ជំនួយ​ការសិក្សា
ព្រះ​គម្ពីរ​មរមន


ព្រះ​គម្ពីរ​មរមន

ជា​ព្រះ​គម្ពីរ​មួយ​ក្នុង​ព្រះ​គម្ពីរ​ទាំង​បួន​ក្បាល ដែល​បាន​ទទួល​ស្គាល់​ដោយ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ។ គឺជា​ការ​សង្ខេប​ដោយ​ព្យាការី​ពី​បុរាណ​ម្នាក់​ឈ្មោះ​មរមន អំពី​បញ្ជី​ទាំង​ឡាយ​របស់​បណ្ដាជន​ជំនាន់​ដើម​នៅ​ទ្វីប​អាមេរិក។ គឺ​បាន​សរសេរ​ទុក ដើម្បី​ធ្វើ​បន្ទាល់​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​គ្រីស្ទ។ ស្ដី​អំពី​បញ្ជី​នេះ ព្យាការី​យ៉ូសែប ស៊្មីធ ដែល​បាន​បកប្រែ​ដោយ​អំណោយ​ទាន និង​ព្រះ​ចេស្ដា​នៃ​ព្រះ ដោយ​មាន​ប្រសាសន៍​ថា ៖ « ខ្មុំ​បាន​ប្រាប់​បង​ប្អូន​ទាំង​ឡាយ​ថា ព្រះ​គម្ពីរ​មរមន គឺជា​គម្ពីរ​ដ៏​ត្រឹម​ត្រូវ​បំផុត​ជាង​គម្ពីរ​នានា​ទាំង​អស់​នៅ​លើ​ផែនដី​នេះ ហើយ​ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង ហើយ​បុគ្គល​ម្នាក់ៗ​អាច​ចូល​ទៅ​ជិត​ព្រះ​បាន ដោយ​សារ​ធ្វើ​តាម​សិក្ខាបទ​ទាំង​ឡាយ​នៃ​គម្ពីរ​នេះ ជាជាង​គម្ពីរ​ដទៃ​ទាំង​អស់ » (សូម​មើល បុព្វកថា នៅ​ខាង​មុខ​ព្រះ​គម្ពីរ​មរមន)។

ព្រះ​គម្ពីរ​មរមន គឺជា​បញ្ជី​ខាង​សាសនា​នៃ​ប្រជាជន​បី​ក្រុម ដែល​បាន​មក​ពី​ពិភព​ចាស់​មក​កាន់​ទ្វីប​អាមេរិក។ ពួក​ក្រុម​ទាំង​នេះ​បាន​ត្រូវ​ដឹកនាំ​ដោយ​ពួក​ព្យាការី ដែល​បាន​កត់​ប្រវត្តិ​ខាង​សាសនា និង​ខាង​ការ​រស់នៅ ទុក​នៅ​លើ​ផ្ទាំង​លោហធាតុ។ ព្រះ​គម្ពីរ​មរមន​កត់​អំពី​ទស្សនកិច្ច​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ កាល​ទ្រង់​មក​ជួប​ប្រជាជន​នៅ​ទ្វីប​អាមេរិក បន្ទាប់​ពី​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ បន្ទាប់​ពី​ទស្សនកិច្ច​របស់​ព្រះ​គ្រីស្ទ នោះ​មាន​រយៈ​ពេល ២០០ ឆ្នាំ ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​សុខសាន្ត។

មរ៉ូណៃ ជា​ព្យាការី​-ប្រវត្តិសាស្ត្រិន​ចុង​ក្រោយ​នៃ​ពួក​សាសន៍​នីហ្វៃ លោក​បាន​បិទ​បញ្ជី​សង្ខេប​នៃ​ប្រជាជន​ទាំង​នេះ ហើយ​បាន​លាក់​ទុក​នៅ​ឆ្នាំ ៤២១ គ.ស.។ នៅ​ឆ្នាំ ១៨២៣ មរ៉ូណៃ​ដែល​បាន​រស់​ឡើង​វិញ លោក​បាន​មក​ជួប​នឹង​យ៉ូសែប ស៊្មីធ ហើយ​ក្រោយ​មក​បាន​ប្រគល់​បញ្ជី​បុរាណ និង​ពិសិដ្ឋ​ទាំង​នេះ​ដល់​លោក ដើម្បី​យក​ទៅ​បកប្រែ ហើយ​ផ្សាយ​ចេញ​ដល់​ពិភពលោក ទុកជា​សក្ខី​បទ​មួយ​ទៀត អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ។