នីហ្វៃ ទី ១ 9
    កំណត់ចំណាំ​នៅ​បាត
    បាវចនា

    ជំពូក​ទី ៩

    នីហ្វៃ​ធ្វើបញ្ជី​ប្រវត្តិ​ពីរ​ច្បាប់ — បញ្ជី​នីមួយៗ ហៅ​ថា​ផ្ទាំង​នីហ្វៃ — ផ្ទាំង​ធំ​ទាំង​ឡាយ​មាន​ប្រវត្តិសាស្ត្រ​លោកិយ រីឯ​ផ្ទាំង​តូច​ទាំង​ឡាយ​ទាក់ទង​តែ​ខាង​កិច្ចការ​ដ៏​ពិសិដ្ឋ​ទាំង​ឡាយ។ ប្រមាណ​ជា​ឆ្នាំ ៦០០–៥៩២ ម.គ.ស.។

    ហើយ​រឿង​អស់​ទាំង​នេះ ឪពុក​ខ្ញុំ​បាន​ឃើញ ហើយ​បាន​ឮ ហើយ​បាន​និយាយ នៅ​ពេល​ដែល​លោក​អាស្រ័យ​នៅ​ក្នុង​ត្រសាល នៅ​ក្នុង​ចន្លោះ​ភ្នំ​លេមយួល ហើយ​រឿង​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត​ផង ដែល​មិន​អាច​យក​មក​សរសេរ​នៅ​លើ​ផ្ទាំង​ទាំង​នេះ​បាន​ទេ។

    ហើយ​ឥឡូវ​នេះ នៅ​ពេល​ដែល​ខ្ញុំ​និយាយ​អំពី​ផ្ទាំង​ទាំង​នេះ មើល​ចុះ គឺ​ពុំ​មែន​លើ​ផ្ទាំង​ទាំង​ឡាយ ដែល​ខ្ញុំ​កត់​អំពី​ដំណើររឿង​ទាំង​ឡាយ នៃ​ប្រវត្តិសាស្ត្រ​របស់​សាសន៍​ខ្ញុំ​នោះ​ទេ ត្បិត​ផ្ទាំង​ទាំង​នោះ ដែល​ខ្ញុំ​កត់​នូវ​ដំណើររឿង​ទាំង​ឡាយ នៃ​ប្រវត្តិសាស្ត្រ​របស់​សាសន៍​ខ្ញុំ ខ្ញុំ​បាន​ដាក់​ឈ្មោះ​ថា នីហ្វៃ ហេតុ​ដូច្នោះ​ហើយ ផ្ទាំង​ទាំង​នោះ​បាន​ហៅ​ថា ផ្ទាំង​នីហ្វៃ តាម​ឈ្មោះ​ខ្ញុំ​ផ្ទាល់ ឯ​ផ្ទាំង​ទាំង​នេះ ក៏​បាន​ហៅ​ថា ផ្ទាំង​នីហ្វៃ​ផង​ដែរ។

    ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ខ្ញុំ​បាន​ទទួល​ព្រះ​បញ្ញត្តិ​ពី​ព្រះ​អម្ចាស់​ថា ខ្ញុំ​ត្រូវ​ធ្វើ​ផ្ទាំង​ទាំង​នេះ ដោយ​គោលបំណង​ពិសេស ដើម្បី​ឲ្យ​មាន​ដំណើររឿង​ឆ្លាក់​ទុក អំពី​ការងារ​បម្រើ​នៃ​ប្រជាជន​ខ្ញុំ។

    នៅ​លើ​ផ្ទាំង​ផ្សេងៗ​ទៀត ត្រូវ​ចារ ហើយ​ឆ្លាក់​អំពី​ដំណើររឿង នៃ​រជ្ជកាល​នៃ​ស្ដេច​ទាំង​ឡាយ និង​សង្គ្រាម​ទាំង​ឡាយ ហើយ​នឹង​ការ​ទាស់ទែង​ទាំង​ឡាយ​នៃ​ប្រជាជន​ខ្ញុំ ហេតុ​ដូច្នោះ​ហើយ ផ្ទាំង​ទាំង​នេះ​ភាគ​ច្រើន ទុក​សម្រាប់​កត់​អំពី​ការ​បម្រើ ឯ​ផ្ទាំង​ផ្សេងៗ​ទៀត​ភាគ​ច្រើន ទុក​សម្រាប់​កត់ត្រា​អំពី​រជ្ជកាល​នៃ​ស្ដេច​ទាំង​ឡាយ និង​សង្គ្រាម​ទាំង​ឡាយ ហើយ​នឹង​ការទាស់ទែង​ទាំង​ឡាយ​នៃ​សាសន៍​ខ្ញុំ។

    ហេតុ​ដូច្នោះ​ហើយ ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​ខ្ញុំ ឲ្យ​ធ្វើ​ផ្ទាំង​ទាំង​នេះ សម្រាប់​គោលបំណង​ដ៏​សំខាន់​មួយ​ចំពោះ​ទ្រង់ ឯ​គោលបំណង​នោះ ខ្ញុំ​មិន​ដឹង​ទេ។

    ប៉ុន្តែ ព្រះ​អម្ចាស់​ទ្រង់​ជ្រាប​គ្រប់​រឿង​ទាំង​អស់ ចាប់​តាំង​ពី​ដើម​មក ហេតុ​ដូច្នោះ​ហើយ ទ្រង់​បាន​រៀបចំ​ផ្លូវ​មួយ ដើម្បី​សម្រេច​គ្រប់​កិច្ចការ​ទាំង​អស់​របស់​ព្រះ​អង្គ នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស ត្បិត​មើល​ចុះ ទ្រង់​មាន​ព្រះ​ចេស្ដា​គ្រប់​យ៉ាង ដើម្បី​បំពេញ​គ្រប់​ព្រះ​បន្ទូល​ទាំង​អស់​របស់​ទ្រង់។ ហើយ​គឺ​យ៉ាង​ដូច្នោះ​មែន។ អាម៉ែន៕