ជំនួយ​ការសិក្សា
ពួក​ចៅហ្វាយ, គម្ពីរ


ពួក​ចៅហ្វាយ, គម្ពីរ

ជា​គម្ពីរ​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ គម្ពីរ​ពួក​ចៅហ្វាយ​ទាក់​ទង​ទៅ​នឹង​ពួក​សាសន៍​អ៊ីស្រាអែល ចាប់​តាំង​ពី​មរណ​ភាព​នៃ​យ៉ូស្វេ រហូត​ទៅ​ដល់​កំណើត​នៃ​សាំយូអែល។

ជំពូក​ទី ១–៣ ជា​អារម្ភកថា​ចំពោះ​គម្ពីរ​ចៅហ្វាយ​ទាំង​មូល។ ជំពូក​ទាំង​នេះ​ពន្យល់​ប្រាប់​ថា ពី​ព្រោះ​ពួក​សាសន៍​អ៊ីស្រាអែល​មិន​បាន​បណ្ដេញ​ពួក​ខ្លាំង​សត្រូវ​របស់​គេ​ចេញ (ពួក​ចៅ. ១:១៦–៣៥), នោះ​ពួក​សាសន៍​អ៊ីស្រាអែល​ត្រូវ​រងគ្រោះ — បាត់បង់​សេចក្ដី​ជំនឿ ហើយ​រៀបការ​ជាមួយ​នឹង​ពួក​អ្នក​ដែល​មិន​ជឿ និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ។ ជំពូក​ទី ៣–៥ រៀបរាប់​អំពី​ការ​ពិសោធន៍​របស់​ដេបូរ៉ា និង​បារ៉ាក ជា​អ្នក​ដែល​បាន​រំដោះ​សាសន៍​អ៊ីស្រាអែល​ពី​ពួក​សាសន៍​កាណាន។ ជំពូក​ទី ៦–៨ ជា​ការ​ពិសោធន៍​ដ៏​ផ្ដល់​នូវ​សេចក្ដី​ជំនឿ​ដល់​គេឌាន ជា​អ្នក​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រទាន​ពរ​ឲ្យ​ទៅ​រំដោះ​សាសន៍​អ៊ីស្រាអែល​ពី​ពួក​សាសន៍​ម៉ាឌាន។ នៅ​ជំពូក​ទី ៩–១២ មាន​មនុស្ស​ផ្សេងៗ​ជា​ច្រើន​បាន​ធ្វើ​ជា​ចៅហ្វាយ​នៅ​ស្រុក​អ៊ីស្រាអែល ភាគ​ច្រើន​នៅ​ក្នុង​សេចក្ដី​ក្បត់​សាសនា និង​នៅ​ក្រោម​ការ​សង្កត់​សង្កិន។ ជំពូក​ទី ១៣–១៦ ប្រាប់​អំពី​ការ​ចម្រើន និង​ការ​រលំ​នៃ​ចៅហ្វាយ​ចុង​ក្រោយ​បង្អស់ គឺ​សាំសុន។ ជំពូក​ចុង​ក្រោយ​បង្អស់ គឺ​ជំពូក​ទី ១៧–២១ អាច​ចាត់​ទុក​ថា​ជា​ឧបសម្ព័ន្ធ ដែល​បើក​សម្ដែង​ប្រាប់​អំពី​ជម្រៅ​នៃ​អំពើ​បាប​របស់​ពួក​អ៊ីស្រាអែល។