ជំនួយ​ការសិក្សា
រស់​ឡើង​វិញ, ដំណើរ​រស់​ឡើង​វិញ


រស់​ឡើង​វិញ, ដំណើរ​រស់​ឡើង​វិញ

ជា​ការ​រួបរួម​ជា​ថ្មី​នូវ​រូប​កាយ​ខាង​វិញ្ញាណ​ទៅ​នឹង​រូប​កាយ​ខាង​សាច់ឈាម ដែល​មាន​សាច់ និង​ឆ្អឹង បន្ទាប់​ពី​បាន​ស្លាប់​ទៅ​ហើយ។ ក្រោយ​ពី​ដំណើរ​រស់​ឡើង​វិញ វិញ្ញាណ និង​រូប​កាយ​នឹង​មិន​ត្រូវ​បែក​ចេញ​ពី​គ្នា​ទៀត​ឡើយ ហើយ​ជន​នោះ​នឹង​បាន​ក្លាយ​ទៅ​ជា​ជន​ដ៏​មាន​ជីវិត​អមត។ ជន​រាល់​រូប​ដែល​បាន​កើត​នៅ​ផែនដី​នឹង​បាន​រស់​ឡើង​វិញ ពី​ព្រោះ​ព្រះ​យេស៊ូវ​គ្រីស្ទ ទ្រង់​បាន​មាន​ជ័យ​ជម្នះ​លើ​សេចក្ដី​ស្លាប់​ហើយ (១ កូរិន. ១៥:២០–២២)។

ព្រះ​យេស៊ូវ​គ្រីស្ទ ទ្រង់​ជា​អ្នក​មុនដំបូង ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នៅ​លើ​ផែនដី​នេះ (កិច្ចការ ២៦:២៣; កូល៉ុស ១:១៨; វិវរ. ១:៥)។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ផ្ដល់​នូវ​ភស្តុតាង​ជា​ច្រើន​ថា ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ទាំង​ព្រះ​កាយ​ខាង​សាច់ឈាម​របស់​ទ្រង់ ៖ ផ្នូរ​របស់​ទ្រង់​នៅ​ទទេ ទ្រង់​សោយ​ត្រី និង​ទឹកឃ្មុំ ទ្រង់​មាន​ព្រះ​កាយ​ជា​សាច់ និង​ឆ្អឹង បណ្ដាជន​បាន​ពាល់​ទ្រង់ ហើយ​ពួក​ទេវតា​បាន​ថា ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ (ម៉ាកុស ១៦:១–៦; លូកា ២៤:១–១២, ៣៦–៤៣; យ៉ូហាន ២០:១–១៨)។ វិវរណៈ​នៅ​ថ្ងៃ​ចុង​ក្រោយ​បញ្ជាក់​នូវ​ហេតុការណ៍​ដែល​មាន​ពិតប្រាកដ អំពី​ដំណើរ​រស់​ឡើង​វិញ​នៃ​ព្រះ​គ្រីស្ទ និង​មនុស្ស​លោក​ទាំង​អស់ (អាលម៉ា ១១:៤០–៤៥; ៤០; ៣ នីហ្វៃ ១១:១–១៧; គ. និង ស. ៧៦; ម៉ូសេ ៧:៦២)។

មនុស្ស​ទាំង​អស់​នឹង​មិន​បាន​រស់​ឡើង​វិញ​ដល់​សិរី​ល្អ​ដូច​គ្នា​ទេ (១ កូរិន. ១៥:៣៩–៤២; គ. និង ស. ៧៦:៨៩–៩៨), ក៏​នឹង​មិន​បាន​រស់​ឡើង​វិញ​ដំណាល​គ្នា​ដែរ (១ កូរិន. ១៥:២២–២៣; អាលម៉ា ៤០:៨; គ. និង ស. ៧៦:៦៤–៦៥, ៨៥)។ ពួក​បរិសុទ្ធ​ជា​ច្រើន​បាន​រស់​ឡើង​វិញ បន្ទាប់​ពី​ព្រះ​គ្រីស្ទ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ (ម៉ាថាយ ២៧:៥២)។ ពួក​មនុស្ស​សុចរិត​នឹង​បាន​រស់​ឡើង​វិញ​មុន​ពួក​មនុស្ស​ទុច្ចរិត ហើយ​នឹង​ចេញ​មក​នៅ​ក្នុង​ដំណើរ​រស់​ឡើង​វិញ​ទី​មួយ (១ ថែស្សា. ៤:១៦); ពួក​មនុស្ស​បាប​ដែល​ពុំ​បាន​ប្រែ​ចិត្ត នោះ​នឹង​បាន​ចេញ​នៅ​ក្នុង​ដំណើរ​រស់​ឡើង​វិញ​ចុង​ក្រោយ​បង្អស់ (វិវរ. ២០:៥–១៣; គ. និង ស. ៧៦:៨៥)។