ជំនួយ​ការសិក្សា
មរ៉ូណៃ, កូន​ប្រុស​របស់​មរមន


មរ៉ូណៃ, កូន​ប្រុស​របស់​មរមន

ជា​ព្យាការី​សាសន៍​នីហ្វៃ​ចុង​ក្រោយ​បង្អស់ នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន (ឆ្នាំ ៤២១ គ.ស.)។ មុន​លោក​ស្លាប់ មរមន​បាន​ប្រគល់​បញ្ជី​ប្រវត្តិ​ដែល​ហៅថា ផ្ទាំង​មរមន ឲ្យ​ទៅ​មរ៉ូណៃ​ជា​កូន​ប្រុស​របស់​លោក (ព. នៃ ម. ១:១)។ មរ៉ូណៃ​បាន​បញ្ចប់​ប្រមូល​ផ្គុំ​ផ្ទាំង​មរមន។ លោក​បាន​បន្ថែម ជំពូក​ទី ៨ និង ៩ ទៅ​ក្នុង​ព្រះ​គម្ពីរ​មរមន (មរមន ៨:១)។ លោក​បាន​សង្ខេប ហើយ​បាន​បញ្ចូល​គម្ពីរ​អេធើរ (អេធើរ ១:១–២) ហើយ​បាន​បន្ថែម​គម្ពីរ​របស់​លោក​ដែល​ហៅថា គម្ពីរ​មរ៉ូណៃ (មរ៉ូណៃ ១:១–៤)។ មរ៉ូណៃ​បាន​បិទ​ផ្ទាំង​ទាំង​ឡាយ ហើយ​បាន​លាក់​ទុក​នៅ​លើ​ភ្នំ​គូម៉ូរ៉ា (មរមន ៨:១៤; មរ៉ូណៃ ១០:២)។ នៅ​ឆ្នាំ ១៨២៣ មរ៉ូណៃ​ត្រូវ​បាន​ចាត់​ឲ្យ​មក​ក្នុង​រូប​ដែល​បាន​រស់​ឡើង​វិញ ដើម្បី​បង្ហាញ​ព្រះ​គម្ពីរ​មរមន​ដល់​យ៉ូសែប ស៊្មីធ (យ.ស.—ប្រវត្តិ ១:៣០–៤២, ៤៥; គ. និង ស. ២៧:៥)។ លោក​បាន​បង្គាប់​ព្យាការី​វ័យ​ក្មេង​រូប​នេះ​រាល់​ឆ្នាំ ពី​ឆ្នាំ ១៨២៣ ទៅ​ឆ្នាំ ១៨២៧ (យ.ស.—ប្រវត្តិ ១:៥៤) នៅ​ទី​បញ្ចប់​បាន​ប្រគល់​ផ្ទាំង​ទាំង​ឡាយ​ដល់​លោក នៅ​ឆ្នាំ ១៨២៧ (យ.ស.—ប្រវត្តិ ១:៥៩)។ បន្ទាប់​ពី​បាន​បញ្ចប់​ការ​បកប្រែ​ហើយ នោះ​យ៉ូសែប ស៊្មីធ បាន​ប្រគល់​ផ្ទាំង​ទាំង​ឡាយ​ឲ្យ​ទៅ​មរ៉ូណៃ​វិញ។

គម្ពីរ​មរ៉ូណៃ 

ជា​គម្ពីរ​ចុង​ក្រោយ​បង្អស់​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន។ គឺ​បាន​សរសេរ​ដោយ​មរ៉ូណៃ ជា​ព្យាការី​សាសន៍​នីហ្វៃ​ចុង​ក្រោយ​បង្អស់។ ជំពូក​ទី ១–៣ ប្រាប់​អំពី​ការ​បំផ្លិចបំផ្លាញ​ចុង​ក្រោយ​បង្អស់​ដល់​ពួក​សាសន៍​នីហ្វៃ ដោយ​បង្គាប់​អំពី​ការ​ប្រគល់​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​បព្វជិតភាព។ ជំពូក​ទី ៤–៥ អធិប្បាយ​ប្រាប់​អំពី​របៀប​ដ៏​ត្រឹម​ត្រូវ​សម្រាប់​ចាត់ចែង​បុណ្យ​សាក្រាម៉ង់។ ជំពូក​ទី ៦ ការ​សរុប​អំពី​កិច្ចការ​នៃ​សាសនាចក្រ។ ជំពូក​ទី ៧–៨ គឺជា​បទ​បង្រៀន​អំពី​គោលការណ៍​ទី​មួយ​នៃ​ដំណឹង​ល្អ ព្រម​ទាំង​ការ​បង្រៀន​ដោយ​មរមន​អំពី​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​សប្បុរស ហើយ​និង​អំពី​របៀប​ដើម្បី​វិនិច្ឆ័យ​រវាង​អំពើ​ល្អ​នឹង​អំពើ​អាក្រក់ (មរ៉ូណៃ ៧), ហើយ​និង​ការ​អធិប្បាយ​របស់​មរមន​ប្រាប់​ថា កូន​ក្មេង​តូច​គឺ​រស់នៅ​ក្នុង​ព្រះ​គ្រីស្ទ ហើយ​មិន​ត្រូវ​ការ​បុណ្យ​ជ្រមុជ​ទឹក​ទេ (មរ៉ូណៃ ៨)។ ជំពូក​ទី ៩ រៀបរាប់​អំពី​សេចក្ដី​ហិន​វិនាស​នៃ​សាសន៍​នីហ្វៃ។ ជំពូក​ទី ១០ គឺជា​ពាក្យ​ចុង​ក្រោយ​បង្អស់​របស់​មរ៉ូណៃ ហើយ​ព្រម​ទាំង​មាគ៌ា ដើម្បី​ឲ្យ​បាន​ដឹង​ការ​ពិត​អំពី​ព្រះ​គម្ពីរ​មរមន (មរ៉ូណៃ ១០:៣–៥)។