នីហ្វៃ ទី ១ 11
    កំណត់ចំណាំ​នៅ​បាត
    បាវចនា

    ជំពូក​ទី ១១

    នីហ្វៃ​ឃើញ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ហើយ​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ដើម​ជីវិត​នៅ​ក្នុង​ការនិមិត្ត — លោក​ឃើញ​មាតា​របស់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ហើយ​ដឹង​អំពី​ការ​យាង​ចុះ​មក​នៃ​ព្រះ — លោក​ឃើញ​បុណ្យ​ជ្រមុជ​ទឹក, ការងារ​បម្រើ, និង​ការ​ឆ្កាង​កូន​ចៀម​នៃ​ព្រះ — លោក​ឃើញ​ការ​រើស និង​ការងារ​បម្រើ​នៃ​ពួក​សាវក​១២​នាក់​របស់​កូន​ចៀម។ ប្រមាណ​ជា​ឆ្នាំ ៦០០ — ៥៩២ ម.គ.ស.។

    ត្បិត​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ខ្ញុំ​បាន​ប្រាថ្នា​ចង់​ដឹង​ពី​រឿង​ទាំង​ឡាយ ដែល​ឪពុក​ខ្ញុំ​បាន​ឃើញ​មក ហើយ​ដោយ​ជឿ​ថា ព្រះ​អម្ចាស់​ទ្រង់​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​រឿង​នេះ​បាន កាល​ខ្ញុំ​អង្គុយ​រំពឹង​គិត​នៅ​ក្នុង​ចិត្ត​ខ្ញុំ នោះ​ខ្ញុំ​ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ មែន​ហើយ នាំ​ទៅ​ឯ​ភ្នំ​មួយ​ដ៏​ខ្ពស់​អស្ចារ្យ ដែល​ខ្ញុំ​មិន​ដែល​បាន​ឃើញ​ពី​មុន​មក ហើយ​ដែល​ខ្ញុំ​មិន​ដែល​បាន​ដាក់​ជើង​លើ​ភ្នំ​នោះ​ពី​មុន​ដែរ។

    ហើយ​ព្រះ​វិញ្ញាណ ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ចុះ តើ​អ្នក​ប្រាថ្នា​អ្វី?

    ហើយ​ខ្ញុំ​បាន​ទូល​ថា ៖ ទូលបង្គំ​ប្រាថ្នា​ចង់​ឃើញ​អ្វីៗ ដែល​ឪពុក​ទូលបង្គំ​បាន​ឃើញ​មក។

    ហើយ​ព្រះ​វិញ្ញាណ ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ តើ​អ្នក​ជឿ​ទេ​ថា​ឪពុក​អ្នក​បាន​ឃើញ​ដើម​ឈើ ដែល​ឪពុក​អ្នក​បាន​និយាយ​នោះ?

    ហើយ​ខ្ញុំ​បាន​ទូល​ថា ៖ ព្រះ​ពរ ព្រះ​អង្គ​ជ្រាប​ហើយ​ថា​ទូលបង្គំ​ជឿ​នូវ​គ្រប់​ពាក្យ​ទាំង​អស់​របស់​ឪពុក​ទូលបង្គំ។

    ហើយ​នៅ​ពេល​ដែល​ខ្ញុំ​បាន​និយាយ​ពាក្យ​ទាំង​នេះ នោះ​ព្រះ​វិញ្ញាណ ទ្រង់​ក៏​បន្លឺ​សំឡេង​ជា​ខ្លាំង​ថា ៖ ហូសាណា​ដល់​ព្រះ​អម្ចាស់​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ ត្បិត​ទ្រង់​ជា​ព្រះ​លើ​ផែនដី​ទាំង​មូល មែន​ហើយ គឺ​ជា​ព្រះ​នៅ​លើ អ្វីៗ​ទាំង​អស់។ ឱ​នីហ្វៃ​អើយ អ្នក​មាន​ពរ​ហើយ ព្រោះ​អ្នក​ជឿ​ដល់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ហេតុ​ដូច្នោះ​ហើយ អ្នក​នឹង​បាន​ឃើញ​នូវ​អ្វីៗ ដែល​អ្នក​ប្រាថ្នា។

    ហើយ​មើល​ចុះ ការណ៍​នេះ​នឹង​ត្រូវ​បាន​ប្រទាន​ដល់​អ្នក ទុក​ជា​ទី​សម្គាល់​មួយ​ថា បន្ទាប់​ពី​អ្នក​បាន​ឃើញ​ដើមឈើ​ដែល​ផ្ដល់​ផ្លែ ដែល​ឪពុក​អ្នក​បាន​ភ្លក់​ហើយ នោះ​អ្នក​ក៏​នឹង​ឃើញ​បុរស​ម្នាក់ ដែល​កំពុង​យាង​ចុះ​មក​ពីលើ​មេឃ បុរស​នោះ​ហើយ​ដែល​អ្នក​នឹង​ឃើញ ហើយ​បន្ទាប់​ពី​អ្នក​បាន​ឃើញ​ទ្រង់​ហើយ អ្នក​នឹង​ធ្វើ​បន្ទាល់​ថា ទ្រង់​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​វិញ្ញាណ ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ន៏! ហើយ​ខ្ញុំ​ក៏​សម្លឹង​មើល ហើយ​ឃើញ​ដើមឈើ​មួយ ហើយ​ដើមឈើ​នោះ ក៏​ដូច​ជា​ដើមឈើ​ដែល​ឪពុក​ខ្ញុំ​បាន​ឃើញ​មក ហើយ​សម្រស់​នៃ​ដើមឈើ​នោះ​ល្អ​ដ៏​លើសលប់ មែន​ហើយ ល្អ​ជាង​សម្រស់​អ្វីៗ​ទាំង​អស់ ហើយ​សេចក្ដីស​នៃ​ដើមឈើ​នោះ​ក៏​ស​ជាង​ហិមៈ​ដែល​រសាត់​ទៅ​ទៀត។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់ពី​ខ្ញុំ​បាន​ឃើញ​ដើមឈើ​នោះ​ហើយ ខ្ញុំ​ក៏​ទូល​ទៅ​ព្រះ​វិញ្ញាណ​ថា ៖ ទូលបង្គំ​បាន​ឃើញ​ថា ព្រះ​អង្គ​បាន​បង្ហាញ​ឲ្យ​ទូលបង្គំ​ឃើញ​ដើមឈើ ដ៏​មាន​តម្លៃ​លើស​ជាង​អ្វីៗ​ទាំង​អស់។

    ១០ហើយ​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ តើ​អ្នក​ប្រាថ្នា​អ្វី​ទៀត?

    ១១ហើយ​ខ្ញុំ​បាន​ទូល​ទ្រង់​ថា ៖ ទូលបង្គំ​ប្រាថ្នា​ចង់​ដឹង​ពី​ការ​បកស្រាយ​នៃ​រឿង​នេះ — ត្បិត​ខ្ញុំ​និយាយ​ជាមួយ​ទ្រង់​ដូច​ជា​មនុស្ស​និយាយ ត្បិត​ខ្ញុំ​បាន​ឃើញ​ថា ទ្រង់​នៅ​ក្នុង​រូបរាង​មនុស្ស ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ខ្ញុំ​បាន​ដឹង​ថា នេះ​គឺ​ជា​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ ដូច​ជា​មនុស្ស​ម្នាក់​និយាយ​ជាមួយ​នឹង​មនុស្ស​ម្នាក់​ទៀត។

    ១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ន៏! ហើយ​ខ្ញុំ​ក៏​មើល ហាក់​បី​ដូច​ជា​មើល​ព្រះ​អង្គ​ទ្រង់ ហើយ​ខ្ញុំ​មើល​មិន​ឃើញ​ទ្រង់​សោះ ត្បិត​ទ្រង់​បាន​យាង​ចេញ​ពី​វត្តមាន​ខ្ញុំ​បាត់​ទៅ។

    ១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​មើល​ហើយ​ឃើញ​ក្រុង​យេរូសាឡិម​ដ៏​ធំ និង​ព្រម​ទាំង​ក្រុង​ឯ​ទៀតៗ​ទាំង​ឡាយ​ផង។ ហើយ​ខ្ញុំ​បាន​ឃើញ​ភូមិ​ណាសារ៉ែត ហើយ​នៅ​ភូមិ​ណាសារ៉ែត ខ្ញុំ​បាន​ឃើញ​នាង​ព្រហ្មចារី​ម្នាក់ ហើយ​នាង​ស្រស់​ល្អ ហើយ​ស​ដ៏​លើសលប់។

    ១៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ឃើញ​ផ្ទៃ​មេឃ​បើកចំហ ហើយ​មាន​ទេវតា​មួយ​យាង​ចុះ​មក ហើយ​ឈរ​នៅ​ចំពោះ​មុខ​ខ្ញុំ ហើយ​ទេវតា​នោះ​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ ឱ​នីហ្វៃ​អើយ តើ​អ្នក​ឃើញ​អ្វី?

    ១៥ហើយ​ខ្ញុំ​បាន​ទូល​ទៅ​ទេវតា​នោះ​ថា ៖ ខ្ញុំ​ឃើញ​នាង​ព្រហ្មចារី​ម្នាក់​ស្អាត​បំផុត ហើយ​ស្រស់​ល្អ​ជាង​នាង​ព្រហ្មចារី​នានា​ទាំង​អស់។

    ១៦ហើយ​ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ តើ​អ្នក​យល់​ពី​ការ​យាង​ចុះ​មក​នៃ​ព្រះ​ឬ​ទេ?

    ១៧ហើយ​ខ្ញុំ​បាន​ទូល​ទៅ​ទេវតា​ថា ៖ ខ្ញុំ​ដឹង​ថា​ព្រះ​អង្គ​ទ្រង់​ស្រឡាញ់​កូន​ចៅ​របស់​ទ្រង់ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ខ្ញុំ​មិន​យល់​ន័យ​នៃ​រឿង​ទាំង​អស់​នោះ​ទេ។

    ១៨ហើយ​ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ចុះ នាង​ព្រហ្មចារី​ដែល​អ្នក​ឃើញ​នោះ គឺ​ជា​មាតា​របស់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ស្រប​តាម​ខាង​ឯ​សាច់ឈាម។

    ១៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ឃើញ​ថា នាង​ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ ហើយ​បន្ទាប់​ពី​នាង​ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​អស់​មួយ​រយៈ​ហើយ នោះ​ទេវតា​ក៏​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ន៏!

    ២០ហើយ​ខ្ញុំ​ក៏​មើល ហើយ​បាន​ឃើញ​នាង​ព្រហ្មចារី​ម្ដង​ទៀត នាង​កំពុងតែ​បី​ព្រះ​ឱរស​ក្នុង​ដៃ​របស់​នាង។

    ២១ហើយ​ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ន៏ កូន​ចៀម​នៃ​ព្រះ មែន​ហើយ គឺជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​វរបិតា​ដ៏​នៅ​អស់​កល្ប​ជានិច្ច! តើ​អ្នក​យល់​ន័យ​ពី​ដើមឈើ ដែល​ឪពុក​អ្នក​បាន​ឃើញ​នោះ​ទេ?

    ២២ហើយ​ខ្ញុំ​បាន​ឆ្លើយតប​ទៅ​ទេវតា​ថា ៖ ព្រះ​ពរ នោះ​គឺជា​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ដែល​មាន​សាយ​សព្វ​នៅ​ក្នុង​ចិត្ត​នៃ​កូន​ចៅ​មនុស្ស ហេតុ​ដូច្នោះ​ហើយ នោះ​គឺជា​សេចក្ដី​ស្រឡាញ់ ដែល​គួរ​ឲ្យ​ប្រាថ្នា​ដ៏​លើសលប់​ជាង​អ្វីៗ​ទាំង​អស់។

    ២៣ហើយ​ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មែន​ហើយ គឺ​ជា​សេចក្ដី​រីករាយ​បំផុត​ដល់​ព្រលឹង។

    ២៤ហើយ​បន្ទាប់ពី​ទេវតា​មាន​បន្ទូល​នូវ​ពាក្យ​ទាំង​នេះ​ហើយ លោក​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ន៏! ហើយ​ខ្ញុំ​ក៏​មើល ហើយ​ខ្ញុំ​បាន​ឃើញ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ កំពុងតែ​យាង​ចេញ​ទៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស ហើយ​ខ្ញុំ​បាន​ឃើញ​មនុស្ស​ជាច្រើន ក្រាប​នៅ​ជិត​ព្រះ​បាទ​ទ្រង់ ហើយ​ថ្វាយបង្គំ​ទ្រង់។

    ២៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ឃើញ​ថា​ដំបង​ដែក ដែល​ឪពុក​ខ្ញុំ​បាន​ឃើញ​មក​នោះ គឺ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ ដែល​នាំ​ទៅ​ឯ​ប្រភព​ទឹក​នៃ​ទឹក​រស់ ឬ​ទៅ​ឯ​ដើម​ជីវិត ឯ​ទឹក​នោះ​គឺ​ជា​តួ​យ៉ាង​អំពី​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​ថា ដើម​ជីវិត​នោះ គឺជា​តួ​យ៉ាង​អំពី​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​ដែរ។

    ២៦ហើយ​ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ទៀត​ថា ៖ នុ៎ះ​ន៏ ចូរ​មើល​ការ​យាង​ចុះ​មក​នៃ​ព្រះ!

    ២៧ហើយ​ខ្ញុំ​ក៏​មើល ហើយ​បាន​ឃើញ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​ពិភពលោក គឺ​ជា​ទ្រង់​នេះ​ហើយ​ដែល​ឪពុក​ខ្ញុំ​បាន​ពោល​មក​នោះ ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​ព្យាការី ដែល​នឹង​រៀបចំ​ផ្លូវ​ថ្វាយ​ទ្រង់​ដែរ។ ហើយ​កូន​ចៀម​នៃ​ព្រះ បាន​យាង​ទៅ ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ពី​លោក ហើយ​បន្ទាប់​ពី​ទ្រង់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ ខ្ញុំ​បាន​ឃើញ​ផ្ទៃ​មេឃ​បើកចំហ ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​យាង​ចុះ​មក​ពី​លើ​មេឃ ហើយ​សណ្ឋិត​លើ​ទ្រង់ មាន​រូប​ដូច​ជា​ព្រាប

    ២៨ហើយ​ខ្ញុំ​ឃើញ​ថា ទ្រង់​បាន​យាង​ចេញ​ទៅ​ធ្វើ​ការងារ​បម្រើ​ដល់​បណ្ដា​ជន ដោយ​នូវ​ព្រះ​ចេស្ដា និង​សិរិ​ល្អ​ដ៏​អស្ចារ្យ ហើយ​មនុស្ស​ទាំង​ហ្វូង​បាន​ប្រមូល​គ្នា ដើម្បី​មក​ស្ដាប់​ទ្រង់ ហើយ​ខ្ញុំ​បាន​ឃើញ​ថា ពួក​គេ​បណ្ដេញ​ទ្រង់​ចេញ​ពី​ចំណោម​ពួក​គេ។

    ២៩ហើយ​ខ្ញុំ​បាន​ឃើញ​មនុស្ស​១២​នាក់​ទៀត​ដើរ​តាម​ទ្រង់​ដែរ។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​ចេញ​ពីមុខ​ខ្ញុំ​បាត់​ទៅ ហើយ​ខ្ញុំ​មើល​មិន​ឃើញ​ពួក​គេ​សោះ។

    ៣០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ទៀត​ថា ៖ មើល​ន៏! ហើយ​ខ្ញុំ​ក៏​មើល ហើយ​ខ្ញុំ​បាន​ឃើញ​ផ្ទៃ​មេឃ​បើកចំហ​ម្ដង​ទៀត ហើយ​ខ្ញុំ​បាន​ឃើញ​ពួក​ទេវតា​យាង​ចុះ​មក​ឯ​កូន​ចៅ​មនុស្ស ហើយ​ពួក​ទេវតា​បាន​ធ្វើ​ការងារ​បម្រើ​ដល់​ពួក​គេ។

    ៣១ហើយ​លោក​មាន​បន្ទូល​មក​កាន់​ខ្ញុំ​ទៀត​ថា ៖ មើល​ន៏! ហើយ​ខ្ញុំ​ក៏​មើល ហើយ​ខ្ញុំ​បាន​ឃើញ​កូន​ចៀម​នៃ​ព្រះ កំពុងតែ​យាង​ចេញ​ទៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស។ ហើយ​ខ្ញុំ​បាន​ឃើញ​មនុស្ស​ទាំង​ហ្វូង គឺ​ពួក​អ្នក​ឈឺ និង​ពួក​អ្នក​ដែល​រង​ទុក្ខ​វេទនា​ដោយ​ជំងឺ​គ្រប់​មុខ និង​ដោយ​ពួក​អារក្ស និង​ដោយ​អារក្ស​អសោចិ៍​ចូល ហើយ​ទេវតា​នោះ​មាន​បន្ទូល ហើយ​បាន​បង្ហាញ​គ្រប់​រឿង​ទាំង​អស់​នេះ​ដល់​ខ្ញុំ។ ហើយ​ពួក​គេ​ត្រូវ​បាន​ប្រោស​ឲ្យ​ជា ដោយ​ព្រះ​ចេស្ដា​នៃ​កូន​ចៀម​នៃ​ព្រះ ឯ​ពួក​អារក្ស និង​អារក្ស​អសោចិ៍​ក៏​ត្រូវ​បាន​បណ្ដេញ​ចេញ​ទៅ។

    ៣២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ទៀត​ថា ៖ មើល​ន៏ ហើយ​ខ្ញុំ​ក៏​មើល ហើយ​បាន​ឃើញ​កូន​ចៀម​នៃ​ព្រះ​ថា ទ្រង់​ត្រូវ​បណ្ដា​ជន​ចាប់​យក​ទៅ មែន​ហើយ ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​គង់នៅ​អស់​កល្ប​ជានិច្ច ត្រូវ​មនុស្ស​លោក​ជំនុំ​ជំរះ នោះ​ខ្ញុំ​បាន​ឃើញ ហើយ​បាន​ធ្វើ​បន្ទាល់។

    ៣៣ហើយ​ខ្ញុំ នីហ្វៃ បាន​ឃើញ​ទ្រង់​ត្រូវ​គេ​លើក​ឡើង​លើ​ឈើ​ឆ្កាង ហើយ​ធ្វើគត​ជំនួស​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក។

    ៣៤ហើយ​បន្ទាប់​ពី​ទ្រង់​ត្រូវ​គេ​ធ្វើ​គត​ហើយ នោះ​ខ្ញុំ​បាន​ឃើញ​ហ្វូង​មនុស្ស​នៅ​លើ​ផែនដី គឺ​ពួក​គេ​ប្រមូល​គ្នា ដើម្បី​ទៅ​ច្បាំង​នឹង​ពួក​សាវក​នៃ​កូន​ចៀម ព្រោះ​ពួក​១២​នាក់​នោះ ត្រូវ​ទេវតា​នៃ​ព្រះ​អម្ចាស់​បាន​ហៅ​ថា​ដូច្នោះ​ហើយ។

    ៣៥ហើយ​ពួក​បណ្ដា​ជន​នៅ​លើ​ផែនដី​បាន​ប្រមូល​គ្នា ហើយ​ខ្ញុំ​បាន​ឃើញ​ថា ពួក​គេ​នៅ​ក្នុង​អគារ​ដ៏​ធំ ហើយ​ទូលាយ ដូច​ជា​អគារ ដែល​ឪពុក​ខ្ញុំ​បាន​ឃើញ​មក​នោះ។ ហើយ​ទេវតា​នៃ​ព្រះ​អម្ចាស់​មាន​បន្ទូល​មក​ខ្ញុំ​ទៀត​ថា ៖ មើល​ន៏ មនុស្ស​លោក ហើយ​នឹង​ប្រាជ្ញា​របស់​គេ មែន​ហើយ មើល​ន៏ វង្ស​អ៊ីស្រាអែល​បាន​ប្រមូល​គ្នា​ទៅ​ច្បាំង​នឹង​ពួក​សាវក​១២​នាក់​នៃ​កូន​ចៀម។

    ៣៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ឃើញ ហើយ​បាន​ធ្វើ​បន្ទាល់​ថា អគារ​ដ៏​ធំ ហើយ​ទូលាយ គឺ​ជា​សេចក្ដី​ឆ្មើងឆ្មៃ​នៃ​មនុស្ស​លោក ហើយ​អគារ​នោះ​រលំ ឯ​ការ​រលំ​របស់​វា​ធំ​ធ្ងន់ធ្ងរ​ណាស់។ ហើយ​ទេវតា​នៃ​ព្រះ​អម្ចាស់​មាន​បន្ទូល​មក​ខ្ញុំ​ទៀត​ថា ៖ សេចក្ដី​បំផ្លិចបំផ្លាញ​នៃ​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា ហើយ​គ្រប់​ទាំង​ប្រជាជន ដែល​នឹង​ច្បាំង​នឹង​ពួក​សាវក​១២​នាក់​នៃ​កូន​ចៀម នឹង​កើត​ទៅ​យ៉ាង​ដូច្នោះ៕