ថ្នាក់​សិក្ខាសាលា
មេរៀនទី 20 ៖ ថ្ងៃទី 1 អាលម៉ា 39


មេរៀនទី 20 ៖ ថ្ងៃទី 1

អាលម៉ា 39

សេចក្តីផ្ដើម

អាលម៉ា​បានស្ដី​បន្ទោស​ដល់​កូនប្រុស​រឹង​ចចេស​របស់​លោក​គឺ​កូរីអានតុន ដែល​បាន​បោះបង់​ចោល​ការបម្រើ ហើយ​បាន​ប្រព្រឹត្ត​អំពើ​បាប​ខាង​កាមគុណ​ដ៏​ធ្ងន់ធ្ងរ ។ អាលម៉ា​បាន​បង្រៀន​កូរីអានតុន​ពី​ភាពធ្ងន់ធ្ងរ​នៃ​ទង្វើ​របស់​គាត់ ហើយ​បាន​បង្ហាញ​ពី​ការខកចិត្ត​របស់​លោក ដែល​កូរីអានទុន​បាន​ធ្វើ​ទង្វើ​ខុសឆ្គង​ដ៏​ធ្ងន់ធ្ងរ​បែប​នោះ ។ អាលម៉ា​បាន​បញ្ជា​កូរីអានតុន​ឲ្យ​ឈប់​ទៅតាម « សេចក្ដី​សម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ទៀតឡើយ » ហើយ​ឲ្យ​ប្រែចិត្ត ( អាលម៉ា 39:9 ) ។ សារដំណឹង​របស់​អាលម៉ា​ចំពោះ​កូរីអានតុន មាន​នៅក្នុង អាលម៉ា 39–42 ។

អាលម៉ា 39:1–6

អាលម៉ា​ពន្យល់​ពី​ភាពធ្ងន់ធ្ងរ​នៃ​អំពើ​បាប​ខាង​កាមគុណ ទៅកាន់​កូរីអានតុន​កូនប្រុស​លោក ។

សូម​ពិចារណា​សេចក្ដី​ថ្លែង​តទៅ​នេះ ៖ អំពើ​បាប​មួយ​ចំនួន​គឺ​ធ្ងន់ធ្ងរ​ជាង​អំពើ​បាប​មួយ​ចំនួន​ផ្សេងទៀត ។

  1. សូម​ឆ្លើយ​តប​ចំពោះ​សំណួរ​តទៅនេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​យល់ស្រប​ទេ​ថា អំពើ​បាប​មួយ​ចំនួន​គឺ​ធ្ងន់ធ្ងរ​ជាង​អំពើ​បាប​មួយ​ចំនួន​ផ្សេងទៀត ? ហេតុអ្វី​យល់ស្រប ឬ ហេតុអ្វី​មិន​យល់ស្រប ?

ដូច​មាន​កត់ត្រា​នៅក្នុង អាលម៉ា 39 អាលម៉ា​បាន​ផ្ដល់​ដំបូន្មាន​ដល់​កូរីអានតុន កូនប្រុស​របស់​លោក ដែល​អាច​ជួយ​អ្នក​យល់​ពី​លក្ខណៈ​ធ្ងន់ធ្ងរ​នៃ​អំពើ​បាប​ជាក់លាក់​ទាំងឡាយ ។ កូរីអានតុន​បាន​រួម​ដំណើរ​ជាមួយ​អាលម៉ា និង ស៊ីបឡុន​ជា​បងប្រុស​គាត់ ទៅ​បម្រើ​បេសកកម្ម​ដើម្បី​ផ្សព្វផ្សាយ​ដំណឹងល្អ​ទៅកាន់​ពួក​សាសន៍​សូរាំ ។ ពេល​នៅ​ទីនោះ កូរីអានតុន​បាន​ប្រព្រឹត្ត​អំពើ​បាប​ខាង​កាមគុណ​ដ៏​ធ្ងន់ធ្ងរ​មួយ ។

សូមអាន អាលម៉ា 39:1–4 ហើយ​រកមើល​អ្វី​ ដែលកូរីអានតុន​បាន​ធ្វើ​ខុស ។ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ខ​ទាំងនេះ វា​អាច​ជា​ប្រយោជន៍​ក្នុង​ការដឹង​ថា ស្រីខូច​ គឺ​ស្ត្រី​ដែល​អសីលធម៌ ឬ ជា​ស្រី​លក់​ខ្លួន ។ វា​សំខាន់​ក្នុង​ការយល់​ថា « ព្រះអម្ចាស់​ពុំ​អាច​ទត​មើល​អំពើ​បាប សូម្បី​តែ​បន្តិច​បន្តួច » ( គ. និង ស. 1:31 ) ជា​ពិសេស អំពើ​បាប​ខាង​កាមគុណ​ គឺ​ធ្ងន់ធ្ងរណាស់ ។ សូម​កត់​ចំណាំ​ផងដែរ​ថា កូរីអានតុន​បាន​ចាកចេញ​ពី​បេសកកម្ម​របស់​គាត់​ដោយ​ចេតនា ដើម្បី​ទៅតាម​ស្រីខូច​អ៊ីសាបែល ដែល​នាំ​ឲ្យ​អំពើ​បាប​របស់​គាត់​មាន​ភាពធ្ងន់ធ្ងរ ។

សូមអាន អាលម៉ា 39:5 ហើយ​រកមើល​ពី​របៀប​ដែល​អាលម៉ា​បាន​ពន្យល់​ពី​ភាពធ្ងន់ធ្ងរ​នៃ​អំពើ​បាប​ខាង​កាមគុណ ប្រៀបធៀប​ទៅ​នឹង​អំពើ​បាប​ផ្សេងៗ​ទៀត ។ អំពើ​គួរ​ខ្ពើមឆ្អើម​គឺជា​អ្វី​មួយ​ដែល​ពោរពេញ​ដោយ​អំពើ​បាប ទុច្ចរិត ឬ ថោកទាប ។ ចេញពី​ខ​ទាំងនេះ យើង​រៀន​ថា អំពើ​បាប​ខាង​កាមគុណ​គឺជា​អំពើ​គួរ​ខ្ពើមឆ្អើម​នៅ​ចំពោះ​ព្រះនេត្រ​នៃ​ព្រះអម្ចាស់ ។ សូម​ពិចារណា តើ​អ្នក​គិត​ថា ហេតុអ្វី​អំពើ​បាប​ខាង​កាមគុណ​ត្រូវបាន​ចាត់​លេខ​រៀង​ថា​ធ្ងន់ធ្ងរ​ នៅ​បន្ទាប់​នឹង​ការធ្វើ​ឃាតកម្ម ។

អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​ការពន្យល់​អំពី​មូលហេតុ​ដែល​អំពើ​ខាង​កាមគុណ​គួរ​ឲ្យ​ខ្ពើមឆ្អើម​ចំពោះ​ព្រះអម្ចាស់ ៖ « ដោយ​ការចាត់​នូវ​ភាពធ្ងន់ធ្ងរ​បែបនេះ​ចំពោះ​ចំណង់​ខាង​សាច់ឈាម ដែល​ចំណង់​នោះ​ត្រូវបាន​ប្រទាន​ឲ្យ​មនុស្ស​គ្រប់គ្នា តើ​ព្រះ​កំពុង​ប្រាប់​អ្វី​ខ្លះ​ដល់​យើង អំពី​ទីតាំង​របស់​វា​ក្នុង​ផែនការ​របស់​ទ្រង់ សម្រាប់​បុរស និង ស្ត្រី​ទាំងអស់ ? ខ្ញុំ​សូម​ផ្ដល់​យោបល់​ដល់​អ្នក​ថា ទ្រង់​កំពុង​ធ្វើ​យ៉ាង​ច្បាស់លាស់​​ដូច្នោះ​—គឺ​បង្ហាញ​ពី​ផែនការ​នៃ​ជីវិត​នោះឯង ។ ច្បាស់ណាស់​ថា ក្នុង​ចំណោម​កង្វល់​ដ៏​ធំ​បំផុត​របស់​ទ្រង់ ទាក់ទង​នឹង​ភាពរមែង​ស្លាប់ គឺ​ថាតើ​មនុស្ស​ម្នាក់​ចូល​មក​ក្នុង​ពិភពលោក​នេះ​ដោយ​របៀប​ណា ហើយ​មនុស្ស​ម្នាក់​ចេញ​ពី​ពិភពលោក​នេះ​ទៅ​ដោយ​របៀបណា ។ ទ្រង់​បាន​ដាក់​នូវ​កម្រិត​យ៉ាង​តឹងរឹង​ណាស់​ចំពោះ​បញ្ហា​ទាំងនេះ » ( “Personal Purity” Ensign ខែ វិច្ឆិកា ឆ្នាំ 1998 ទំព័រ 76 ) ។

សូម​អាន​នូវ​កថាខណ្ឌ​ខាងក្រោម​នេះ ហើយ​រកមើល និង គូសចំណាំ​នូវ​ចម្លើយ​ទាំងឡាយ​ចំពោះ​សំណួរ​តទៅ​នេះ ៖ តើ​អ្វី​ខ្លះ​ដែល​ជា​ពរជ័យ​ក្នុង​ការរក្សា​នូវ​ភាពបរិសុទ្ធ​ខាង​ផ្លូវភេទ ?

« ការស្និទ្ធស្នាល​ខាង​រូបកាយ​រវាង​ប្តី និង ប្រពន្ធ គឺ​មានភាពស្រស់​ស្អាត ហើយ​ពិសិដ្ឋ ។ វា​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ សម្រាប់​ការបង្កើត​កូនចៅ និង សម្រាប់​ការបង្ហាញ​សេចក្តី​ស្រឡាញ់​រវាង​ប្តី និង ប្រពន្ធ ។ ព្រះ​ទ្រង់​បានដាក់​បញ្ញត្តិ​ថា ភាពស្និទ្ធស្នាល​ខាង​ផ្លូវ​ភេទ​គឺ​បម្រុងទុក​សម្រាប់​អាពាហ៍ពិពាហ៍ ។

« នៅពេល​ដែល​អ្នក​មាន​ភាពបរិសុទ្ធ​ខាង​ផ្លូវ​ភេទ នោះ​អ្នក​រៀបចំ​ខ្លួន​ដើម្បី​ចុះ និង រក្សា​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ អ្នក​រៀបចំ​ខ្លួន​ដើម្បី​ស្ថាបនា​អាពាហ៍ពិពាហ៍​ដែល​រឹងមាំ ហើយ​នាំ​កូន​ចៅ​មក​កាន់​ពិភពលោក ដែល​ជា​ផ្នែក​នៃ​គ្រួសារ​ដ៏​អស់កល្ប និង ជា​ទី​ស្រឡាញ់ ។ អ្នក​ការពារ​ខ្លួន​ពី​ការ​ខូចខាត​ខាង​វិញ្ញាណ និង ខាង​សតិ​អារម្មណ៍ ដែល​កើត​មកពី​ការមាន​ទំនាក់ទំនង​ស្និទស្នាល​ខាងផ្លូវភេទ​នៅ​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍ ។ អ្នក​ក៏​ការពារ​ខ្លួន​ពី​ជម្ងឺ​ដ៏​គ្រោះថ្នាក់​ផងដែរ ។ ការរក្សា​នូវ​បរិសុទ្ធ​ខាង​ផ្លូវភេទ ជួយ​អ្នក​ឲ្យ​មាន​ទំនុកចិត្ត និង ភាព​រីករាយដ៍ពិត និង ពង្រីក​សមត្ថភាព​របស់​អ្នកដើម្បី​ធ្វើ​ការសម្រេចចិត្ត​បាន​ល្អ​នា​ពេល​បច្ចុប្បន្ន និង ​ពេល​អនាគត » ( ដើម្បី​កម្លាំង​នៃ​យុវជន [ កូន​សៀវភៅ ឆ្នាំ 2011 ] ទំព័រ 35 ) ។

ឥឡូវ​នេះ សូម​អាន​កថាខណ្ឌ​ខាង​ក្រោម​នេះ រកមើល​ចម្លើយ​ចំពោះ​សំណួរ​តទៅ​នេះ ៖ តើ​អ្វី​ខ្លះ​ជា​បទដ្ឋាន​របស់​ព្រះអម្ចាស់​ដើម្បី​រក្សា​ភាពបរិសុទ្ធ​ខាង​ផ្លូវភេទ ?

« បទដ្ឋាន​របស់​ព្រះអម្ចាស់​ទាក់ទង​ទៅនឹង​ភាពបរិសុទ្ធ​ខាង​ផ្លូវ​ភេទ គឺ​មាន​ភាពច្បាស់លាស់ និង គ្មាន ការផ្លាស់ប្តូរ ។ ចូរ​កុំ​ឱ្យ​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ជាមួយ​អ្នកណា​មុន​អាពាហ៍ពិពាហ៍ ហើយ​ចូរ​មាន​សេចក្តី​ស្មោះត្រង់​ទាំងស្រុង​ចំពោះ​ប្តី ឬ ប្រពន្ធ​របស់​អ្នក​ក្រោយ​អាពាហ៍ពិពាហ៍ ។ ចូរ​កុំ​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ មិត្តភក្តិ​របស់​អ្នក ឬ អ្នក​ផ្សេង​ទៀត​លួងលោម​ដល់​អ្នក​ថា ភាពស្និទ្ធស្នាល​ខាង​ផ្លូវ​ភេទ​មុន​ពេល​អាពាហ៍ពិពាហ៍ គឺជា​ការទទួល​យក​បាន​ឲ្យ​សោះ ។ វា​មិន​ពិត​ទេ ។ អំពើ​បាប​ខាង​ផ្លូវ​ភេទ គឺ​ធ្ងន់ធ្ងរ​ក្រៃលែង​នៅក្នុង​ព្រះនេត្រ​ព្រះ ។ វា​បំផ្លាញ​អំណាច​ដ៏​ពិសិដ្ឋ​របស់​ព្រះ​ដែល​បានប្រទាន​មក​យើង​ដើម្បី​បង្កើត​ជីវិត ។ ព្យាការី​អាលម៉ា​បានបង្រៀន​ថា អំពើ​បាប​ខាង​ផ្លូវ​ភេទ គឺ​ធ្ងន់ធ្ងរ​ជាង​អំពើ​បាប​ផ្សេងៗ​ទៀត លើកលែង​តែ​អំពើ​ឃាតកម្ម ឬ ការបដិសេធ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ ( សូមមើល អាលម៉ា 39:5 ) ។

« ចូរ​កុំ​ធ្វើ​អ្វី​ដែល​អាច​ដឹកនាំ​ឲ្យ​មានអំពើ​រំលង​ខាង​ផ្លូវ​ភេទ ។ ចូរ​ប្រព្រឹត្ត​ជាមួយ​នឹង​អ្នក​ដទៃ​ដោយ​ការគោរព មិនមែន​ជា​វត្ថុ​ដែល​ប្រើ​ដើម្បី​បំពេញ​តណ្ហា និង ចំណង់​ដ៏​អាត្មា​និយម​នោះ​ឡើយ ។ មុនពេល​រៀប​អាពាហ៍ពិពាហ៍ ចូរ​កុំ​ចូលរួម​ក្នុង​ការថើប​ដែល​ប្រកប​ដោយ​តណ្ហា ដេក​លើ​មនុស្ស​ម្នាក់​ទៀត ឬ ប៉ះពាល់​លើ​ផ្នែក​ណា​មួយ​ដែល​សម្ងាត់ ឬ ពិសិដ្ឋ លើ​រាងកាយ​របស់​មនុស្ស​ផ្សេង ទោះ​ដោយ​មាន ឬ មិន​មាន​សម្លៀកបំពាក់​ក្តី ។ ចូរ​កុំ​ធ្វើ​អ្វី​ដែល​ដាស់ឡើង​នូវ​អារម្មណ៍​ខាង​ផ្លូវភេទ ។ ចូរ​កុំ​ដាស់​សតិ​អារម្មណ៍​ទាំងនោះ​នៅលើ​ខ្លួន​របស់​អ្នក​ផ្ទាល់ ។ ចូរ​យកចិត្ត​ទុក​ដាក់​លើ​ការបំផុស​ពី​ព្រះវិញ្ញាណ ដើម្បី​ឲ្យ​អ្នក​អាច​មាន​ភាពស្អាតស្អំ និង គុណធម៌ ។ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​នឹង​ដកថយ​ពី​នរណា​ដែល​មាន​អំពើ​រំលង​ខាង​ផ្លូវ​ភេទ ។

« ចូរ​ចៀសវាង​ពី​ស្ថានភាព​ដែល​បង្កើន​ឲ្យមាន​ការល្បួង ដូចជា​សកម្មភាព​យប់​អាធ្រាត្រ ឬ គេង​ផ្លូវ​យប់​ឆ្ងាយ​ពី​ផ្ទះ ឬ សកម្មភាព​ទាំងឡាយ​ដែល​ពុំ​មាន​មនុស្ស​ពេញវ័យ​គ្រប់គ្រង ។ ចូរ​កុំ​ចូលរួម​នៅក្នុង​ការពិភាក្សា ឬ ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា ដែល​ដាស់​អារម្មណ៍​ខាង​ផ្លូវភេទ ។ ចូរ​កុំ​ចូលរួម​នៅក្នុង​ភាពអាសគ្រាម​ក្នុង​គ្រប់​ទម្រង់ ។ ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ដឹង នៅពេល​ដែល​អ្នក​ស្ថិត​ក្នុង​ហានិភ័យ និង ប្រទាន​កម្លាំង​ដល់​អ្នក ដើម្បី​ឲ្យ​អ្នក​ដក​ខ្លួន​ចេញពី​ស្ថានភាព​នោះ ។ ចូរ​មាន​សេចក្តី​ជំនឿ និង គោរព​ប្រតិបត្តិ​ដល់​ដំបូន្មាន​ដ៏​សុចរិត​របស់​ឪពុក​ម្តាយ និង ពួក​អ្នក​ដឹកនាំ​របស់ អ្នក ។

« អាកប្បកិរិយា​ស្រឡាញ់​ភេទ​ដូច​គ្នា និង រួមភេទ​ដូចគ្នា គឺជា​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ ។ ប្រសិនបើ​អ្នក​ឃើញ​ថា ខ្លួន​អ្នក​មាន​បញ្ហា​ជាមួយ​នឹង​ចំណាប់​អារម្មណ៍​លើ​ភេទ​ដូចគ្នា ឬ អ្នក​កំពុងតែ​ត្រូវ​បាន​ល្បួង​ឲ្យ​ចូលរួម​នៅក្នុង​អាកប្បកិរិយា​មិន​សមរម្យ ចូរ​ស្វែងរក​ការប្រឹក្សា​ពី​ឪពុក​ម្តាយ និង ប៊ីស្សព​របស់​អ្នក ។ ពួកគាត់​នឹង​ជួយ​អ្នក ។

« ជន​រងគ្រោះ​ដោយ​ការរំលោភ​បំពាន​ខាង​ផ្លូវ​ភេទ ពុំ​មែន​ជា​អំពើ​បាប​ទេ និង មិន​ត្រូវការ​ការប្រែចិត្ត​ទេ ។ ប្រសិនបើ​អ្នក​ជា​ជន​រងគ្រោះ​ដោយ​ការរំលោភ​បំពាន នោះ​ចូរ​ដឹង​ថា អ្នក​មិន​មាន​កំហុស​ទេ ហើយ​ថា ព្រះ​ស្រឡាញ់​អ្នក ។ ចូរ​ពិភាក្សា​ជាមួយ​នឹង​ឪពុក​ម្តាយ​របស់​អ្នក ឬ មនុស្ស​ពេញវ័យ​ផ្សេងទៀត​ដែលអ្នក​ទុក​ចិត្ត និង ស្វែងរក​ការប្រឹក្សា​ពី​ប៊ីស្សព​របស់​អ្នក​ភ្លាម ។ ពួកគាត់​អាច​គាំទ្រ​អ្នក​ខាង​វិញ្ញាណ និង ជួយ​អ្នក​ឲ្យ​ទទួលបាន​ការការពារ និង ជំនួយ​ដែល​អ្នក​ត្រូវការ ។ ដំណើរការ​នៃ​ការព្យាបាល​អាច​ចំណាយ​ពេល​វែង ។ ចូរ​ទុកចិត្ត​លើ​ព្រះអង្គ​សង្គ្រោះ ។ ទ្រង់​នឹង​ព្យាបាល​អ្នក និង ប្រទាន​ដល់​អ្នក​នូវ​សេចក្តី​សុខសាន្ត ។

« ប្រសិនបើ​អ្នក​ត្រូវបាន​ល្បួង​ឲ្យ​ប្រព្រឹត្តអំពើ​​រំលង​ខាង​ផ្លូវ​ភេទ​តាម​រូបភាព​ណាមួយ​នោះ ចូរ​ស្វែងរក​ជំនួយ​ពី​ឪពុក​ម្តាយ និង ប៊ីស្សព​របស់​អ្នក ។ ចូរ​អធិស្ឋាន​ទៅកាន់​ព្រះវរបិតា​របស់​អ្នក​ដែល​គង់​នៅឯ​ស្ថានសួគ៌ ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​ទ្រាំទ្រ​បាន​នឹង​ការល្បួង ហើយ​យក​ឈ្នះ​លើ​គំនិត និង អារម្មណ៍​ដែល​មិន​សមរម្យ ។ ប្រសិនបើ​អ្នក​បានប្រព្រឹត្ត​អំពើ​រំលង​ខាង​ផ្លូវ​ភេទ នោះ​ចូរ​ពិភាក្សា​ជាមួយ​នឹង​ប៊ីស្សព​របស់​អ្នក​ឥឡូវ​នេះ រួច​ចាប់ផ្តើម​ដំណើរការ​នៃ​ការប្រែចិត្ត ដើម្បី​ឲ្យ​អ្នក​អាច​រក​ឃើញ​សេចក្តី​សុខសាន្ត និង មាន​ភាព​ជា​ដៃ​គូ​ពេញលេញ​ពី​ព្រះវិញ្ញាណ ។

« ចូរ​ធ្វើ​ការតាំងចិត្ត​ផ្ទាល់​ខ្លួន ដើម្បី​ឲ្យ​មាន​ភាព​បរិសុទ្ធ​ខាង​ផ្លូវ​ភេទ ។ តាម​រយៈពាក្យ​សម្ដី និង សកម្មភាព​របស់​អ្នក ចូរ​លើក​ទឹកចិត្ត​អ្នក​ដទៃ​ឲ្យ​ធ្វើ​ដូច​គ្នា » ( ដើម្បី​កម្លាំង​នៃ​យុវជន ទំព័រ 35–37 ) ។

ចេញពី​អ្វី​ដែល​អ្នក​ទើបតែ​បាន​អាន សូម​ពិចារណា​ថាតើ​សារដំណឹង​អ្វី ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​ចង់​ឲ្យ​អ្នក​ផ្ដោត​ទៅលើ ។

អាលម៉ា 39:7–19

អាលម៉ា​លើក​ទឹកចិត្ត​កូរីអានតុន​ឲ្យ​ប្រែចិត្ត

សូម​ស្រមៃ​ថា អ្នក​កំពុង​មាន​ការសន្ទនា​មួយ​ជាមួយ​នឹង​ឪពុក​ម្ដាយ​អ្នក ជាមួយ​អ្នក​ដឹកនាំ​យុវជន ឬ យុវនារី ឬ ប៊ីស្សព ឬ ប្រធាន​សាខា​របស់​អ្នក អំពី​សារៈសំខាន់​នៃ​ភាពបរិសុទ្ធ​ខាង​ផ្លូវភេទ ។ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ឆ្លើយតប​ចំពោះ​ឪពុក​ម្ដាយ​អ្នក ឬ អ្នក​ដឹកនាំ​សាសនាចក្រ ពេល​ដែល​ពួកគាត់​ទូន្មាន​អ្នក​អំពី​សារៈសំខាន់​នៃ​ការរក្សា​ភាពបរិសុទ្ធ​ខាង​ផ្លូវភេទ ។ សូមអាន អាលម៉ា 39:7–8 ដើម្បី​រកមើល​ពី​អ្វី​ដែល​ជា​គោលបំណង​របស់​អាលម៉ា នៅក្នុង​ការបង្រៀន​កូរីអានតុន​អំពី​ភាពធ្ងន់ធ្ងរ​នៃ​អំពើ​បាប​របស់​គាត់ ។ សូម​ពិចារណា ថាតើ​ការឆ្លើយតប​របស់​អ្នក​ចំពោះ​ដំបូន្មាន​របស់​ឪពុក​ម្ដាយ​អ្នក ឬ អ្នក​ដឹកនាំ​សាសនាចក្រ​មាន​ឥទ្ធិពល​យ៉ាងណា ពេល​ដឹង​ថា វា​ជា​ការអញ្ជើញ​ដែល​ប្រកប​ដោយ​ក្ដី​ស្រឡាញ់ ដើម្បី​ឲ្យ​រក្សា​ភាពបរិសុទ្ធ ឬ ប្រែចិត្ត ហើយ​ដើម្បី​ឲ្យ​បាន​រួច​ពី​ការជំនុំ​ជម្រះ​របស់​ព្រះ ។

រូបភាព
អែលឌើរ ឌី. ថត គ្រីស្តូហ្វឺសិន

អែលឌើរ ឌី. ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពិពណ៌នា​ពី​មូលហេតុ​ដែល​ឪពុក​ម្ដាយ ក៏ដូច​អាលម៉ា​ដែរ អញ្ជើញ​កូនៗ​របស់​ខ្លួន​ឲ្យ​ប្រែចិត្ត ៖ « ការអញ្ជើញ​ឲ្យ​ប្រែចិត្ត គឺជា​ការបង្ហាញ​ពី​សេចក្ដី​ស្រឡាញ់ ។ … ប្រសិន​បើ​យើង​មិន​អញ្ជើញ​អ្នក​ផ្សេង​ឲ្យ​ផ្លាស់​ប្ដូ ឬ ប្រសិនបើ​យើង​ពុំ​តម្រូវ​ខ្លួនយើង​ឲ្យ​មាន​ការប្រែចិត្ត​ទេ នោះ​យើង​បរាជ័យ​នៅក្នុង​កាតព្វកិច្ច​គ្រឹះ​ដែល​យើង​មាន​ចំពោះ​គ្នា​ទៅវិញ​ទៅមក និង ចំពោះ​ខ្លួន​យើង​ផ្ទាល់ ។ ឪពុក​ម្ដាយ​ដែល​បើកដៃ​ឲ្យ មិត្តភក្ដិ​ដែល​បណ្ដែត​បណ្ដោយ អ្នកដឹកនាំ​សាសនាចក្រ​ដែល​ភ័យខ្លាច គឺ​តាមពិត​ទៅ​ខ្វល់ខ្វាយ​ពី​ខ្លួនឯង ជាង​សុខុមាលភាព និង សុភមង្គល​របស់​មនុស្ស​ដែល​ពួកគេ​អាច​ជួយ​បាន ។ មែនហើយ ការហៅ​ឲ្យ​ប្រែចិត្ត ជួនកាល​ត្រូវបាន​គេ​គិត​ថា ជា​ការ​មិន​ចេះ​អត់ឱន ឬ ជា​ការអាក់អន់​ចិត្ត ហើយ​សូម្បី​តែ​អាច​ជា​ការតូចចិត្ត ប៉ុន្តែ​បើ​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ នោះ​ភាព​ពិត វា​គឺ​​ជា​ទង្វើ​នៃ​ការខ្វល់ខ្វាយ​ដ៏​ពិត​ប្រាកដ​មួយ » ( “The Divine Gift of Repentance” Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 39 ) ។

  1. សូម​សរសេរ​អ្វី​ដែល​មាន​ដូច​តទៅ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ការប្រែចិត្ត​រួមមាន … បន្ទាប់មក ពេល​អ្នក​សិក្សា អាលម៉ា 39:9–14 សូម​ធ្វើ​បញ្ជី​មួយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​អ្វី​ដែល​អាលម៉ា​បានបង្រៀន​កូរីអានតុន អំពី​ការប្រែចិត្ត ដែល​អាច​ជួយ​បំពេញ​សេចក្ដី​ថ្លែង​នេះ ។

សូម​ប្រើប្រាស់​សំណួរ និង ការអធិប្បាយ​ខាងក្រោម​នេះ ដើម្បី​ជួយ​អ្នក​យល់ និង អនុវត្ត​ដំបូន្មាន​របស់​អាលម៉ា ។ ព្យាយាម​ដើម្បី​រកមើល ហើយ​សរសេរ​សេចក្ដី​ពិត​ឲ្យ​បាន​យ៉ាងហោច​ណាស់​មួយ សម្រាប់​ខ​នីមួយៗ ដែល​មាន​រាយ​នៅ​ខាងក្រោម ដែល​អាច​ជួយ​បំពេញ​សេចក្ដី​ថ្លែង​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ អ្នក​មិន​ចាំបាច់​ឆ្លើយ​ដល់​សំណួរ​ទាំងឡាយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នោះ​ទេ ។

សូមអាន អាលម៉ា 39:9 ។ ( អាលម៉ា 39:9 គឺជា​ចំណេះ​ចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅពេល​ខាង​មុខ ) ។ តើ​ឃ្លា​ថា « កុំ​ទៅ​តាម​សេចក្ដី​សម្រើប​នៃ​ភ្នែក​របស់​ខ្លួន » និង « ត្រូវ​ចៀសវាង​នូវ​អំពើ​ទាំងនេះ » ដែលមាន​ទាក់ទង​អ្វី​ទៅ​នឹង​ការលះបង់​អំពើ​បាប ?

នៅ​ជំនាន់​របស់​យើង ឃ្លា​ថា « សេចក្ដី​សម្រើប​នៃ​ភ្នែក​របស់​ខ្លួន » ត្រូវបាន​ប្រើប្រាស់​យ៉ាង​ខ្លាំង​ចំពោះ​ភាពអសីលធម៌ និង រូបភាព ឬ ការកម្សាន្ត​ដែល​អាសគ្រាម​ក្នុង​គ្រប់​របៀប ។ ឃ្លា​ថា « ត្រូវ​ចៀសវាង » ដូច​ដែល​បាន​ប្រើ​នៅក្នុង អាលម៉ា 39:9 មានន័យ​ថា បដិសេធ​ខ្លួនឯង​ពី​អ្វី​មួយ ។ ឃ្លា​នេះ​មិន​សូវ​ជា​មាន​ប្រើ​ចំពោះ​យើង​សព្វថ្ងៃ​នេះ​ទេ ។ ទោះ​យ៉ាង​ណា នៅ​ជំនាន់​របស់​យ៉ូសែប ស៊្មីធ អត្ថន័យ​ខ្លះ​នៃ​កិរិយាស័ព្ទ ចៀសវាង គឺ​មានន័យ​ថា « លប់ចោល ទុកជាមោឃៈ ។ … ជំទាស់ … បញ្ឈប់ » ( Noah Webster’s First Edition of an American Dictionary of the English Language, facsimile ed. [1967] ) ។ ប្រសិនបើ​យើង​យក​និយមន័យ​ទាំងនេះ​ទៅ​អនុវត្ត​ចំពោះ​អ្វី​ដែល​អាលម៉ា​បង្រៀន​កូនប្រុស​លោក នោះ​យើង​អាច​យល់​ពី​សារៈសំខាន់​នៃ​ការដកចេញ​ឲ្យ​អស់​នូវ​គំនិត​នៃ​ភាពអសីលធម៌ ( រួម​ទាំង​ប្រភព​ទាំងឡាយ​នៃ​ការល្បួង​ពី​ភាពអសីលធម៌ ដែល​ស្ថិត​នៅក្នុង​ការគ្រប់គ្រង​របស់​យើង ) ពី​ជីវិត​យើង ដើម្បី​យើង​អាច « គ្រង​នគរ​ព្រះ​ទុក​ជា​មរតក » ។ តើ​មាន​របៀប​អ្វី​ខ្លះ ដែល​យុវវ័យ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ អាច​​ខណ្ឌ​ខ្លួន​គេ ពី​បញ្ហា​ទាក់ទង​នឹង​ភាពបរិសុទ្ធ​ខាង​ផ្លូវ​ភេទ និង ចៀសវាង​ការទៅ​តាម​សេចក្ដី​សម្រើប​នៃ​ភ្នែក​ខ្លួន ?

សូមអាន អាលម៉ា 39:10 ។ តើ​ការស្វែង​រក​ការបីបាច់​ខាង​វិញ្ញាណ—ពី​ឪពុក​ម្ដាយ អ្នក​ដឹកនាំ​សាសនាចក្រ បងប្អូន ឬ មិត្តភក្ដិ​ដែល​ទុកចិត្ត—ជួយ​មនុស្ស​ម្នាក់​ឲ្យ​ប្រែចិត្ត​បាន​យ៉ាងណា​ដែរ ?

សូមអាន អាលម៉ា 39:11–12 ហើយ​សញ្ជឹង​គិត​ពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​មាន​អ្វីខ្លះ​​ដែល​ត្រូវតែ​ផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត​របស់​មនុស្ស​ម្នាក់ អំឡុងពេល​នៃ​ដំណើរការ​ការប្រែចិត្ត ដើម្បី​ឲ្យ​គាត់​មិនត្រូវ​ដឹកនាំ​ឲ្យ​ចាកឆ្ងាយ​ដោយ​អារក្ស​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ម្ដងទៀត​នោះ ?

  • តើ​ការចៀសវាង​ពី​ការណ៍​ឥត​ប្រយោជន៍ និង ឆ្កួត​លីលា ជួយ​មនុស្ស​ម្នាក់​ឲ្យ​ប្រែចិត្ត​បាន​ដោយ​របៀប​ណា ?

សូមអាន អាលម៉ា 39:13 ។ សូម​នឹកឡើង​វិញ​ថា អាលម៉ា​បាន​ប្រាប់​កូរីអានតុន​ថា កាលណា​ពួក​សាសន៍​សូរាំ​បានឃើញ​ការប្រព្រឹត្ត​របស់​កូរីអានតុន ពួកគេ​នឹង​មិនជឿ​លើ​ពាក្យ​របស់​អាលម៉ា​ឡើយ ( សូមមើល អាលម៉ា 39:11 ) ។ វា​អាច​ជា​ប្រយោជន៍​ក្នុង​ការយល់​ថា នៅក្នុង​ព្រះគម្ពីរ ឃ្លា​ថា « បែរ​ទៅរក​ព្រះអម្ចាស់ » ចង្អុល​ប្រាប់​ដល់​ការប្រែចិត្ត ។ ការប្រែចិត្ត​គឺ « ការបែរ​ដួងចិត្ត និង ឆន្ទៈ​ទៅរក​ព្រះ » ( Bible Dictionary, “Repentance” ) ។

  • តើ​អ្នក​គិត​ថា ប្រែចិត្ត​ដោយ « អស់​ពី​ដួងចិត្ត និង អស់​ពី​សមត្ថភាព និង អស់​កម្លាំង » របស់​អ្នក មានន័យ​ថាដូចម្ដេច ?

  • ពេលដែល​អំពើ​បាប​របស់​យើង​ជះ​ឥទ្ធិពល​ដល់​អ្នក​ផ្សេងទៀត តើ​យើង​ត្រូវ​ធ្វើ​អ្វី ដែល​ជា​ផ្នែក​នៃ​ការប្រែចិត្ត​របស់​យើង ?

  • ពេល​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ​មួយ ហេតុអ្វី​វា​ជា​ការចាំបាច់​ក្នុង​ការស្វែងរក​ជំនួយ​ពី​ប៊ីស្សព ឬ ប្រធាន​សាខា​នោះ ?

ចេញពី អាលម៉ា 39:9–13 យើង​រៀន​ថា ៖ ការប្រែចិត្ត​រួម​បញ្ចូល​ទាំង​ការទទួល​ស្គាល់ និង លះបង់​នូវ​អំពើ​បាប​របស់​យើង ហើយ​បែរ​ទៅរក​ព្រះអម្ចាស់ ដោយ​អស់​ពី​ដួងចិត្ត អស់​ពី​សមត្ថភាព និង អស់​កម្លាំង​របស់​យើង ។

សូម​ពិចារណា នូវ​អ្វីដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​ចង់​ឲ្យអ្នក​ធ្វើ​​បន្ថែម​ទៀត ដើម្បី​បែរ​ដួងចិត្ត និង ឆន្ទៈ​របស់​អ្នក​ឲ្យ​កាន់តែ​ពេញលេញ​ទៅ​រក​ទ្រង់​នោះ ? តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​នៅ​សព្វថ្ងៃ​នេះ ដើម្បី​ចាប់ផ្ដើម​ធ្វើ​តាម​ការបំផុស​ទាំងនេះ ?

បើ​ពុំមាន​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់​ទេ វា​នឹង​ពុំ​អាច​កើតឡើង​ទៅ​បាន​ទេ​សម្រាប់​អ្នក ក្នុង​ការទទួល​បាន​ការអត់ទោស​ពី​អំពើ​បាប​របស់​អ្នក​នោះ ។ សូមអាន អាលម៉ា 39:15–16, 19 ហើយ​រកមើល​​របៀប ដែល​អាលម៉ា​បាន​ពិពណ៌នា​ពី​ការចេះដឹង​ដែល​ថា ​ព្រះយេស៊ូវគ្រីស្ទ​នឹង​យាង​មក ហើយ​ដកយក​នូវ​អំពើ​បាប​នៃ​ពិភពលោក ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​មូលហេតុ​ដែល​ការយាង​មក​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ដំណឹងល្អ​សម្រាប់​កូរីអានតុន និង សម្រាប់​អ្នក ។

រូបភាព
រូប​សញ្ញា​ចំណេះ​ចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—អាលម៉ា 39:9

អែលឌើរ រីឆាដ ជី. ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ដូច​ខាងក្រោម​នេះ អំពី​ការទន្ទេញ​ចាំ​ខ​គម្ពីរ ៖

« ការរៀន ការពិចារណា ការស្រាវជ្រាវ និង ការទន្ទេញ​ចាំ​ខ​គម្ពីរ គឺ​ដូចជា​ការបំពេញ​​ទូរដាក់​ឯកសារ​មួយ​នូវ​មិត្តភក្ដិ គុណតម្លៃ និង ការទុកចិត្ត ដែល​អាច​ហៅរក​បាន​នៅ​គ្រប់​ពេល គ្រប់​កន្លែង​នៅក្នុង​ពិភពលោក ។

« អំណាច​ដ៏​អស្ចារ្យ​អាច​បាន​មក​ពី​ការទន្ទេញ​ចាំ​ខ​គម្ពីរ ។ ការទន្ទេញ​ចាំ​ខ​គម្ពីរ​មួយ គឺ​ការបង្កើត​មិត្តភាព​ថ្មី​មួយ ។ វា​គឺ​ដូច​ជា​ការរកឃើញ​នូវ​បុគ្គល​ថ្មី​ម្នាក់ ដែល​អាច​ជួយ​បាន​នៅពេល​ត្រូវការ ផ្ដល់​នូវ​ការបំផុស និង ការលួងលោម ព្រមទាំង​ជា​ប្រភព​នៃ​ការជំរុញ​ទឹកចិត្ត​ដើម្បី​ធ្វើ​ការផ្លាស់​ប្ដូរ​ដែល​ត្រូវការ » ( “The Power of Scripture” Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 6 ) ។

  1. សូម​ព្យាយាម​ទន្ទេញ អាលម៉ា 39:9 ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ប្រយោគ​មួយ ឬ ពីរ ថាតើ​ការទន្ទេញ​ចាំ​នូវ​ខ​នេះ អាច​ជា​ការការពារ​ដល់​អ្នក នៅក្នុង​គ្រា​នៃ​ការល្បួង​បាន​យ៉ាងដូចម្ដេច ។

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 39 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖