ជំនួយ​ការសិក្សា
ថែស្សាឡូនីច, សំបុត្រ​ដល់​ពួក


ថែស្សាឡូនីច, សំបុត្រ​ដល់​ពួក

ជា​គម្ពីរ​ពីរ​ក្បាល​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ ពី​ប្រភព​ទឹក​ដើម គម្ពីរ​ទាំង​ពីរ​នេះ​គឺជា​សំបុត្រ ដែល​ប៉ុល​បាន​សរសេរ​ទៅ​ពួក​ថែស្សាឡូនីច នៅ​ពេល​លោក​នៅ​ស្រុក​កូរិនថូស កាល​លោក​ទៅ​ឯ​អឺរ៉ុប រវាង​ឆ្នាំ ៥០ គ.ស.។ កិច្ចការ​របស់​លោក​នៅ​ស្រុក​ថែស្សាឡូនីច​ត្រូវ​បាន​រៀបរាប់​ប្រាប់​នៅ​ក្នុង​គម្ពីរ​កិច្ចការ ១៧។ ប៉ុល​ចង់​វិល​ទៅ​ស្រុក​ថែស្សាឡូនីច​វិញ ប៉ុន្តែ​មិន​អាច​ទៅ​បាន (១ ថែស្សា. ២:១៨)។ ហេតុ​ដូច្នេះ​ហើយ ទើប​លោក​ចាត់​ឲ្យ​ធីម៉ូថេ ទៅ​កំសាន្ត​ចិត្ត​ដល់​ពួក​អ្នក​ដែល​ប្រែ​ចិត្ត​ជឿ ហើយ​ត្រូវ​នាំ​ពាក្យ​មក​ប្រាប់​លោក​អំពី​ពួក​គេ​វិញ។ ប៉ុល​បាន​សរសេរ​សំបុត្រ​ទី​មួយ មក​ពី​អំណរគុណ​របស់​លោក ដែល​ធីម៉ូថេ​បាន​វិល​មក​វិញ។

ថែស្សាឡូនីច​ទី ១ 

ជំពូក​ទី ១–២ ជា​ការ​សួរសុខទុក្ខ និង​ការ​អធិស្ឋាន​របស់​ប៉ុល សម្រាប់​ពួក​បរិសុទ្ធ។ ជំពូក​ទី ៣–៥ ជា​ការ​បង្គាប់​អំពី​ការ​ចម្រើន​ខាង​វិញ្ញាណ អំពី​សេចក្ដី​ស្រឡាញ់ អំពី​សេចក្ដី​សប្បុរស អំពី​ការ​មាន​ចិត្ត​ឧស្សាហ៍ និង​អំពី​ការ​យាង​មក​លើក​ទី​ពីរ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ។

ថែស្សាឡូនីច​ទី ២ 

ជំពូក​ទី ១ ជា​ការ​អធិស្ឋាន​សម្រាប់​ពួក​បរិសុទ្ធ។ ជំពូក​ទី ២ ស្ដី​អំពី​សេចក្ដី​ក្បត់​សាសនា​ដែល​នឹង​កើត​ឡើង។ ជំពូក​ទី ៣ ជា​ការ​អធិស្ឋាន​របស់​ប៉ុល ចំពោះ​ការ​ជោគជ័យ ដែល​ដំណឹង​ល្អ​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​ឡើង។