ជំនួយ​ការសិក្សា
ពួក​ទេវតា


ពួក​ទេវតា

នៅ​លើ​ស្ថាន​សួគ៌​មាន​តួអង្គ​ពីរ​យ៉ាង​ដែល​ហៅថា ទេវតា គឺ ៖ តួអង្គ​ដែល​ជា​វិញ្ញាណ និង​តួអង្គ​ដែល​មាន​រូប​កាយ​ជា​សាច់ និង​ឆ្អឹង។ ពួក​ទេវតា​ដែល​ជា​វិញ្ញាណ​នោះ​ពុំ​ទាន់​បាន​ទទួល​រូប​កាយ​ជា​សាច់ និង​ឆ្អឹង​ទេ ឬ​ពួក​គេ​ជា​វិញ្ញាណ ដែល​ធ្លាប់​មាន​រូប​កាយ​ជា​សាច់ឈាម​ម្ដង​ហើយ ហើយ​កំពុងតែ​រង់ចាំ​ទទួល​ដំណើរ​រស់​ឡើង​វិញ។ ពួក​ទេវតា​ដែល​មាន​រូប​កាយ​ជា​សាច់ និង​ឆ្អឹង​នោះ​បាន​រស់​ឡើង​ពី​ស្លាប់​វិញ​ហើយ ឬ​ក៏​បាន​ប្រែ​រូប​ហើយ។

មាន​សេចក្ដី​យោង​ជា​ច្រើន​នៅ​ក្នុង​ព្រះ​គម្ពីរ ស្ដី​ពី​កិច្ចការ​របស់​ពួក​ទេវតា។ ជួនកាល ពួក​ទេវតា​ពោល​ដោយ​សំឡេង​ផ្គរ នៅ​ពេល​ប្រកាស​ប្រាប់​សារ​ពី​ព្រះ (ម៉ូសាយ ២៧:១១–១៦)។ ពួក​មនុស្ស​ដែល​សុចរិត​ក៏​អាច​ហៅថា​ជា​ទេវតា​បាន​ផង​ដែរ (ក.យ.ស., លោកុ. ១៩:១៥)។ ពួក​ទេវតា​ខ្លះ​បម្រើ​នៅ​ជុំវិញ​បល្ល័ង្ក​ព្រះ​នៅ​លើ​ស្ថាន​សួគ៌ (អាលម៉ា ៣៦:២២)។

មាន​បទគម្ពីរ​ខ្លះ​ពោល​អំពី​ពួក​ទេវតា​របស់​អារក្ស​ដែរ។ ពួក​នេះ គឺជា​វិញ្ញាណ​ដែល​បាន​ដើរ​តាម​លូស៊ីហ្វើរ ហើយ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​វត្ត​មាន​របស់​ព្រះ មុន​ជីវិត​នៅ​លើ​ផែនដី ហើយ​ត្រូវ​បាន​បោះ​ចុះ​មក​លើ​ផែនដី (វិវរ. ១២:១–៩; ២ នីហ្វៃ ៩:៩, ១៦; គ. និង ស. ២៩:៣៦–៣៧)។