ថ្នាក់​សិក្ខាសាលា
មេរៀនទី 9 ៖ ថ្ងៃទី 3 យ៉ាកុប 1–2


មេរៀនទី 9 ៖ ថ្ងៃទី 3

យ៉ាកុប 1–2

សេចក្តីផ្ដើម

បន្ទាប់​ពី​នីហ្វៃ​ស្លាប់ ពួកសាសន៍​នីហ្វៃ​បានចាប់ផ្តើម « បណ្តោយ​ខ្លួន​ឲ្យ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត » ក្រោម​ការគ្រងរាជ្យ​របស់​ស្តេចថ្មី ( យ៉ាកុប 1:15 ) ។ប្អូន​ប្រុស​ពីរ​នាក់​របស់​នីហ្វៃ គឺ​យ៉ាកុប និង យ៉ូសែប ត្រូវបាន​តែងតាំងដោយ​នីហ្វៃ​ឲ្យ​ធ្វើ​ជា​សង្ឃ និង ជា​គ្រូ​សម្រាប់​ប្រជាជន​នេះ ហើយ​ពួកគេ​បាន​ធ្វើការ​ដោយ​ឧស្សាហ៍​ដើម្បី​បញ្ចុះបញ្ចូល​ប្រជាជន​នេះ​ឲ្យ​ប្រែចិត្ត ហើយ​មករក​ព្រះគ្រីស្ទ ។យ៉ូសែប​បានគោរព​តាម​ការបញ្ជា​របស់​លោកនីហ្វៃ​ដែល​ឲ្យ​សរសេរទុក​នូវ​ការបង្រៀន វិវរណៈ និង​ការព្យាករណ៍​ដ៏​ពិសិដ្ឋ​ទាំងឡាយ​នៅលើ​ផ្ទាំង​តូច ។ដោយ​មានជំហរ​ពិត​ចំពោះ​ការ​ផ្តល់ឲ្យ​នូវ​ទំនួលខុសត្រូវ​ដ៏ទេវភាព​របស់​លោក នោះ​យ៉ាកុប​បានអំពាវនាវ​ឲ្យ​ប្រជាជន​របស់លោក​ប្រែចិត្ត ព្រមាន​ពួកគេ​ពី​អំពើ​បាប​នៃ​ភាពឆ្មើងឆ្មៃ ការស្រលាញ់​ទ្រព្យសម្បត្តិ និង ភាពអសីលធម៌​ខាង​ផ្លូវភេទ ។លោក​បានបង្រៀន​អំពី​គ្រោះថ្នាក់​នានា និង លទ្ធផល​ទាំងឡាយ​នៃ​អំពើបាប​ទាំង​បីប្រភេទ​នេះ ។

យ៉ាកុប 1:1–2:11

យ៉ាកុប​បានព្រមាន​ប្រជាជន​ពី​អំពើ​ទុច្ចរិត​របស់​ពួកគេ

សូម​ពិចារណា​ថា តើអ្នក​នឹង​និយាយ​បែបណា​ក្នុង​ស្ថានភាព​ដូច​តទៅ​នេះ ៖ មិត្តភក្ដិ​ម្នាក់​ក្នុង​សាសនាចក្រ​បង្ហាញ​ពី​អាកប្បកិរិយា​អវិជ្ជមាន​ចំពោះ​អ្នកដឹកនាំ​បព្វជិតភាព​របស់​គាត់ ហើយ​និយាយថា « ពួកគេ​ហាក់​ដូចជា​មិន​យល់​ពិភពលោក​នេះ ហើយ​និង​របៀប​ដែល​ពិភពលោក​នេះ​ធ្វើការ ។ពួកគាត់​បានបន្ត​ព្រមាន​អំពី​ជម្រើស​ទាំងឡាយ​ដែល​មិន​មែន​ជា​បញ្ហា​ធំ​អី​នោះ​ទេ ។ខ្ញុំ​ប្រាថ្នា​ថា ពួកគាត់​នឹង​មិន​ចំណាយ​ពេល​ច្រើនពេក​ដើម្បី​ប្រាប់​យើង​ពី​រឿង​អាក្រក់​ទាំងអស់​ដែល​យើង​ត្រូវ​ចៀសវាង​នោះទេ ។ពូកគាត់​គប្បី​គ្រាន់តែ​និយាយ​អំពី​រឿង​វិជ្ជមាន​បានហើយ » ។

រូបភាព
យ៉ាកុប​កំពុង​បង្រៀន

សូម​គិត​ថា ហេតុអ្វី​អ្នកនាំ​បព្វជិតភាព​ជួនកាល​ព្រមាន​ទាស់​នឹង​អំពើ​បាប ។យ៉ាកុប​បានកត់ត្រា​ថា បន្ទាប់ពី​នីហ្វៃ​ស្លាប់ ( សូមមើល យ៉ាកុប 1:9 ) ប្រជាជន​បានចាប់ផ្តើម​ភ្ជាប់​ខ្លួន​ក្នុង​ការប្រព្រឹត្ត​អំពើ​ទុច្ចរិត​ជាក់លាក់ ។សូមអាន យ៉ាកុប 1:15–16 ហើយ​រកមើល​ថាតើ​ប្រជាជន​កំពុង​ធ្វើ​អ្វី​ដែល​ធ្វើ​ឲ្យ​យ៉ាកុប​ព្រួយ​បារម្មណ៍ ។

អ្នក​អាច​ចង់​គូស​រង្វង់​ជុំវិញ​ពាក្យ ចាប់ផ្តើម ក្នុង យ៉ាកុប 1:15–16 ។តើ​ហេតុអ្វី​វា​គឺជា​ពរជ័យ​មួយ ក្នុង​ការ​ដែល​មាន​អ្នកដឹកនាំ​បព្វជិតភាព​ព្រមាន​យើង​អំពី​បញ្ហា​ទាំងឡាយ​នៅពេល ឬ សូម្បីតែ​ពីមុន​បញ្ហា​ទាំងនោះ​ចាប់ផ្តើម ?

សូមអាន យ៉ាកុប 1:6–8 ហើយ​រកមើល មូលហេតុដែល​យ៉ាកុប និង ពួក​អ្នក​ដឹកនាំ​របស់​លោក​កំពុង​ទូន្មាន​ប្រជាជន​របស់​នីហ្វៃ​ទាស់នឹង​អំពើ​បាប ។តើ​អ្នក​គិត​ថា ហេតុអ្វី​អ្នកដឹកនាំ​បព្វជិតភាព​ក្នុង​គ្រួសារ​របស់​អ្នក ព្រមទាំង​ពួកអ្នកដឹកនាំ​តាម​មូលដ្ឋាន និង ទូទៅ ព្រមាន​អ្នក​ពី​អំពើបាប ហើយ​បង្រៀន​អ្នក​ពី​ដំណឹងល្អ​ដោយ​ឧស្សាហ៍​ខ្លាំង​ម៉្លេះ ?អ្នក​អាច​គូស​ចំណាំ​ឃ្លា​ទាំងឡាយ​ក្នុង យ៉ាកុប 1:7 ដែល​បង្រៀន​សេចក្តី​ពិត​តទៅ​នេះ ៖ អ្នកដឹកនាំ​បព្វជិតភាព​បម្រើ​ដោយ​ឧស្សាហ៍​ដើម្បី​ជួយ​យើង​ឲ្យ​មករក​ព្រះគ្រីស្ទ ។

សូមអាន យ៉ាកុប 1:17–19 ហើយ​រកមើល​មូលហេតុ​បន្ថែម​ណាក៏​ដោយ​ដែល​យ៉ាកុប និង ប្អូនប្រុស​របស់លោក​គឺ​យ៉ូសែប កំពុង​បម្រើ​ដោយ​ឧស្សាហ៍​ព្យាយាម​ជាខ្លាំង​ដើម្បី​បង្រៀន​ប្រជាជន​នេះ ។

តើ​អ្នក​គិតថា ទទួល « ភារកិច្ច​មកពី​ព្រះអម្ចាស់ » មានន័យ​ដូច​ម្ដេច ( យ៉ាកុប 1:17 ) ?

អ្នក​អាច​ចង់​គូសចំណាំ​ឃ្លា​ដទៃទៀត​ដែល​ជួយ​បង្រៀន​គោលការណ៍​តទៅ​នេះ ៖ អ្នកដឹកនាំ​បព្វជិតភាព​មាន​ទំនួលខុសត្រូវ​ដ៏ទេវភាព​ដែល​ត្រូវបាន​ប្រគល់​ឲ្យ ដើម្បី​បង្រៀន​ព្រះបន្ទូល​របស់​ព្រះ និង ព្រមាន​ទាស់​នឹង​អំពើបាប ។

សូម​សញ្ជឹងគិត​មួយ​ភ្លែត​អំពី​មូលហេតុ​ដែល​វា​ជា​ការសំខាន់​ដើម្បី​យល់​ថា អ្នកដឹកនាំ​សាសនាចក្រ​មាន​ទំនួលខុសត្រូវ​ចំពោះ​កិច្ចខិតខំ​របស់​ពួកគេ​ក្នុង​ការបង្រៀន​យើង​ពី​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ដឹង ។

នៅពេល​អ្នក​អាន យ៉ាកុប 2:1–3, 6–7, 10–11 សូម​រកមើល​ឃ្លា​ទាំងឡាយ​ដែល​ចង្អុល​បង្ហាញ​ពី​បៀប​ដែល​យ៉ាកុប​បានមាន​អារម្មណ៍ អំពី​កិច្ចការ​ដ៏លំបាក​ក្នុង​ការ​អំពាវនាវ​ឲ្យ​ប្រជាជន​របស់​លោក​ប្រែចិត្ត ។

  1. សូមគិត​អំពី​អ្វី​ដែល​ឃ្លា​តទៅ​នេះ​បង្រៀន​អ្នក អំពី​ការជំរុញ​ទឹកចិត្ត​របស់​យ៉ាកុប​ដើម្បី​បំពេញ​កិច្ចការ​ដ៏​លំបាក​របស់លោក ៖ « ថ្ងៃ​នេះ​ខ្ញុំ​ផ្ទុក​ទៅដោយ​បំណង និង ការបារម្ភ​ដ៏លើសលែង​ទៅទៀត​ចំពោះ​សុខុមាលភាព​ដល់​ព្រលឹង​បង​ប្អូន​រាល់​គ្នា » ( យ៉ាកុប 2:3 ) ហើយ « ខ្ញុំ​ត្រូវតែ​ធ្វើតាម​ព្រះបញ្ញត្តិដ៏តឹងរឹង​នៃ​ព្រះ » ( យ៉ាកុប 2:10 ) ។សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក​នូវ​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោមនេះ ៖

    1. តើ​នៅ​ពេល​ណា ដែល​អ្នក​បាន​មានអារម្មណ៍​ពី​សេចក្តី​ស្រលាញ់ និង កង្វល់​របស់​ពួកអ្នកដឹកនាំ​បព្វជិតភាពដែល​មានមកលើ​អ្នក ?

    2. តើ​នៅ​ពេល​ណា ដែល​អ្នក​បាន​មានអារម្មណ៍​ថា ពាក្យ​សម្ដី ឬ សកម្មភាព​របស់​អ្នក​ដឹកនាំ​បព្វជិតភាព​ត្រូវបាន​បំផុស​ដោយ​ព្រះ​ដើម្បី​ជួយ​អ្នក ?

សូម​សញ្ជឹងគិត​ម្តងទៀត​ចំពោះ​ស្ថានភាព​ដែល​បានបង្ហាញ​នៅ​ចំណុច​ចាប់ផ្តើម​មេរៀន ។គិត​អំពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយ​ដល់​មិត្ត​របស់​អ្នក ដោយ​ផ្អែក​ទៅលើ​អ្វី​ដែល​អ្នក​បានសិក្សា​នៅថ្ងៃ​នេះ ។

យ៉ាកុប 2:12–21

យ៉ាកុប​ស្ដីបន្ទោស​ប្រជាជន​របស់​លោក​ព្រោះតែ​ភាពឆ្មើងឆ្មៅ

ដើម្បី​ជួយ​អ្នក​រៀបចំ​សិក្សា​អ្វី​ដែល​ព្រះអម្ចាស់​បានបញ្ជា​ឲ្យ​យ៉ាកុប​បង្រៀន សូមគិត​អំពី​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នក​ក្នុង​ចំណុច​តទៅ​នេះ ៖ គ្រួសារ មិត្តភក្ដិ អ្នក​ដឹកនាំ និង គ្រូបង្រៀន​នៅ​សាសនាចក្រ សមត្ថភាព​សិល្បៈ និង តន្ត្រី ជំនាញ​អត្តពលកម្ម ទេពកោសល ការអប់រំ ឱកាស​ទាំងឡាយ​ដើម្បី​រីកចម្រើន ចំណេះដឹង​នៃ​ដំណឹងល្អ និង របស់របរ​សំភារៈ ។សូមគិត​ដល់​របៀប​ផ្សេងទៀត​ដែល​ព្រះអម្ចាស់​បានប្រទានពរ​ដល់​អ្នក ។

សូមអាន យ៉ាកុប 2:12–13 ហើយ​រកមើល​អ្វី​ដែល​ពួកសាសន៍​នីហ្វៃ​កំពុង​ស្វែងរក ។សូម​កត់សំគាល់​ថា យ៉ាកុប​បានបង្រៀន​ថា « បាតដៃ​នៃ​ទិព្វញ្ញាណ » បានប្រទានពរ​ដល់​ពួកសាសន៍​នីហ្វៃ​នូវ​ទ្រព្យសម្បត្តិ​ជាច្រើន ។ឃ្លា​នេះ​សំដៅ​ទៅលើ​ព្រះវរបិតា​សួគ៌ ។

  1. សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក ពី​មូលហេតុ​ដែល​វា​សំខាន់​សម្រាប់​អ្នក​ក្នុង​ការ​ចងចាំ​ថា ព្រះអម្ចាស់​បានប្រទាន​ដល់​អ្នក​នូវ​ពរជ័យ និង សមត្ថភាព​ទាំងឡាយ​ដែល​អ្នក​មាន ។

បើសិន​យើង​មិន​ប្រុងប្រយ័ត្ន​ទេ យើង​អាច​បណ្តោយ​ខ្លួនយើង​ឲ្យ​លើកខ្លួនឡើង​ក្នុង​ភាពឆ្មើងឆ្មៃ​បន្ទាប់ពី​យើង​ទទួល​បាន​ពរជ័យ​ដែល​យើង​ស្វែងរក ដូច​ពួកសាសន៍​នីហ្វៃ​បានធ្វើ​ដែរ ។នៅក្នុង​ចន្លោះ​ដែល​បាន​ផ្តល់​ឲ្យ សូមសរសេរ​ពី​អ្វី​ដែល​អ្នក​គិត​ថា វាមានន័យ អំពី​ឃ្លា​ថា « លើក​ខ្លួនឡើង​ក្នុង​ការឆ្មើងឆ្មៃ​នៃ​ចិត្ត​របស់អ្នក » ។

ដូច​ដែល​បានកត់ត្រា​ក្នុង យ៉ាកុប 2:13 តើ​យ៉ាកុប​បាន​និយាយ​ថា អ្វី​ដែល​ជា​បុព្វហេតុ​មួយ​ចំនួន​នៃ​ភាពឆ្មើងឆ្មៃ​របស់​ពួកសាសន៍​នីហ្វៃ ?

សូម​គិត​ពី​មនុស្ស ឬ ក្រុម​មនុស្ស​នៅ​សម័យ​បច្ចុប្បន្ន​ដែល​ធ្វើ​ទុក្ខទោស មិនអើពើ ឬ បៀតបៀន​ដល់​អ្នក​ដទៃពីព្រោះ​ពួកគេ « រកបាន​បរិបូបូរណ៍ » ច្រើនជាង​អ្នកទាំងឡាយណា​ដែល​ពួកគេ​ធ្វើ​ទុក្ខទោស​នោះ ( យ៉ាកុប 2:13 ) ។ជា​ឧទាហរណ៍ ដោយសារ​មនុស្ស​មួយចំនួន​មាន​លុយ​ច្រើនជាង មាន​មិត្តភក្តិ​ច្រើនជាង មាន​សមត្ថភាព​អត្តពលកម្ម​ខ្លាំងជាង ឬ ទាំង​មាន​ចំណេះដឹង​នៃ​ដំណឹងល្អ​ច្រើន​ជាង​អ្នក​ដទៃទៀត នោះ​ពួកគេ​អាច​នឹង​គិត​ខុស​ថា ពួកគេ​គឺ​ប្រសើរ​ជាង​អ្នក​ដទៃ ឬ អាច​នឹង​បៀតបៀន​ដល់​ពួកគេ​ទៀត​ផង ។សូម​សញ្ជឹងគិត បើសិន​មាន​គ្រា​មួយ​ក្នុង​ជីវិត​របស់​អ្នក ជា​គ្រា​ដែល​អ្នក​បាន​សម្តែង​ចរិត​ឆ្មើងឆ្មៃ ។

សូមអាន យ៉ាកុប 2:17–21 ហើយ​គូស​ចំណាំ​ឃ្លា​ទាំងឡាយ​ដែល​អាច​ជួយ​អ្នក​ឈ្នះ​លើ​ភាពឆ្មើងឆ្មៃ ។

  1. ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូមសរសេរ​ឃ្លា​ពីរ ឬ ច្រើនជាង​នោះ​ដែល​អ្នក​បាន​រក​ឃើញ​ក្នុង យ៉ាកុប 2:17–21 ហើយ​ពន្យល់​ពី​របៀប​ដែល​ឃ្លា​ទាំងនោះ​អាច​ជួយ​អ្នក​ឈ្នះ​លើ​ភាពឆ្មើងឆ្មៃ ។សំណួរ​មួយ​ចំនួន​តទៅ​នេះ​អាច​ជា​ប្រយោជន៍​ដើម្បី​ពិចារណា​នៅពេល​អ្នក​ធ្វើ​បញ្ចប់​កិច្ចការ​នេះ ៖ តើ​អ្នក​គិតថា វា​មានន័យ​បែបណា​ចំពោះ​ពាក្យ​ស្វែងរក​នគរ​របស់​ព្រះ ?ដើម្បី​ទទួល​បាន​សេចក្តី​សង្ឃឹម​លើ​ព្រះគ្រីស្ទ ?តើ​ការស្វែងរក​នគរ​របស់​ព្រះ និង ការទទួល​បាន​សេចក្តី​សង្ឃឹម​លើ​ព្រះគ្រីស្ទ នឹង​មានឥទ្ធិពល​លើ​របៀប​ដែល​អ្នក​មើល​ទៅ និង ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​យ៉ាងដូចម្តេច ?

សូម​ស្រម៉ៃ​ថា ម្តាយ ឪពុក ឬ អ្នកដឹកនាំ​របស់​អ្នក​បាន​សួរ​អ្នក​ថា តើ​អ្នក​បានសិក្សា​អ្វី​នៅ​ថ្ងៃ​នេះ ។សូម​សរសេរ​ទុក​នូវ​គោលការណ៍​មួយ​ចេញពី យ៉ាកុប 2:17–21 ដែល​អ្នក​អាច​ប្រើ​ដើម្បី​ឆ្លើយ​សំណួរ​ទាំងនោះ ។

គោលការណ៍​មួយ​ក្នុង យ៉ាកុប 2:17–21 គឺ ៖ យើង​គប្បី​ស្វែងរក​នគរ​របស់​ព្រះ​លើសពី​ចំណាប់​អារម្មណ៍​ដទៃ​ទៀត​ទាំងអស់ ។

  1. សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​របៀប​មួយ​ដែល​អ្នក​អាច​ប្រើ​ពរជ័យ និង ឱកាស​ទាំងឡាយ​ដែល​ព្រះ​អម្ចាស់​បានប្រទាន​ដល់​អ្នក​ដើម្បី​ជួយ​ស្ថាបនា​នគរ​របស់​ព្រះ និង ប្រទានពរ​ដល់​ជីវិត​អ្នក​ដទៃ ។

យ៉ាកុប 2:22–30

យ៉ាកុប​ស្ដីបន្ទោស​ប្រជាជន​របស់​លោក​ដោយសារ​អសិលធម៌​ខាង​ផ្លូវ​ភេទ

សេចក្ដី​ថ្លែង​ការណ៍​តទៅ​នេះ​មានប្រសាសន៍​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ។សូម​ស្មានមើល​ថា តើ​ពាក្យ​ពីរ​ដែល​ត្រូវ​បំពេញ​ក្នុង​ចន្លោះ​នេះ​គឺជា​ពាក្យ​អ្វី ៖

« អំពើ​បាប​ដែល​ញាំញី​នៅ​ជំនាន់​នេះ​គឺ  » ( «Cleansing the Inner Vessel» Ensign ខែ ឧសភា ឆ្នាំ 1986 ទំព័រ 4 សូមរកមើល​នៅ​ចុងបញ្ចប់​នៃ​មេរៀន​សម្រាប់​ចម្លើយ​ត្រឹមត្រូវ ) ។

សូមអាន យ៉ាកុប 2:22–23, 28 ហើយ​គូស​ចំណាំ​ឃ្លា​ទាំងឡាយ​ដែល​យ៉ាកុប​បានប្រើ​ដើម្បី​ពិពណ៌នា​ពី​ភាពធ្ងន់ធ្ងរ​នៃ​ភាព​អសីលធម៌​ខាង​ផ្លូវភេទ ។វា​អាច​ជា​ប្រយោជន៍​ដើម្បី​យល់ដឹង​ថា ពាក្យ សហាយស្មន់ សំដៅលើ​អំពើ​បាប​ខាង​ផ្លូវភេទ ។

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​សកម្មភាព​មួយ​ចំនួន​ដែល​បំពាន​ទៅលើ​ច្បាប់​ព្រហ្មចារីភាព​របស់​ព្រះអម្ចាស់ ៖ « ភាព​ស្និតស្នាល​ខាង​ផ្លូវភេទ​ណាមួយ​ដែល​នៅ​ក្រៅ​ពី​ចំណង​អាពាហ៍ពិពាហ៍—ខ្ញុំ​និយាយ​ចំពោះ​ការប៉ះពាល់​ដោយ​ចេតនា​ណាមួយ​ទៅលើ​ផ្នែក​ដ៏​ពិសិដ្ឋ និង សំខាន់​នៃ​រាងកាយ​របស់​មនុស្ស​ផ្សេងមួយ​ទៀត​ទាំង​មាន ឬ គ្មាន​សំលៀក​បំពាក់​ក៏ដោយ—គឺជា​អំពើ​បាប​មួយ និង ត្រូវបាន​ហាមឃាត់​ដោយ​ព្រះ ។វា​ជា​អំពើ​រំលង​ផងដែរ​ក្នុង​ការ​ជំរុញ​អារម្មណ៍​រំភើប​ទាំងនេះ​នៅក្នុង​រាងកាយ​ខ្លួន​អ្នក​ផ្ទាល់ដោយ​ចេតនា » ( «Making the Right Choices» Ensign ខែ វិច្ឆិកា ឆ្នាំ 1994 ទំព័រ 38 ) ។

ទង្វើ​ការរួមភេទ​ដូចគ្នា និង ការមើល​រូបអាសគ្រាម​ក៏​បំពាន​ទៅលើ​ច្បាប់​ព្រហ្មចារីភាព​របស់​ព្រះអម្ចាស់​ផងដែរ ។

សូម​កត់សម្គាល់​ពី​របៀប​ដែល​ពួកសាសន៍​នីហ្វៃ​ព្យាយាម​ដោះសា​ចំពោះ​អំពើ​បាប​របស់ពួកគេ ដូច​ដែល​បាន​កត់ត្រា​ក្នុង យ៉ាកុប 2:23–24 ។សូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​គិត​អំពី​របៀប​ដែល​មនុស្ស​ព្យាយាម​ដោះសា​ពី​ភាពអសីលធម៌​ខាង​ផ្លូវភទ​នៅ​ថ្ងៃនេះ ។

អំពើ​បាប​មួយ​ក្នុង​ចំណោម​អំពើ​បាប​ទាំងឡាយ​របស់​ពួកសាសន៍​នីហ្វៃ​គឺ​ការអនុវត្ត​ដែល​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើ គឺ​ពហុអាពាហ៍ពិពាហ៍ ។យ៉ាកុប​បានបង្រៀន​ពី​ព្រះបញ្ញត្តិមួយ​របស់​ព្រះអម្ចាស់​ថា បុរស​ម្នាក់​គប្បី​រៀបការ​ជាមួយ​ភរិយា​តែ​ម្នាក់​ប៉ុណ្ណោះ ( សូមមើល យ៉ាកុប 2:27 ) ។ការ​មាន​ភរិយា​ច្រើន​ជាង​មួយ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ព្រះអម្ចាស់ តាមរយៈ​អ្នកដឹកនាំ​បព្វជិតភាព​ជ្រើសតាំង​របស់​ទ្រង់ គឺ​ជា​គំរូ​អំពី​អំពើ​បាប​ខាង​ផ្លូវភេទ ។នៅក្នុង​ព្រះនេត្រ​របស់​ព្រះ អំពើ​បាប​ទាំងឡាយ​ខាង​ផ្លូវភេទ​គឺ​ជា​ទោស​ដ៏​ធ្ងន់ធ្ងរ​ណាស់ ( សូមមើល អាលម៉ា 39:5 ) ។

រាស្ត្រ​របស់​ព្រះអម្ចាស់​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រព្រឹត្ត​អាពាហ៍ពិពាហ៍​ខាង​ប្រពន្ធ​ច្រើនទេ​លើកលែង​តែ​នៅពេល​ព្រះអម្ចាស់​ចេញ​បញ្ជា​ការណ៍​នោះ​ប៉ុណ្ណោះ ( សូមមើល យ៉ាកុប 2:30 ) ។មាន​គ្រា​ជាក់លាក់​ទាំងឡាយ​នៃ​ប្រវត្តិសាស្ត​របស់​ពិភពលោក​នេះ ដែល​ព្រះអម្ចាស់​បានបញ្ជា​ឲ្យ​រាស្ត្រ​របស់ទ្រង់​អនុវត្ត​ពហុអាពាហ៍ពិពាហ៍ ។ឧទាហរណ៍ អាពាហ៍ពិពាហ៍​ខាង​ប្រពន្ធ​ច្រើនត្រូវបាន​អនុវត្ត​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញាចាស់​ដោយ លោក​អ័ប្រាហាំ និង នាងសារ៉ា ( សូមមើល លោកុប្បត្តិ 16:1–3 គ. និង ស. 132:34–35, 37 ) និង ដោយ​ចៅប្រុស​របស់​ពួកគេ​គឺ យ៉ាកុប ( សូមមើល គ. និង ស. 132:37 ) ហើយ​ការណ៍​នោះ​ត្រូវបាន​អនុវត្ត​នៅ​អំឡុង​គ្រា​មួយ​នៅ​សម័យ​ដំបូង​នៃ​ការស្តារ​សាសនាចក្រ​ឡើងវិញ​ដែល​ចាប់ផ្តើម​ពី​ព្យាការី យ៉ូសែប ស្ម៊ីធ ( សូមមើល គ. និង ស. 132:32–33, 53 ) ។ទោះយ៉ាងណា​ក៏​ដោយ ព្រះ​បានបញ្ជា​ព្យាការី​របស់​ទ្រង់ វិលហ្វូឌ វូឌដ្រុព្វ ឲ្យ​បញ្ចប់​ការអនុវត្ត​នៃ​ពហុអាពាហ៍ពិពាហ៍ ( សូមមើល សេចក្តី​ប្រកាស​ជា​ផ្លូវការណ៍ 1 ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ) ។

សូមអាន យ៉ាកុប 2:31–35 ហើយ​គូសចំណាំ​ឃ្លា​ទាំងឡាយ​ដែល​បង្ហាញ​ពី​លទ្ធផល​អវិជ្ជមាន​មួយ​ចំនួន​នៃ​អំពើ​បាប​ខាង​ផ្លូវ​ភេទ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ក្នុង​សៀវភៅ​កំណត់​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. យោង​ទៅតាម​លោក យ៉ាកុប តើ​ភាពអសីលធម៌​ផ្លូវភេទ​មានឥទ្ធិពល​លើ​ក្រុមគ្រួសារ​ដោយ​របៀបណា ?

    2. យុវវ័យ​មួយ​ចំនួន​អាច​លើក​ហេតុផល​ថា ពួកគេ​អាច​ធ្វើ​ខុស​សីលធម៌​ផ្លូវភេទ ដោយសារ​ពួកគេ​មិនរៀបការ ហើយ​ដូច្នេះ ពួកគេ​មិនស្មោះត្រង់​ចំពោះ​ស្វាមី ឬ ភរិយា​ទេ ហើយ​ពួកគេ​មិន​មាន​កូន ។តើ​ភាពអសីលធម៌​អាច​មាន​ឥទ្ធិពល​លើ​ក្មេងជំទង់ និង គ្រួសារ​របស់ពួកគេ​ដោយ​របៀបណា ?

    3. តើ​ហេតុអ្វី​អ្នក​គិត​ថា ព្រះអម្ចាស់​ចាត់ទុក​ភាពអសីលធម៌​គឺជា​អំពើ​បាប​ធ្ងន់ធ្ងរ​បែបនេះ ?

សូម​មើល​នៅ​ផ្នែក​ចាប់ផ្តើម​នៃ យ៉ាកុប 2:28 ហើយ​គូស​ចំណាំ​អ្វី​ដែល​ព្រះអម្ចាស់​សព្វព្រះហឫទ័យ​ចំពោះ ។( សូម​កត់​សម្គាល់​ថា បើទោះជា​លោកយ៉ាកុប​រៀបរាប់​ជាពិសេសេ​អំពី​ស្ត្រី​ក្នុង​ខនេះ​ក៏ដោយ វាក៏ពិត​ជា​ស្មើភាព​ផងដែរ​ដែល​ព្រះអម្ចាស់​សព្វព្រះហឫទ័យ​នឹង​ភាព​បរិសុទ្ធ​នៃ​បុរស ) ។ខនេះ​បង្រៀន​គោលការណ៍​នេះ ៖ ព្រះអម្ចាស់​សព្វព្រះហឫទ័យ​នឹង​ព្រហ្មចារីភាព ឬ ភាពបរិសុទ្ធ ។

ផ្អែក​ទៅលើ​អ្វី​ដែល​អ្នក​បានរៀន​នៅ​ថ្ងៃនេះ សូម​ពិចារណាថា តើ​ហេតុ​អ្វី​ព្រះអម្ចាស់​សព្វព្រះហឫទ័យ​នឹង​ព្រហ្មចារីភាព ឬ ភាពបរិសុទ្ធ​នៃ​កូនចៅ​របស់ទ្រង់ ។សូមគិត​អំពី​គ្រួសារ​របស់​អ្នក ព្រមទាំង​គ្រួសារ​ដែល​អ្នក​សង្ឃឹម​ថា នឹង​មាន​នៅ​ពេលអនាគត ។តើ​ការរស់នៅ​តាម​ច្បាប់នៃ​ព្រហ្មចារីភាព​របស់​ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​អ្នក និង ពួកគេ​តាម​របៀបណា ?សូម​សញ្ជឹងគិត ថាតើ​ជម្រើស​ដែល​អ្នក​កំពុង​ធ្វើ​ការ​សម្រេចចិត្ត ដើម្បី​បរិសុទ្ធ និង ស្អាតស្អំ គាប់​ព្រះហឫទ័យ​ដល់​ព្រះអម្ចាស់​យ៉ាងណា ។

អ្នក​អាច​បន្ត​មានភាព​ស្អាតស្អំ ។បើសិន​អ្នក​បាន​ប្រព្រឹត្ត​បាប​ដែល​ទាស់នឹង​ច្បាប់​ព្រហ្មចារីភាព នោះ​អ្នក​អាច​ប្រែចិត្ត ហើយ​ក្លាយជា​ស្អាតស្អំ​បាន​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។សូម​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ខណៈ​ដែល​អ្នក​គិត​ពី​មធ្យោយបាយ​មួយ ឬ ច្រើន​ដែល​អ្នក​អាច​ការពារ​ខ្លួន​អ្នក​កាន់តែ​ប្រសើរឡើង​ដើម្បី​ទាស់នឹង​ការបំពាន​ច្បាប់​ព្រហ្មចារីភាព ។បើសិន​អ្នក​ប្រព្រឹត្ត​រំលង​ច្បាប់​ខាង​ផ្លូវភេទ​ណាមួយ ចូរ​ធ្វើ​អ្វីៗ​ដែល​ជា​ការចាំបាច់ រួមទាំង​ការជួប​ជាមួយ​ប៊ីស្សព ឬ ប្រធាន​សាខា​របស់​អ្នក ដើម្បី​សារភាព​ពី​អ្វី​ដែល​អ្នក​បានធ្វើ​ក្នុង​ការបំពាន​ច្បាប់​ព្រហ្មចារីភាព​របស់​ព្រះអម្ចាស់ ។

រូបភាព
ឱ! ព្រះវរបិតា​អើយ
  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅក្រោមផ្នែកកិច្ចការសម្រាប់ថ្ងៃនេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ាកុប 1–2 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖

ចម្លើយ​សម្រាប់​ពាក្យ​ដែល​បាត់​ក្នុង​ការដកស្រង់​នៅ​ផ្នែក​ចាប់ផ្តើម​នៃមេរៀន​នេះ ៖ ប្រធាន ប៊ែនសុន បាន​មានប្រសាសន៍ថា « អំពើ​បាប​ដែល​ញាំញី​នៅ​ជំនាន់នេះ​គឺ ភាពអសីលធម៌​ផ្លូវភេទ » ។