នីហ្វៃ ទី ១ 17
    កំណត់ចំណាំ​នៅ​បាត
    បាវចនា

    ជំពូក​ទី ១៧

    នីហ្វៃ​ត្រូវ​បាន​បញ្ជា​ឲ្យ​សង់​សំពៅ​មួយ — បងៗ​របស់​លោក​រឹងទទឹង​នឹង​លោក — លោក​ទូន្មាន​ពួក​គេ ដោយ​ប្រាប់​អំពី​ប្រវត្តិ​នៃ​ទំនាក់​ទំនង​នៃ​ព្រះ​ជាមួយ​នឹង​សាសន៍​អ៊ីស្រាអែល — លោក​បាន​ពោរពេញ​ទៅ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ — បងៗ​របស់​លោក​ត្រូវ​បាន​ហាម​មិន​ឲ្យ​ប៉ះ​ពាល់​លោក ក្រែង​ពួក​គេ​ត្រូវ​ស្វិត​ដូចដើម​ត្រែង​ស្ងួត។ ប្រមាណ​ជា​ឆ្នាំ ៥៩២–៥៩១ ម.គ.ស.។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​បាន​បន្ត​ដំណើរ​ក្នុង​ទីរហោស្ថាន​ម្ដង​ទៀត ហើយ​យើង​បាន​ធ្វើ​ដំណើរ​បញ្ឆិត​ទៅ​ទិស​ខាង​កើត ចាប់​ពី​ពេល​នោះ​ត​ទៅ។ ហើយ​យើង​បាន​ធ្វើ​ដំណើរ​លុយ​កាត់​សេចក្ដី​វេទនា​ជាច្រើន​នៅ​ក្នុង​ទីរហោស្ថាន ហើយ​ប្រពន្ធ យើង​បាន​បង្កើត​កូន​នៅ​ក្នុង​ទីរហោស្ថាន។

    ហើយ​ព្រះ​ពរ​នៃ​ព្រះ​អម្ចាស់ ដែល​ទ្រង់​បាន​ប្រទាន​មក​លើ​យើង​នោះ​ច្រើន​ណាស់ គឺ​នៅ​ពេល​ដែល​យើង​បាន​ចិញ្ចឹម​ជីវិត​ដោយ​សាច់​ឆៅ​នៅ​ក្នុង​ទីរហោស្ថាន នោះ​ប្រពន្ធ​យើង​មាន​ទឹកដោះ​គ្រប់គ្រាន់​សម្រាប់​បំបៅ​កូនៗ ហើយ​មាន​កម្លាំង​មាំមួន មែន​ហើយ ដូច​ជា​ប្រុសៗ​ដែរ ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​ទ្រាំទ្រ​នឹង​ការ​ធ្វើ​ដំណើរ ដោយ​ពុំ​បាន​រអ៊ូរទាំ​ឡើយ។

    ដូច្នេះ​ហើយ ទើប​យើង​ឃើញ​ថា ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​ត្រូវ​តែ​បាន​បំពេញ។ ហើយ​បើសិនជា​កូន​ចៅ​មនុស្ស​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ នោះ​ទ្រង់​នឹង​ចិញ្ចឹម​គេ ហើយ​ផ្ដល់​កម្លាំង​ដល់​គេ ព្រម​ទាំង​ផ្ដល់​ផ្លូវ​ឲ្យ​ដើម្បី​គេ​អាច​សម្រេច​នូវ​អ្វីៗ​ដែល​ទ្រង់​បាន​បញ្ជា​ពួក​គេ ហេតុ​ដូច្នោះ​ហើយ ទ្រង់​បាន​ផ្ដល់​ផ្លូវ​សម្រាប់​ពួក​យើង នៅ​ពេល​ដែល​យើង​ឈប់​សម្រាក​ក្នុង​ទីរហោស្ថាន។

    ហើយ​យើង​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ មែន​ហើយ គឺ​អស់​ដល់​ទៅ​ប្រាំបី​ឆ្នាំ នៅ​ក្នុង​ទីរហោស្ថាន។

    ហើយ​យើង​បាន​មក​ដល់​ដែនដី​ដែល​យើង​ហៅ​ថា បរិបូរណ៍ ពី​ព្រោះ​ទី​នោះ​បរិបូរ​ទៅ​ដោយ​ផ្លែ​ឈើ និង​ទឹកឃ្មុំ​ព្រៃ ហើយ​គ្រប់​ការណ៍​ទាំង​អស់​នេះ ត្រូវ​បាន​រៀបចំ​ទុក​ដោយ​ព្រះ​អម្ចាស់ ដើម្បី​កុំ​ឲ្យ​យើង​អាច​ត្រូវ​វិនាស។ ហើយ​យើង​បាន​ឃើញ​សមុទ្រ ដែល​យើង​ហៅ​ថា អើរេអានទុម ដែល​ប្រែ​ថា ទឹក​ច្រើន។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​បាន​បោះ​ត្រសាល​នៅ​ក្បែរ​ឆ្នេរសមុទ្រ ហើយ​ទោះ​បី​យើង​រងទុក្ខ​សេចក្ដី​វេទនា និង​សេចក្ដី​លំបាក​មក​ជា​ច្រើន​ក៏​ដោយ មែន​ហើយ គឺ​ច្រើន​ណាស់​រហូតដល់​យើង​ពុំ​អាច​សរសេរ​ឲ្យ​អស់​ទេ គង់តែ​យើង​មាន​សេចក្ដី​ត្រេកអរ​ជា​ខ្លាំង កាល​យើង​មក​ដល់​មាត់សមុទ្រ ហើយ​យើង​ហៅ​ទី​នោះ​ថា បរិបូរណ៍ ពី​ព្រោះ​ទី​នោះ​មាន​ផ្លែ​ឈើ​ច្រើន។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ខ្ញុំ នីហ្វៃ បាន​នៅ​ក្នុង​ដែនដី​បរិបូរណ៍ អស់​រយៈ​ពេល​ជាច្រើន​ថ្ងៃ​ហើយ នោះ​សំឡេង​នៃ​ព្រះ​អម្ចាស់​បាន​បន្លឺ​មក​ខ្ញុំ​ថា ៖ ចូរ​ក្រោក​ឡើង ហើយ​ដើរ​ទៅ​លើ​ភ្នំ។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​ក៏​ក្រោក​ឡើង ហើយ​ដើរ​ឡើង​ទៅ​លើ​ភ្នំ ហើយ​អំពាវនាវ​ដល់​ព្រះ​អម្ចាស់។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ អ្នក​ត្រូវ​សង់​សំពៅ​មួយ តាម​របៀប​ដែល​យើង​នឹង​បង្ហាញ​អ្នក ដើម្បី​យើង​អាច​នាំ​គ្រួសារ​របស់​អ្នក​ឆ្លង​កាត់​ទឹក​ទាំង​នេះ។

    ហើយ​ខ្ញុំ​ទូល​ថា ៖ ឱ​ព្រះ​អម្ចាស់​អើយ តើ​ទូលបង្គំ​នឹង​ទៅ​ផ្លូវ​ណា ដើម្បី​រក​លោហធាតុ​មក​រំលាយ ដើម្បី​ទូលបង្គំ​អាច​ធ្វើ​គ្រឿង​ឧបករណ៍​សម្រាប់​សង់​សំពៅ ទៅ​តាម​របៀប​ដែល​ព្រះ​អង្គ​ទ្រង់​បាន​បង្ហាញ​ទូលបង្គំ​នោះ?

    ១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រាប់​ខ្ញុំ​នូវ​កន្លែង​ដែល​ខ្ញុំ​ត្រូវ​ទៅ​ដើម្បី​រក​លោហធាតុ ដើម្បី​ខ្ញុំ​អាច​ធ្វើ​គ្រឿង​ឧបករណ៍។

    ១១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ បាន​ធ្វើ​ឧបករណ៍​ផ្លុំ​ខ្យល់​ដោយ​ស្បែក​សត្វ សម្រាប់​ផ្លុំ​ភ្លើង ហើយ​បន្ទាប់ពី​ខ្ញុំ​ធ្វើ​បំពង់​ដើម្បី​យក​ទៅ​ផ្លុំ​ភ្លើង​ហើយ នោះ​ខ្ញុំ​បាន​យក​ថ្ម​ពីរ​ដុំ​មក​កួត​នឹង​គ្នា ដើម្បី​បង្កាត់ភ្លើង។

    ១២ត្បិត​ព្រះ​អម្ចាស់ ទ្រង់​មិន​បាន​អនុញ្ញាត​ឲ្យ​យើង​ដុត​ភ្លើង​ឡើយ កាល​យើង​ធ្វើ​ដំណើរ​នៅ​ក្នុង​ទីរហោស្ថាន ត្បិត​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ យើង​នឹង​ធ្វើ​ឲ្យ​អាហារ​របស់​អ្នក​ផ្អែម​ឆ្ងាញ់ ដោយ​អ្នក​មិន​បាច់​ចម្អិន​ទេ។

    ១៣ហើយ​យើង​ក៏​នឹង​ទៅ​ជា​ពន្លឺ​របស់​អ្នក​រាល់​គ្នា​នៅ​ក្នុង​ទីរហោស្ថាន​ដែរ ហើយ​យើង​នឹង​រៀបចំ​ផ្លូវ​សម្រាប់​អ្នក​រាល់​គ្នា បើសិនជា​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ហេតុ​ដូច្នោះ​ហើយ ដរាបណា​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​នាំ​ទៅ​ដែនដី​សន្យា ហើយ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា គឺ​យើង​នេះ​ហើយ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ទៅ។

    ១៤មែន​ហើយ ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដែរ​ថា ៖ បន្ទាប់ពី​អ្នក​រាល់​គ្នា​បាន​ទៅ​ដល់​ដែនដី​សន្យា​ហើយ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​ជា​ព្រះ​អម្ចាស់​គឺ​ជា​ព្រះ ហើយ​ថា យើង​ជា​ព្រះ​អម្ចាស់ បាន​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ផុត​ពី​សេចក្ដី​បំផ្លិចបំផ្លាញ មែន​ហើយ គឺ​ថា យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ដែនដី​យេរូសាឡិម។

    ១៥ហេតុ​ដូច្នោះ​ហើយ ខ្ញុំ នីហ្វៃ បាន​ខំ​ព្យាយាម​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ហើយ​ខ្ញុំ​បាន​ទូន្មាន​បងៗ​របស់​ខ្ញុំ​ឲ្យ​មាន​ចិត្ត​ស្មោះត្រង់ ហើយ​មាន​ចិត្ត​ឧស្សាហ៍។

    ១៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ធ្វើ​គ្រឿង​ឧបករណ៍​ផ្សេងៗ អំពី​លោហធាតុ ដែល​ខ្ញុំ​ចម្រាញ់​យក​ពី​ថ្ម​មក។

    ១៧ហើយ​កាល​បងៗ​ខ្ញុំ បាន​ឃើញ​ខ្ញុំ​កំពុង​នឹង​សង់​សំពៅ នោះ​ពួក​គេ​ក៏​ចាប់​ផ្ដើម​រអ៊ូរទាំ​ទាស់​នឹង​ខ្ញុំ​ថា ៖ ប្អូន​យើង​ជា​មនុស្ស​ឆ្កួត ព្រោះ​វា​ស្មាន​ថា វា​អាច​សង់​សំពៅ​បាន មែន​ហើយ ហើយ​វា​ក៏​គិត​ស្មាន​ថា វា​អាច​ឆ្លងកាត់​ទឹក​ដ៏​ធំ​នេះ​បាន។

    ១៨ដូច្នេះ​ហើយ ទើប​បងៗ​ខ្ញុំ​បាន​ពោល​ត្អូញត្អែរ​ទាស់​នឹង​ខ្ញុំ ហើយ​ដោយ​មាន​ប្រាថ្នា​ថា ពួក​គេ​មិន​បាច់​ធ្វើការ​ទេ ត្បិត​ពួក​គេ​មិន​ជឿ​ថា ខ្ញុំ​អាច​សង់​សំពៅ​បាន​ឡើយ ហើយ​ពួក​គេ​ក៏​ព្រម​ទាំង​មិន​ជឿ​ថា ខ្ញុំ​ត្រូវ​បាន​បង្គាប់​ពី​ព្រះ​អម្ចាស់​ឡើយ។

    ១៩ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ កើត​សេចក្ដី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ព្រោះ​តែ​ភាព​រឹងរូស​នៃ​ចិត្ត​របស់​ពួក​គេ ហើយ​ឥឡូវ​នេះ នៅ​ពេល​ដែល​គេ​បាន​ឃើញ​ខ្ញុំ​ចាប់​ផ្ដើម​កើត​សេចក្ដី​ព្រួយបារម្ភ នោះ​ពួក​គេ​កើត​សេចក្ដី​សប្បាយ​ក្នុង​ចិត្ត ដរាប​ដល់​បាន​រីករាយ​ដាក់​លើ​រូប​ខ្ញុំ ដោយ​និយាយ​ថា ៖ យើង​បាន​ដឹង​ហើយ​ថា ឯង​មិន​អាច​សង់​សំពៅ​បាន​ទេ ព្រោះ​យើង​ដឹង​ហើយ​ថា ឯង​ខ្វះ​ការ​វិនិច្ឆ័យ ហេតុ​ដូច្នោះ​ហើយ ឯង​ពុំ​អាច​សម្រេច​នូវ​កិច្ចការ​ដ៏​ធំ​នេះ​បាន​ឡើយ។

    ២០ហើយ​ឯង​នេះ ក៏​ដូច​ជា​ឪពុក​យើង​ដែរ ដោយ​បាន​ត្រូវ​នាំ​ដោយ​គំនិត​ដ៏​ឥតប្រយោជន៍​នៃ​ចិត្ត​លោក មែន​ហើយ លោក​បាន​នាំ​យើង​ចេញ​ពី​ដែនដី​យេរូសាឡិម ហើយ​យើង​បាន​ដើរ​រសាត់​ព្រាត់​នៅ​ក្នុង​ទីរហោស្ថាន​អស់​ពេល​ជាច្រើន​ឆ្នាំ ហើយ​ប្រពន្ធ​យើង​បាន​ធ្វើ​ការ​នឿយហត់​ដោយ​មាន​ផ្ទៃ​ពោះ​ផង ហើយ​គេ​បាន​បង្កើត​កូន​នៅ​ក្នុង​ទីរហោស្ថាន ហើយ​រងទុក្ខ​គ្រប់​យ៉ាង លើក​លែង​តែ​សេចក្ដី​ស្លាប់ ហើយ​ប្រសិនបើ​គេ​បាន​ស្លាប់​មុន​ពេល​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម នោះ​គឺ​ជា​ការ​ប្រសើរ​ជាង​ត្រូវ​រងទុក្ខ​សេចក្ដី​វេទនា​បែប​នេះ។

    ២១មើល​ចុះ ប៉ុន្មាន​ឆ្នាំ​មក​ហើយ​នេះ យើង​បាន​រងទុក្ខ​នៅ​ក្នុង​ទីរហោស្ថាន គឺ​ជា​រយៈ​ពេល​នោះ ដែល​យើង​អាច​ត្រេកអរ​នឹង​ទ្រព្យ​សម្បត្តិ​របស់​យើង និង​ដែនដី​នៃ​កេរ្តិ៍អាករ​របស់​យើង មែន​ហើយ ហើយ​យើង​អាច​មាន​សេចក្ដី​សុខសប្បាយ។

    ២២ហើយ​យើង​ដឹង​ថា មនុស្ស​ដែល​នៅ​ឯ​ដែនដី​យេរូសាឡិម គឺ​ជា​មនុស្ស​សុចរិត ព្រោះ​ពួក​គេ​បាន​កាន់​តាម​ក្រឹត្យ​ក្រម សេចក្ដី​យុត្តិធម៌​នៃ​ព្រះ​អម្ចាស់ និង​គ្រប់​ទាំង​បញ្ញត្តិ​ទាំង​អស់​របស់​ទ្រង់ ស្រប​តាម​ក្រឹត្យវិន័យ​លោក​ម៉ូសេ ហេតុ​ដូច្នោះ​ហើយ យើង​ដឹង​ថា ពួក​គេ​ជា​មនុស្ស​សុចរិត ហើយ​ឪពុក​យើង​បាន​ថ្កោលទោស​គេ ហើយ​បាន​នាំ​យើង​ចេញ​ឆ្ងាយ ពី​ព្រោះ​យើង​បាន​ស្ដាប់​តាម​ពាក្យ​សម្ដី​លោក មែន​ហើយ ហើយ​ប្អូន​យើង​នេះ ក៏​ដូច​លោក​ដែរ។ ហើយ​ដោយ​ពាក្យ​បែប​នេះ​ហើយ ដែល​បងៗ​ខ្ញុំ​បាន​រអ៊ូរទាំ ហើយ​ពោល​ទាស់​នឹង​យើង។

    ២៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ បាន​និយាយ​ទៅ​ពួក​គេ​ថា ៖ តើ​បង​រាល់​គ្នា​ជឿ​ទេ​ថា ពួក​អយ្យកោ​យើង​ជា​កូន​ចៅ​របស់​អ៊ីស្រាអែល បាន​ត្រូវ​នាំ​ចេញ​ពី​កណ្ដាប់​ដៃ​របស់​ពួក​សាសន៍​អេស៊ីព្ទ​រួច​ឬ ប្រសិនបើ​ពួក​គេ​មិន​បាន​ប្រុង​ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់​នោះ?

    ២៤មែន​ហើយ តើ​បង​រាល់​គ្នា​គិត​ស្មាន​ថា ពួក​គេ​នឹង​ត្រូវ​នាំ​ចេញ​ផុត​ពី​សេវកភាព​បាន​ឬ ប្រសិនបើ​ព្រះ​អម្ចាស់ ទ្រង់​មិន​បាន​បញ្ជា​លោក​ម៉ូសេ ឲ្យ​នាំ​ពួក​គេ​ចេញ​ពី​សេវកភាព​នោះ?

    ២៥ឥឡូវ​នេះ បង​រាល់​គ្នា​ដឹង​ថា កូន​ចៅ​អ៊ីស្រាអែល​នៅ​ក្នុង​សេវកភាព ហើយ​បង​រាល់​គ្នា​ដឹង​ថា ពួក​គេ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើការ​ជា​ទម្ងន់ ដែល​ពិបាក​នឹង​ទ្រាំទ្រ​បាន ហេតុ​ដូច្នោះ​ហើយ បង​រាល់​គ្នា​ដឹង​ថា ជា​ការ​ល្អ​មួយ​សម្រាប់​ពួក​គេ ដែល​ពួក​គេ​នឹង​ត្រូវ​នាំ​ចេញ​ពី​សេវកភាព នោះ​បាន។

    ២៦ឥឡូវ​នេះ បង​រាល់​គ្នា​ដឹង​ហើយ​ថា លោក​ម៉ូសេ​ត្រូវ​បាន​បញ្ជា​ដោយ​ព្រះ​អម្ចាស់ ឲ្យ​ធ្វើ​កិច្ចការ​ដ៏​ធំ​នោះ ហើយ​បង​រាល់​គ្នា​ដឹង​ថា ដោយ​ពាក្យ​របស់​លោក នោះ​ទឹកសមុទ្រ​ក្រហម​ត្រូវ​ញែក​ជា​ពីរ ពី​ម្ខាង​ទៅ​ម្ខាង ហើយ​ពួក​គេ​ដើរ​ឆ្លងកាត់​លើ​ដី​គោក។

    ២៧ប៉ុន្តែ​បង​រាល់​គ្នា​ដឹង​ថា ពួក​សាសន៍​អេស៊ីព្ទ ដែល​ជា​ពលទ័ព​របស់​ផារ៉ោន ត្រូវ​លិចលង់​ទៅ​ក្នុង​ទឹក​សមុទ្រ​ក្រហម។

    ២៨ហើយ​បង​រាល់​គ្នា​ក៏​ដឹង​ដែរ​ថា ពួក​គេ​ត្រូវ​បាន​នំ​ម៉ាណា​មក​បរិភោគ​នៅ​ក្នុង​ទីរហោស្ថាន។

    ២៩មែន​ហើយ បង​រាល់​គ្នា​ក៏​ដឹង​ដែរ​ថា លោក​ម៉ូសេ ដោយ​សារ​ពាក្យ​របស់​លោក ដែល​ស្រប​តាម​ព្រះ​ចេស្ដា​នៃ​ព្រះ​ដែល​មាន​នៅ​ក្នុង​ខ្លួន​លោក នោះ​លោក​បាន​វាយ​ថ្ម ហើយ​ទឹក​ក៏​ហូរ​ចេញ​មក ដើម្បី​ឲ្យ​កូនចៅ​អ៊ីស្រាអែល​ផឹក​បំបាត់​ស្រេក។

    ៣០ហើយ​ទោះ​បី​ពួក​គេ​ត្រូវ​បាន​នាំ​ទៅ ដោយ​មាន​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ ជា​ព្រះ​ប្រោស​លោះ​របស់​គេ យាង​ពីមុខ​គេ នាំ​គេ​ក្នុង​ពេល​ថ្ងៃ និង​ផ្ដល់​ពន្លឺ​ក្នុង​ពេល​យប់ ហើយ​ធ្វើ​អ្វីៗ​សព្វ​បែប​យ៉ាង​សម្រាប់​ពួក​គេ ដែល​សម​នឹង​មនុស្ស​បាន​ទទួល​ក្ដី ក៏​គង់តែ​ពួក​គេ​នៅ​តែ​ធ្វើ​ចិត្ត​រឹងរូស ហើយ​ធ្វើ​គំនិត​ងងឹត​ងងល់ ហើយ​បាន​ជេរប្រមាថ​ទាស់​នឹង​លោក​ម៉ូសេ ហើយ​ទាស់​នឹង​ព្រះ​ដ៏​ពិត និង​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ​ដែរ។

    ៣១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ស្រប​តាម​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ ទ្រង់​បាន​បំផ្លាញ​ពួក​គេ ហើយ​ស្រប​តាម​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ ទ្រង់​បាន​នាំ​ពួក​គេ ហើយ​ស្រប​តាម​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ ទ្រង់​បាន​ធ្វើ​អ្វីៗ​សព្វ​បែប​យ៉ាង​សម្រាប់​គេ ហើយ​គ្មាន​អ្វី​មួយ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើយ លើក​លែង​តែ​ដោយ​សារ​ព្រះ​បន្ទូល​ព្រះ​អង្គ​ប៉ុណ្ណោះ។

    ៣២ហើយ​បន្ទាប់ពី​គេ​បាន​ឆ្លងកាត់​ទន្លេ​យ័រដាន់ នោះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​គេ​ខ្លាំងពូកែ រហូតដល់​បាន​ដេញ​ពួក​កូន​ចៅ​ដែល​នៅ​លើ​ដែនដី​នោះ​ចេញ មែន​ហើយ រហូត​ដល់​ធ្វើ​ឲ្យ​ពួក​នោះ​ខ្ចាត់ខ្ចាយ​ដល់​សេចក្ដី​បំផ្លិចបំផ្លាញ។

    ៣៣ហើយ​ឥឡូវ​នេះ តើ​បង​រាល់​គ្នា​គិត​ស្មាន​ថា ពួក​កូន​ចៅ​ដែល​នៅ​លើ​ដែនដី​នេះ ដែល​នៅ​លើ​ដែនដី​សន្យា ដែល​ត្រូវ​បាន​ដេញ​ចេញ​ដោយ​ពួក​អយ្យកោ​យើង តើ​បង​រាល់​គ្នា​គិត​ស្មាន​ថា ពួក​គេ​ជា​មនុស្ស​សុចរិត​ឬ? មើល​ចុះ ខ្ញុំ​សូម​ប្រាប់​បង​ថា មិន​មែន​ទេ។

    ៣៤តើ​បង​រាល់​គ្នា​គិត​ស្មាន​ថា ពួក​អយ្យកោ​យើង​គាប់​ព្រះ​ហឫទ័យ​ព្រះ​ជាង​ពួក​នេះ​ឬ ប្រសិនបើ​ពួក​នេះ​ជា​មនុស្ស​សុចរិត? ខ្ញុំ​ប្រាប់​បង​រាល់​គ្នា​ថា មិន​មែន​ទេ។

    ៣៥មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​យោគ​យល់​ថា​សាច់​ទាំង​អស់​ដូច​គ្នា អ្នក​ណា​ដែល​សុចរិត នោះ​ត្រូវ​បាន​ប្រោសប្រណី​ពី​ព្រះ។ ប៉ុន្តែ​មើល​ចុះ ប្រជាជន​នេះ​បាន​បដិសេធ​នូវ​គ្រប់​ព្រះ​បន្ទូល​នៃ​ព្រះ ហើយ​ពួក​គេ​កំពុងតែ​ទុំ​ក្នុង​អំពើ​ទុច្ចរិត ហើយ​ភាព​ពោរពេញ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ​បាន​ធ្លាក់​មក​លើ​ពួក​គេ ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​ដាក់​បណ្ដាសា​ដែនដី​នេះ​ទាស់​នឹង​ពួក​គេ ហើយ​បាន​ប្រទាន​ពរ​ដែនដី​នេះ​ដល់​ពួក​អយ្យកោ​យើង មែន​ហើយ ទ្រង់​បាន​ដាក់​បណ្ដាសា​ដែនដី​នេះ​ទាស់​នឹង​ពួក​គេ រហូតដល់​សេចក្ដី​បំផ្លិចបំផ្លាញ ហើយ​បាន​ប្រទាន​ពរ​ដែនដី​ដល់​ពួក​អយ្យកោ​យើង ឲ្យ​ពួក​គេ​មាន​អំណាច​នៅ​លើ​ដី​នេះ​វិញ។

    ៣៦មើល​ចុះ ទ្រង់​បាន​បង្កើត​ផែនដី ដើម្បី​ឲ្យ​មនុស្ស​អាស្រ័យ​នៅ ហើយ​ទ្រង់​បាន​បង្កើត​កូន​ចៅ​របស់​ព្រះ​អង្គ ដើម្បី​ឲ្យ​គ្រប់គ្រង​ផែនដី​នេះ។

    ៣៧ហើយ​ទ្រង់​បាន​លើក​សាសន៍​ដ៏​សុចរិត​មួយ ហើយ​បាន​បំផ្លាញ​សាសន៍​ទាំង​ឡាយ​របស់​ពួក​ទុច្ចរិត។

    ៣៨ហើយ​ទ្រង់​បាន​នាំ​ពួក​សុចរិត ទៅ​ឯ​ដែនដី​ទាំង​ឡាយ​ដែល​ពិសេស ហើយ​ទ្រង់​បំផ្លាញ​ពួក​ទុច្ចរិត ហើយ​ដាក់​បណ្ដាសា​ដែនដី​ដល់​ពួក​នេះ ដោយ​យល់​ដល់​ពួក​គេ។

    ៣៩ទ្រង់​គ្រប់គ្រង​នៅ​ខ្ពស់​លើ​មេឃ ត្បិត​ជា​បល្ល័ង្ក​របស់​ទ្រង់ ហើយ​ផែនដី​នេះ គឺ​ជា​ទី​កំណល់​កល់​ព្រះ​បាទ​របស់​ទ្រង់។

    ៤០ហើយ​ទ្រង់​ស្រឡាញ់​អស់​អ្នក​ណា ដែល​ទទួល​ទ្រង់​ជា​ព្រះ​របស់​គេ។ មើល​ចុះ ទ្រង់​បាន​ស្រឡាញ់​ពួក​អយ្យកោ​យើង ហើយ​ទ្រង់​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ពួក​គេ មែន​ហើយ គឺ​អ័ប្រាហាំ អ៊ី​សាក និង​យ៉ាកុប ហើយ​ទ្រង់​ចាំ​នូវ​សេចក្ដី​សញ្ញា​ទាំង​ឡាយ ដែល​ទ្រង់​បាន​ធ្វើ ហេតុ​ដូច្នោះ​ហើយ បាន​ជា​ទ្រង់​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ។

    ៤១ហើយ​ទ្រង់​បាន​ប្រដៅ​ពួក​គេ​នៅ​ក្នុង​ទីរហោស្ថាន​ដោយ​រំពាត់​របស់​ព្រះ​អង្គ ព្រោះ​ពួក​គេ​បាន​ធ្វើ​ចិត្ត​រឹងរូស​ដូច​ជា​បង​រាល់​គ្នា​ដែរ ហើយ​ទ្រង់​បាន​ប្រដៅ​ពួក​គេ​ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​របស់​ពួក​គេ។ ទ្រង់​បាន​ចាត់​ឲ្យ​ពស់ភ្លើង​ហោះ​ចុះ​មក​ក្នុង​ចំណោម​ពួក​គេ ហើយ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​ពស់​ចឹក នោះ​ទ្រង់​បាន​រៀបចំ​ផ្លូវ​ឡើង​ដើម្បី​ឲ្យ​ពួក​គេ​បាន​ជា​វិញ ហើយ​ការ​ដែល​គេ​ត្រូវ​ធ្វើ​នោះ គឺ​គេ​គ្រាន់​តែ​ក្រឡេក​មើល​ប៉ុណ្ណោះ ហើយ​ដោយ​វិធី​នេះ​ងាយ​ពេក ឬ​ស្រួល​ពេក ទើប​មាន​មនុស្ស​ជាច្រើន​ត្រូវ​វិនាស។

    ៤២ហើយ​ជួនកាល ពួក​គេ​បាន​ធ្វើ​ចិត្ត​រឹងរូស ហើយ​ពួក​គេ​បាន​ជេរប្រមាថ​ទាស់​នឹង​លោក​ម៉ូសេ ហើយ​ព្រម​ទាំង​ទាស់​នឹង​ព្រះ​ផង​ដែរ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​បង​រាល់​គ្នា​ដឹង​ហើយ​ថា ពួក​គេ​ត្រូវ​បាន​នាំ​ដោយ​ព្រះ​ចេស្ដា​ដ៏​ឥត​ប្រៀបផ្ទឹម​បាន​របស់​ទ្រង់​ទៅ​ឯ​ដែនដី​សន្យា​ដែរ។

    ៤៣ហើយ​ឥឡូវ​នេះ បន្ទាប់ពី​គ្រប់​ការណ៍​ទាំង​អស់​នេះ នោះ​ថ្ងៃ​ក៏​មក​ដល់​ដែល​ពួក​គេ​ក្លាយ​ទៅ​ជា​ពួក​ទុច្ចរិត មែន​ហើយ គឺ​ទុច្ចរិត​ជិត​ទុំ​អស់​ទៅ​ហើយ ហើយ​ខ្ញុំ​មិន​ដឹង​ទេ ប៉ុន្តែ​ថ្ងៃ​នេះ ពួក​គេ​ជិត​ត្រូវ​បំផ្លាញ​អស់​ទៅ​ហើយ ត្បិត​ខ្ញុំ​ដឹង​ថា ថ្ងៃ​នោះ​នឹង​មក​ដល់​ជា​ពិត​ប្រាកដ ដែល​គេ​ត្រូវ​បំផ្លាញ​ចោល លើក​លែង​តែ​មនុស្ស​បន្តិច​បន្តួច​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​ចាប់​យក​ទៅ​ក្នុង​ការ​ជាប់​ឃុំឃាំង។

    ៤៤ហេតុ​ដូច្នោះ​ហើយ ព្រះ​អម្ចាស់ ទ្រង់​បាន​បញ្ជា​ឲ្យ​ឪពុក​ខ្ញុំ​ថា លោក​ត្រូវ​ចេញ​ទៅ​ទីរហោស្ថាន ហើយ​ពួក​សាសន៍​យូដា ក៏​ព្យាយាម​រក​ផ្ដាច់​ជីវិត​លោក​ផង មែន​ហើយ ហើយ​បង​រាល់​គ្នា​ក៏​ព្យាយាម​រក​ផ្ដាច់​ជីវិត​លោក​ដែរ ហេតុ​ដូច្នោះ​ហើយ បង​រាល់​គ្នា​ក៏​ជា​ពួក​ឃាតករ​នៅ​ក្នុង​ចិត្ត​បង ហើយ​បងៗ​ក៏​ដូច​ពួក​គេ​នោះ​ដែរ។

    ៤៥បង​រាល់​គ្នា​រហ័ស​ធ្វើ​អំពើ​ទុច្ចរិត​ណាស់ ប៉ុន្តែ​កម្រ​នឹក​ចាំ​ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​បង។ បង​រាល់​គ្នា​បាន​ឃើញ​ទេវតា ហើយ​ទេវតា​នោះ​បាន​និយាយ​ជាមួយ​នឹង​បង​រាល់​គ្នា មែន​ហើយ បង​រាល់​គ្នា​បាន​ឮ​សំឡេង​របស់​ព្រះ​អង្គជា​ញឹកញយ ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ជាមួយ​នឹង​បង​រាល់​គ្នា​ដោយ​សំឡេង​តូច​រហៀងៗ ប៉ុន្តែ​បង​រាល់​គ្នា​មាន​ចិត្ត​វក់​វិញ ទើប​មិន​អាច​ចាប់​អារម្មណ៍​ពី​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​ឡើយ ហេតុ​ដូច្នោះ​ហើយ បាន​ជា​ទ្រង់​មាន​ព្រះ​បន្ទូល​ជាមួយ​នឹង​បង ដូច​ជា​សូរ​ផ្គរលាន់ ដែល​ធ្វើ​ឲ្យ​ផែនដី​ញ័រ ហាក់​បី​ដូច​ជា​ចង់​ប្រេះ​ចេញ​ពី​គ្នា។

    ៤៦ហើយ​បង​រាល់​គ្នា​ក៏​ដឹង​ដែរ​ថា ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​បន្ទូល​ដ៏​មាន​ឫទ្ធិ​របស់​ព្រះ​អង្គ ទ្រង់​អាច​ធ្វើ​ឲ្យ​ផែនដី​វិនាស​បាត់បង់​ទៅ​បាន មែន​ហើយ ហើយ​បង​រាល់​គ្នា​ដឹង​ថា ដោយ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ ទ្រង់​អាច​ធ្វើ​ឲ្យ​ដី​គ្រោតគ្រាត​រាបស្មើ​បាន ហើយ​ដី​រាប​បែក​បាក់​បាន ឱ​បើ​ដូច្នោះ​មែន ហេតុ​អ្វី​បាន​ជា​បង​រាល់​គ្នា​ធ្វើ​ចិត្ត​រឹង​រូស​អ្វី​ម្ល៉េះ?

    ៤៧មើល​ចុះ ព្រលឹង​ខ្ញុំ​ត្រូវ​ទុក្ខព្រួយ​ពី​ព្រោះ​តែ​បង​រាល់​គ្នា ហើយ​ដួងចិត្ត​ខ្ញុំ​ក៏​ឈឺ​ខ្លោចផ្សា ខ្ញុំ​ខ្លាច​ក្រែង​តែ​បង​រាល់​គ្នា​នឹង​ត្រូវ​បោះបង់​ចោល​ជា​រៀង​ដរាប​ត​ទៅ។ មើល​ចុះ ខ្ញុំ​ពោរពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ ដរាប​ដល់​រាងកាយ​ខ្ញុំ​អស់​កម្លាំង។

    ៤៨ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ខ្ញុំ​បាន​និយាយ​នូវ​ពាក្យ​ទាំង​នេះ​រួច​ហើយ ពួក​គេ​ក៏​ខឹង​នឹង​ខ្ញុំ ហើយ​មាន​ប្រាថ្នា​ចង់​បោះ​ខ្ញុំ​ទៅ​ក្នុង​ជម្រៅ​ទឹក​សមុទ្រ ហើយ​នៅ​ពេល​គេ​ស្ទុះ​មក​ចាប់​ខ្ញុំ ខ្ញុំ​បាន​និយាយ​ទៅ​គេ​ថា ៖ ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ខ្ញុំ​បញ្ជា​បង​ថា កុំ​ពាល់​ខ្ញុំ​ឲ្យ​សោះ ព្រោះ​ខ្ញុំ​ពោរពេញ​ទៅ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ គឺ​រហូតដល់​ឆេះ​សាច់​ខ្ញុំ ហើយ​អស់​អ្នក​ណា​ដាក់​ដៃ​មក​លើ​ខ្ញុំ នោះ​នឹង​ត្រូវ​ស្វិត​ដូច​ដើម​ត្រែង​ស្ងួត ហើយ​អ្នក​នោះ​នឹង​ក្លាយ​ជា​សូន្យ​បាត់​ទៅ​នៅ​ចំពោះ​ព្រះ​ចេស្ដា​នៃ​ព្រះ ព្រោះ​ព្រះ​ទ្រង់​នឹង​វាយ​អ្នក​នោះ។

    ៤៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ បាន​និយាយ​ទៅ​ពួក​គេ​ថា គេ​មិន​ត្រូវ​រអ៊ូរទាំ​ទាស់​នឹង​ឪពុក​គេ​ត​ទៅ​ទៀត​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប្រកែក​មិន​ព្រម​ធ្វើ​កិច្ចការ ដែល​ខ្ញុំ​បាន​ពឹង​នោះ​ដែរ ព្រោះ​ព្រះ​ទ្រង់​បាន​បញ្ជា​ខ្ញុំ​ថា ខ្ញុំ​ត្រូវ​សង់​សំពៅ​មួយ។

    ៥០ហើយ​ខ្ញុំ​បាន​និយាយ​ទៅ​ពួក​គេ​ថា ៖ បើ​ព្រះ​ទ្រង់​បាន​បញ្ជា​ខ្ញុំ​ឲ្យ​ធ្វើ​នូវ​កិច្ចការ​គ្រប់​យ៉ាង នោះ​ខ្ញុំ​អាច​ធ្វើ​កិច្ចការ​ទាំង​នោះ​បាន បើ​ព្រះ​ទ្រង់​បញ្ជា​ឲ្យ​ខ្ញុំ​និយាយ​ទៅ​ទឹក​នេះ​ថា ចូរ​ក្លាយ​ទៅ​ជា​ដី នោះ​ទឹក​នឹង​ក្លាយ​ទៅ​ជា​ដី​មែន ហើយ​បើ​ខ្ញុំ​នឹង​និយាយ​ថា​ដូចម្ដេច ក៏​នឹង​បាន​សម្រេច​យ៉ាង​នោះ​ឯង។

    ៥១ហើយ​ឥឡូវ​នេះ បើ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​ចេស្ដា​ដ៏​មហិមា​យ៉ាង​នេះ ហើយ​បាន​បង្កើត​ឲ្យ​មាន​អព្ភូតហេតុ​ជាច្រើន​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស ហេតុ​អ្វី​ក៏​ទ្រង់​មិន​អាច​បង្គាប់​ខ្ញុំ​ឲ្យ​សង់​សំពៅ​បាន?

    ៥២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ បាន​និយាយ​ពី​រឿង​ជាច្រើន​ទៅ​បងៗ​របស់​ខ្ញុំ ដរាប​ដល់​ពួក​គេ​ត្រូវ​បាន​ជ្រប់​មុខ ហើយ​មិន​អាច​រក​រឿង​ទាស់​នឹង​ខ្ញុំ​ទៀត​ឡើយ ហើយ​ពួក​គេ​ក៏​មិន​ហ៊ាន​ដាក់​ដៃ​មក​លើ​ខ្ញុំ ឬ​ប៉ះពាល់​ខ្ញុំ​នឹង​ដៃ​ពួក​គេ​ឡើយ គឺ​អស់​រយៈ​ពេល​ជាច្រើន​ថ្ងៃ។ ឥឡូវ​នេះ ពួក​គេ​ពុំ​ហ៊ាន​ធ្វើ​យ៉ាង​នេះ ក្រែង​ពួក​គេ​ត្រូវ​ស្វិត​នៅ​ចំពោះ​មុខ​ខ្ញុំ ព្រះ​វិញ្ញាណ​នៃ​ព្រះ​មាន​អំណាច​ដល់​ម្ល៉េះ ហើយ​ទ្រង់​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ​ដូច្នោះ។

    ៥៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ ចូរ​ហុចដៃ​ទៅ​ឲ្យ​បងៗ​របស់​អ្នក​ទៀត​ចុះ ហើយ​ពួក​គេ​នឹង​មិន​ត្រូវ​ស្វិត​នៅ​ចំពោះ​អ្នក​ឡើយ ប៉ុន្តែ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា យើង​នឹង​ធ្វើ​ឲ្យ​គេ​ភ្លឹកភ្លាំង​ស្មារតី ហើយ​យើង​ធ្វើ​យ៉ាង​នេះ ដើម្បី​ឲ្យ​ពួក​គេ​ដឹង​ថា យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួក​គេ។

    ៥៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ហុច​ដៃ​ទៅ​ឲ្យ​បងៗ​ខ្ញុំ ហើយ​ពួក​គេ​មិន​បាន​ស្វិត​នៅ​ចំពោះ​មុខ​ខ្ញុំ​ឡើយ ប៉ុន្តែ​ព្រះ​អម្ចាស់ ទ្រង់​បាន​កន្ទ្រាក់​ពួក​គេ ដូច​ដែល​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ទុក។

    ៥៥ហើយ​ឥឡូវ​នេះ ពួក​គេ​បាន​និយាយ​ថា ៖ យើង​ដឹង​យ៉ាង​ច្បាស់​ថា ព្រះ​អម្ចាស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង​ឯង ព្រោះ​យើង​ដឹង​ថា ព្រះ​ចេស្ដា​នៃ​ព្រះ​អម្ចាស់​បាន​កន្ទ្រាក់​ពួក​យើង។ ហើយ​ពួក​គេ​បាន​លុត​ជង្គង់​ចុះ​ចំពោះ​មុខ​ខ្ញុំ ហើយ​បម្រុង​នឹង​ថ្វាយបង្គំ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​ឃាត់ ពួក​គេ​ថា ៖ ខ្ញុំ​ជា​ប្អូន​របស់​បង មែន​ហើយ មាន​អាយុ​តិច​ជាង​បង ហេតុ​ដូច្នោះ​ហើយ សូម​បង​ថ្វាយបង្គំ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​បង​វិញ ហើយ​សូម​គោរព​ប្រតិបត្តិ​ដល់​ឪពុក​របស់​បង និង​ម្ដាយ​របស់​បង​ចុះ ដើម្បី​ឲ្យ​បង​អាច​មាន​អាយុ​យឺនយូរ​នៅ​លើ​ដែនដី ដែល​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​បង ទ្រង់​នឹង​ប្រទាន​ឲ្យ​បង ៕