ជំនួយ​ការសិក្សា
រោង​ឧបោសថ


រោង​ឧបោសថ

ជា​ដំណាក់​នៃ​ព្រះ​អម្ចាស់ គឺជា​កន្លែង​ដែល​ពួក​អ៊ីស្រាអែល​ថ្វាយ​បង្គំ កាល​បាន​ចេញ​មក​ពី​ស្រុក​អេស៊ីព្ទ។ តាម​ពិត រោង​ឧបោសថ គឺជា​ព្រះ​វិហារ​យក​ទៅ​ណា​បាន ហើយ​អាច​រើ​ជា​បំណែក ហើយ​ដំ​ឡើង​វិញ​បាន។ ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ប្រើ​រោង​ឧបោសថ​បែប​នេះ រហូត​ដល់​គេ​សង់​ព្រះ​វិហារ​សាឡូម៉ូន (គ. និង ស. ១២៤:៣៨)។

ព្រះ​ទ្រង់​បាន​បើក​សម្ដែង​ប្រាប់​គំរូ​នៃ​រោង​ឧបោសថ​ដល់​លោក​ម៉ូសេ (និក្ខ. ២៦–២៧) ហើយ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ធ្វើ​តាម​គំរូ​នោះ (និក្ខ. ៣៥–៤០)។ កាល​គេ​បាន​ធ្វើ​រោង​ឧបោសថ​រួច​ស្រេច​ហើយ នោះ​មាន​ពពក​មក​គ្រប​ដណ្ដប់​លើ​ត្រសាល ហើយ​សិរី​ល្អ​នៃ​ព្រះ​អម្ចាស់​បាន​ស្ថិតនៅ​ពេញ​ក្នុង​រោង​ឧបោសថ (និក្ខ. ៤០:៣៣–៣៤)។ ពពក​គឺជា​ទី​សម្គាល់​ថា ព្រះ​ទ្រង់​គង់​នៅ​ទី​នោះ។ នៅ​ពេល​យប់ មាន​រូបរាង​ដូច​ជា​ភ្លើង។ កាលណា​ពពក​ស្ថិត​នៅ​លើ​ត្រសាល ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​បោះជំរំ។ កាលណា​ពពក​ចេញ​ទៅ ពួក​គេ​ក៏​ចេញ​ទៅ​តាម (និក្ខ. ៤០:៣៦–៣៨; ជនគ. ៩:១៧–១៨)។ ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​សែង​រោង​ឧបោសថ​ទៅ​ជា​មួយ​ពួក​គេ កាល​គេ​ដើរ​រសាត់​ព្រាត់​នៅ​ក្នុង​ទី​រហោស្ថាន ហើយ​កាល​គេ​ច្បាំង​យក​ដែនដី​កាណាន។ បន្ទាប់​ពី​ចម្បាំង​នោះ​មក រោង​ឧបោសថ​ត្រូវ​បាន​ទុក​នៅ​ស្រុក​ស៊ីឡូរ ជា​កន្លែង​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​រើស (យ៉ូស្វេ ១៨:១)។ ក្រោយ​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​សង់​ព្រះ​វិហារ សាឡូម៉ូន​រួច នោះ​រោង​ឧបោសថ​ក៏​បាត់បង់​អស់​ពី​ប្រវត្តិសាស្ត្រ​ទៅ។

ព្រះ​អម្ចាស់ និង​អេសាយ​បាន​យក​រោង​ឧបោសថ មក​ប្រើ​ជា​និមិត្តរូប​អំពី​ទី​ក្រុង​ស៊ីយ៉ូន​ទាំង​ឡាយ និង​ជា​និមិត្តរូប​អំពី​ក្រុង​យេរូសាឡិម កាល​ព្រះ​អម្ចាស់​ទ្រង់​នឹង​យាង​មក​ជា​លើក​ទី​ពីរ (អេសាយ ៣៣:២០; ម៉ូសេ ៧:៦២)។