុប ពេញ​ចិត្ត ត្បិត​ខ្ញុំ​បាន​សូម​ការណ៍​នេះ​ពី​ព្រះ​វរបិតា​របស់​ខ្ញុំ ដែល​ទ្រង់​គង់នៅ​ស្ថានសួគ៌ ព្រោះ​ទ្រង់​បាន​ឮ​សម្រែក​របស់​ខ្ញុំ ហើយ​បាន​ឆ្លើយតប​ពាក្យ​អធិស្ឋាន​របស់​ខ្ញុំ។

២៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា សេចក្ដី​សុខសាន្ត និង​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ក៏​មាន​ឡើង​វិញ​នៅ​ក្នុង​ចំណោម​ប្រជាជន ហើយ​ពួក​គេ​បាន​ពិចារណា​មើល​ព្រះ​គម្ពីរ ហើយ​ឈប់​ស្ដាប់​តាម​ពាក្យ​របស់​មនុស្ស​ទុច្ចរិត​នេះ​ទៅ។

២៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​មធ្យោបាយ​ជា​ច្រើន​ដែល​បាន​ចាត់ចែង​ឡើង ដើម្បី​ជួយ ហើយ​ធ្វើ​ឲ្យ​ពួក​សាសន៍​លេមិន​បាន​ស្គាល់​នូវ​សេចក្ដី​ពិត​ឡើង​វិញ ប៉ុន្តែ​កិច្ចការ​ទាំង​អស់​នេះ ឥត​បាន​ប្រយោជន៍​ឡើយ ព្រោះ​ពួក​គេ​ពេញ​ចិត្ត​នឹង​សង្គ្រាម​ទាំង​ឡាយ និង​ការ​ខ្ចាយ​ឈាម ហើយ​ពួក​គេ​មាន​សម្អប់​ដ៏​យូរអង្វែង​ទាស់​នឹង​យើង ជា​បង​ប្អូន​របស់​ពួក​គេ។ ហើយ​ពួក​គេ​បាន​ខិតខំ​បំផ្លាញ​យើង​មិន​ឈប់​ឈរ​ឡើយ ដោយ​អំណាច​នៃ​ដៃ​របស់​ពួក​គេ។

២៥ហេតុ​ដូច្នោះ​ហើយ ប្រជាជន​នីហ្វៃ​បាន​ព្រួត​កម្លាំង​តទល់​នឹង​ពួក​គេ​ដោយ​កងទ័ព និង​ដោយ​អស់​ពី​សមត្ថ​ភាព​របស់​ខ្លួន ដោយ​ទុក​ចិត្ត​ទៅ​លើ​ព្រះ និង​ទៅ​លើ​ថ្មដា​នៃ​សេចក្ដី​សង្គ្រោះ​របស់​ពួក​គេ ហេតុ​ដូច្នោះ​ហើយ បាន​ជា​ពួក​គេ​ចេះតែ​មាន​ជ័យ​ជម្នះ​លើ​ពួក​ខ្មាំងសត្រូវ​របស់​គេ​ជានិច្ច។

២៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ យ៉ាកុប បាន​ចាប់​ផ្ដើម​មាន​វ័យ​ចំណាស់ ហើយ​បញ្ជី​អំពី​ប្រជាជន​នេះ ត្រូវ​បាន​កត់​នៅ​លើ​ផ្ទាំង​នីហ្វៃ​ឯ​ទៀត ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​សូម​បញ្ចប់​បញ្ជី​នេះ​សិន​ចុះ ដោយ​ប្រកាស​ថា ខ្ញុំ​បាន​សរសេរ​តាម​ការ​ចេះ​ដឹង​ផ្ទាល់​របស់​ខ្ញុំ ដោយ​និយាយ​ថា ពេល​វេលា​បាន​កន្លង​ទៅ​ជាមួយ​នឹង​យើង ហើយ​ឯ​ជីវិត​យើង​ក៏​រសាត់​ហួស​ទៅ ហាក់​ដូច​ជា​ការ​យល់​សប្ដិ​ចំពោះ​យើង ឯ​យើង​ជា​មនុស្ស​ឯកឯង ហើយ​ស្ងប់​ស្ងាត់ ជា​អ្នក​ដើរ​រសាត់​ព្រាត់ ត្រូវ​បាន​ដេញ​ចេញ​ពី​ក្រុង​យេរូសាឡិម យើង​បាន​កើត​នៅ​ក្នុង​សេចក្ដី​ទុក្ខ​លំបាក​នៅ​ក្នុង​ទី​រហោស្ថាន ហើយ​ត្រូវ​បង​ប្អូន​យើង​ស្អប់ ដែល​បណ្ដាល​ឲ្យ​មាន​សង្គ្រាម​ទាំង​ឡាយ និង​ការ​ទាស់ទែង​គ្នា​ទាំង​ឡាយ ហេតុ​ដូច្នោះ​ហើយ យើង​បាន​ទួញ​សោក​ក្នុង​ជីវិត​របស់​យើង។

២៧ហើយ​ខ្ញុំ យ៉ាកុប បាន​ឃើញ​ថា ខ្ញុំ​ជិត​ត្រូវ​ចុះ​ទៅ​ក្នុង​ផ្នូរ​របស់​ខ្ញុំ​ហើយ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​បាន​និយាយ​ទៅ​អេណុស ជា​កូន​ប្រុស​ខ្ញុំ​ថា ៖ ចូរ​កូន​យក​ផ្ទាំង​ទាំង​នេះ​ចុះ។ ហើយ​ខ្ញុំ​បាន​ប្រាប់​កូន​ខ្ញុំ​អំពី​រឿង​ទាំង​ឡាយ ដែល​បង​ប្រុស​ខ្ញុំ គឺ​នីហ្វៃ បាន​បញ្ជា​ដល់​ខ្ញុំ ហើយ​កូន​ខ្ញុំ​បាន​សន្យា​ថា​នឹង​គោរព​តាម​បញ្ជា​ទាំង​នោះ។ ហើយ​ខ្ញុំ​សូម​បញ្ចប់​នូវ​ការ​សរសេរ​របស់​ខ្ញុំ​នៅ​លើ​ផ្ទាំង​ទាំង​នេះ គឺជា​ពាក្យ​សរសេរ​ដ៏​ខ្លី ហើយ​ចំពោះ​អ្នក​អាន នោះ​សូម​ជម្រាប​លា ដោយ​សង្ឃឹម​ថា បង​ប្អូន​ជា​ច្រើន​នឹង​បាន​អាន​ពាក្យ​របស់​ខ្ញុំ ឱ​បង​ប្អូន​អើយ សូម​ជម្រាប​លា​សិន​ហើយ៕ :៚