ជំនួយ​ការសិក្សា
អ័ប្រាហាំ


អ័ប្រាហាំ

ជា​កូន​ប្រុស​របស់​ថេរ៉ា កើត​នៅ​អ៊ើរ ស្រុក​ខាល់ដេ (លោកុ. ១១:២៦, ៣១; ១៧:៥)។ ជា​ព្យាការី​នៃ​ព្រះ​អម្ចាស់​ដែល​ព្រះ​អម្ចាស់​ទ្រង់ បាន​ធ្វើ​សេចក្ដី​សញ្ញា​ដ៏​អស់​កល្ប​ជានិច្ច ជាមួយ​នឹង​លោក តាម​រយៈ​សេចក្ដី​សញ្ញា​ទាំង​នេះ នោះ​អស់​ទាំង​សាសន៍​នៅ​លើ​ផែនដី​នឹង​បាន​ពរ។ អ័ប្រាហាំ​មាន​ឈ្មោះ​ដើម​ថា អាប់រ៉ាម។

គម្ពីរ​អ័ប្រាហាំ 

បញ្ជី​បុរាណ​ដែល​បាន​សរសេរ​ដោយ​លោក​អ័ប្រាហាំ ដែល​បាន​មក​ជា​របស់​ផង​សាសនាចក្រ ក្នុង​ឆ្នាំ ១៨៣៥។ បញ្ជី​ទាំង​នេះ និង​រក្ខិតសព​ខ្លះៗ បាន​រក​ឃើញ​នៅ​ក្នុង​រូង​នៃ​ពួក​សាសន៍​អេស៊ីព្ទ ដោយ​លោក អាន់តូនីយ៉ូ ឡេបូឡូ ដែល​បាន​ឲ្យ​របស់​ទាំង​នេះ​ទៅ​លោក មីកែល ចន្ទឡើរ។ លោក​ចន្ទឡើរ​បា​ន​តាំង​ពិព័រណ៍​របស់​ទាំង​នេះ​នៅ​សហរដ្ឋ ក្នុង​ឆ្នាំ ១៨៣៥។ មិត្តភក្តិ​របស់​យ៉ូសែប ស៊្មីធ​ខ្លះ​បាន​ទិញ​របស់​ទាំង​នោះ​ពី​លោក​ចន្ទឡើរ ហើយ​បាន​យក​របស់​ទាំង​នោះ​ទៅ​ឲ្យ​ព្យាការី​ដែល​លោក​បាន​បកប្រែ។ ឥឡូវ​នេះ​មាន​ឃើញ​ភាគ​ខ្លះៗ​ពី​បញ្ជី​ទាំង​ឡាយ​នោះ​នៅ​ក្នុង​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា។

ជំពូក​ទី ១ កត់ត្រា​នូវ​ការ​ពិសោធន៍​ទាំង​ឡាយ​របស់​អ័ប្រាហាំ​នៅ​អ៊ើរ ស្រុក​ខាល់ដេ ជាទី​ដែល​ពួក​សង្ឃ​ទុច្ចរិត​បាន​ខំ​រក​បូជា​លោក។ ជំពូក​ទី ២ ប្រាប់​អំពី​ដំណើរ​របស់​លោក​ទៅ​ស្រុក​កាណាន។ ព្រះ​អម្ចាស់​ទ្រង់​បាន​លេច​មក​ឯ​លោក ហើយ​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ នឹង​លោក។ ជំពូក​ទី ៣ កត់ត្រា​ថា លោក​បាន​មើល​ឃើញ​សាកលលោក ហើយ​បាន​យល់​ពី​ទំ​នាក់​ទំនង​រវាង​ភព​ទាំង​ឡាយ​នៅ​លើ​មេឃ។ ជំពូក​ទី ៤–៥ ជា​ដំណើរ​រឿង​មួយ​ទៀត​ស្ដី​អំពី​ការ​បង្ក​បង្កើត។

ពូជ​របស់​អ័ប្រាហាំ 

ជា​ប្រជាជន​ណា​ដែល​ទទួល​សេចក្ដី​សន្យា និង​សេចក្ដី​សញ្ញា​ទាំង​ឡាយ ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​ដល់​លោក​អ័ប្រាហាំ ដោយ​ការ​គោរព​តាម​ក្រឹត្យ​វិន័យ និង​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​នៃ​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ។ មនុស្ស​ប្រុស​ស្រី​អាច​ទទួល​ពរ​ទាំង​ឡាយ​នេះ​បាន បើ​សិន​ជា​ពួក​គេ​ជា​ពូជ​ពង្ស​របស់​អ័ប្រាហាំ​ពិត ឬ​ក៏​បាន​រាប់​ចូល​ក្នុង​ត្រកូល​របស់​លោក ដោយ​ការ​ឱប​ក្រសោប​យក​ដំណឹង​ល្អ និង​ដោយ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក (កាឡាទី ៣:២៦–២៩; ៤:១–៧; គ. និង ស. ៨៤:៣៣–៣៤; ១០៣:១៧; ១៣២:៣០–៣២; អ័ប្រា. ២:៩–១១)។ ពូជ​ពង្ស​របស់​អ័ប្រាហាំ​ពិត អាច​បាត់បង់​ពរ​ទាំង​ប៉ុន្មាន​នោះ​ទៅ​វិញ មក​ពី​ការ​មិន​គោរព​តាម (រ៉ូម ៤:១៣; ៩:៦–៨)។