ជំនួយ​ការសិក្សា
សេចក្ដី​ជំនឿ


សេចក្ដី​ជំនឿ

ជា​សេចក្ដី​ទុក​ចិត្ត​លើ​អ្វី​មួយ ឬ​លើ​អ្នក​ណា​ម្នាក់។ ដូច​ជា​យក​មក​ប្រើ​ជា​ច្រើន​លើក​ច្រើន​ដង​នៅ​ក្នុង​គម្ពីរ សេចក្ដី​ជំនឿ គឺជា​សេចក្ដី​ទុក​ចិត្ត និង​ទី​ទុក​ចិត្ត​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​នាំ​ជន​ណា​ម្នាក់​ឲ្យ​គោរព​តាម​ទ្រង់។ សេចក្ដី​ជំនឿ​ត្រូវ​តែ​ពឹង​ពាក់​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ ដើម្បី​ឲ្យ​បាន​នាំ​ជន​ណា​ម្នាក់​ទៅ​រក​សេចក្ដី​សង្គ្រោះ។ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ក៏​ត្រូវ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា ព្រះ​វិញ្ញាណ​បរិសុទ្ធ អំណាច​នៃ​បព្វជិតភាព និង​ដល់​សណ្ឋាន​សំខាន់ៗ នៃ​ដំណឹង​ល្អ​ដែល​បាន​សាង​ឡើង​វិញ។

សេចក្ដី​ជំនឿ​មាន​រួម​ទាំង​សេចក្ដី​សង្ឃឹម​ចំពោះ​អ្វីៗ ដែល​មើល​មិន​ឃើញ ប៉ុន្តែ​ពិត (ហេព្រើរ ១១:១; អាលម៉ា ៣២:២១; អេធើរ ១២:៦)។ សេចក្ដី​ជំនឿ​កើត​ឡើង​ដោយ​សារ​ការ​ឮ​ដំណឹង​ល្អ ដែល​បាន​បង្រៀន​ដោយ​ពួក​អ្នក​ធ្វើ​ការ​ដែល​មាន​សិទ្ធិ​អំណាច ដែល​បាន​ចាត់​មក​ពី​ព្រះ (រ៉ូម ១០:១៤–១៧)។ អព្ភូតហេតុ​មិន​ធ្វើ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ទេ ប៉ុន្តែ​សេចក្ដី​ជំនឿ​ដ៏​ធំ គឺ​មាន​ឡើង​ដោយ​សារ​ការ​គោរព​តាម​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​វិញ។ ម្យ៉ាង​ទៀត សេចក្ដី​ជំនឿ​មាន​មក​ដោយ​សារ​សេចក្ដី​សុចរិត (អាលម៉ា ៣២:៤០–៤៣; អេធើរ ១២:៤, ៦, ១២; គ. និង ស. ៦៣:៩–១២)។

សេចក្ដី​ជំនឿ​ពិត នាំ​មក​នូវ​អព្ភូតហេតុ ការ​និមិត្ត ការ​យល់​សប្ដិ ការ​ធ្វើ​ឲ្យ​ជា និង​គ្រប់​ទាំង​អំណោយ​ទាន​ពី​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់។ ដោយ​សារ​សេចក្ដី​ជំនឿ នោះ​មនុស្ស​អាច​បាន​ទទួល​នូវ​ការ​ផ្ដាច់​បាប ហើយ​ត​ទៅ ក៏​អាច​បាន​នៅ​ក្នុង​វត្ត​មាន​នៃ​ព្រះ។ ការ​ខ្វះ​សេចក្ដី​ជំនឿ​នាំ​ឲ្យ​មនុស្ស​អស់​សង្ឃឹម គឺ​មាន​ឡើង​ដោយ​សារ​អំពើ​ទុច្ចរិត (មរ៉ូណៃ ១០:២២)។