នីហ្វៃ ទី ១ 16
    Footnotes

    ជំពូក​ទី ១៦

    ពួក​ទុច្ចរិត​រាប់​សេចក្ដី​ពិត​ទុកជា​ការ​ពិបាក — កូន​ប្រុស​ទាំង​ឡាយ​របស់​លីហៃ រៀប​អាពាហ៍ពិពាហ៍​នឹង​កូន​ស្រី​ទាំង​ឡាយ​របស់​អ៊ីសម៉ាអែល — លីអាហូណា​នាំ​ដំណើរ​គេ​នៅ​ក្នុង​ទីរហោស្ថាន — ជួនកាល ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ ត្រូវ​បាន​សរសេរ​នៅ​លើ​លីអាហូណា — អ៊ីសម៉ាអែល​ស្លាប់ គ្រួសារ​របស់​លោក​រអ៊ូរទាំ​អំពី​សេចក្ដី​វេទនា។ ប្រមាណ​ជា​ឆ្នាំ ៦០០–៥៩២ ម.គ.ស.។

    ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់ពី​ខ្ញុំ នីហ្វៃ បាន​បញ្ចប់​នូវ​ការ​និយាយ​ទៅ​បងៗ​ខ្ញុំ​ហើយ មើល​ចុះ ពួក​គេ​ទាំង​អស់​គ្នា​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា ៖ ឯង​បាន​ថ្លែង​រឿង​ដ៏​ធ្ងន់ៗ​មក​យើង ធ្ងន់​ហួស​កំណត់​ដែល​យើង​អាច​ទ្រាំ​បាន។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​និយាយ​ទៅ​គេ​ថា ខ្ញុំ​ដឹង​ហើយ​ថា ខ្ញុំ​បាន​ស្ដី​រឿង​ដ៏​ធ្ងន់ៗ​ទាស់​នឹង​ពួក​ទុច្ចរិត ស្រប​តាម​សេចក្ដី​ពិត ហើយ​ពួក​សុចរិត ខ្ញុំ​បាន​រាប់​ថា​សុចរិត ហើយ​បាន​ធ្វើ​បន្ទាល់​ថា ពួក​គេ​នឹង​ត្រូវ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ហេតុ​ដូច្នោះ​ហើយ អ្នក​ណា​ដែល​មាន​ទោស រាប់​សេចក្ដី​ពិត​ទុកជា​ការ​ពិបាក ព្រោះ​អី​សេចក្ដី​ពិត​កាត់​ទំ​លុះ​គេ​រហូតដល់​ដួងចិត្ត។

    ហើយ​ឥឡូវ​នេះ ឱ​បង​ទាំង​អស់​គ្នា​អើយ បើ​បង​ជា​មនុស្ស​សុចរិត ហើយ​យល់​ព្រម​ស្ដាប់​បង្គាប់​តាម​សេចក្ដី​ពិត ហើយ​គោរព​សេចក្ដី​ពិត ដើម្បី​ឲ្យ​បង​រាល់​គ្នា​នឹង​អាច​ដើរ​ដោយ​ទៀងត្រង់​នៅ​ចំពោះ​ព្រះ ខណៈ​នោះ​បង​រាល់​គ្នា​នឹង​មិន​រអ៊ូរទាំ​ពី​ព្រោះ​មក​ពី​សេចក្ដី​ពិត ហើយ​និយាយ​ថា ៖ ឯង​ស្ដី​រឿង​ដ៏​ធ្ងន់ៗ​មក​ដល់​យើង​នោះ​ទេ។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ បាន​ទូន្មាន​បងៗ​ខ្ញុំ ដោយ​អស់​ពី​សមត្ថភាព ឲ្យ​ពួក​គេ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​ក៏​បាន​បន្ទាបខ្លួន​នៅ​ចំពោះ​ព្រះ​អម្ចាស់ ដរាប​ដល់​ខ្ញុំ​មាន​សេចក្ដី​អំណរ និង​សេចក្ដី​សង្ឃឹម​ជា​ខ្លាំង​ដល់​ពួក​គេ​ថា ពួក​គេ​នឹង​ដើរ​តាម​ផ្លូវ​ទាំង​ឡាយ​នៃ​សេចក្ដី​សុចរិត។

    ឥឡូវ​នេះ រឿង​ទាំង​អស់​នេះ​ត្រូវ​បាន​និយាយ ហើយ​បាន​ធ្វើ នៅ​ពេល​ដែល​ឪពុក​ខ្ញុំ​ស្ថិតនៅ​ក្នុង​ត្រសាល​ដែល​នៅ​ក្នុង​ច្រក​ភ្នំ ដែល​លោក​បាន​ហៅ​ថា លេមយួល​នោះ។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ បាន​យក​កូន​ស្រី​របស់​អ៊ីសម៉ាអែល​ម្នាក់​ធ្វើ​ជា​ប្រពន្ធ ឯ​បងៗ​ខ្ញុំ​ក៏​បាន​យក​កូន​ស្រី​ទាំង​ឡាយ​របស់​អ៊ីសម៉ាអែល ធ្វើ​ជា​ប្រពន្ធ​ដែរ រី​ឯ​សូរាំ​ក៏​បាន​យក​កូន​ស្រី​ច្បង​របស់​អ៊ីសម៉ាអែល ធ្វើ​ជា​ប្រពន្ធ​ដែរ។

    ដូច្នេះ​ហើយ ទើប​ឪពុក​ខ្ញុំ​បាន​បំពេញ​នូវ​គ្រប់​ទាំង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ដែល​បាន​ប្រទាន​ឲ្យ​លោក។ ហើយ​ខ្ញុំ នីហ្វៃ ក៏​បាន​ពរ​ជា​អតិបរមា​ពី​ព្រះ​អម្ចាស់​ដែរ។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា សំឡេង​នៃ​ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះ​បន្ទូល​មក​ឪពុក​ខ្ញុំ​ក្នុង​កណ្ដាល​រាត្រី ហើយ​បាន​បញ្ជា​លោក​ថា ស្អែក​ឡើង​លោក​ត្រូវ​ធ្វើ​ដំណើរ​ចូល​ទីរហោស្ថាន​ទៀត។

    ១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​ឪពុក​ខ្ញុំ​បាន​ក្រោក​ឡើង​នៅ​ពេល​ព្រឹក ហើយ​បាន​ដើរ​ចេញ​ទៅ​ឯ​មាត់ទ្វារ​ត្រសាល នោះ​លោក​ប្លែក​ចិត្ត​ជា​ខ្លាំង ដោយ​បាន​ឃើញ​ដុំ​មូល​មួយ​នៅ​លើ​ដី ដែល​មាន​ក្បូរ​ក្បាច់​ចម្លែក ហើយ​ធ្វើ​ពី​ធាតុ​លង្ហិន​ដ៏​ល្អ។ ហើយ​នៅ​ក្នុង​ដុំ​មូល​នោះ​មាន​ទ្រនិច​ពីរ ហើយ​ទ្រនិច​មួយ​នោះ ចង្អុល​ផ្លូវ​ដែល​យើង​ត្រូវ​ធ្វើ​ដំណើរ​ក្នុង​ទីរហោស្ថាន។

    ១១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​បាន​ប្រមូល​សម្ភារៈ​ផ្សេងៗ ដែល​យើង​អាច​នាំ​ចូល​ក្នុង​ទីរហោស្ថាន និង​ស្បៀង​អាហារ ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ដែល​ព្រះ​អម្ចាស់ ទ្រង់​បាន​ប្រទាន​ដល់​យើង ហើយ​យើង​បាន​យក​គ្រាប់​ពូជ​ដំណាំ​គ្រប់​មុខ ដែល​យើង​អាច​យក​ចូល​ក្នុង​ទីរហោស្ថាន។

    ១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​បាន​យក​ត្រសាល​របស់​យើង ហើយ​ចូល​ទៅ​ក្នុង​ទីរហោស្ថាន ឆ្លងកាត់​ទន្លេ​លេមិន។

    ១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បួន​ថ្ងៃ ជិត​ទៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​កើត ហើយ​យើង​បាន​បោះ​ត្រសាល​ជា​ថ្មី ហើយ​យើង​ដាក់​ឈ្មោះ​ទី​នោះ​ថា សាសើរ។

    ១៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​បាន​យក​ធ្នូ​របស់​យើង និង​ព្រួញ​របស់​យើង ហើយ​ចូល​ក្នុង​ទីរហោស្ថាន ដើម្បី​ទៅ​បរបាញ់​រក​អាហារ​សម្រាប់​គ្រួសារ​យើង ហើយ​បន្ទាប់ពី​យើង​បាន​បរបាញ់​រក​អាហារ​សម្រាប់​គ្រួសារ​រួច​ហើយ នោះ​យើង​បាន​ត្រឡប់​ទៅ​ជួប​គ្រួសារ​យើង​វិញ ដែល​នៅ​ក្នុង​ទីរហោស្ថាន ឯ​កន្លែង​សា​សើរ​នោះ។ ហើយ​យើង​បាន​បន្ត​ដំណើរ​ទៅ​មុខ​ទៀត នៅ​ក្នុង​ទីរហោស្ថាន​តាម​ទិស​ដដែល ទៅ​តាម​តំបន់​ដែល​មាន​ជីជាតិ​បំផុត​នៅ​ក្នុង​ទីរហោស្ថាន ដែល​នៅ​ព្រំប្រទល់​ជិត​សមុទ្រ​ក្រហម។

    ១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​ជាច្រើន​ថ្ងៃ បាន​បរបាញ់​រក​អាហារ​តាម​ផ្លូវ ដោយ​ប្រើ​ធ្នូ​របស់​យើង និង​ព្រួញ​របស់​យើង និង​ក្រួស​របស់​យើង និង​ខ្សែ​ដង្ហក់​របស់​យើង។

    ១៦ហើយ​យើង​បាន​ទៅ​តាម​ទិស​នៃ​ដុំ​មូល ដែល​នាំ​យើង​ទៅ​ក្នុង​តំបន់​ដ៏​មាន​ជីជាតិ​ច្រើន​នៃ​ទីរហោស្ថាន។

    ១៧ហើយ​បន្ទាប់​ពី​យើង​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ នោះ​យើង​បាន​បោះ​ត្រសាល​មួយ​រយៈ​ទៀត ដើម្បី​យើង​អាច​សម្រាក ហើយ​រក​អាហារ​សម្រាប់​គ្រួសារ​យើង​ទៀត។

    ១៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​ខ្ញុំ នីហ្វៃ ចេញ​ទៅ​បរបាញ់​រក​អាហារ មើល​ចុះ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ធ្នូ​ខ្ញុំ​បាក់ ដែល​ធ្វើ​ពី​ដែក​ដ៏​ល្អ ហើយ​បន្ទាប់ពី​ខ្ញុំ​ធ្វើ​ឲ្យ​ធ្នូ​ខ្ញុំ​បាក់ មើល​ចុះ បងៗ​ខ្ញុំ​ខឹង​នឹង​ខ្ញុំ ពី​ព្រោះ​មក​ពី​ការ​បាត់​ធ្នូ​របស់​ខ្ញុំ ត្បិត​យើង​រក​អាហារ​មិន​បាន​សោះ។

    ១៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​បាន​ត្រឡប់​មក​វិញ ដោយ​គ្មាន​ស្បៀង​យក​មក​ឲ្យ​គ្រួសារ​ឡើយ ហើយ​ដោយ​មាន​ការ​នឿយហត់​ជា​ខ្លាំង​ពី​ដំណើរ​របស់​ពួក​គេ នោះ​ពួក​គេ​បាន​រងទុក្ខ​ជា​ខ្លាំង ដោយ​ការ​ឃ្លាន​អាហារ។

    ២០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លេមិន និង​លេមយួល និង​កូន​ប្រុស​ទាំង​ឡាយ​របស់​អ៊ីសម៉ាអែល បាន​ចាប់​ផ្ដើម​រអ៊ូរទាំ​ជា​ខ្លាំង​ដោយ​មក​ពី​សេចក្ដី​ទុក្ខលំបាក និង​សេចក្ដី​វេទនា​របស់​ពួក​គេ​នៅ​ក្នុង​ទីរហោស្ថាន ហើយ​ឪពុក​ខ្ញុំ​ក៏​បាន​ចាប់​ផ្ដើម​រអ៊ូរទាំ​ទាស់​នឹង​ព្រះ​អម្ចាស់​របស់​លោក​ដែរ មែន​ហើយ ពួក​គេ​ទាំង​អស់​គ្នា​មាន​ការ​ទុក្ខព្រួយ​ជា​ខ្លាំង រហូត​ដល់​ពួក​គេ​បាន​រអ៊ូរទាំ​ទាស់​នឹង​ព្រះ​អម្ចាស់។

    ២១ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ ដោយ​កើត​ទុក្ខព្រួយ​នឹង​បងៗ​ខ្ញុំ ព្រោះ​តែ​ការ​បាក់​ធ្នូ​របស់​ខ្ញុំ ហើយ​ដោយ​ធ្នូ​របស់​ពួក​គេ​ឈប់​យឺត​អស់​ទៅ នោះ​ទើប​វា​ចាប់​ផ្ដើម​ពិបាក​ប្រើ​ជា​ខ្លាំង មែន​ហើយ ដរាប​ដល់​យើង​មិន​អាច​រក​អាហារ​បាន​សោះ​ឡើយ។

    ២២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ បាន​និយាយ​ទៅ​បងៗ​ខ្ញុំ​ជាច្រើន ពី​ព្រោះ​គេ​បាន​ធ្វើ​ចិត្ត​រឹងរូស​ជា​ថ្មី​ទៀត រហូត​ដល់​បាន​ត្អូញត្អែរ​ទាស់​នឹង​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។

    ២៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ បាន​ធ្វើ​ធ្នូ​ពី​ឈើ ហើយ​ធ្វើ​ព្រួញ​ពី​ឈើត្រង់ ហេតុ​ដូច្នោះ​ហី​យ ខ្ញុំ​បាន​ប្រដាប់​ខ្លួន​ដោយ​ធ្នូ និង​ព្រួញ ដោយ​ខ្សែ​ដង្ហក់ និង​ក្រួស។ ហើយ​ខ្ញុំ​ជម្រាប​ឪពុក​ខ្ញុំ​ថា ៖ តើ​ខ្ញុំ​ត្រូវ​ទៅ​ទីណា ដើម្បី​រក​អាហារ​បាន?

    ២៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឪពុក​ខ្ញុំ​បាន​សូម​ដល់​ព្រះ​អម្ចាស់ ព្រោះ​អី​ពួក​គេ​បាន​បន្ទាប​ខ្លួន​ដោយ​សារ​សម្ដី​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​និយាយ​ជាច្រើន​ទៅ​កាន់​ពួក​គេ ដោយ​អស់​ពី​សមត្ថភាព​នៃ​ដួងចិត្ត​ខ្ញុំ។

    ២៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា សំឡេង​នៃ​ព្រះ​អម្ចាស់ បាន​បន្លឺ​មក​ឪពុក​ខ្ញុំ ហើយ​ឪពុក​ខ្ញុំ​បាន​ត្រូវ​ស្ដី​ប្រដៅ​ជា​ទម្ងន់ ដោយ​មក​ពី​លោក​បាន​រអ៊ូរទាំ​ទាស់​នឹង​ព្រះ​អម្ចាស់ ដរាប​ដល់​លោក​ធ្លាក់​ទៅ​ក្នុង​ជម្រៅ​នៃ​ការ​សោកសៅ។

    ២៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា សំឡេង​នៃ​ព្រះ​អម្ចាស់ ក៏​មាន​ព្រះ​បន្ទូល​មក​លោ​ក​ថា ៖ ចូរ​មើល​លើ​ដុំ​មូល នោះ​នឹង​ឃើញ​អ្វី​ដែល​បាន​សរសេរ​ទុក។

    ២៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ឪពុក​ខ្ញុំ​ឃើញ​នូវ​អ្វីៗ ដែល​បាន​សរសេរ​ទុក នៅ​លើ​ដុំ​មូល​ហើយ នោះ​លោក​ក៏​កើត​ក្ដី​ភ័យខ្លាច ហើយ​ញ័រ​រន្ធត់ ហើយ​ព្រម​ទាំង​បងៗ​ខ្ញុំ កូន​ប្រុស​ទាំង​ឡាយ​របស់​អ៊ីសម៉ាអែល ហើយ​នឹង​ប្រពន្ធ​យើង​ក៏​ដូច្នោះ​ដែរ។

    ២៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ បាន​ឃើញ​ថា ទ្រនិច​នៅ​ក្នុង​ដុំ​មូល​នោះ ដើរ​តាម​សេចក្ដី​ជំនឿ និង​សេចក្ដី​ព្យាយាម និង​ការ​គោរព​ដែល​យើង​មាន​ចំពោះ​វា។

    ២៩ហើយ​មាន​ការ​សរសេរ​ថ្មី​ទុក​នៅ​ក្នុង​ដុំ​មូល​នោះ​ផង​ដែរ គឺ​ច្បាស់​សម្រាប់​អាន ដែល​បណ្ដាល​ឲ្យ​យើង​យល់​ផ្លូវ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​បាន ហើយ​សេចក្ដី​ទាំង​នោះ បាន​ត្រូវ​សរសេរ ហើយ​ផ្លាស់​ប្ដូរ​តាម​វេលា ស្រប​តាម​សេចក្ដី​ជំនឿ និង​សេចក្ដី​ព្យាយាម ដែល​យើង​មាន​ចំពោះ​វា។ ដោយ​ហេតុ​នេះ​ហើយ ទើប​យើង​ឃើញ​ថា ដោយ​សារ​មធ្យោបាយ​ដ៏​តូចតាច នោះ​ព្រះ​អម្ចាស់​ទ្រង់​អាច​សម្រេច​ការណ៍​យ៉ាង​ធំ​បាន។

    ៣០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ បាន​ដើរ​ឡើង​ទៅ​ដល់​កំពូលភ្នំ​តាម​សេចក្ដី​ណែនាំ ដែល​មាន​នៅ​ក្នុង​ដុំ​មូល​នោះ។

    ៣១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​បរបាញ់​សត្វព្រៃ​ជាច្រើន ដរាប​ដល់​ខ្ញុំ​អា​ចរក​អាហារ​បាន​សម្រាប់​គ្រួសារ​យើង​ទាំង​អស់​គ្នា។

    ៣២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ត្រឡប់​មក​ត្រសាល​យើង​វិញ ដោយ​រែក​សត្វព្រៃ ដែល​ខ្ញុំ​បាញ់​បាន ហើយ​ឥឡូវ​នេះ កាល​ពួក​គេ​បាន​ឃើញ​ខ្ញុំ​រក​អាហារ​មក​បាន នោះ​គេ​ក៏​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង! ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​ក៏​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​អម្ចាស់ ហើយ​បាន​ថ្លែង​អំណរគុណ​ដល់​ទ្រង់។

    ៣៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​ក៏​បាន​បន្ត​ដំណើរ​របស់​យើង​ទៀត ដោយ​ទៅ​តាម​ក្បែរ​ផ្លូវ​ដដែល ដូច​ដែល​យើង​បាន​ធ្វើ​មក ហើយ​បន្ទាប់​ពី​យើង​បាន​ធ្វើ​ដំណើរ​អស់​ជាច្រើន​ថ្ងៃ យើង​បាន​បោះ​ត្រសាល​ម្ដង​ទៀត ដើម្បី​ឲ្យ​យើង​អាច​ឈប់​សម្រាក​មួយ​រយៈ​សិន។

    ៣៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អ៊ីសម៉ាអែល​ក៏​ស្លាប់​ទៅ ហើយ​បាន​ត្រូវ​បញ្ចុះ​នៅ​កន្លែង​មួយ​ហៅ​ថា ណាហុម។

    ៣៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កូន​ស្រី​ទាំង​ប៉ុន្មាន​របស់​អ៊ីសម៉ាអែល បាន​យំ​ទួញ​សោក​ជា​ខ្លាំង ពី​ព្រោះ​មក​ពី​ការ​បាត់បង់​ឪពុក​របស់​ពួក​គេ ហើយ​ពី​ព្រោះ​មក​ពី​សេចក្ដី​វេទនា​របស់​គេ​នៅ​ក្នុង​ទីរហោស្ថាន ហើយ​គេ​បាន​រអ៊ូរទាំ​ទាស់​នឹង​ឪពុក​ខ្ញុំ ពី​ព្រោះ​លោក​បាន​នាំ​ពួក​គេ​ចេញ​ពី​ដែនដី​យេរូសាឡិម​ថា ៖ ឪពុក​យើង​ស្លាប់​ហើយ មែន​ហើយ យើង​បាន​ដើរ​រសាត់​ព្រាត់​នៅ​ក្នុង​ទីរហោស្ថាន ហើយ​យើង​បាន​រងទុក្ខ​វេទនា​នូវ​សេចក្ដី​អត់ឃ្លាន សេចក្ដី​ស្រេក និង​សេចក្ដី​នឿយហត់​ជា​ខ្លាំង ហើយ​បន្ទាប់ពី​សេចក្ដី​ទុក្ខលំបាក​ទាំង​នេះ យើង​នឹង​ត្រូវ​វិនាស​នៅ​ក្នុង​ទីរហោស្ថាន ដោយ​ការ​អត់ឃ្លាន​ទៀត។

    ៣៦ហើយ​ពួក​គេ​បាន​រអ៊ូរទាំ​ទាស់​នឹង​ឪពុក​ខ្ញុំ ហើយ​ទាស់​នឹង​ខ្ញុំ​ដូច្នេះ​ដែរ ហើយ​ពួក​គេ​មាន​ប្រាថ្នា​ចង់​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូសាឡិម​វិញ។

    ៣៧ហើយ​លេមិន​បាន​និយាយ​ទៅ​លេមយួល និង​កូន​ប្រុស​ទាំង​ឡាយ​របស់​អ៊ីសម៉ាអែល​ផង​ថា ៖ មើល​ចុះ ចូរ​យើង​សម្លាប់​ឪពុក​យើង និង​ប្អូន​ប្រុស​យើង​ផង គឺ​នីហ្វៃ ដែល​ជា​អ្នក​បាន​លើក​ខ្លួន​ធ្វើ​ជា​អ្នក​ត្រួតត្រា និង​ជា​គ្រូបង្រៀន​យើង ដែល​ត្រូវ​ជា​បងៗ​របស់​វា។

    ៣៨ឥឡូវ​នេះ វា​និយាយ​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រាប់​វា ហើយ​ថា ពួក​ទេវតា​បាន​ធ្វើ​ការងារ​បម្រើ​វា​ទៀត។ ប៉ុន្តែ​មើល​ចុះ យើង​ដឹង​ថា វា​កុហក​យើង ហើយ​វា​ប្រាប់​យើង​ពី​រឿង​ទាំង​នេះ ហើយ​វា​ប្រឌិត​រឿង​ជាច្រើន ដោយ​សារ​ល្បិច​ភូតភរ​របស់​វា ដើម្បី​វា​អាច​បន្លំ​ភ្នែក​យើង ដោយ​គិត​ថា ប្រហែលជា​វា​អាច​នាំ​យើង​ទៅ​ក្នុង​ទីរហោស្ថាន​ដ៏​ចម្លែក ហើយ​បន្ទាប់ពី​វា​បាន​នាំ​យើង​ទៅ​ឆ្ងាយ​ហើយ វា​គិត​ថា នឹង​លើក​ខ្លួន​វា​ជា​ស្ដេច និង​ជា​អ្នក​ត្រួតត្រា​លើ​យើង ដើម្បី​វា​នឹង​អាច​ធ្វើ​អ្វីៗ​ដល់​យើង ស្រប​តាម​ចំណង់ និង​ការ​គាប់ចិត្ត​វា។ ហើយ​ដោយ​ពាក្យ​បែប​នេះ​ហើយ ដែល​បង​ខ្ញុំ លេមិន បាន​ចាក់រុក​ចិត្ត​ពួក​គេ​ឲ្យ​កើត​សេចក្ដី​ក្រេវក្រោធ។

    ៣៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​គង់​នៅ​ជាមួយ​នឹង​យើង មែន​ហើយ សូម្បីតែ​សំឡេង​នៃ​ព្រះ​អម្ចាស់ ក៏​បាន​បន្លឺ​មក​យើង ហើយ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ជាច្រើន ហើយ​បាន​ស្ដី​ប្រដៅ​ពួក​គេ​ជា​ខ្លាំង ហើយ​បន្ទាប់ពី​ពួក​គេ​បាន​ត្រូវ​ស្ដី​ប្រដៅ ដោយ​សំឡេង​នៃ​ព្រះ​អម្ចាស់​ហើយ គេ​ក៏​ឈប់​ខឹង​ទៅ ហើយ​ប្រែចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​គេ ដរាប​ដល់​ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រទាន​ពរ​ដល់​យើង ដោយ​ប្រទាន​អាហារ​ទៀត ដែល​យើង​មិន​បាន​វិនាស​ឡើយ ៕