នីហ្វៃ ទី ១ 21
    កំណត់ចំណាំ​នៅ​បាត
    បាវចនា

    ជំពូក​ទី ២១

    ព្រះ​មែស៊ី​នឹង​ទៅ​ជា​ពន្លឺ​ដល់​ពួក​សាសន៍​ដទៃ ហើយ​នឹង​ដោះលែង​ពួក​អ្នក​ជាប់គុក​ទាំង​ឡាយ — ពួក​សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​ប្រមូល​គ្នា​ដោយ​មាន​ព្រះ​ចេស្ដា​នៅ​គ្រា​ក្រោយ​បង្អស់ — ពួក​មហាក្សត្រ​ត្រូវ​ជា​ឪពុកចិញ្ចឹម​របស់​គេ — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​អេសាយ ៤៩។ ប្រមាណ​ជា​ឆ្នាំ ៥៨៨–៥៧០ ម.គ.ស.។

    ហើយ​ជា​ថ្មី​ម្ដង​ទៀត ៖ ឱ​តំណ​វង្ស​អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់​យើង​ចុះ អស់​អ្នក​ដែល​បាន​កាត់​ចេញ ហើយ​បាន​បណ្ដេញ​ចេញ ដោយ​មក​ពី​សេចក្ដី​អាក្រក់​នៃ​អ្នក​គង្វាល​នៃ​រាស្ត្រ​យើង មែន​ហើយ អស់​អ្នក​ដែល​បាន​កាត់​ចេញ ហើយ​បាន​ខ្ចាត់ខ្ចាយ​ទៅ​គ្រប់​ទិសទី ឱ​វង្ស​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​យើង ម្នាល​កោះ​ទាំង​ឡាយ​អើយ។ ចូរ​ស្ដាប់​យើង​ចុះ ឱ​ប្រជាជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ឆ្ងាយ​អើយ ហើយ​ចូរ​ប្រុង​ស្ដាប់​ចុះ ព្រះ​អម្ចាស់​ទ្រង់​បាន​ហៅ​ខ្ញុំ តាំង​ពី​ផ្ទៃ​ម្ដាយ​មក ទ្រង់​បាន​ដំណាល​ពី​ឈ្មោះ​ខ្ញុំ តាំង​ពី​នៅ​ក្នុង​ពោះ​ម្ដាយ​មក​ម្ល៉េះ។

    ហើយ​ទ្រង់​បាន​ធ្វើ​ឲ្យ​មាត់​ខ្ញុំ​ដូច​ជា​ដាវ​ដ៏​មុត បាន​លាក់​ខ្ញុំ​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ហស្ត​ទ្រង់ ហើយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដូច​ជា​តួ​ព្រួញ​ដែល​ខាត់​រំលីង ព្រម​ទាំង​ដាក់​ខ្ញុំ​ទុក​ភ្ជិត​នៅ​ក្នុង​បំពង់​ព្រួញ​របស់​ទ្រង់។

    ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ អ្នក​ជា​អ្នក​បម្រើ​របស់​យើង គឺ​អ៊ីស្រាអែល​ដែល​យើង​នឹង​បាន​សិរីល្អ​ដោយ​សារ​អ្នក។

    ខណៈ​នោះ​ខ្ញុំ​ពោល​ថា ៖ ខ្ញុំ​បាន​ខំប្រឹង​ធ្វើការ​ឥតប្រយោជន៍ ខ្ញុំ​បាន​បង់​កម្លាំង​ខ្ញុំ​ទៅ​ទទេៗ​ជា​អសារឥតការ ប៉ុន្តែ​សេចក្ដី​យុត្តិធម៌​ដែល​គួរ​ដល់​ខ្ញុំ នោះ​នៅ​នឹង​ព្រះ​អម្ចាស់ ហើយ​រង្វាន់​របស់​ខ្ញុំ​ក៏​នៅ​នឹង​ព្រះ​នៃ​ខ្ញុំ​ដែរ។

    ហើយ​ឥឡូវ​នេះ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ — ជា​ព្រះ​ដែល​ជប់​បង្កើត​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​អ្នក​បម្រើ​ទ្រង់ សម្រាប់​នឹង​នាំ​ពួក​យ៉ាកុប​មក​ឯ​ទ្រង់​វិញ — ថ្វីបើ​ពួក​អ៊ីស្រាអែល​មិន​បាន​មូល​មក​ឯ​ទ្រង់​ក្ដី ត្បិត​ខ្ញុំ​ជា​ទី​រាប់អាន​នៅ​ព្រះនេត្រ​ព្រះ​អម្ចាស់ ហើយ​ព្រះ​នៃ​ខ្ញុំ ទ្រង់​ជា​កម្លាំង​នៃ​ខ្ញុំ។

    ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ ការ​ដែល​អ្នក​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង ដើម្បី​លើក​អស់​ទាំង​ពូជ​អំបូរ​នៃ​យ៉ាកុប​ឡើង ហើយ​នឹង​នាំ​ពួក​បម្រុង​ទុក​ក្នុង​សាសន៍​អ៊ីស្រាអែល​ឲ្យ​មក​វិញ នោះ​ជា​ការ​តិចតួច​ពេក​ដល់​ឯង។ យើង​នឹង​បន្ថែម​ការ​នោះ ឲ្យ​អ្នក​បាន​ធ្វើ​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត ដើម្បី​ឲ្យ​អ្នក​បាន​ធ្វើ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​យើង រហូត​ដល់​ចុង​ផែនដី។

    ព្រះ​អម្ចាស់ ជា​ព្រះ​ដ៏​ប្រោស​លោះ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​ជា​ព្រះ​បរិសុទ្ធ​នៃ​គេ ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ ដល់​អ្នក​នោះ ដែល​ជា​មនុស្ស​ទាំង​ឡាយ​មិន​អើពើ ដែល​ជា​ទី​ស្អប់ខ្ពើម​ដល់​សាសន៍​នេះ គឺ​ជា​អ្នក​បម្រើ​របស់​ពួក​អ្នក​ដែល​គ្រប់គ្រង​ថា ៖ បណ្ដា​ក្សត្រ​នឹង​ឃើញ ហើយ​ក្រោក​ឈរ​ឡើង ព្រម​ទាំង​ពួក​ចៅហ្វាយ​ដែរ គេ​នឹង​ក្រាប​ថ្វាយបង្គំ ដោយ​ព្រោះ​ព្រះ​អម្ចាស់ ទ្រង់​ជា​ព្រះ​ដ៏​ស្មោះត្រង់។

    ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ ឱ​កោះ​ទាំង​ឡាយ​នៅ​ក្នុង​សមុទ្រ ដល់​វេលា​ដែល​គាប់ចិត្ត​យើង នោះ​យើង​នឹង​ឆ្លើយ​ដល់​អ្នក ហើយ​នៅ​ថ្ងៃ​សម្រាប់​សង្គ្រោះ នោះ​យើង​បាន​ជួយ​អ្នក យើង​នឹង​ទំនុកបម្រុង​អ្នក ហើយ​តាំង​អ្នក​ឡើង ទុក​ជា​សេចក្ដី​សញ្ញា​ដល់​បណ្ដាជន ប្រយោជន៍​ដើម្បី​នឹង​រៀបចំ​ផែនដី​ឡើង ឲ្យ​គេ​បាន​គ្រង​ទី​ដែល​ចោល​ស្ងាត់​ទុកជា​កេរ្តិ៍មរតក

    ព្រម​ទាំង​ប្រាប់​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង​ថា ៖ ចូរ​ចេញ​ទៅ ហើយ​ដល់​ពួក​អ្នក ដែល​អង្គុយ​នៅ​ក្នុង​សេចក្ដី​ងងឹត​ថា ៖ ចូរ​សម្ដែង​ខ្លួន​ចេញ​មក​ចុះ។ គេ​នឹង​មាន​អាហារ​ស៊ី​តាម​ផ្លូវ ហើយ​នៅ​លើ​កំពូល​ត្រងិល​ទាំង​ប៉ុន្មាន នឹង​បាន​ជា​ទី​រកស៊ី​ដល់​គេ ស្មៅ​របស់​គេ​នឹង​នៅ​គ្រប់​ទី​ខ្ពស់។

    ១០គេ​នឹង​មិន​ដែល​ស្រេកឃ្លាន​ទៀត ឯ​ចំហាយ​ក្ដៅ ឬ​ព្រះ​អាទិត្យ​នឹង​មិន​ធ្វើ​ទុក្ខ​គេ ត្បិត​ព្រះ​ដែល​ផ្ដល់​សេចក្ដី​មេត្តា​ដល់​គេ ទ្រង់​នឹង​ដឹក​ដៃ​គេ នាំ​ទៅ​តាម​ទី​មាន​ក្បាល​ទឹក។

    ១១ហើយ​យើង​នឹង​ធ្វើ​អស់​ទាំង​ភ្នំ​របស់​យើង ឲ្យ​ទៅ​ជា​ផ្លូវ ឯ​អស់​ទាំង​ថ្នល់​របស់​យើង នឹង​បាន​តម្កើង​ឡើង។

    ១២ហើយ​ពេល​នោះ ឱ​វង្ស​អ៊ីស្រាអែល​អើយ មើល​ចុះ ពួក​នេះ​នឹង​មក​ពី​ចម្ងាយ ហើយ​មើល​ចុះ ពួក​នោះ​នឹង​មក​ពី​ទិស​ខាង​ជើង និង​ពី​ខាង​លិច ហើយ​ពួក​មួយ​នេះ​មក​ពី​ស្រុក​ស៊ីនីម។

    ១៣ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ច្រៀង​ឡើង ឱ​ផែនដី​អើយ ចូរ​ឲ្យ​អរសប្បាយ​ចុះ ត្បិត​ជើង​នៃ​ពួក​ជន​នៅ​ទិស​ខាង​កើត​នឹង​បង្កើត​ឡើង ឱ​ភ្នំ​ទាំង​ឡាយ​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចម្រៀង ពីព្រោះ​ពួក​គេ​មិន​ត្រូវ​បាន​ធ្វើ​ទុក្ខ​ទៀត​ទេ ពី​ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​បាន​កម្សាន្ដ​ចិត្ត​រាស្ត្រ​ទ្រង់​ហើយ ទ្រង់​នឹង​មាន​ព្រះ​ហឫទ័យ​អាណិតអាសូរ​ដល់​ពួក​រាស្ត្រ​របស់​ទ្រង់ ដែល​ត្រូវ​រង​ទុក្ខ​វេទនា​ផង។

    ១៤ប៉ុន្តែ​មើល​ចុះ ក្រុង​ស៊ីយ៉ូន​បាន​ថា ៖ ព្រះ​អម្ចាស់​ទ្រង់​បាន​បោះបង់​ខ្ញុំ គឺ​ព្រះ​អម្ចាស់​របស់​ខ្ញុំ ទ្រង់​ភ្លេច​ខ្ញុំ​ហើយ​ — ប៉ុន្តែ​ទ្រង់​នឹង​បង្ហាញ​ថា ទ្រង់​មិន​បោះបង់ ឬ​ភ្លេច​ពួក​គេ​ឡើយ។

    ១៥ត្បិត​អី ស្ត្រី​នឹង​ភ្លេច​កូន ដែល​កំពុង​បៅ​ដោះ​ឬ? ឥត​មាន​អាណិត​ដល់​កូន​ដែល​ចេញ​ពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ? មែន​ហើយ ឱ​វង្ស​អ៊ីស្រាអែល​អើយ គេ​នឹង​ភ្លេច​បាន ប៉ុន្តែ​យើង​មិន​ដែល​ភ្លេច​អ្នក​ឡើយ។

    ១៦មើល​ចុះ យើង​បាន​ចារិក​អ្នក​ទុក នៅ​ផ្ទៃ​បាតដៃ​របស់​យើង​ហើយ អស់​ទាំង​កំផែង​អ្នក​នៅ​ចំពោះ​ភ្នែក​យើង​ជានិច្ច។

    ១៧ពួក​កូន​ចៅ​របស់​អ្នក​នឹង​ប្រញាប់​តទល់​នឹង​ពួក​ដែល​បំផ្លាញ​អ្នក ហើយ​ពួក​ដែល​រំលាង​អ្នក គេ​នឹង​ចេញ​ពី​អ្នក​ទៅ។

    ១៨ចូរ​ងើប​ភ្នែក​ឡើង​មើល​ជុំវិញ​ចុះ ពួក​ទាំង​នេះ​គេ​មូល​ចូល​គ្នា ហើយ​ពួក​គេ​នឹង​ចូល​មក​ឯ​អ្នក។ ព្រះ​អម្ចាស់​ទ្រង់​មាន​បន្ទូល​ដូច្នេះ យើង​ស្បថ​នឹង​ជីវិត​យើង​ថា ៖ ប្រាកដជា​អ្នក​នឹង​បាន​ប្រដាប់​កាយ​ដោយ​អ្នក​ទាំង​នោះ ដូច​ជា​ពាក់​គ្រឿង​លំអ ហើយ​ក្រវាត់​ខ្លួន​ដោយ​អ្នក​ទាំង​នោះ ដូច​ជា​ប្រពន្ធ​ថ្មោងថ្មី​ដែល​តែង​ខ្លួន​ដែរ។

    ១៩ត្បិត​ឯ​ទីកន្លែង​ដែល​រំលាង ហើយ​ចោល​ស្ងាត់ និង​ស្រុក​អ្នក​ដែល​ត្រូវ​បំផ្លាញ​នោះ ឥឡូវ​នេះ នឹង​បាន​ជា​ទី​ចង្អៀត​ណែន​ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​វិញ ហើយ​ពួក​អ្នក​ដែល​បាន​លេប​អ្នក គេ​នឹង​នៅ​ឆ្ងាយ​ពី​អ្នក​ហើយ។

    ២០ពួក​កូន​ចៅ​អ្នក​ដែល​កើត បន្ទាប់ពី​អ្នក​បាន​បាត់​ពួក​កូនចៅ​ដំបូង គេ​នឹង​និយាយ​ដាក់​ត្រចៀក​អ្នក​ថា ៖ ទី​នេះ​ចង្អៀត​ដល់​យើង​ខ្ញុំ​ណាស់ សូម​ឲ្យ​មាន​ទី​អាស្រ័យ​នៅ​ផង។

    ២១នោះ​អ្នក​នឹង​នឹក​ក្នុង​ចិត្ត​ថា ៖ តើ​អ្នក​ណា​បង្កើត​កូន​ទាំង​នេះ​ឲ្យ​យើង ត្បិត​យើង​បាន​បាត់​កូនចៅ​យើង​អស់​ទៅ​ហើយ យើង​ក៏​នៅ​ឯកឯង​ដូច្នេះ គឺ​ជា​អ្នក​ដែល​ត្រូវ​បំបរបង់ ហើយ​ដើរ​រសាត់​ព្រាត់​ទេ​តើ? ហើយ​តើ​អ្នក​ណា​បាន​ចិញ្ចឹម​កូន​ទាំង​នេះ? មើល​ចុះ យើង​បាន​ត្រូវ​ចោល​នៅ​តែ​ឯង ដូច្នេះ​តើ​កូន​ទាំង​នេះ បាន​នៅ​ឯ​ណា?

    ២២ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ មើល​ចុះ យើង​នឹង​បោយ​ដៃ​ហៅ​ពួក​សាសន៍​ដទៃ ហើយ​នឹង​លើក​ទង់ជ័យ​យើង​ឡើង​សម្រាប់​ប្រជាជាតិ​ទាំង​ឡាយ រួច​គេ​នឹង​បី​យក​កូន​ប្រុស​ទាំង​ឡាយ​របស់​អ្នក​មក ហើយ​នឹង​បញ្ជិះ​កូន​ស្រី​ទាំង​ឡាយ​របស់​អ្នក​នៅ​លើ​ស្មា​គេ។

    ២៣ហើយ​ពួក​មហាក្សត្រ​នឹង​ធ្វើ​ជា​ឪពុក​ចិញ្ចឹម​អ្នក ហើយ​ពួក​អគ្គមហេសី​នឹង​ធ្វើ​ជា​ម្ដាយ​បំបៅ​អ្នក ពួក​គេ​នឹង​ក្រាប​ផ្កាប់​មុខ​ដល់​ដី​នៅ​មុខ​អ្នក ហើយ​នឹង​លិឍ​ធូលី​ដី​ដែល​ជាប់​ជើង​អ្នក នោះ​អ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ​អម្ចាស់ ហើយ​អស់​អ្នក​ដែល​សង្ឃឹម​ដល់​យើង​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ។

    ២៤ត្បិត​តើ​របឹប​នឹង​ត្រូវ​ឆក់​យក​ពី​អ្នក​ខ្លាំង​ពូកែ ឬ​ពួក​ឈ្លើយ​ដែល​ចាប់​តាម​ច្បាប់​នឹង​ត្រូវ​ដោះ​ចេញ​បាន​ឬ​ទេ?

    ២៥ប៉ុន្តែ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ ទោះ​ទាំង​ពួក​ឈ្លើយ​របស់​មនុស្ស​ខ្លាំង​ពូកែ ក៏​នឹង​ត្រូវ​ឆក់​យក​ទៅ ហើយ​របឹប​របស់​ពួក​គួរ​ស្ញែង​ខ្លាច នឹង​បាន​ដោះ​ចេញ​ផង ត្បិត​យើង​នឹង​តតាំង​ចំពោះ​អ្នក​ដែល​តតាំង​នឹង​អ្នក ហើយ​យើង​នឹង​ជួយ​សង្គ្រោះ​កូនចៅ​អ្នក​ដែរ។

    ២៦ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​សង្កត់សង្កិន​អ្នក ត្រូវ​ស៊ីសាច់​របស់​ខ្លួន​គេ​វិញ ពួក​គេ​នឹង​ត្រូវ​ស្រវឹង​ដោយ​ឈាម​របស់​ខ្លួន ដូច​ជា​ស្រវឹង​ដោយ​ស្រា​ទំពាំងបាយជូរ​ថ្មី នោះ​គ្រប់​ទាំង​មនុស្ស​នឹង​ដឹង​ថា យើង​នេះ​គឺ​ជា​ព្រះ​អម្ចាស់ ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​អ្នក ហើយ​ជា​ព្រះ​ដ៏​ប្រោសលោះ​អ្នក គឺ​ជា​ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ​នៃ​យ៉ាកុប ៕