នីហ្វៃ ទី ១ 1
    កំណត់ចំណាំ​នៅ​បាត
    បាវចនា

    គម្ពីរ​ទី​មួយ​នៃ​នីហ្វៃ

    រជ្ជកាល និង​ការងារ​បម្រើ​របស់​លោក

    ដំណើរ​រឿង​មួយ​អំពី​លោក​លីហៃ និង​នាង​សារ៉ាយជា​ប្រពន្ធ​របស់​លោក និង​កូន​ប្រុស​បួន​នាក់​របស់​លោក មាន​ឈ្មោះ​ថា (ចាប់​ផ្ដើម​ពី​កូន​ច្បង) លេមិន, លេមយួល, សាំ និង​នីហ្វៃ។ ព្រះ​អម្ចាស់​ទ្រង់​ព្រមាន​លីហៃ ឲ្យ​ចាក​ចេញ​ពី​ដែនដី​យេរូសាឡិម ពី​ព្រោះ​លោក​បាន​ព្យាករ​អំពី​សេចក្ដី​ទុច្ចរិត​នៃ​ប្រជាជន ហើយ​គេ​ព្យាយាម​រក​ផ្ដាច់​ជីវិត​លោក។ លោក​ធ្វើ​ដំណើរ​ចូល​ទីរហោស្ថាន​អស់​រយៈ​ពេល​បី​ថ្ងៃ​ជាមួយ​នឹង​គ្រួសារ​លោក។ នីហ្វៃ​នាំ​ពួក​បង​ប្រុស​របស់​លោក ហើយ​ត្រឡប់​ទៅ​ឯ​ដែនដី​យេរូសាឡិម​វិញ ដើម្បី​តាម​យក​បញ្ជី​របស់​ពួក​សាសន៍​យូដា។ ដំណើរ​រឿង​អំពី​សេចក្ដី​ទុក្ខ​លំបាក​ទាំង​ឡាយ​របស់​ពួក​គេ។ ពួក​គេ​យក​ពួក​កូន​ស្រី​របស់​អ៊ីសម៉ាអែល​ធ្វើ​ជា​ប្រពន្ធ។ ពួក​គេ​នាំ​គ្រួសារ​គេ​ទាំង​ឡាយ ហើយ​ចាក​ចេញ​ទៅ​ក្នុង​ទីរហោស្ថាន។ សេចក្ដី​ទុក្ខ​លំបាក និង​សេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ​របស់​ពួក​គេ​នៅ​ទីរហោស្ថាន។ ផ្លូវ​នៃ​ដំណើរ​ទាំង​ឡាយ​របស់​ពួក​គេ។ ពួក​គេ​មក​ដល់​ទឹក​ដ៏​ធំធេង។ ពួក​បង​ប្រុស​របស់​នីហ្វៃ​បះបោរ​ទាស់​នឹង​លោក។ លោក​ធ្វើ​ឲ្យ​ពួក​គេ​ជ្រប់​មុខ ព្រម​ទាំង​ធ្វើ​សំពៅ​មួយ​ផង។ គេ​ហៅ​កន្លែង​នោះ​ថា បរិបូរណ៍។ គេ​ឆ្លង​ទឹក​ដ៏​ធំធេង​ទៅ​ដល់​ដែនដី​សន្យា។ល។ អត្ថបទ​នេះ​គឺ​ស្រប​តាម​ដំណើរ​រឿង​របស់​នីហ្វៃ ឬ​ពាក្យ​ម្យ៉ាង​ទៀត​ថា គឺ​ខ្ញុំ នីហ្វៃ បាន​សរសេរ​បញ្ជី​នេះ។

    ជំពូក​ទី ១

    នីហ្វៃ​ចាប់​ផ្ដើម​បញ្ជី​អំពី​ប្រជាជន​របស់​លោក — លីហៃ​ឃើញ​នៅ​ក្នុង​ការ​និមិត្ត ជា​បង្គោល​ភ្លើង​មួយ ហើយ​អាន​គម្ពីរ​នៃ​ការព្យាករណ៍​មួយ — លោក​សរសើរ​តម្កើង​ព្រះ ហើយ​ព្យាករ​អំពី​ការ​យាង​មក​នៃ​ព្រះ​មែស៊ី និង​ព្យាករ​អំពី​សេចក្ដី​បំផ្លិចបំផ្លាញ​នៃ​ក្រុង​យេរូសាឡិម — លោក​ត្រូវ​ពួក​សាសន៍​យូដា​បៀតបៀន។ ប្រមាណ​ជា​ឆ្នាំ ៦០០ ម.គ.ស. (មុន​គ្រីស្ទ​សករាជ)។

    ខ្ញុំ​នីហ្វៃ ដោយ​បាន​កើត​មក​ពី​ឪពុក​ម្ដាយ​ល្អ ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​ត្រូវ​បាន​បង្រៀន​ខ្លះៗ​នូវ​អស់​ទាំង​ចំណេះវិជ្ជា​របស់​ឪពុក​ខ្ញុំ ហើយ​ដោយ​បាន​ឃើញ​សេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ នៅ​ក្នុង​ដំណើរ​នៃ​ជីវិត​ខ្ញុំ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​បាន​ប្រោសប្រណី​ជា​ខ្លាំង​ពី​ព្រះ​អម្ចាស់​អស់​មួយ​ជីវិត​ខ្ញុំ​ដែរ មែន​ហើយ ដោយ​មាន​តម្រិះ​ដ៏​ជ្រាលជ្រៅ​អំពី​សេចក្ដី​ល្អ​សប្បុរស និង​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ ហេតុ​ដូច្នេះ​ហើយ ទើប​ខ្ញុំ​ធ្វើបញ្ជី​ពី​ដំណើរការ​របស់​ខ្ញុំ​នៅ​ក្នុង​ជីវិត​ខ្ញុំ។

    មែន​ហើយ ខ្ញុំ​ធ្វើបញ្ជី​មួយ​នៅ​ក្នុង​ភាសា​របស់​ឪពុក​ខ្ញុំ ដែល​មាន​រួម​ទាំង​ចំណេះវិជ្ជា​នៃ​ពួក​សាសន៍​យូដា និង​ភាសា​របស់​ពួក​សាសន៍​អេស៊ីព្ទ។

    ហើយ​ខ្ញុំ​ដឹង​ថា បញ្ជី​ដែល​ខ្ញុំ​ធ្វើ​នេះ គឺជា​ការ​ពិត ហើយ​ខ្ញុំ​ធ្វើ​ដោយ​ដៃ​របស់​ខ្ញុំ​ផ្ទាល់ ហើយ​ខ្ញុំ​ធ្វើ​តាម​ការ​ចេះ​ដឹង​របស់​ខ្ញុំ។

    ត្បិត​ហេតុការណ៍​បាន​កើត​ឡើង គឺ​នៅ​ក្នុង​រយៈ​ពេល​ដើម​ឆ្នាំ​ទី​មួយ នៃ​រជ្ជកាល​នៃ​សេដេគា ជា​ស្ដេច​ស្រុក​យូដា (ឪពុក​ខ្ញុំ គឺ​លីហៃ បាន​អាស្រ័យ​នៅ​ក្រុង​យេរូសាឡិម​អស់​មួយ​ជីវិត​លោក) ហើយ​នៅ​ក្នុង​ឆ្នាំ​ជាមួយ​គ្នា​នោះ មាន​ពួក​ព្យាការី​ជា​ច្រើន ព្យាករ​ដល់​ប្រជាជន​ថា ត្រូវ​តែ​ប្រែ​ចិត្ត បើ​ពុំ​នោះ​សោត​ទេ ទី​ក្រុង​យេរូសាឡិម​ដ៏​ធំ​នឹង​ត្រូវ​បំផ្លាញ​ចោល។

    ហេតុ​ដូច្នេះ​ហើយ ហេតុការណ៍​បាន​កើត​ឡើង​ថា ឪពុក​ខ្ញុំ លីហៃ នៅ​ពេល​ដែល​លោក​ចេញ​ទៅ​អធិស្ឋាន​ដល់​ព្រះ​អម្ចាស់ មែន​ហើយ គឺ​ដោយ​អស់​ពី​ដួងចិត្ត សម្រាប់​ប្រជាជន​របស់​លោក។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង គឺ​នៅ​ពេល​ដែល​លោក​កំពុង​តែ​អធិស្ឋាន​ដល់​ព្រះ​អម្ចាស់ នោះ​ស្រាប់​តែ​មាន​បង្គោល​ភ្លើង​មួយ ផុស​ចេញ​មក ហើយ​ស្ថិត​នៅ​លើ​ថ្ម​មួយ​ដុំ​ចំ​ពីមុខ​លោក ហើយ​លោក​បាន​ឃើញ និង​បាន​ឮ​ជា​ច្រើន ហើយ​មក​ពី​អ្វីៗ​ដែល​លោក​បាន​ឃើញ និង​បាន​ឮ​មក នោះ​លោក​មាន​សេចក្ដី​រន្ធត់​ញាប់ញ័រ​ជា​ខ្លាំង។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​វិល​ត្រឡប់​ទៅ​ផ្ទះ​លោក នៅ​ក្រុង​យេរូសាឡិម​វិញ ហើយ​ផ្ដួល​ខ្លួន​ទៅ​លើ​គ្រែ ដោយ​ស្លុង​ទៅ​ក្នុង​ព្រះ​វិញ្ញាណ និង​អ្វីៗ​ដែល​លោក​បាន​ឃើញ។

    ហើយ​ដោយ​ស្លុង​ទៅ​ក្នុង​ព្រះ​វិញ្ញាណ នោះ​លោក​ក៏​បណ្ដែត​អារម្មណ៍ ទៅ​ក្នុង​ការ​និមិត្ត​មួយ ថែម​ទាំង​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​លោក​គិត​ថា លោក​ឃើញ​ព្រះ​កំពុងតែ​គង់​នៅ​លើ​បល្ល័ង្ក​របស់​ទ្រង់ ដោយ​មាន​ពួក​ពល​បរិវារ​ទេវតា​ដ៏​ឥត​គណនា ហែហម​ជុំវិញ នៅ​ក្នុង​អាកប្បកិរិយា​កំពុងតែ​ច្រៀង និង​សរសើរ​តម្កើង​ដល់​ព្រះ​របស់​គេ។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​បាន​ឃើញ​មួយ​អង្គ​យាង​ចុះ​មក​ពី​កណ្ដាល​ផ្ទៃ​មេឃ ហើយ​លោក​បាន​ឃើញ​ថា រស្មី​ទ្រង់​ភ្លឺ​ត្រចះត្រចង់ ជាង​ព្រះអាទិត្យ​នៅ​ពេល​ថ្ងៃ​ត្រង់​ទៅ​ទៀត។

    ១០ហើយ​លោក​ក៏​បាន​ឃើញ​មាន​១២​នាក់​ទៀត ចុះ​មក​តាម​ដែរ ហើយ​រស្មី​ពួក​គេ​ភ្លឺ​ត្រចះ​ជាង​តារា​នៅ​លើ​ផ្ទៃ​មេឃ​ទៅ​ទៀត។

    ១១ហើយ​ពួក​គេ​ចុះ​មក ហើយ​ចេញ​ទៅ​លើ​ផ្ទៃ​ផែនដី មួយ​អង្គ​ដែល​យាង​ចុះ​មក​ដំបូង បាន​ឈរ​នៅ​ចំពោះ​មុខ​ឪពុក​ខ្ញុំ ហើយ​បាន​ប្រទាន​គម្ពីរ​មួយ​ទៅ​ឪពុក​ខ្ញុំ ហើយ​បញ្ជា​ឲ្យ​លោក​អាន។

    ១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​ដែល​ឪពុក​ខ្ញុំ​កំពុងតែ​អាន​នោះ លោក​ក៏​បាន​ពោរពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់។

    ១៣ហើយ​ឪពុក​ខ្ញុំ​អាន​ថា ៖ វេទនា វេទនា ដល់​ក្រុង​យេរូសាឡិម ត្បិត​យើង​បាន​ឃើញ​អំពើ​គួរ​ខ្ពើម​ឆ្អើម​របស់​ពួក​អ្នក​ហើយ! មែន​ហើយ មាន​រឿង​ជាច្រើន​ទៀត ដែល​ឪពុក​ខ្ញុំ​បាន​អាន​អំពី​ក្រុង​យេរូសាឡិម — ថា​ទី​ក្រុង​នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល ព្រម​ទាំង​បណ្ដាជន​ដែល​នៅ​ទី​នោះ​ផង មនុស្ស​ជាច្រើន​នឹង​ត្រូវ​វិនាស​ដោយ​មុខ​ដាវ ហើយ​មនុស្ស​ជាច្រើន​ទៀត​នឹង​ត្រូវ​ចាប់​ជា​ឈ្លើយ នាំ​យក​ទៅ​ឯ​ក្រុង​បាប៊ីឡូន។

    ១៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ឪពុក​ខ្ញុំ​បាន​អាន ហើយ​ឃើញ​នូវ​រឿង​ដ៏​មហិមា និង​ដ៏​គួរ​អស្ចារ្យ​ជាច្រើន នោះ​លោក​ក៏​បាន​ថ្លែង​វាចា​ជាច្រើន​ទៅ​កាន់​ព្រះ​អម្ចាស់​ដូច្នេះ​ថា ៖ ឱ​ព្រះ​អម្ចាស់​ជា​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​អើយ ប្រសើរ​មែន កិច្ចការ​ទាំង​ឡាយ​របស់​ព្រះ​អង្គ​នោះ​មហិមា និង​គួរ​អស្ចារ្យ​ណាស់! បល្ល័ង្ក​ព្រះ​អង្គ​ខ្ពស់​នៅ​លើ​ផ្ទៃ​មេឃ ហើយ​ទាំង​ព្រះ​ចេស្ដា និង​សេចក្ដី​សប្បុរស ហើយ​និង​សេចក្ដី​មេត្តាករុណា​របស់​ព្រះ​អង្គ មាន​មក​លើ​គ្រប់​បណ្ដាជន​ទាំង​អស់​នៅ​លើ​ផែនដី ហើយ​ដោយ​ទ្រង់​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា នោះ​ព្រះ​អង្គ​នឹង​មិន​ទ្រាំ​ឲ្យ​អស់​អ្នក​ណា ដែល​មក​រក​ព្រះ​អង្គ​ត្រូវ​វិនាស​ឡើយ។

    ១៥ហើយ​តាម​របៀប​នេះ​ហើយ គឺជា​ភាសា​របស់​ឪពុក​ខ្ញុំ ក្នុង​ការ​សរសើរ​តម្កើង​ដល់​ព្រះ​របស់​លោក ត្បិត​ព្រលឹង​វិញ្ញាណ​លោក​បាន​អរ​សប្បាយ ហើយ​ដួងចិត្ត​លោក​បាន​ពោរពេញ មក​ពី​រឿង​អ្វីៗ​ដែល​លោក​បាន​ឃើញ មែន​ហើយ គឺ​ព្រះ​អម្ចាស់​ទ្រង់​បាន​បង្ហាញ​ដល់​លោក។

    ១៦ហើយ​ឥឡូវ​នេះ ខ្ញុំ នីហ្វៃ មិន​រៀបរាប់​ឲ្យ​អស់​នូវ​ដំណើរ​រឿង ដែល​ឪពុក​ខ្ញុំ​បាន​សរសេរ​ទេ ត្បិត​ឪពុក​ខ្ញុំ​បាន​សរសេរ​នូវ​រឿង​ជា​ច្រើន ដែល​លោក​បាន​ឃើញ​នៅ​ក្នុង​ការ​និមិត្ត និង​ក្នុង​សុបិន​ទាំង​ឡាយ ហើយ​លោក​បាន​សរសេរ​នូវ​រឿង​ជា​ច្រើន​ផង​ដែរ ដែល​លោក​បាន​ព្យាករ ហើយ​និយាយ​ប្រាប់​កូន​ចៅ​របស់​លោក ដែល​ខ្ញុំ​នឹង​ពុំ​យក​មក​រៀបរាប់​ឲ្យ​អស់​បាន​ឡើយ។

    ១៧ប៉ុន្តែ ខ្ញុំ​នឹង​រៀបរាប់​នូវ​ដំណើរការ​ទាំង​ឡាយ​ក្នុង​ជីវិត​ខ្ញុំ។ មើល​ចុះ ខ្ញុំ​សង្ខេប​នូវ​បញ្ជី​របស់​ឪពុក​ខ្ញុំ​នៅ​លើ​ផ្ទាំង​ទាំង​ឡាយ ដែល​ខ្ញុំ​បាន​ធ្វើ​ឡើង​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់ ហេតុ​ដូច្នេះ​ហើយ បន្ទាប់ពី​ខ្ញុំ​បាន​សង្ខេប​នូវ​បញ្ជី​របស់​ឪពុក​ខ្ញុំ​រួច​ស្រេច​បាច់ នោះ​ខ្ញុំ​នឹង​រៀបរាប់​អំពី​ជីវិត​ខ្ញុំ​ផ្ទាល់។

    ១៨ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​មាន​បំណង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បន្ទាប់​ពី​ព្រះ​អម្ចាស់ ទ្រង់​បាន​បង្ហាញ​ដល់​លីហៃ ជា​ឪពុក​ខ្ញុំ​នូវ​រឿង​ដ៏​គួរ​អស្ចារ្យ​ទាំង​ឡាយ មែន​ហើយ អំពី​សេចក្ដី​បំផ្លិចបំផ្លាញ​នៃ​ក្រុង​យេរូសាឡិម មើល​ចុះ លោក​បាន​ចេញ​ទៅ​ក្នុង​ចំណោម​ប្រជាជន ហើយ​បាន ចាប់​ផ្ដើម​ព្យាករ និង​ប្រកាស​ប្រាប់​បណ្ដាជន​អំពី​រឿង​ទាំង​ឡាយ ដែល​លោក​បាន​ឃើញ ហើយ​បាន​ឮ។

    ១៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​សាសន៍​យូដា​បាន​ចំអក​ឡកឡឺយ​ដល់​លោក មក​ពី​រឿង​ទាំង​ឡាយ ដែល​លោក​បាន​ធ្វើ​បន្ទាល់​ពី​ពួក​គេ ត្បិត​លោក​បាន​ធ្វើ​បន្ទាល់​ដោយ​ពិត អំពី​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​ពួក​គេ ហើយ​លោក​បាន​ធ្វើ​បន្ទាល់​ថា អ្វីៗ​ដែល​លោក​បាន​ឃើញ ហើយ​បាន​ឮ ព្រម​ទាំង​អ្វីៗ​ដែល​លោក​បាន​អាន​ក្នុង​គម្ពីរ​ផង​នោះ បាន​សម្ដែង​យ៉ាង​ច្បាស់​ប្រាប់ អំពី​ការ​យាង​មក​នៃ​ព្រះ​មែស៊ី ហើយ​ព្រម​ទាំង​អំពី​សេចក្ដី​ប្រោស​លោះ​នៃ​ពិភពលោក​ផង។

    ២០ហើយ​កាល​ពួក​សាសន៍​យូដា បាន​ឮ​ពី​រឿង​ទាំង​នេះ ពួក​គេ​ក៏​ខឹង​នឹង​លោក មែន​ហើយ គឺ​ដូច​ជា​គេ​ធ្លាប់​បាន​ខឹង​នឹង​ពួក​ព្យាការី​ពី​ជំនាន់​ដើម​ដែរ ដែល​ពួក​គេ​បាន​ទាំង​បណ្ដេញ​ចេញ ហើយ​ចោល​ថ្ម និង​សម្លាប់ ហើយ​ពួក​គេ​ថែម​ទាំង​ព្យាយាម​តាម​យក​ជីវិត​លោក ដើម្បី​នឹង​ផ្ដាច់​ចោល​ដែរ។ ប៉ុន្តែ​មើល​ចុះ ខ្ញុំ នីហ្វៃ នឹង​បង្ហាញ​ដល់​អ្នក​រាល់​គ្នា​ថា សេចក្ដី​មេត្តាករុណា​ដ៏​ទន់ភ្លន់​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ មាន​មក​លើ​ជន​ទាំង​អស់​ណា​ដែល​ព្រះ​ទ្រង់​បាន​រើស ដោយ​សារ​សេចក្ដី​ជំនឿ​របស់​គេ ដើម្បី​ធ្វើ​ឲ្យ​គេ​ខ្លាំង​ពូកែ​ស្មើ​នឹង​អំណាច​នៃ​សេចក្ដី​ដោះលែង​ឲ្យ​រួច​ផុត៕