ជំនួយ​ការសិក្សា
ព្រះ​គម្ពីរ​ប៊ីប


ព្រះ​គម្ពីរ​ប៊ីប

ជា​ការ​ប្រជុំ​ឯកសារ​នៃ​ពួក​ហេព្រើរ និង​ពួក​គ្រីស្ទាន ដែល​មាន​វិវរណៈ​ពី​ព្រះ។ ពាក្យ ប៊ីប មាន​ន័យ​ថា « ព្រះ​គម្ពីរ​ទាំង​ឡាយ »។ ព្រះ​គម្ពីរ​ប៊ីប​ជា​ស្នាដៃ​របស់​ពួក​ព្យាការី និង​ពួក​អ្នក​និពន្ធ​ជា​ច្រើន ដែល​ធ្វើ​តាម​ឥទ្ធិពល​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ (២ ពេត្រុស ១:២១)។

ព្រះ​គម្ពីរ​ប៊ីប​របស់​ពួក​គ្រីស្ទាន​មាន​ពីរ​ភាគ គឺ​ដែល​គេ​ស្គាល់​ទូ​ទៅ​ថា ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​សញ្ញា​ថ្មី។ ព្រះ​គម្ពីរ​សញ្ញា​ចាស់​មាន​គម្ពីរ​ទាំង​ឡាយ ដែល​ពួក​សាសន៍​យូដា​នៅ​ស្រុក​ភីលីស្ទីន​ប្រើ​នៅ​សម័យ​ព្រះ​អម្ចាស់​ទ្រង់​គង់​នៅ​លើ​ផែនដី។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​មាន​ឯកសារ​នៅ​សម័យ​ពួក​សាវក ហើយ​រាប់​ថា មាន​សន្តិភាព និង​សិទ្ធិ​អំណាច ដូច​ជា​គម្ពីរ​របស់​ពួក​សាសន៍​យូដា​ដែរ។ គម្ពីរ​ទាំង​ឡាយ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ គឺ​បាន​ដក​ស្រង់​យក​មក​ពី​អក្សរសាស្ត្រ​ជាតិ ដែល​មាន​តម​ក​ច្រើន​សតវត្ស​មក​ហើយ ហើយ​បាន​សរសេរ​ទុក​ក្នុង​ភាសា​ហេព្រើរ​សឹង​តែ​ទាំង​អស់ រីឯ​គម្ពីរ​ទាំង​ឡាយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​វិញ គឺជា​ឯកសារ​ក្នុង​ជំនាន់​តែ​មួយ ហើយ​ភាគ​ច្រើន​បាន​សរសេរ​ក្នុង​ភាសា​ក្រេក។

នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ពាក្យ​ថា សញ្ញា ជា​ពាក្យ​តំណាង​ពាក្យ​ហេព្រើរ​មួយ ដែល​មាន​ន័យ​ថា « សេចក្ដី​សញ្ញា »។ សេចក្ដី​សញ្ញា​ចាស់ គឺជា​ក្រឹត្យ​វិន័យ​ដែល​បាន​ប្រទាន​ដល់​លោក​ម៉ូសេ កាល​ពួក​សាសន៍​អ៊ីស្រាអែល​មិន​ព្រម​ទទួល​ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ ដែល​រាស្ត្រ​ទ្រង់​មាន​តាំង​ពី​កំណើត​មនុស្ស​លោក​មក​ម្ល៉េះ។ សេចក្ដី​សញ្ញា​ថ្មី គឺជា​ដំណឹង​ល្អ​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​បង្រៀន។

នៅ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប​របស់​ពួក​ហេព្រើរ (ព្រះ​គម្ពីរ​សញ្ញា​ចាស់) គម្ពីរ​ទាំង​ឡាយ​ត្រូវ​បាន​ចែក​ចេញ​ជា​បី​ក្រុម គឺ ៖ ក្រឹត្យ​វិន័យ ពួក​ព្យាការី និង​ឯកសារ។ ព្រះ​គម្ពីរ​ប៊ីប​ដែល​ពួក​គ្រីស្ទាន​ប្រើ នោះ​រៀបរាប់​គម្ពីរ​ទាំង​ឡាយ​តាម​មុខ​ប្រធាន ដូច​ជា​ខាង​ប្រវត្តិសាស្ត្រ ខាង​កំណាព្យ និង​ខាង​ការ​ព្យាករណ៍។

តាម​ធម្មតា គម្ពីរ​ទាំង​ឡាយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​មាន​ក្នុង​លំដាប់​នេះ គឺ ៖ ដំណឹង​ល្អ​ទាំង​បួន និង​កិច្ចការ; សំបុត្រ​ប៉ុល; សំបុត្រ​ទូ​ទៅ​របស់​យ៉ា​កុប យ៉ូហាន និង​យូដាស ហើយ​នឹងវិវរណៈ​យ៉ូហាន។

សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ឲ្យ​កិត្តិយស ហើយ​គោរព​ដល់​ព្រះ​គម្ពីរ​ប៊ីប ហើយ​ក៏​បញ្ជាក់​ដែរ​ថា ព្រះ​អម្ចាស់​ទ្រង់​នៅ​តែ​ប្រទាន​វិវរណៈ​ថែម​ទៀត តាម​រយៈ​ពួក​ព្យាការី​ទ្រង់​នៅ​គ្រា​ចុង​ក្រោយ ដែល​គាំទ្រ ហើយ​បញ្ជាក់​ពី​ដំណើរ​រឿង​ក្នុង​ព្រះ​គម្ពីរ​ប៊ីប អំពី​ទំ​នាក់​ទំនង​ដែល​ព្រះ​ទ្រង់​មាន​ជាមួយ​នឹង​មនុស្ស​លោក។