ជំនួយ​ការសិក្សា
អធិស្ឋាន, ការ​អធិស្ឋាន


អធិស្ឋាន, ការ​អធិស្ឋាន

ជា​ការ​ទាក់​ទង​ដោយ​គោរព​ជាមួយ​នឹង​ព្រះ នៅ​ពេល​ជន​ណា​ម្នាក់​ថ្លែង​អំណរគុណ ហើយ​សូម​ព្រះ​ពរ​ទាំង​ឡាយ។ ការ​អធិស្ឋាន​ទាំង​ឡាយ​ត្រូវ​ទូល​ទៅ​រក​ព្រះ​វរបិតា​របស់​យើង ដែល​គង់​នៅ​លើ​ស្ថាន​សួគ៌​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ។ បទ​អធិស្ឋាន​ទាំង​ឡាយ​អាច​ចេញ​សំដី​ឲ្យ​ឮ ឬ​ក៏​ធ្វើ​នៅ​ក្នុង​ចិត្ត។ គំនិត​ទាំង​ឡាយ​នៃ​ជន​ម្នាក់ៗ ក៏​អាច​រាប់​ថា​ជា​បទ​អធិស្ឋាន​បាន​ដែរ បើ​សិន​ជា​គេ​គិត​សំដៅ​ទៅ​រក​ព្រះ។ បទ​ចម្រៀង​នៃ​ពួក​សុចរិត​ក៏​អាច​រាប់​ថា​ជា​បទ​អធិស្ឋាន​ថ្វាយ​ព្រះ​ដែរ (គ. និង ស. ២៥:១២)។

គោលបំណង​នៃ​ការ​អធិស្ឋាន គឺ​មិនមែន​ដើម្បី​ប្រែប្រួល​ព្រះ​ហឫទ័យ​នៃ​ព្រះ​ទេ ប៉ុន្តែ​ដើម្បី​សូម​នូវ​ព្រះ​ពរ​ទាំង​ឡាយ​ដែល​ព្រះ​ទ្រង់​ប្រណី​នឹង​ប្រទាន​ឲ្យ​ដល់​យើង និង​ដល់​អ្នក​ឯ​ទៀត ប៉ុន្តែ​គឺ​យើង​ត្រូវ​តែ​សូម​ដើម្បី​ឲ្យ​បាន​ទទួល។

យើង​រាល់​គ្នា​អធិស្ឋាន​ទៅ​ព្រះ​វរបិតា​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ (យ៉ូហាន ១៤:១៣–១៤; ១៦:២៣–២៤)។ យើង​ពិតជា​អាច​អធិស្ឋាន​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ កាលណា​ការ​ប្រាថ្នា​យើង​ទាំង​ប៉ុន្មាន គឺជា​របស់​ផង​ព្រះ​គ្រីស្ទ (យ៉ូហាន ១៥:៧; គ. និង ស. ៤៦:៣០)។ បន្ទាប់​មក យើង​សូម​នូវ​អ្វីៗ​ដែល​ត្រឹម​ត្រូវ នោះ​ព្រះ​ទ្រង់​នឹង​ប្រទាន​ឲ្យ (៣ នីហ្វៃ ១៨:២០)។ ពាក្យ​អធិស្ឋាន​ខ្លះ​មិន​ឆ្លើយតប​ទេ ពី​ព្រោះ​ពាក្យ​ទាំង​នោះ​មិនមែន​ជា​តំណាង​ខាង​ការ​ប្រាថ្នា​នៃ​ព្រះ​គ្រីស្ទ​ឡើយ តែ​ផុស​ឡើង​ពី​សេចក្ដី​លោភលន់​នៃ​មនុស្ស​វិញ (យ៉ាកុប (ព.ស.ថ.) ៤:៣; គ. និង ស. ៤៦:៩)។ ម្ល៉ោះ​ហើយ បើ​សិន​ជា​យើង​រាល់​គ្នា​សូម​ព្រះ​នូវ​អ្វីៗ​ដែល​មិន​សុចរិត នោះ​នឹង​ត្រឡប់​ទៅ​ជា​ទោស​ដល់​យើង​វិញ (គ. និង ស. ៨៨:៦៥)។