នីហ្វៃ ទី ១ 10
    កំណត់ចំណាំ​នៅ​បាត
    បាវចនា

    ជំពូក​ទី ១០

    លីហៃ​ទាយ​ថា​ពួក​សាសន៍​យូដា នឹង​ត្រូវ​ចាប់​យក​ទៅ​ជា​ឈ្លើយ ដោយ​ពួក​សាសន៍​បា​ប៊ី​ឡូ​ន — លោក​ប្រាប់​អំពី​ការ​យាង​មក​នៃ​ព្រះ​មែស៊ី ជា​ព្រះ​អង្គ​សង្គ្រោះ ជា​ព្រះ​ប្រោស​លោះ នៅ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា — លោក​ប្រាប់​អំពី​ការ​យាង​មក​នៃ​បុរស​ម្នាក់ ដែល​នឹង​ធ្វើ បុណ្យ​ជ្រមុជ​ទឹក​ថ្វាយ​កូន​ចៀម​នៃ​ព្រះ​ដែរ — លីហៃ​ប្រាប់​អំពី​ការ​សុគត និង​ដំណើរ​រស់​ឡើងវិញ​នៃ​ព្រះ​មែស៊ី — លោក​ប្រៀបធៀប​ការខ្ចាត់ខ្ចាយ និង​ការប្រមូល​នៃ​សាសន៍​អ៊ីស្រាអែល ទៅ​នឹង​ដើម​អូលីវ — នីហ្វៃ​និយាយ​អំពី​ព្រះ​រាជ​បុត្រា​នៃ​ព្រះ អំពី​អំណោយទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​នឹង​អំពី​សេចក្ដី​ត្រូវការ​សម្រាប់​សេចក្ដី​សុចរិត។ ប្រមាណ​ជា​ឆ្នាំ ៦០០–៥៩២ ម.គ.ស.។

    ហើយ​ឥឡូវ​នេះ ខ្ញុំ នីហ្វៃ នឹង​ចាប់​ផ្ដើម​ឲ្យ​ដំណើរ​រឿង​នៅ​លើ​ផ្ទាំង​ទាំង​នេះ​នូវ​ដំណើរការ​ទាំង​ឡាយ​របស់​ខ្ញុំ និង​រជ្ជកាល ហើយ​នឹង​ការងារ​បម្រើ​របស់​ខ្ញុំ ហេតុ​ដូច្នោះ​ហើយ ដើម្បី​នឹង​ចាប់​ផ្ដើម​ប្រាប់​ពី​ដំណើរ​រឿង​ខ្ញុំ ខ្ញុំ​ត្រូវ​និយាយ​អំពី​រឿង​របស់​ឪពុក​ខ្ញុំ​ខ្លះ ហើយ​នឹង​របស់​បងៗ​ខ្ញុំ​ដែរ។

    ត្បិត​មើល​ចុះ ហេតុការណ៍​បាន​កើត​ឡើង គឺ​បន្ទាប់​ពី​ឪពុក​ខ្ញុំ​បាន​បញ្ចប់​ការនិយាយ​នូវ​ពាក្យ​ទាំង​ឡាយ អំពី​សុបិន​របស់​លោក និង​ការទូន្មាន​ឲ្យ​បងៗ​ខ្ញុំ មាន​ចិត្ត​ឧស្សាហ៍​គ្រប់​យ៉ាង​ហើយ នោះ​លោក​ប្រាប់​ពួក​គេ​អំពី​ពួក​សាសន៍​យូដា —

    ថា​បន្ទាប់​ពី​ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ចោល សូម្បី​តែ​ក្រុង​យេរូសាឡិម​ដ៏​ធំ ហើយ​មនុស្ស​ជា​ច្រើន នឹង​ត្រូវ​ចាប់​យក​ទៅ​ជា​ឈ្លើយ​នៅ​ក្រុង​បាប៊ីឡូន តាម​កំណត់​នៃ​ព្រះ​អម្ចាស់ នោះ​ពួក​គេ​នឹង​ត្រឡប់​មក​វិញ មែន​ហើយ គឺ​នឹង​ត្រូវ​នាំ​ចេញ​ពី​ការ​ជាប់​ឃុំឃាំង​មក ហើយ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​នាំ​ចេញ​ពី​ការ​ជាប់​ឃុំឃាំង​មក នោះ​ពួក​គេ​នឹង​បាន​ដែនដី​នៃ​កេរ្តិ៍អាករ​របស់​គេ​វិញ។

    មែន​ហើយ គឺ​ប្រាំមួយ​រយ​ឆ្នាំ ចាប់​តាំង​ពី​ពេល​ដែល​ឪពុក​ខ្ញុំ​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម​មក នោះ​នឹង​មាន​ព្យាការី​ម្នាក់​ដែល ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​លើក​ឡើង​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា — គឺ​ព្រះ​មែស៊ី ឬ​ពាក្យ​ម្យ៉ាង​ទៀត​ថា ព្រះ​អង្គ​សង្គ្រោះ​នៃ​ពិភពលោក។

    ហើយ​លោក​ថែម​ទាំង​បាន​និយាយ​ពី​ពួក​ព្យាការី ដោយ​ថា​មាន​ចំនួន​ជាច្រើន បាន​ធ្វើ​បន្ទាល់​អំពី​រឿង​ទាំង​នេះ គឺ​អំពី​ព្រះ​មែស៊ី​អង្គ​នេះ ដែល​លោក​បាន​និយាយ​ដល់ ឬ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​ពិភពលោក​អង្គ​នេះ។

    ហេតុ​ដូច្នោះ​ហើយ មនុស្ស​លោក​ទាំង​អស់ រស់នៅ​ក្នុង​ស្ថានភាព​វង្វេង និង​ស្ថានភាព​ធ្លាក់ ហើយ​នឹង​នៅ​ជា​ដរាប​ត​ទៅ លើក​លែង​តែ​ពួក​គេ​នឹង​ពឹង​ពាក់​ទៅ​លើ​ព្រះ​ដ៏​ប្រោសលោះ​អង្គ​នេះ។

    ហើយ​លោក​ក៏​បាន​ស្ដី​អំពី​ព្យាការី​ម្នាក់​ដែរ ដែល​នឹង​មក​មុន​ព្រះ​មែស៊ី ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះ​អម្ចាស់–

    មែន​ហើយ គឺ​លោក​នឹង​ចេញ​ទៅ ហើយ​ស្រែក​ប្រកាស​នៅ​ទីរហោស្ថាន​ថា ៖ ចូរ​អ្នក​រាល់​គ្នា​រៀបចំ​ផ្លូវ​ទទួល​ព្រះ​អម្ចាស់ ហើយ​តម្រង់​ផ្លូវ​ថ្វាយ​ទ្រង់​ចុះ ត្បិត​នៅ​ចំណោម​ពួក​អ្នក​រាល់​គ្នា មាន​ព្រះ​មួយ​អង្គ ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់ ហើយ​ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ស្រាយ​ខ្សែ​សុពណ៌​បាទ​ទ្រង់​ទេ។ ហើយ​ឪពុក​ខ្ញុំ​បាន​និយាយ​ជាច្រើន​អំពី​រឿង​នេះ។

    ហើយ​ឪពុក​ខ្ញុំ​បាន​និយាយ​ថា លោក​នោះ​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​នៅ​ភូមិ​បេថាបារ៉ា ខាង​នាយ​ទន្លេ​យ័រដាន់ ហើយ​ឪពុក​ខ្ញុំ​ក៏​បាន​និយាយ​ដែរ​ថា លោក​នោះ​នឹង​ធ្វើបុណ្យ​ជ្រមុជ​ដោយ​ទឹក គឺ​លោក​នេះ​ឯង ដែល​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ថ្វាយ​ព្រះ​មែស៊ី​ដោយ​ទឹក។

    ១០ហើយ​បន្ទាប់ពី​លោក បាន​ធ្វើ​បុណ្យ​ជ្រមុជ​ថ្វាយ​ព្រះ​មែស៊ី​ដោយ​ទឹក​ហើយ នោះ​លោក​នឹង​ឃើញ ហើយ​នឹង​ធ្វើ​បន្ទាល់​ថា លោក​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ថ្វាយ​កូន​ចៀម​នៃ​ព្រះ គឺ​ជា​ព្រះ​ដែល​នឹង​លោះ​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក។

    ១១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ឪពុក​ខ្ញុំ​បាន​និយាយ​នូវ​ពាក្យ​ទាំង​នេះ​រួច​ហើយ លោក​បាន​និយាយ​ទៅ​បងៗ​ខ្ញុំ អំពី​ដំណឹង​ល្អ​ដែល​នឹង​ត្រូវ​យក​ទៅ​ផ្សព្វផ្សាយ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា ហើយ​នឹង​អំពី​ការ​ចុះ​អន់ថយ ក្នុង​ការ​ឥត​ជំនឿ​នៃ​ពួក​សាសន៍​យូដា​ផង។ ហើយ​បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើគត​ព្រះ​មែស៊ី​ដែល​នឹង​យាង​មក ហើយ​បន្ទាប់​ពី​ទ្រង់​ត្រូវ​គេ​ធ្វើ​គត នោះ​ទ្រង់​នឹង​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​នឹង​សម្ដែង​រូបអង្គ​ទ្រង់​ដល់​ពួក​សាសន៍​ដទៃ ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

    ១២មែន​ហើយ គឺ​ឪពុក​ខ្ញុំ​បាន​និយាយ​ជាច្រើន អំពី​ពួក​សាសន៍​ដទៃ និង​អំពី​វង្ស​អ៊ីស្រាអែល​ផង​ថា ពួក​គេ​នឹង​ត្រូវ​ប្រៀបធៀប​ដូច​ជា​ដើម​អូលីវ ដែល​មែក​ទាំង​ឡាយ​នឹង​ត្រូវ​កាត់​ចេញ ហើយ​ត្រូវ​ខ្ចាត់ខ្ចាយ​ពាសពេញ​នៅ​លើ​ផ្ទៃ​ផែនដី។

    ១៣ហេតុ​ដូច្នោះ​ហើយ លោក​បាន​និយាយ​ថា ជា​ការ​ចាំបាច់ ដែល​យើង​ត្រូវ​នាំ​ទៅ​ឯ​ដែនដី​សន្យា ដើម្បី​បំពេញ​នូវ​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់​ថា យើង​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ​ពាសពេញ​នៅ​លើ​ផ្ទៃ​ផែនដី។

    ១៤ហើយ​បន្ទាប់​ពី​វង្ស​អ៊ីស្រាអែល ត្រូវ​ខ្ចាត់ខ្ចាយ​ទៅ​ហើយ នោះ​ពួក​គេ​នឹង​បាន​ប្រមូល​រួម​គ្នា​ជា​ថ្មី ឬ​សរុប​សេចក្ដី​ថា បន្ទាប់​ពី ពួក​សាសន៍​ដទៃ បាន​ទទួល​នូវ​ភាព​ពោរពេញ​នៃ​ដំណឹង​ល្អ​ហើយ នោះ​មែក​កំណើត​ទាំង​ឡាយ​នៃ​ដើម​អូលីវ ឬ​ក៏​សំណល់​ទាំង​ឡាយ​នៃ​វង្ស​អ៊ីស្រាអែល នឹង​បាន​បំបៅ​ជាប់​នឹង​ដើម​វិញ ឬ​នឹង​បាន​ការ​ចេះ​ដឹង​អំពី​ព្រះ​មែស៊ី​ដ៏​ពិត គឺ​ជា​ព្រះ​អម្ចាស់​របស់​ពួក​គេ និង​ព្រះ​ដ៏​ប្រោស​លោះ​របស់​ពួក​គេ។

    ១៥ហើយ​ដោយ​ពាក្យ​បែប​នេះ​ហើយ ដែល​ឪពុក​ខ្ញុំ​បាន​ព្យាករ ហើយ​និយាយ​ទៅ​បងៗ​ខ្ញុំ ហើយ​ព្រម​ទាំង​រឿង​ជាច្រើន​ទៀត ដែល​ខ្ញុំ​ពុំ​បាន​សរសេរ​ទុក​នៅ​ក្នុង​សៀវភៅ​នេះ ត្បិត​ខ្ញុំ​បាន​សរសេរ​ជាច្រើន​រឿង ដែល​គាប់ចិត្ត​ខ្ញុំ ទុក​នៅ​ក្នុង​សៀវភៅ​របស់​ខ្ញុំ​មួយ​ទៀត​ហើយ។

    ១៦ហើយ​គ្រប់​រឿង​ទាំង​អស់ ដែល​ខ្ញុំ​បាន​និយាយ​នេះ គឺ​កើត​ឡើង​ក្នុង​កាលដែល​ឪពុក​ខ្ញុំ​អាស្រ័យ​នៅ​ក្នុង​ត្រសាល នៅ​ក្នុង​ច្រក​ភ្នំ​លេមយួល។

    ១៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ខ្ញុំ នីហ្វៃ បាន​ឮ​ពាក្យ​ពេចន៍​ទាំង​អស់​របស់​ឪពុក​ខ្ញុំ អំពី​រឿង​ទាំង​ឡាយ ដែល​លោក​បាន​ឃើញ​នៅ​ក្នុង​ការនិមិត្ត ហើយ​ព្រម​ទាំង​រឿង​ទាំង​ឡាយ ដែល​លោក​បាន​និយាយ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺ​ជា​អំណាច​ដែល​លោក​បាន​ទទួល ដោយ​សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ — ហើយ​ឯ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​នោះ គឺជា​ព្រះ​មែស៊ី ដែល​នឹង​យាង​មក — នោះ​ខ្ញុំ នីហ្វៃ ក៏​ប្រាថ្នា​ចង់​ឃើញ និង​ឮ និង​ដឹង​នូវ​រឿង​ទាំង​នេះ​ដែរ គឺ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ជា​អំណោយទាន​នៃ​ព្រះ​ដល់​អស់​អ្នក​ណា ដែល​ព្យាយាម​ស្វែងរក​ទ្រង់ ទោះ​ជា​នៅ​ជំនាន់​បុរាណ ក៏​ដូច​ជា​នៅ​ជំនាន់​ដែល​ទ្រង់​នឹង​សម្ដែង​រូបអង្គ​ទ្រង់​ដល់​កូន​ចៅ​មនុស្ស​ដែរ។

    ១៨ត្បិត​ទ្រង់​នៅ​តែ​ដដែល គឺ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ ហើយ​ទៅ​ដល់​អស់​កល្ប​ជានិច្ច​ត​ទៅ ហើយ​ផ្លូវ​ត្រូវ​បាន​រៀបចំ​ឡើង សម្រាប់​មនុស្ស​ទាំង​អស់ ចាប់​តាំង​ពី​កំណើត​លោកិយ​មក ប្រសិន​បើ​ពួក​គេ​ប្រែចិត្ត ហើយ​មក​រក​ទ្រង់។

    ១៩ត្បិត​អ្នក​ណា​ដែល​ព្យាយាម​រក​នឹង​ឃើញ ហើយ​ការ​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ នឹង​បាន​បើក​បង្ហាញ​ដល់​គេ ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ទោះ​នៅ​ជំនាន់​នេះ ក៏​ដូច​ជា​នៅ​ជំនាន់​ដើម​ដែរ ហើយ​ទោះ​ជា​នៅ​ជំនាន់​ដើម ក៏​ដូច​ជា​នៅ​ជំនាន់​ខាងមុខ​ដែរ ហេតុ​ដូច្នោះ​ហើយ​ដំណើរ​នៃ​ព្រះ​អម្ចាស់ គឺជា​វង់​មួយ​ដ៏​នៅ​អស់​កល្ប​ជានិច្ច។

    ២០ហេតុ​ដូច្នេះ ចូរ​ចាំ​ចុះ ឱ​អ្នក​អើយ ត្បិត​គ្រប់ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​អ្នក នោះ​នឹង​ត្រូវ​បញ្ជូន​មក​ជំនុំ​ជំរះ​វិញ។

    ២១ហេតុ​ដូច្នោះ​ហើយ បើសិនជា​អ្នក​រាល់​គ្នា​ព្យាយាម​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ក្នុង​ថ្ងៃ​ទាំង​ឡាយ នៃ​ការ​សាកល្បង​របស់​អ្នក​រាល់​គ្នា នោះ​នឹង​ឃើញ​ថា អ្នក​រាល់​គ្នា​មិន​ស្អាត​នៅ​ចំពោះ​វេទិកា​ជំនុំ​ជំរះ​នៃ​ព្រះ​ទេ ហើយ​គ្មាន​អ្វី​ដែល​មិន​ស្អាត អាច​អាស្រ័យ​នៅ​ជាមួយ​នឹង​ព្រះ​បាន​ឡើយ ហេតុ​ដូច្នោះ​ហើយ អ្នក​នឹង​ត្រូវ​បោះបង់​ចោល​ជា​រៀង​ដរាប​ត​ទៅ។

    ២២ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ទ្រង់​បាន​ប្រទាន​អំណាច​ឲ្យ​ខ្ញុំ​និយាយ​រឿង​ទាំង​នេះ ហើយ​មិន​ឲ្យ​ខ្ញុំ​បដិសេធ​រឿង​ទាំង​នេះ​ឡើយ៕