ជំនួយ​ការសិក្សា
ពេត្រុស


ពេត្រុស

នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ពី​ដើម​គេ​ស្គាល់​ពេត្រុស​ថា​ជា​ស៊ីម្មាន ឬ​ស៊ីម៉ូន (២ ពេត្រុស ១:១), គឺជា​អ្នក​នេសាទ​ពី​ស្រុក​បេតសៃដា រស់នៅ​ក្រុង​កាពើណិម​ជាមួយ​នឹង​ប្រពន្ធ​លោក។ ព្រះ​យេស៊ូវ​បាន​ប្រោស​ឲ្យ​ម្ដាយ​នៃ​ប្រពន្ធ​ពេត្រុស​បាន​ជា (ម៉ាកុស ១:២៩–៣១)។ ពេត្រុស​ត្រូវ​បាន​ហៅ​ជាមួយ​នឹង​អនទ្រេ ជា​ប្អូន​ប្រុស ឲ្យ​ធ្វើ​ជា​សិស្ស​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ (ម៉ាថាយ ៤:១៨–២២; ម៉ាកុស ១:១៦–១៨; លូកា ៥:១–១១)។ ឈ្មោះ​លោក​ក្នុង​ភាសា​អើរ៉ាម​គឺ កេផាស មាន​ន័យ​ថា « អ្នក​មើល​ឆុត » ឬ « ថ្ម » ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​ដាក់​ឲ្យ (យ៉ូហាន ១:៤០–៤២; ក.យ.ស., យ៉ូហាន ១:៤២)។ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី បាន​ស្ដី​អំពី​ការ​ទន់ខ្សោយ​ខាង​សាច់ឈាម​របស់​ពេត្រុស​ខ្លះៗ តែ​ក៏​បាន​បង្ហាញ​ថា លោក​មាន​ជ័យ​ជម្នះ​លើ​ការ​ទន់ខ្សោយ​ទាំង​នោះ ហើយ​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​កម្លាំង​មាំមួន ដោយ​សារ​សេចក្ដី​ជំនឿ​ដែល​លោក​មាន​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ។

ពេត្រុស​បាន​ធ្វើ​បន្ទាល់​ថា ព្រះ​យេស៊ូវ គឺជា​ព្រះ​គ្រីស្ទ ហើយ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ (យ៉ូហាន ៦:៦៨–៦៩), ហើយ​ព្រះ​អម្ចាស់ ទ្រង់​បាន​រើស​តាំង​លោក​ឲ្យ​កាន់​កូន​សោ​ទាំង​ឡាយ​នៃ​នគរ​នៅ​លើ​ផែនដី (ម៉ាថាយ ១៦:១៣–១៨)។ នៅ​លើ​ភ្នំ​នៃ​ការ​ប្រែ​រូប ពេត្រុស​បាន​ឃើញ​ព្រះ​អង្គ​សង្គ្រោះ ដែល​បាន​ប្រែ​រូប ព្រម​ទាំង​លោក​ម៉ូសេ និង​លោក​អេលីយ៉ា​ផង (ម៉ាថាយ ១៧:១–៩)។

ពេត្រុស​ជា​មេសា​វក​នៅ​សម័យ​លោក។ បន្ទាប់​ពី​ការ​សុគត ការ​រស់​ឡើង​វិញ និង​ការ​យាង​ឡើង​នៃ​ព្រះ​អង្គ​សង្គ្រោះ នោះ​លោក​បាន​ហៅ​សាសនាចក្រ​មក​ជុំ​គ្នា ហើយ​បាន​ចាត់ចែង​ហៅ​សាវក​ម្នាក់​ឲ្យ​ធ្វើ​ជំនួស យូដាស-អ៊ីស្ការីយ៉ុត (កិច្ចការ ១:១៥–២៦)។ ពេត្រុស និង​យ៉ូហាន​បាន​ប្រោស​មនុស្ស​ម្នាក់ ដែល​ខ្វិន​ពី​កំណើត​ឲ្យ​ជា (កិច្ចការ ៣:១–១៦) ហើយ​ត្រូវ​បាន​លែង​ចេញ​ពី​គុក​ដោយ​អព្ភូតហេតុ (កិច្ចការ ៥:១១–២៩; ១២:១–១៩)។ តាម​រយៈ​ការងារ​បម្រើ​របស់​ពេត្រុស ទើប​ដំណឹង​ល្អ​ត្រូវ​បាន​បើក​ផ្សាយ​ជា​លើក​ទី​មួយ​ដល់​ពួក​សាសន៍​ដទៃ (កិច្ចការ ១០–១១)។ នៅ​គ្រា​ចុង​ក្រោយ ពេត្រុស ជាមួយ​នឹង​យ៉ាកុប និង​យ៉ូហាន បាន​ចុះ​មក​ពី​ស្ថាន​សួគ៌ ហើយ​បាន​ប្រគល់​បព្វជិតភាព​ម៉ិលគីស្សាដែក និង​កូន​សោ​ទាំង​ឡាយ​នៃ​បព្វជិតភាព​នោះ​ទៅ​លើ​យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី (គ. និង ស. ២៧:១២–១៣; ១២៨:២០)។

សំបុត្រ​ទី១​របស់​ពេត្រុស 

គឺជា​សំបុត្រ​ទី ១ ដែល​បាន​សរសេរ​ពី « ក្រុង​បាប៊ីឡូន » (ប្រហែលជា​ក្រុង​រ៉ូម) ហើយ​បាន​ផ្ញើ​ទៅ​ពួក​បរិសុទ្ធ នៅ​កន្លែង​ដែល​ឥឡូវ​នេះ​ហៅថា អាស៊ី​តូច ក្រោយ​បន្តិច​ពី​នេរ៉ូ​បាន​ចាប់​ផ្ដើម​បៀតបៀន​ពួក​គ្រីស្ទាន។

ជំពូក​ទី ១ ស្ដី​អំពី​តំណែង​របស់​ព្រះ​គ្រីស្ទ ដែល​បាន​តែងតាំង​មុន​ផែនដី ឲ្យ​ធ្វើ​ជា​ព្រះ​ដ៏​ប្រោស​លោះ។ ជំពូក​ទី ២–៣ ពន្យល់​ប្រាប់​ថា​ព្រះ​គ្រីស្ទ គឺជា​ថ្ម​ជ្រុង​យ៉ាង​ឯក​នៃ​សាសនាចក្រ ថា​ពួក​បរិសុទ្ធ​កាន់​នូវ​បព្វជិតភាព​ក្សត្រ ហើយ​ថា ព្រះ​គ្រីស្ទ ទ្រង់​បាន​ទៅ​ផ្សាយ​នៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង។ ជំពូក​ទី ៤–៥ ពន្យល់​ប្រាប់​អំពី​មូល​ហេតុ​ដែល​ដំណឹង​ល្អ​ត្រូវ​បាន​ផ្សាយ​ដល់​ពួក​មនុស្ស​ស្លាប់ ហើយ​អំពី​មូលហេតុ​ដែល​ពួក​អែលឌើរ​ត្រូវ​ចិញ្ចឹម​ហ្វូង​ចៀម។

សំបុត្រ​ទី២​របស់​ពេត្រុស 

ជំពូក​ទី ១ ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ​ការងារ និង​ការ​រើស​តាំង​ឲ្យ​បាន​ពិតប្រាកដ។ ជំពូក​ទី ២ ព្រមាន​អំពី​ពួក​គ្រូ​ក្លែងក្លាយ។ ជំពូក​ទី ៣ ស្ដី​អំពី​គ្រា​ចុង​ក្រោយ និង​អំពី​ការ​យាង​មក​លើក​ទី​ពីរ​នៃ​ព្រះ​គ្រីស្ទ។