នីហ្វៃ ទី ១ 22
    កំណត់ចំណាំ​នៅ​បាត
    បាវចនា

    ជំពូក​ទី ២២

    សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ​ពាសពេញ​លើ​ផ្ទៃ​ផែនដី — ពួក​សាសន៍​ដទៃ​នឹង​បំបៅ ហើយ​ចិញ្ចឹម​ពួក​សាសន៍​អ៊ីស្រាអែល​តាម​ដំណឹងល្អ​នៅ​គ្រា​ក្រោយ​បង្អស់ — សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​មូល​គ្នា ហើយ​នឹង​បាន​សង្គ្រោះ ឯ​ពួក​ទុច្ចរិត​នឹង​ត្រូវ​ឆេះ​ដូច​ជា​ចំបើង — នគរ​នៃ​អារក្ស​នឹង​ត្រូវ​បំផ្លាញ​ចោល ឯ​អារក្ស​សាតាំង នឹង​ត្រូវ​បាន​ចង។ ប្រមាណ​ជា​ឆ្នាំ ៥៨៨–៥៧០ ម.គ.ស.។

    ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់ពី​ខ្ញុំ នីហ្វៃ បាន​អាន​រឿង​ទាំង​នេះ ដែល​បាន​ចារិក​នៅ​លើ​ផ្ទាំង​លង្ហិន​រួច​ហើយ នោះ​បងៗ​ខ្ញុំ​បាន​មក​រក​ខ្ញុំ ហើយ​និយាយ​នឹង​ខ្ញុំ​ថា ៖ តើ​រឿង​ដែល​ឯង​បាន​អាន​ទាំង​នេះ មាន​ន័យ​ថា​ដូច​ម្ដេច​ដែរ? មើល​ចុះ តើ​រឿង​ទាំង​នេះ ត្រូវ​ឲ្យ​យើង​បាន​យល់​តាម​ផ្លូវ​ខាង​ឯ​វិញ្ញាណ ដែល​នឹង​កើតឡើង​មក​ពី​ខាង​វិញ្ញាណ តែ​មិនមែន​មក​ពី​ខាង​សាច់ឈាម​ឬ​អី?

    ហើយ​ខ្ញុំ នីហ្វៃ បាន​និយាយ​ទៅ​ពួក​គេ​ថា ៖ មើល​ចុះ រឿង​ទាំង​នោះ​ត្រូវ​បាន​ថ្លែង​ប្រាប់​ដល់​ពួក​ព្យាការី​ដោយ​សំឡេង​នៃ​ព្រះ​វិញ្ញាណ ត្បិត​ដោយ​សារ​ព្រះ​វិញ្ញាណ ទើប​គ្រប់​រឿង​ទាំង​អស់​ត្រូវ​បាន​ធ្វើ​ឲ្យ​ដឹង​ដល់​ពួក​ព្យាការី ដែល​នឹង​កើត​មាន​ឡើង​ដល់​កូនចៅ​មនុស្ស ស្រប​តាម​សាច់ឈាម។

    ហេតុ​ដូច្នោះ​ហើយ រឿង​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​អាន​នោះ គឺ​ជា​រឿង​ដែល​ទាក់ទង​ទៅ​នឹង​រឿង​ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ផង ត្បិត​ហាក់​បី​ដូច​ជា​មិន​យូរ​មិន​ឆាប់ វង្ស​អ៊ីស្រាអែល​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ​ពាសពេញ​លើ​ផ្ទៃ​ផែនដី និង​គ្រប់​ចំណោម​សាសន៍​នានា។

    ហើយ​មើល​ចុះ មាន​មនុស្ស​ជាច្រើន ដែល​អ្នក​នៅ​ឯ​ក្រុង​យេរូសាឡិម​ឈប់​ស្គាល់​ទៀត។ មែន​ហើយ មនុស្ស​មួយ​ភាគ​ធំ​នៃ​អស់​ទាំង​ពូជ​អំបូរ​ត្រូវ​បាន​ដឹកនាំ​ចេញ​ទៅ ហើយ​ពួក​គេ​ត្រូវ​បាន​ខ្ចាត់ខ្ចាយ​ទៅ​វិញ​ទៅ​មក​ពាសពេញ​អស់​ទាំង​កោះ​នៅ​ក្នុង​សមុទ្រ ហើយ​ពួក​គេ​នៅ​ឯ​ណា នោះ​គ្មាន​ពួក​យើង​ណា​ម្នាក់​ដឹង​ទេ យើង​គ្រាន់តែ​ដឹង​ថា ពួក​គេ​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប៉ុណ្ណោះ។

    ហើយ​តាំង​ពី​ពេល​ពួក​គេ​ត្រូវ​បាន​នាំ​ចេញ​ទៅ នោះ​រឿង​ទាំង​នេះ​ត្រូវ​បាន​ព្យាករ​អំពី​ពួក​គេ និង​អំពី​អស់​ទាំង​ពួក​អ្នក​ដែល​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ ហើយ​លាយឡំ​ពី​អំណឹះ​ទៅ ពី​ព្រោះ​មក​ពី​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ត្បិត​ពួក​គេ​នឹង​ធ្វើ​ចិត្ត​រឹងរូស​ទាស់​នឹង​ទ្រង់ ហេតុ​ដូច្នោះ​ហើយ ពួក​គេ​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ​ទៅ​លើ​គ្រប់​ចំណោម​សាសន៍​នានា ហើយ​នឹង​ទៅ​ជា​ទី​ស្អប់​ដល់​គ្រប់​មនុស្ស។

    តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់ពី​ពួក​សាសន៍​ដទៃ​បាន​បំបៅ​គេ ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​បោយ​ដៃ​ហៅ​អស់​ទាំង​សាសន៍​ដទៃ ហើយ​លើក​ពួក​គេ​ឡើង​ជា​ទង់ជ័យ ហើយ​កូនចៅ​របស់​ពួក​គេ​ត្រូវ​បាន​បី​មក ហើយ​បាន​បញ្ជិះ​កូន​ស្រី​នៅ​លើ​ស្មា​គេ មើល​ចុះ រឿង​ទាំង​នេះ ដែល​បាន​ពោល​ដល់ គឺ​ជា​រឿង​ខាង​សាច់ឈាម ត្បិត​នេះ​គឺ​ជា​សេចក្ដី​សញ្ញា​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​ដល់​ពួក​អយ្យកោ​យើង ហើយ​រឿង​នេះ​មាន​ន័យ​ដល់​ពួក​យើង​នៅ​ថ្ងៃ​ខាង​មុខ​នេះ និង​ដល់​បងប្អូន​យើង​ទាំង​ប៉ុន្មាន ដែល​ជា​ពួក​អ្នក​នៃ​វង្ស​អ៊ីស្រាអែល​ផង។

    ហើយ​រឿង​នេះ​មាន​ន័យ​ថា ពេល​វេលា​នឹង​មក​ដល់ គឺ​បន្ទាប់​ពី​អស់​ទាំង​វង្ស​អ៊ីស្រាអែល ត្រូវ​បាន​ខ្ចាត់ខ្ចាយ ហើយ​លាយឡំ នោះ​ព្រះ​អម្ចាស់​ទ្រង់​នឹង​លើក​សាសន៍​ដ៏​ខ្លាំងពូកែ​មួយ​ឡើង​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ មែន​ហើយ គឺ​នៅ​លើ​ដែនដី​នេះ​ផង ហើយ​ដោយ​សារ​ពួក​គេ​នេះ​ហើយ​ដែល​ពូជ​យើង​នឹង​ត្រូវ​បាន​ខ្ចាត់ខ្ចាយ។

    ហើយ​បន្ទាប់ពី​ពូជ​យើង​ត្រូវ​ខ្ចាត់ខ្ចាយ នោះ​ព្រះ​អម្ចាស់​ទ្រង់​នឹង​ចាប់​ផ្ដើម​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ ជា​ការណ៍​មាន​ប្រយោជន៍​ដ៏​សំខាន់​ដល់​ពូជ​យើង ហេតុ​ដូច្នោះ​ហើយ រឿង​នេះ​ប្រៀប​ដូច​ជា​ពួក​សាសន៍​ដទៃ​បាន​ចិញ្ចឹម​ពូជ​យើង ហើយ​បាន​ទាំង​បី ហើយ​បញ្ជិះ​លើ​ស្មា​គេ។

    ហើយ​ជា​ការណ៍​ដ៏​មាន​ប្រយោជន៍​ដល់​ពួក​សាសន៍​ដទៃ​ដែរ ហើយ​មិន​ត្រឹមតែ​ដល់​ពួក​សាសន៍​ដទៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការណ៍​នេះ មាន​ប្រយោជន៍​ដល់ពួក​សាសន៍​អ៊ីស្រាអែល​ថែម​ទៀត​ផង ដើម្បី​ធ្វើ​ឲ្យ​ដឹង​ពី​សេចក្ដី​សញ្ញា​នៃ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​ដល់​អ័ប្រាហាំ​ថា ៖ ដោយ​សារ​ពូជ​អ្នក នោះ​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​បាន​ពរ។

    ១០ឱ​បង​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អស់​ទាំង​ពូជ​មនុស្ស​នៅ​លើ​ផែនដី​មិន​អាច​បាន​ទទួល​ពរ​ទេ ប្រសិនបើ​ទ្រង់​មិន​បាន​លាត​ព្រះ​ពាហុ​នៅ​ភ្នែក​នៃ​សាសន៍​ទាំង​ឡាយ​នោះ។

    ១១ហេតុ​ដូច្នោះ​ហើយ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ចាប់​ផ្ដើម​លាត​ព្រះ​ពាហុ​នៅ​ភ្នែក​នៃ​គ្រប់​ទាំង​សាសន៍ ដើម្បី​នឹង​នាំ​យក​សេចក្ដី​សញ្ញា​ទាំង​ឡាយ​របស់​ទ្រង់ និង​ដំណឹង​ល្អ​របស់​ទ្រង់ មក​ដល់​អស់​អ្នក​ណា ដែល​ជា​វង្ស​អ៊ីស្រាអែល។

    ១២ហេតុ​ដូច្នោះ​ហើយ ទ្រង់​នឹង​នាំ​ពួក​គេ​ចេញ​ពី​ការ​ជាប់​ឃុំឃាំង​ទៀត ហើយ​ពួក​គេ​នឹង​ប្រមូល​គ្នា​មក​ឯ​ដែនដី​កេរ្តិ៍អាករ​របស់​គេ​វិញ ហើយ​ពួក​គេ​នឹង​ត្រូវ​នាំ​ចេញ​ពី​ទី​អាប់អួ និង​ពី​ទី​នៃ​សេចក្ដី​ងងឹត ហើយ​ពួក​គេ​នឹង​ដឹង​ថា ព្រះ​អម្ចាស់ គឺជា​ព្រះ​អង្គសង្គ្រោះ​របស់​គេ ហើយ​ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​គេ គឺ​ជា​ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ​នៃ​សាសន៍​អ៊ីស្រាអែល។

    ១៣ហើយ​ឈាម​នៃ​សាសនាចក្រ​ដ៏​ធំ ហើយ​គួរ​ខ្ពើម​ឆ្អើម​នោះ ដែល​ជា​ពេស្យា​នៃ​អស់​ទាំង​ផែនដី​នឹង​ត្រឡប់​មក​លើ​ក្បាល​ពួក​គេ ត្បិត​ពួក​គេ​នឹង​ធ្វើ​សង្គ្រាម​ចំពោះ​គ្នា​ឯង ហើយ​ដាវ​ទាំង​ឡាយ​នៅ​ដៃ​របស់​ពួក​គេ​នឹង​ធ្លាក់​មក​លើ​ក្បាល​ពួក​គេ ហើយ​ពួក​គេ​នឹង​ស្រវឹង ដោយ​ឈាម​របស់​ខ្លួន​ផ្ទាល់។

    ១៤ឱ​វង្ស​អ៊ីស្រាអែល​អើយ គ្រប់​ទាំង​សាសន៍​ដែល​ធ្វើ​សង្គ្រាម​ទាស់​នឹង​អ្នក ពួក​គេ​នឹង​ត្រឡប់​ជា​ទាស់​គ្នា​ឯង​វិញ ហើយ​ពួក​គេ​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ ដែល​ខ្លួន​បាន​ជីក​ទុក​ដាក់​រាស្ត្រ​របស់​ព្រះ​អម្ចាស់។ ហើយ​ជន​ទាំង​អស់​ណា​ដែល​ច្បាំង​នឹង​ក្រុង​ស៊ីយ៉ូន​នឹង​ត្រូវ​បំផ្លាញ​ចោល ហើយ​ពេស្យា​ដ៏​ធំ​នោះ ដែល​បាន​បង្ខូច​ផ្លូវ​ដ៏​ត្រឹមត្រូវ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ មែន​ហើយ សាសនាចក្រ​ដ៏​ធំ ហើយ​គួរ​ខ្ពើមឆ្អើម​នោះ​នឹង​រលំ​ចុះ​មក​ដល់​ធូលី​ដី ហើយ​ការ​រលំ​នោះ​គឺ​ខ្លាំង​ណាស់​ណា។

    ១៥ត្បិត​មើល​ចុះ ព្យាការី​បាន​និយាយ​ថា ថ្ងៃ​នោះ​នឹង​មក​ដល់​យ៉ាង​ឆាប់រហ័ស ដែល​អារក្ស​សាតាំង​នឹង​គ្មាន​អំណាច​ទៅ​លើ​ដួងចិត្ត​នៃ​កូន​ចៅ​មនុស្ស​ទៀត​ទេ ព្រោះ​ថ្ងៃ​ជិត​មក​ដល់​ហើយ ដែល​អស់​ពួក​អ្នក​ឆ្មើងឆ្មៃ និង​អស់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​នឹង​ដូច​ជា​ជញ្ជ្រាំង ហើយ​ថ្ងៃ​នោះ​នឹង​មក​ដល់ ដែល​ពួក​គេ​ត្រូវ​តែ​បាន​ឆេះ​សុស។

    ១៦ត្បិត​វេលា​ជិត​មក​ដល់​ហើយ ដែល​សេចក្ដី​ក្រោធ​ដ៏​ពេញ​ទំហឹង​នៃ​ព្រះ​នឹង​ធ្លាក់​មក​លើ​កូន​ចៅ​មនុស្ស​ទាំង​អស់ ត្បិត​ទ្រង់​នឹង​មិន​ទ្រាំ​ឲ្យ​ពួក​ទុច្ចរិត​បំផ្លាញ​ពួក​សុចរិត​ឡើយ។

    ១៧ហេតុ​ដូច្នោះ​ហើយ ទ្រង់​នឹង​ទំនុក​បម្រុង​ពួក​សុចរិត​ទុក​ដោយ​ព្រះ​ចេស្ដា​ទ្រង់ ទោះ​បី​សេចក្ដី​ក្រោធ​ដ៏​ពេញទំហឹង​របស់​ទ្រង់​នឹង​ធ្លាក់​មក​ក៏​ដោយ ហើយ​ពួក​អ្នក​សុចរិត​នឹង​ត្រូវ​បាន​ទំនុក​បម្រុង​ទុក គឺ​រហូត​ដល់​សេចក្ដី​បំផ្លិចបំផ្លាញ​ពួក​ខ្មាំង​សត្រូវ​គេ​ដោយ​ភ្លើង។ ហេតុ​ដូច្នោះ​ហើយ ពួក​សុចរិត​មិន​ត្រូវ​ខ្លាច​ឡើយ ត្បិត​ព្យាការី​បាន​និយាយ​ដូច្នេះ​ថា ពួក​គេ​នឹង​បាន​សង្គ្រោះ សូម្បីតែ​ដោយ​ភ្លើង។

    ១៨ឱ​បង​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ មើល​ចុះ ខ្ញុំ​ប្រាប់​បង​ថា ការណ៍​ទាំង​នេះ​ត្រូវ​តែ​មក​ដល់​នៅ​ពេល​ឆាប់ មែន​ហើយ គឺ​ឈាម និង​ភ្លើង ហើយ​នឹង​ចំហាយ​ផ្សែង​ត្រូវ​តែ​មក​ដែរ ហើយ​ការណ៍​នេះ​ច្បាស់​ជា​នឹង​កើត​ឡើង​នៅ​លើ​ផែនដី​នេះ ហើយ​ការណ៍​នេះ​នឹង​កើត​ឡើង​ដល់​មនុស្ស ស្រប​តាម​សាច់ឈាម ប្រសិនបើ​ពួក​គេ​ធ្វើ​ចិត្ត​រឹងរូស​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ នៃ​សាសន៍​អ៊ីស្រាអែល។

    ១៩ត្បិត​មើល​ចុះ ពួក​សុចរិត​នឹង​មិន​ត្រូវ​វិនាស​ឡើយ ត្បិត​ពេល​នោះ​ច្បាស់​ជា​នឹង​មក​ដល់​ថា អស់​អ្នក​ណា​ដែល​ច្បាំង​នឹង​ក្រុង​ស៊ីយ៉ូន នោះ​នឹង​ត្រូវ​កាត់កាល់​ចេញ។

    ២០ហើយ​ព្រះ​អម្ចាស់​ទ្រង់​ច្បាស់​ជា​នឹង​រៀបចំ​ផ្លូវ​សម្រាប់​រាស្ត្រ​ទ្រង់ ចំពោះ​ការ​បំពេញ​តាម​ពាក្យ​សម្ដី​របស់​លោក​ម៉ូសេ ដែល​លោក​បាន​និយាយ​ថា ៖ មាន​ព្យាការី​ម្នាក់​ដែល​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​បង្កើត​ឡើង​ដល់​អ្នក​រាល់​គ្នា​ឲ្យ​ដូច​ខ្ញុំ លោក​នោះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​តាម​គ្រប់​ការណ៍​ទាំង​អស់ ដែល​លោក​នឹង​ប្រាប់​ដល់​អ្នក។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អស់​អ្នក​ណា​ដែល​មិន​ព្រម​ស្ដាប់​តាម​ព្យាការី​នោះ​ទេ នោះ​នឹង​ត្រូវ​កាត់កាល់​ចេញ​ពី​ចំណោម​ប្រជាជន។

    ២១ហើយ​ឥឡូវ​នេះ ខ្ញុំ នីហ្វៃ សូម​ថ្លែង​ប្រាប់​បង​ថា ព្យាការី​ដែល​លោក​ម៉ូសេ​បាន​និយាយ​មក​នោះ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ហេតុ​ដូច្នោះ​ហើយ ទ្រង់​នឹង​អនុវត្ត​សេចក្ដី​ជំនុំជំរះ​ដោយ​នូវ​សេចក្ដី​សុចរិត។

    ២២ហើយ​ពួក​សុចរិត​មិន​ត្រូវ​ខ្លាច​ឡើយ ត្បិត​ពួក​គេ​នេះ​ហើយ​ដែល​នឹង​មិន​ត្រូវ​បំផ្លាញ​ចោល​ឡើយ។ ប៉ុន្តែ​គឺ​ជា​នគរ​នៃ​អារក្ស​ទេ​តើ ដែល​នឹង​ត្រូវ​បាន​តាំង​ឡើង​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស ជា​នគរ​ដែល​បង្កើត​ឡើង​ក្នុង​ចំណោម​ពួក​គេ គឺ​ខាង​សាច់ឈាម–

    ២៣ត្បិត​ពេល​នោះ​នឹង​មក​ដល់​យ៉ាង​ឆាប់រហ័ស​ថា អស់​ទាំង​សាសនាចក្រ​ណា​ដែល​បាន​តាំង​ឡើង ដើម្បី​រក​កម្រៃ ហើយ​អស់​អ្នក​ណា​ដែល​បាន​តាំង​ឡើង​ដើម្បី​រក​អំណាច​លើ​ខាង​សាច់ឈាម ហើយ​អស់​អ្នក​ណា​ដែល​បាន​តាំង​ឡើង ដើម្បី​រក​ប្រជាប្រីយភាព​ខាង​ឯ​ភ្នែក​មនុស្ស​លោក និង​អស់​អ្នក​ណា​ដែល​ស្វែងរក​សេចក្ដី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម និង​វត្ថុ​ខាង​លោកិយ ហើយ​ដើម្បី​ប្រព្រឹត្ត​នូវ​សេចក្ដី​ទុច្ចរិត​គ្រប់បែប​យ៉ាង មែន​ហើយ សរុប​សេចក្ដី​ថា អស់​អ្នក​ណា​ដែល​នៅ​ក្នុង​នគរ​របស់​អារក្ស គឺជា​ពួក​អ្នក​ដែល​ត្រូវ​ភិតភ័យ ហើយ​ញ័រ​រន្ធត់ ពួក​គេ​នេះ​ហើយ​ដែល​ជា​ពួក​អ្នក​ដែល​ត្រូវ​រលំ​មក​ដល់​ធូលី​ដី ពួក​គេ​នេះ​ហើយ​ដែល​ជា​ពួក​អ្នក​ដែល​ត្រូវ​ឆេះ​សុស​ដូច​ជា​ជញ្ជ្រាំង ហើយ​ការណ៍​នេះ គឺ​ស្រប​តាម​ពាក្យ​សម្ដី​របស់​ព្យាការី​នោះ។

    ២៤ហើយ​ពេល​នោះ​នឹង​មក​ដល់​យ៉ាង​ឆាប់រហ័ស​ថា ពួក​សុចរិត​នឹង​ត្រូវ​បាន​នាំ​ដូច​ជា​កូន​គោ​នៅ​ក្នុង​ក្រោល ហើយ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​នឹង​សោយរាជ្យ​ដោយ​អំណាច ឥទ្ធិឫទ្ធិ ព្រះ​ចេស្ដា និង​សិរីល្អ​ដ៏​អស្ចារ្យ​របស់​ទ្រង់។

    ២៥ហើយ​ទ្រង់​នឹង​ប្រមូល​កូន​ចៅ​របស់​ទ្រង់​ពី​គ្រប់​ទិស​ទាំង​បួន​នៃ​ផែនដី ហើយ​ទ្រង់​នឹង​រាប់​ចំនួន​ចៀម​របស់​ទ្រង់ ឯ​ពួកវា​ក៏​ស្គាល់​ទ្រង់​ដែរ ហើយ​នឹង​មាន​ចៀម​មួយ​ហ្វូង និង​អ្នក​គង្វាល​មួយ ហើយ​ទ្រង់​នឹង​ចិញ្ចឹម​ចៀម​របស់​ទ្រង់ ហើយ​នៅ​ក្នុង​ព្រះ​អង្គ នោះ​ពួក​វា​នឹង​រក​ឃើញ​វាលស្មៅ

    ២៦ហើយ​ដោយ​សារ​អំពើ​សុចរិត​របស់​រាស្ត្រ​ទ្រង់ នោះ​អារក្ស​សាតាំង​គ្មាន​អំណាច​សោះ ហេតុ​ដូច្នោះ​ហើយ អារក្ស​មិន​អាច​ដោះ​ខ្លួន​ចេញ​មក​បាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ត្បិត​វា​គ្មាន​អំណាច​ទៅ​លើ​ដួងចិត្ត​នៃ​មនុស្ស​ទេ ព្រោះ​ពួក​គេ​ស្ថិត​នៅ​ក្នុង​សេចក្ដី​សុចរិត ហើយ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​សោយរាជ្យ

    ២៧ហើយ​ឥឡូវ​នេះ មើល​ចុះ ខ្ញុំ នីហ្វៃ ប្រាប់​បង​ថា ៖ ការណ៍​ទាំង​អស់​នេះ​នឹង​កើត​ឡើង ស្រប​តាម​សាច់ឈាម។

    ២៨ប៉ុន្តែ​មើល​ចុះ គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា ហើយ​និង​គ្រប់​ទាំង​ប្រជាជន​នឹង​រស់​នៅ​ដោយ​សុខសាន្ត​ជាមួយ​នឹង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ប្រសិនបើ​ពួក​គេ​ព្រម​ប្រែចិត្ត

    ២៩ហើយ​ឥឡូវ​នេះ ខ្ញុំ នីហ្វៃ សូម​បញ្ចប់​តែ​ប៉ុណ្ណេះ ត្បិត​ខ្ញុំ​មិន​ហ៊ាន​និយាយ​តទៅទៀត​អំពី​ការណ៍​ទាំង​នេះ​ឡើយ។

    ៣០ហេតុ​ដូច្នេះ​ហើយ ឱ​បង​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ ខ្ញុំ​ចង់​ឲ្យ​បង​ចាត់​ទុក​ថា សេចក្ដី​ដែល​សរសេរ​នៅ​លើ​ផ្ទាំង​លង្ហិន​ទាំង​នោះ គឺ​ពិត ហើយ​សេចក្ដី​ទាំង​នោះ​ធ្វើ​បន្ទាល់​ថា មនុស្ស​ត្រូវ​តែ​គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ។

    ៣១ហេតុ​ដូច្នេះ​ហើយ បង​រាល់​គ្នា​មិន​ត្រូវ​គិតស្មាន​ថា មាន​តែ​ខ្ញុំ និង​ឪពុក​ខ្ញុំ ដែល​ជា​អ្នក​បាន​ធ្វើ​បន្ទាល់ ហើយ​ក៏​បាន​បង្រៀន​ការណ៍​ទាំង​នេះ​ទេ។ ហេតុ​ដូច្នោះ​ហើយ បើសិនជា​បង​រាល់​គ្នា​នឹង​គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំង​ប៉ុន្មាន ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត នោះ​បង​រាល់​គ្នា​នឹង​បាន​សង្គ្រោះ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។ ហើយ​គឺ​យ៉ាង​ដូច្នោះ​មែន។ អាម៉ែន ៕ :៚