ពួកសាសន៍សាម៉ារី
ជាប្រជាជននៅក្នុងព្រះគម្ពីរប៊ីប ដែលរស់នៅក្រុងសាម៉ារី បន្ទាប់ពីនគរអ៊ីស្រាអែលខាងជើង ត្រូវបានចាប់យកដោយពួកសាសន៍អាសស៊ើរ។ ពួកសាសន៍សាម៉ារី ជាមនុស្សមានសាច់ឈាមចម្រុះសាសន៍អ៊ីស្រាអែល និងជាសាសន៍ដទៃ។ ឯសាសនារបស់គេ គឺជាសាសនាលាយឡំនឹងជំនឿកាន់តាមរបស់ពួកសាសន៍យូដា និងរបស់សាសន៍ដទៃ។ ពាក្យប្រៀបប្រដូចអំពីសាសន៍សាម៉ារីដ៏ល្អម្នាក់នៅក្នុងគម្ពីរលូកា ១០:២៥–៣៧ បង្ហាញនូវការស្អប់ដែលពួកសាសន៍យូដាមានឡើងចំពោះពួកសាសន៍សាម៉ារី មកពីពួកសាសន៍សាម៉ារី បានក្បត់ពីសាសនាអ៊ីស្រាអែល។ ព្រះអម្ចាស់ទ្រង់បានបង្គាប់ឲ្យពួកសាវកទៅបង្រៀនដំណឹងល្អដល់ពួកសាសន៍សាម៉ារី (កិច្ចការ ១:៦–៨)។ ភីលីពបានផ្សាយដំណឹងល្អនៃព្រះគ្រីស្ទប្រកបដោយជោគជ័យដល់ប្រជាជនសាម៉ារី ហើយបានសម្ដែងអព្ភូតហេតុជាច្រើននៅក្នុងចំណោមពួកគេ (កិច្ចការ ៨:៥–៣៩)។