ថ្នាក់​សិក្ខាសាលា
មេរៀនទី 13 ៖ ថ្ងៃទី 1 ម៉ូសាយ 18


មេរៀនទី 13 ៖ ថ្ងៃទី 1

ម៉ូសាយ 18

សេចក្តីផ្ដើម

អាលម៉ា ដែល​ជា​សង្ឃ​ម្នាក់​របស់​ស្តេច​ណូអេ​ដ៏​ទុច្ចរិត បាន​ជឿ​លើ​ពាក្យ​សម្តី​របស់​ព្យាការី​ អ័ប៊ីណាដៃ ហើយ​បាន​ប្រែចិត្ត​ពី​អំពើ​បាប​ទាំងឡាយ​របស់​លោក ។ក្រោយពី​ការស្លាប់​របស់ អ័ប៊ីណាដៃ នោះ អាលម៉ា​ បាន​បង្រៀន​ដោយ​សម្ងាត់​ដល់​អ្នក​ដទៃ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ ។អ្នក​ទាំងឡាយ​ដែល​បាន​ជឿ​ដល់​អាលម៉ា បាន​មាន​បំណងប្រាថ្នា​ចង់​ចូល​ក្នុង​ក្រោល​នៃ​ព្រះ ។ពួកគេ​បាន​ចូល​ក្នុង​សេចក្តី​សញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​នៅ​កន្លែង​មួយ​ដែល​ហៅ​ថា ទឹក​មរមន ។នៅ​ពេល​អ្នក​សិក្សាម៉ូសាយ 18 សូម​រកមើល​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​ទាក់ទង​នឹង​សេចក្តីសន្យា​ទាំងឡាយ​ដែល​អ្នក​បាន​ធ្វើ នៅ​ពេល​អ្នក​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង អ្វី​ដែល​ព្រះអម្ចាស់​នឹង​ធ្វើ​សម្រាប់​អ្នក​នៅពេល​អ្នក​រក្សា​សេចក្តី​សន្យា​ទាំងនោះ ។

ម៉ូសាយ 18:1–16

អាលម៉ា​ បង្រៀន និង ជ្រមុជ​ទឹក​ដល់​ប្រជាជន

រូបភាព
អាលម៉ា ​ជ្រមុជ​ទឹក​នៅ​ក្នុង​ទឹកមរមន

សូម​គិត​អំពី​ពិធី​បុណ្យជ្រមុជ​ទឹក​របស់​អ្នក ។តើ​អ្នក​ចងចាំ​សេចក្តី​លម្អិត​អ្វី​ខ្លះ ​អំពី​បទពិសោធន៍​នេះ ?តើ​អ្នក​បាន​រៀបចំ​ខ្លួន​សម្រាប់​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ដោយ​របៀបណា ?តើ​អ្នក​នឹកចាំ​អារម្មណ៍​អ្វី​ខ្លះ ​អំពី​ពិធី​បុណ្យជ្រមុជ​ទឹក ?សូម​ពិចារណាអំពី​អ្វី​ដែល​អ្នក​អាច​ឲ្យ​តម្លៃ​កាន់​តែ​ខ្លាំង​ថែមទៀត ​នៅពេល​នេះអំពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក ​ជាង ​ពេល​ដែល​អ្នក​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

ម៉ូសាយ 18ជួយ​យើង​ឲ្យ​យល់​ពី​សេចក្តី​សញ្ញា​ដែល​យើង​ធ្វើ​ជាមួយ​ព្រះ​ នៅពេល​បុណ្យ​ជ្រមុជ​ទឹក ។សេចក្តី​សញ្ញា​គឺ​ « ជាកិច្ច​ព្រមព្រៀង​រវាង​ព្រះ និង មនុស្ស ប៉ុន្តែ​ព្រះ និង មនុស្ស​ មិនធ្វើ​កិច្ច​ស្មើ​ភាព​ក្នុងការ​ព្រមព្រៀង​នោះ​ទេ ។ព្រះ​ដាក់​លក្ខខណ្ឌ​ទាំងឡាយ​សម្រាប់​សេចក្តី​សញ្ញា ហើយ​មនុស្ស​យល់​ព្រម​ធ្វើតាម​អ្វី ​ដែល​ទ្រង់​សុំ​ឲ្យ​ពួកគេ​ធ្វើ ។បន្ទាប់​មក ព្រះ​សន្យា​នឹង​មនុស្ស​នូវ​ពរជ័យ​ជាក់លាក់​ទាំងឡាយ​សម្រាប់​ការ​គោរព​ប្រតិបត្តិ​របស់​ពួកគេ » ( Guide to the Scriptures, « Covenant,» scriptures.lds.org )។

ដើម្បី​យល់​ពី​របៀប​ដែលម៉ូសាយ 18ជួយ​យើង​យល់​អំពី​សេចក្តី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក សូម​កត់​សម្គាល់​ចំពោះ​សេចក្តី​ដកស្រង់​ខាងក្រោម​នេះ​ក្នុង​ជំពូក​នេះ ៖ ម៉ូសាយ 18:1–7ការ​រៀបចំ​ខ្លួន​សម្រាប់​សេចក្តី​សញ្ញាម៉ូសាយ 18:8–16ការ​ធ្វើ​សេចក្តី​សញ្ញា និងម៉ូសាយ 18:17–30ការរស់​តាម​សេចក្តី​សញ្ញា ។អ្នក​អាច​ចង់​សរសេរ​ប្រធានបទ​នីមួយៗ ( ឧទាហរណ៍ ការរៀបចំ​ខ្លួន​សម្រាប់​សេចក្តី​សញ្ញា ) នៅក្បែរ​នឹង​ខគម្ពីរ​ទាំងឡាយ​ទាក់ទង​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

សូម​អានម៉ូសាយ 18:1–2, 6–7រកមើល​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ​ដែល​អាលម៉ា​បាន​បង្រៀន​ដល់​ប្រជាជន ដើម្បី​ជួយ​រៀបចំ​ពួកគេ​សម្រាប់​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។នៅ​កន្លែង​ចន្លោះ​ខាង​ក្រោម​នេះ សូម​សរសេរ​ថា តើ​ការយល់ដឹង​ពី​អ្វី​ដែល ​អាលម៉ា​ បាន​បង្រៀន​ដល់​ប្រជាជន​របស់​លោក នឹង​ជួយ​មនុស្ស​ម្នាក់​នៅ​សព្វ​ថ្ងៃ​នេះ​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ពិធី​បុណ្យ​ជ្រមុជ​ទឹក​យ៉ាង​ដូច​ម្ដេច ៖

ម៉ូសាយ 18:8–11មាន​កត់ត្រា​ពី​របៀប​ដែល​ អាលម៉ា ​បាន​ជួយ​ប្រជាជន​របស់​លោក​ឲ្យ​យល់អំ​ពី​សេចក្តី​សញ្ញា​ទាំងឡាយ​ដែល​ពួកគេ​នឹង​ធ្វើ ហើយ​ទទួលយក ​តាមរយៈ​សេចក្តី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ។

  1. សូម​គូរ​តារាង​ខាងក្រោម​នេះ​ ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។សូម​ពិនិត្យ​មើលម៉ូសាយ 18:8–11រក​អ្វី​ដែល ​អាលម៉ា ​បាន​បង្រៀន​អំពី​សេចក្តី​សន្យា​ទាំងឡាយ​ដែល​យើង​ធ្វើ​ជាមួយ​ព្រះ ( អ្វី​ដែល​យើង « យល់ព្រម » ធ្វើ ) និង សេចក្តី​សន្យា​ទាំងឡាយ ​ដែល​ព្រះ​ធ្វើ​ជាមួយ​យើង​នៅពេល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។សូម​សរសេរអំពី​អ្វី​ដែល​អ្នក​រកឃើញ នៅ​ក្នុង​ជួរឈរ​ឲ្យ​ត្រឹមត្រូវ​ក្នុង​តារាង​របស់​អ្នក ។

ខ្ញុំ​សន្យា

ព្រះ​សន្យា

គោលការណ៍​ដំណឹង​ល្អ​មួយ​នៃ​គោលការណ៍​ទាំងឡាយ​ដែល​មាន​យ៉ាងច្បាស់​ក្នុង ម៉ូសាយ 18:8–11គឺ ៖ យើង​ទទួល​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ និង សេចក្តី​សន្យា​នៃ​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច​តាមរយៈ​ការធ្វើ និង ការរក្សា​សេចក្តី​សញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។

  1. នៅ​ខាង​ក្រោម​តារាង ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​សេចក្តី​សង្ខេប​មួយ​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ អំពី​សារៈសំខាន់​នៃ​ការធ្វើ និង ការរក្សា​សេចក្តី​សញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។

សូម​អាន​សេចក្តី​ថ្លែងការណ៍​តទៅ​នេះ​ដោយ​អែលឌើរ យ៉ូសែប ប៊ី.វ៉ឺតលីន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​គូស​បន្ទាត់​ពីក្រោម​ពរជ័យ​ទាំងឡាយ​ដែល​អាច​មាន​មក​លើ​យើង​ នៅពេល​យើង​យល់​សេចក្តី​សន្យា​ដែល​យើង​ធ្វើ និង ទទួល​ នៅ​ពេល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ៖ ខ្ញុំ​បាន​កត់​សម្គាល់​ពេញ​មួយ​ជីវិត​ខ្ញុំ​ថា នៅពេល​មនុស្ស​យល់​ពេញលេញ​នូវ​ពរជ័យ​ទាំងឡាយ និង អំណាច​នៃ​សេចក្តី​សញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ពួកគេ មិនថា ពួកគេ​ជា​អ្នក​ប្រែចិត្ត​ជឿ​ថ្មី ឬ ជា​សមាជិក​ជា​យូរ​ក្នុង​សាសនាចក្រ​នោះ​ទេ សេចក្តី​អំណរ​ដ៏​មហិមា​នឹង​មាន​ក្នុង​ជីវិត​រស់​នៅ​របស់​ពួកគេ ហើយ​ពួកគេ​ខិតខំ​អនុវត្ត​នូវ​កាតព្វកិច្ច​ទាំងឡាយ​របស់​ពួកគេ​ក្នុង​នគរ​របស់​ព្រះ​ដោយ​សេចក្ដី​រីករាយ​សាទរ​យ៉ាង​ក្រៃលែង » ( « Alma the Elder: A Role Model for Today, » នៅក្នុងHeroes from the Book of Mormon [ ឆ្នាំ 1995 ] ទំព័រ 84 ) ។

  1. សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ​អំពី​របៀប​ដែល​សេចក្តី​សញ្ញា​នៃ​ពីធី​បុណ្យ​ជ្រមុជ​ទឹក​ អាច​មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​រស់នៅ​រាល់ថ្ងៃ ។( ឧទាហរណ៍ សូម​ពិចារណា​ការសន្យា​របស់​អ្នក​ដើម្បី « ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅគ្រប់ពេល » ដោយសារ​វា​ពាក់ព័ន្ធ​ទៅនឹង​របៀប​ដែល​អ្នក​ទំនាក់ទំនង​ជា​មួយ​អ្នក​ដទៃ រួមទាំង​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ជាមួយ​សមាជិក​គ្រួសារ​ទាំងឡាយ រឿង​ទាំងឡាយ​ដែល​អ្នក​ពិភាក្សា​ជា​មួយ​មិត្តភក្តិ និង មនុស្ស​ដែល​អ្នក​ស្គាល់ ពាក្យ​សម្តី​ដែល​អ្នក​ប្រើ ប្រភេទ​រឿង​ភាពយន្ត ឬ កម្មវិធី​តាម​ទូរទស្សន៍​ទាំងឡាយ​ដែល​អ្នក​មើល តន្រី្ត​ដែល​អ្នក​ស្តាប់ ទំនាក់ទំនង​សង្គម និង ការដើរលេង​ជាគូ និង របៀប​ដែល​អ្នក​ឆ្លើយតប​ចំពោះ​អ្នក​ទាំងឡាយ​ដែល​រិះគន់​ជំនឿ​របស់​អ្នក ) ។

សូម​ពិនិត្យ​មើល​ដោយ​យកចិត្ត​ទុកដាក់​លើម៉ូសាយ 18:12–16ហើយ​រកមើល​គំរូ​ទាំងឡាយ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​បំពេញ​ផ្នែក​នៃ​សេចក្តី​សញ្ញា​របស់​ទ្រង់​ជា​មួយ ​អាលម៉ា និង ប្រជាជន​របស់​លោក​ បន្ទាប់​ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។អ្នក​អាច​ចង់​គូស​ចំណាំ​អំពី​អ្វី​ដែល​អ្នក​រកឃើញ ។

  1. សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​គ្រា​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​ប្រទាន​ពរ​អ្នក​នូវ​ព្រះវិញ្ញាណ​ទ្រង់ នៅពេល​អ្នក​រក្សា​សេចក្តី​សន្យា​ដែល​អ្នក​បាន​ធ្វើ ​ពេល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ថា នឹង​បម្រើ​ទ្រង់ ។

ម៉ូសាយ 18:17–30

អាលម៉ា​ បង្កើត​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ចំណោម​ប្រជាជន

តើ​អ្នក​គិត​អំពី​សេចក្តី​សញ្ញា​ទាំងឡាយ​ដែល​អ្នក​ធ្វើ​ នៅពេល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ហើយ​រំឭក​ឡើង​វិញ​ នៅពេល​អ្នក​ទទួល​ទាន​សាក្រាម៉ង់ញឹកញាប់​ប៉ុណ្ណា ?តើ​អ្នក​គួរ​គិតអំពី​សេចក្តី​សញ្ញា​ទាំង​នោះ​ញឹកញាប់​ប៉ុណ្ណា ?ជា​ធម្មតា តើ​អ្នក​យក​ពេល​គិត​អំពី​សេចក្តី​សញ្ញា​ទាំងនេះនៅ​ពេល​ណា ?

រូបភាព
ប្រធាន ហិនរី ប៊ី. អាវរិង

ប្រធាន ហិនរី ប៊ី.អាវរិង នៃ​គណៈប្រធាន​ទីមួយ បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការរក្សា​សេចក្តី​សញ្ញា​ទាំងឡាយ​របស់​យើង​ជាមួយ​ព្រះអម្ចាស់ ៖ « ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ គឺ​ជា​រាស្ត្រ​ក្នុង​សេចក្តី​សញ្ញា ។ចាប់ពី​ពេល​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ​រហូត​ដល់​ជំហាន​រីកចម្រើន​សំខាន់ៗ​ខាង​វិញ្ញាណ​នៃ​ជីវិត​រស់នៅ​របស់​យើង យើង​ធ្វើ​សេចក្តី​សន្យា​ទាំងឡាយ​ជាមួយ​ព្រះ ហើយ​ទ្រង់​ធ្វើ​សេចក្តី​សន្យា​ទាំងឡាយ​ជាមួយ​យើង​វិញ ។ទ្រង់​តែងតែ​រក្សា​សេចក្តី​សន្យា​ទាំងឡាយ​របស់​ទ្រង់​ ដែល​ប្រទាន​ឲ្យ​តាម​រយៈ​អ្នក​បម្រើ​របស់​ទ្រង់​ដែល​មាន​សិទ្ធិ​អំណាច ប៉ុន្តែ​វា​គឺ​ជា​ការសាកល្បង​ដ៏​សំខាន់​បំផុត​នៃ​ជីវិត​រស់នៅ​របស់​យើង ដើម្បី​មើលឃើញ​ថា បើ​យើង​ធ្វើ និង រក្សា​សេចក្តី​សញ្ញា​ទាំងឡាយ​របស់​យើង​ជាមួយ​ទ្រង់ » ( ”Witnesses for God,Ensignខែ វិច្ឆិកា.ឆ្នាំ 1996 ទំព័រ 30 ) ។

សូម​អានម៉ូសាយ 18:17–18, 20–23, 27–29ដោយរក​មើល​របៀប​ដែល​សមាជិក​ក្នុង​សាសនាចក្រ​នៅ​សម័យ​របស់ ​អាលម៉ា ​បាន​រក្សា​សេចក្តី​សញ្ញា​ទាំងឡាយ​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ពួកគេ ។អ្នក​អាច​ចង់​គូស​ចំណាំ​ពាក្យ​សម្តី និង ឃ្លា​ជាក់លាក់​នានា​ក្នុងម៉ូសាយ 18:22, 26, 30ដែល​បង្ហាញ​ថាមាន​ពរ​ជ័យ​ដ៏​ច្រើន​ក្រាស់ក្រែល​មក​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​រក្សា​សេចក្តី​សញ្ញា​ទាំងឡាយ​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ពួកគេ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​នឹង​ធ្វើ​ការណ៍​អ្វី​មួយ​ ដើម្បី​រក្សា​នូវ​សេចក្តី​សញ្ញា​ ​ដែល​អ្នក​បាន​ធ្វើ​នៅពេល​ពិធីបុណ្យ​ជ្រមុជ​ទឹកឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើងនោះ ?តើ​អ្នក​នឹង​រក្សា​ការតាំង​ចិត្ត​នេះ​យ៉ាង​ដូច​ម្តេច ?

ម៉ូសាយ 18:31–35

អ្នក​ទាំងឡាយ​ដែល​នៅ​ក្នុង​សាសនាចក្រ បាន​ភៀសខ្លួន​ចេញ​ពី​ការបៀតបៀន​របស់​សេ្តច ណូអេ

សូម​សិក្សា ម៉ូសាយ 18:31–33ដើម្បី​រៀនអំ​ពី​អ្វី​ដែល​ស្តេច​ណូអេ​កំពុង​ធ្វើ​ នៅ​ក្នុង​ទីក្រុង​លីហៃ-នីហ្វៃ ខណៈ​ដែល​អាលម៉ា និង មនុស្ស​របស់​លោក​ កំពុង​អរ​រីករាយ​នឹង​ពរជ័យ​ដ៏​អស្ចារ្យ​នៅ​ក្បែរ​ទឹក​មរមន ។សូម​អានម៉ូសាយ 18:34ហើយ​បន្ទាប់​មកម៉ូសាយ 23:1–2ដើម្បី​រក​មើល​របៀប​ដែល​អាលម៉ា « បាន​ដឹង​ជាមុន​ស្រេច » អំពី​គ្រោះថ្នាក់​ដែល​ប្រជារាស្ត្រ​របស់​លោក​នឹង​ប្រឈម​មុខ ។

សូម​ពិចារណា​ពី​ការសរសេរ​នូវ​សេចក្តី​ពិត​នេះ​ក្បែរ​នឹងម៉ូសាយ 18:34 ៖ព្រះអម្ចាស់​អាច​ដាស់តឿន​ដល់​ពួកសុចរិត​ នៅ​ពេល​ពួកគេ​ឋិត​នៅក្នុង​ភាព​គ្រោះថ្នាក់ ។

សូម​អាន​បទពិសោធន៍​ខាង​ក្រោម​ដោយ​អែលឌើរ នែល អិល. អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួកសាក​ដប់ពីរ​នាក់​ដែល​បង្ហាញពី​សេចក្តីពិត​នេះ ។

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« ដោយ​ធ្វើ​ការ​ជា​ភ្នាក់ងារ​ពិសេស​ម្នាក់​របស់អ្នក​ស៊ើបការ​ណ៍​សម្ងាត់ មិត្តភក្ដិ​របស់​ខ្ញុំ​បាន​ស៊ើបសង្កេត​ពី​ក្រុម​បទល្មើស​ដែល​បាន​រៀបចំ​ក្នុង​ការនាំ​ថ្នាំញៀន​ខុសច្បាប់​ចូលក្នុង​សហរដ្ឋ ។

« នៅ​ក្នុង​ឱកាស​មួយ គាត់ និង ភ្នាក់ងារ​ម្នាក់​ទៀត​បាន​ទៅ​អគារ​មួយ ដែល​ពួកគេ​ជឿ​ថា​ជា​កន្លែង​អ្នក​ជួញដូរ​ថ្នាំញៀន​ចែកចាយ​ថ្នាំ​កូកាអ៊ីន ។មិត្ត​របស់​ខ្ញុំ​បាន​ពិពណ៌នា​នូវ​អ្វី​ដែល​បាន​កើតឡើង ៖

« យើង​បាន​គោះ​ទ្វារ​នៃ​អ្នក​ជួញដូរ​ថ្នាំញៀន ។ជន​សង្ស័យ​បាន​បើក​ទ្វារ ហើយ​ពេល​ឃើញ​យើង គេ​បាន​ព្យាយាម​លាក់​បាំង​អ្វី​នៅ​ខាងក្រោយ​ខ្នង ។ប៉ុន្ដែ​វា​យឺត​ពេល​ទៅ​ហើយ យើង​អាច​ឃើញ​កូកាអ៊ីន​នៅលើ​តុ​គាត់ ។

« បុរសម្នាក់ និង ស្ដ្រី​ម្នាក់​ដែល​អង្គុយ​នៅ​តុ​នោះ​បាន​យក​កូកាអ៊ីន​ចេញ​ពី​តុ​ភ្លាម ។យើង​ត្រូវ​រារាំង​ពួក​គេ​មិន​ឲ្យ​បំផ្លាញ​ភស្ដុតាង ដូច្នេះ​ខ្ញុំ​ក៏​រុញ​ជនសង្ស័យ​ជួញ​ដូរ​ថ្នាំ​ញៀន​ ដែល​ពាំង​ទ្វារ​ទៅ​ម្ខាង​ភ្លាម ។នៅ​ពេល​ខ្ញុំ​រុញ​គាត់ យើង​សម្លឹង​ភ្នែក​គ្នា ។ចម្លែក​ណាស់ គាត់​មិន​បាន​បង្ហាញ​ថា គាត់​ខឹង ឬ ភ័យ​ខ្លាច​សោះ ។គាត់​បាន​ញញឹម​ដាក់​ខ្ញុំ ។

«‹ កែវ​ភ្នែក​គាត់ និង ស្នាម​ញញឹម​ដ៏​ស្រស់ ​បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា គាត់​មិនមែនជា​មនុស្ស​គ្រោះថ្នាក់​ឡើយ ដូច្នេះ​ខ្ញុំ​ក៏​ដើរ​ទៅកាន់​តុ​នោះ ។ឥឡូវ​នេះ ជនសង្ស័យ​នៅ​ពី​ក្រោយ​ខ្ញុំ ។ខណៈនោះ​ខ្ញុំ​មាន​អារម្មណ៍​ដ៏​ចម្លែកខ្លាំង​ក្នុង​គំនិត​ខ្ញុំ​ថា ៖ « ចូរ​ប្រយត្ន័​ចំពោះសេចក្ដី​អាក្រក់ ​ដែល​លាក់​នៅ​ពី​ក្រោយ​ក្រសែ​ភ្នែក​ស្រទន់​នោះ » ។

«‹ ភ្លាម​នោះ ខ្ញុំ​ក៏​បែរ​ទៅ​ក្រោយ​រក​ជនសង្ស័យ​នោះ ។ដៃ​របស់​គាត់​ដាក់​ក្នុង​ហោប៉ាវមុខ​ដ៏​ធំ​របស់​គាត់ ។​ភ្លាម​នោះ ខ្ញុំ​បាន​ចាប់ដៃ​គាត់ ហើយ​ទាញ​ដៃ​គាត់​ចេញពី​ហោប៉ាវ ។ពេល​នោះ​ទើប​ខ្ញុំ​ដឹង​ថា គាត់​បាន​លាក់​នៅ​ក្នុង​ដៃ​របស់​គាត់ នូវ​កាំភ្លើងខ្លី​ដែលហៀប​នឹង​បាញ់ ។សកម្មភាពដ៏​រំជើបរំជួល​មួយ​បាន​កើតឡើង ហើយ​ខ្ញុំ​បាន​ដាក់​ខ្នោះ​បុរស​នោះ ។ › …

« … ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ព្រមាន​មិត្ត​របស់​ខ្ញុំអំ​ពី​គ្រោះថ្នាក់​ដល់​រូបកាយ ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​នឹង​ព្រមាន​អ្នក​អំពី​គ្រោះថ្នាក់​ខាង​វិញ្ញាណ​ដែរ » ( “Beware of the Evil behind the Smiling Eyes,Ensignលីអាហូណាខែ ឧសភា 2005 ទំព័រ 46–47 ) ។

  1. សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​អារម្មណ៍​ទាំងឡាយ​ដែល​អ្នក​បាន​មាន​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ឬ បទពិសោធន៍​ទាំងឡាយ​ដែល​អ្នក​ចងចាំ នៅពេល​ដែល​អ្នក​ត្រូវ​បាន​ព្រមាន ឬ ការពារ​ពី​គ្រោះថ្នាក់​ខាង​សាច់ឈាម ឬ ខាង​វិញ្ញាណ ឬ សូម​សរសេរ​អំពី​បទពិសោធន៍​ទាំងឡាយ​របស់​អ្នក​ណា​ម្នាក់​ដែល​អ្នក​ស្គាល់ ឬ បាន​អាន ឬ បាន​ឮ ។

  2. សូម​សរសេរ​ចំណុចដែល​នៅ​ខាង​ក្រោម​នេះ ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សាម៉ូសាយ 18 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជា​មួយ​គ្រូ​របស់​ខ្ញុំ ៖