ម៉ូសាយ 1
កំណត់ចំណាំ​នៅ​បាត
បាវចនា

គម្ពីរ​ម៉ូសាយ

ជំពូក​ទី ១

ស្ដេច​បេនយ៉ាមីន​បង្រៀន​បុត្រា​ទាំង​ឡាយ​របស់​ទ្រង់នូវ​ភាសា និង​ពាក្យ​ព្យាករណ៍​នៃ​ពួក​អយ្យកោ​របស់​គេ — សាសនា និង​អារ្យធម៌​របស់​គេ​ត្រូវ​បាន​រក្សាទុក ដោយ​សារ​បញ្ជី​ទាំង​ឡាយ​ត្រូវ​បាន​កត់​ទុក​នៅ​លើ​ផ្ទាំង​នានា — ម៉ូសាយ​ត្រូវ​បាន​រើស​ឲ្យ​ធ្វើ​ជា​ស្ដេច ហើយ​ត្រូវ​បាន​ប្រគល់​ភារកិច្ច​ឲ្យ​រក្សា​បញ្ជី និង​វត្ថុ​ផ្សេងៗ​ទុក។ ប្រមាណ​ជា​ឆ្នាំ ១៣០–១២៤ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ឥត​មាន​ការ​ទាស់ទែង​គ្នា​ឡើយ​នៅ​លើ​ដែនដី​សារ៉ាហិមឡា​ទាំង​មូល គឺ​នៅ​ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់ ដែល​ជា​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន ម្ល៉ោះ​ហើយ ទើប​ស្ដេច​បេនយ៉ាមីន​មាន​សេចក្ដី​សុខសាន្ត​ត​រៀង​ទៅ រហូត​ដល់​អស់​មួយ​ជីវិត​ទ្រង់​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ្រង់​មាន​បុត្រា​បី​នាក់ ដែល​ទ្រង់​ឲ្យ​នាម​ថា ម៉ូសាយ និង​ហេឡូរុម និង​ហេលេមិន។ ហើយ​ទ្រង់​បាន​ឲ្យ​ពួក​គេ​រៀនភាសា​ទាំង​អស់​របស់​ពួក​អយ្យកោ​ទ្រង់ ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​ប្រកប​ដោយ​យោបល់ ហើយ​ដើម្បី​ឲ្យ​ពួក​គេ​អាច​ដឹង​អំពី​ពាក្យ​ព្យាករណ៍​ទាំង​ឡាយ ដែល​ចេញ​ពី​មាត់​នៃ​ពួក​អយ្យកោ​របស់​គេ ដែល​បាន​ប្រទាន​ឲ្យ​គេ​ដោយ​ព្រះ​ហស្ត​នៃ​ព្រះ​អម្ចាស់។

ហើយ​ទ្រង់​ក៏​បាន​បង្រៀន​ពួក​គេ​អំពី​បញ្ជី​ទាំង​ឡាយ ដែល​បាន​ចារ​នៅ​លើ​ផ្ទាំង​លង្ហិន​ដែរ​ថា ៖ ឱ​បុត្រា​របស់​បិតា​អើយ បិតា​ចង់​ឲ្យ​បុត្រ​រាល់​គ្នា​ចាំ​ថា បើ​ពុំ​ដោយ​សារ​ផ្ទាំង​ទាំង​នេះ ដែល​មាន​បញ្ជី​ទាំង​នេះ និង​ព្រះ​បញ្ញត្តិ​ទាំង​នេះ​ទេ យើង​ច្បាស់​ជា​ត្រូវ​រង​ទុក្ខ​នៅ​ក្នុង​ភាព​ល្ងង់ខ្លៅ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ដោយ​មិន​ដឹង​នូវ​ការ​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ​សោះឡើយ។

ត្បិត​លីហៃ ជា​អយ្យកោ​របស់​យើង ពុំ​អាច​ចាំ​នូវ​គ្រប់​ការណ៍​អស់​ទាំង​នេះ ដើម្បី​យក​មក​បង្រៀន​ដល់​កូន​ចៅ​របស់​លោក​បាន​ទេ លើក​លែងតែ​ដោយ​សារ​ជំនួយ​របស់​ផ្ទាំង​ទាំង​នេះ ដោយ​ព្រោះ​លោក​បាន​រៀន​ជា​ភាសា​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហេតុ​ដូច្នេះ​ហើយ ទើប​លោក​អាច​អាន​នូវ​ចម្លាក់​ទាំង​នេះ​បាន ហើយ​បង្រៀន​ដល់​កូន​ចៅ​លោក ដើម្បី​ឲ្យ​ពួក​គេ​អាច​បង្រៀន​ត​ទៅ​កូន​ចៅ​របស់​គេ​ទៀត ម្ល៉ោះ​ហើយ ទើប​បាន​បំពេញ​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

ឱ​បុត្រា​របស់​បិតា​អើយ បិតា​សូម​ប្រាប់​ថា បើ​ពុំ​ដោយ​សារ​ការណ៍​ទាំង​នេះ ដែល​ត្រូវ​បាន​រក្សាទុក​ដោយ​ព្រះ​ហស្ត​នៃ​ព្រះ ដើម្បី​ឲ្យ​យើង​អាច​អាន ហើយ​យល់​នូវ​ការ​អាថ៌កំបាំង​ទាំង​ឡាយ​របស់​ទ្រង់ ហើយ​មាន​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់​នៅ​ចំពោះ​ភ្នែក​យើង​ជានិច្ច​នោះ​ទេ នោះ​ពួក​អយ្យកោ​របស់​យើង ច្បាស់​ជា​ចុះ​អន់ថយ​ក្នុង​ការ​ឥត​ជំនឿ ហើយ​យើង​ច្បាស់​ជា​ដូច​ពួក​សាសន៍​លេមិន ដែល​ជា​បង​ប្អូន​យើង​ដែរ ដែល​ពុំ​ដឹង​អ្វី​អំពី​រឿង​ទាំង​នេះ​សោះ ព្រម​ទាំង​មិន​ជឿ​នៅ​ពេល​ពួក​គេ​ត្រូវ​បាន​បង្រៀន​ផង គឺ​ដោយ​មក​ពី​សណ្ដាប់​ទាំង​ឡាយ​នៃ​ពួក​អយ្យកោ​របស់​គេ ដែល​មិន​ត្រឹម​ត្រូវ។

ឱ​បុត្រា​របស់​បិតា​អើយ បិតា​ចង់​ឲ្យ​បុត្រ​រាល់​គ្នា​ចាំ​ថា​ពាក្យ​ទាំង​នេះ​ពិត ហើយ​បញ្ជី​ទាំង​នេះ​ក៏​ពិត​ដែរ។ ហើយ​មើល​ចុះ ផ្ទាំង​នីហ្វៃ​ដែល​មាន​បញ្ជី និង​ពាក្យ​របស់​ពួក​អយ្យកោ​យើង ចាប់​ពី​ពេល​ដែល​គេ​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម​មក​ដល់​ឥឡូវ​នេះ នោះ​ក៏​ពិត​ដែរ ហើយ​យើង​អាច​ដឹង​អំពី​ភាព​ជាក់​លាក់​នៃ​វត្ថុ​ទាំង​នេះ ពី​ព្រោះ​យើង​មាន​វត្ថុ​ទាំង​នេះ​នៅ​ចំពោះ​ភ្នែក​យើង​ហើយ។

ហើយ​ឥឡូវ​នេះ ឱ​បុត្រា​របស់​បិតា​អើយ បិតា​ចង់​ឲ្យ​បុត្រ​រាល់​គ្នា​ចាំ​ថា ត្រូវ​ពិចារណា​មើល​វត្ថុ​ទាំង​នេះ​ដោយ​ព្យាយាម ដើម្បី​បុត្រ​អាច​មាន​ប្រយោជន៍​ដោយ​សារ​វា ហើយ​បិតា​ចង់​ឲ្យ​បុត្រ​រាល់​គ្នា​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ដើម្បី​ឲ្យ​បុត្រ​រាល់​គ្នា​អាច​បាន​ចម្រើន​ឡើង​នៅ​លើ​ដែនដី ស្រប​តាម​សេចក្ដី​សន្យា​ទាំង​ឡាយ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​ធ្វើ​ដល់​ពួក​អយ្យកោ​របស់​យើង។

ហើយ​ស្ដេច​បេនយ៉ាមីន ទ្រង់​បាន​បង្រៀន​បុត្រា​របស់​ទ្រង់​នូវ​ការណ៍​ច្រើន​ទៀត ដែល​ពុំ​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​នេះ​ឡើយ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ស្ដេច​បេនយ៉ាមីន ទ្រង់​បាន​បញ្ចប់​នូវការ​បង្រៀន​ដល់​បុត្រា​ទ្រង់​ហើយ នោះ​ទ្រង់​ក៏​មាន​ព្រះ​ជន្ម​ចាស់ជរា ហើយ​ទ្រង់​បាន​ទត​ឃើញ​ថា ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ទ្រង់​ត្រូវ​ទៅ​តាម​ផ្លូវ​នៃ​អស់​ទាំង​ផែនដី​ហើយនោះ ហេតុ​ដូច្នេះ​ហើយ ទើប​ទ្រង់​គិត​ថា ជា​ការ​ចាំ​បាច់​ដែល​ទ្រង់​ត្រូវ​ប្រគល់​រាជ្យ​ទៅ​ឲ្យ​បុត្រ​របស់​ទ្រង់​ម្នាក់។

១០ហេតុ​ដូច្នេះ​ហើយ ទើប​ទ្រង់​ឲ្យ​គេ​នាំ​ម៉ូសាយ​មក​ចំពោះ​ទ្រង់ ហើយ​នេះ​ជា​ពាក្យ ដែល​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​បុត្រ​ថា ៖ បុត្រ​របស់​បិតា​អើយ បិតា​ចង់​ឲ្យ​បុត្រ​ប្រកាស​ទូ​ទៅ​អស់​ទាំង​ដែនដី​នេះ​នៅ​ក្នុង​ចំណោម​អស់​ទាំង​ប្រជាជន​នេះ ឬ​ប្រជាជន​សារ៉ាហិមឡា និង​ប្រជាជន​របស់​ម៉ូសាយ​ដែល​រស់​នៅ​លើ​ដែនដី ដើម្បី​ឲ្យ​គេ​ប្រមូល​គ្នា​មក ព្រោះ​ថ្ងៃ​ស្អែក​នេះ បិតា​នឹង​ប្រកាស​ប្រាប់​ប្រជាជន​នេះ​ចេញ​ពី​មាត់​របស់​បិតា​ផ្ទាល់​ថា បុត្រ​គឺជា​ស្ដេច ហើយ​ជា​អ្នក​គ្រប់​គ្រង​ប្រជាជន​នេះ គឺជា​ប្រជាជន​ដែល​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​យើង ទ្រង់​បាន​ប្រទាន​ដល់​យើង។

១១ហើយ​ម្យ៉ាង​ទៀត បិតា​នឹង​ឲ្យ​ឈ្មោះ​មួយ​ដល់​ប្រជាជន​នេះ ដើម្បី​ឲ្យ​គេ​អាច​ញែក​ចេញ​ពី​ប្រជាជន​ទាំង​អស់ ដែល​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​នាំ​ចេញ​ពី​ដែនដី​យេរូសាឡិម ហើយ​បិតា​ធ្វើ​ដូច្នេះ ក៏​ព្រោះ​តែ​ពួក​គេ​ជា​ប្រជាជន​ព្យាយាម​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់។

១២ហើយ​បិតា​នឹង​ឲ្យ​គេ​នូវ​ឈ្មោះ​មួយ ដែល​នឹង​មិន​ត្រូវ​លុប​ចោល​បាន​ឡើយ លើក​លែងតែ​ដោយ​ការ​រំលង។

១៣មែន​ហើយ ម្យ៉ាង​ទៀត បិតា​ប្រាប់​ទៅ​បុត្រ​ថា បើ​សិន​ជា​ប្រជាជន​ដ៏​សំណប់​ជា​ខ្លាំង​នៃ​ព្រះ​អម្ចាស់​នេះ​ធ្លាក់​ចុះ​ទៅ​ក្នុង​ការ​រំលង​ច្បាប់ ហើយ​ក្លាយ​ទៅ​ជា​ប្រជាជន​ទុច្ចរិត ហើយ​កំផិត នោះ​ព្រះ​អម្ចាស់​ទ្រង់​នឹង​បោះបង់​គេ​ចោល ដើម្បី​ឲ្យ​ពួក​គេ​ក្លាយ​ទៅ​ជា​មនុស្ស​ទន់ខ្សោយ ដូច​បង​ប្អូន​របស់​គេ ហើយ​ទ្រង់​នឹង​ឈប់​ថែរក្សា​គេ​ដោយ​ព្រះ​ចេស្ដា​ដ៏​ផ្ទឹម​មិន​បាន និង​អស្ចារ្យ​របស់​ទ្រង់ ដូច​ជា​ទ្រង់​បាន​ថែរក្សា​ពួក​អយ្យកោ​របស់​យើង​ពីមុន​មក​ដល់​សព្វ​ថ្ងៃ​នេះ។

១៤ព្រោះ​បិតា​ប្រាប់​បុត្រ​ថា បើ​សិន​ជា​ទ្រង់​ពុំ​បាន​លូក​ព្រះ​ហស្ត​មក​ថែរក្សា​ពួក​អយ្យកោ​យើង​ទេ ពួក​គេ​ច្បាស់​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​សាសន៍​លេមិន​ហើយ ហើយ​ទទួល​រង​គ្រោះ​ចំពោះ​ការ​ស្អប់​របស់​ពួក​គេ។

១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ស្ដេច​បេនយ៉ាមីន​បាន​បញ្ចប់​ពាក្យ​ទាំង​នេះ ទៅ​កាន់​បុត្រ​ទ្រង់​ហើយ នោះ​ទ្រង់​ក៏​បាន​បង្គាប់​បុត្រ​ពី​កិច្ចការ​ទាំង​អស់​នៃ​ព្រះ​នគរ។

១៦ហើយ​ក្រៅ​ពី​នេះ​ទៀត ទ្រង់​ក៏​បាន​បង្គាប់​បុត្រ​ពី​បញ្ជី​ទាំង​ឡាយ ដែល​ចារ​នៅ​លើ​ផ្ទាំង​លង្ហិន ព្រម​ទាំង​ផ្ទាំង​នីហ្វៃ​ផង ព្រម​ទាំង​ដាវ​របស់​ឡាបាន់ និង​ដុំ​មូល ឬ​គ្រឿង​ចង្អុល​ទិស ដែល​បាន​ដឹកនាំ​ពួក​អយ្យកោ​របស់​យើង​ឆ្លងកាត់​ទី​រហោស្ថាន ដែល​បាន​រៀបចំ​ឡើង​ដោយ​ព្រះ​ហស្ត​នៃ​ព្រះ​អម្ចាស់ ដើម្បី​ដោយ​សារ​វត្ថុ​នេះ នោះ​ពួក​គេ​ត្រូវ​បាន​ដឹកនាំ​តាម​ការ​យក​ចិត្ត​ទុកដាក់ និង​ការ​ព្យាយាម​ដែល​ពួក​គេ​បាន​ធ្វើ​ចំពោះ​ទ្រង់។

១៧ហេតុ​ដូច្នេះ​ហើយ កាលណា​គេ​មិន​ស្មោះត្រង់ នោះ​គេ​ពុំ​បាន​ចម្រើន ឬ​ជឿន​លឿន នៅ​ក្នុង​ដំណើរ​របស់​គេ​ឡើយ តែ​ត្រូវ​រុញ​ច្រាន​ថយ​ក្រោយ​វិញ ហើយ​នាំ​មក​នូវ​ការ​ពុំ​សព្វ​ព្រះ​ហឫទ័យ​នៃ​ព្រះ​មក​លើ​គេ ហេតុ​ដូច្នេះ​ហើយ គេ​ត្រូវ​វាយ​ដោយ​អំណត់​អត់ និង​សេចក្ដី​ទុក្ខ​វេទនា​ដ៏​ឈឺ​ចាប់ ដើម្បី​ដាស់​រំជួល​គេ​ឲ្យ​នឹក​ចាំ​ដល់​ករណីយកិច្ច​របស់​គេ។

១៨ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ម៉ូសាយ​បាន​ទៅ​ធ្វើ ដូច​បិតា​លោក​បាន​បញ្ជា​ដល់​លោក ហើយ​បាន​ប្រកាស​ប្រាប់​ប្រជាជន​ទាំង​អស់ ដែល​នៅ​លើ​ដែនដី​សារ៉ាហិមឡា ឲ្យ​មក​ជួប​ជុំ​គ្នា​ដើម្បី​ឲ្យ​គេ​អាច​ឡើង​ទៅ​ឯ​ព្រះ​វិហារ​បរិសុទ្ធ ដើម្បី​ទៅ​ស្ដាប់​ពាក្យ​ទាំង​ឡាយ ដែល​បិតា​លោក​នឹង​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ៕