ព្រះគម្ពីរ
សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ 1
កំណត់ចំណាំ​នៅ​បាត
បាវចនា

សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ​ទី​១

ជូន​ចំពោះ​លោក​អ្នក​ទូ​ទៅ​សូមជ្រាប ៖

ការ​ឃោសនា​ព័ត៌មាន​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាប់​គោលបំណង​ខាង​នយោបាយ​ពី​ទី​ក្រុង​សលត៍ លេក ដែល​បាន​ផ្សាយ​ទូ​ទៅ​ដោយ​ថ្លែង​ថា គណៈកម្មការ​នៃ​រដ្ឋ​យូថាហ៍ ក្នុង​សេចក្ដី​រាយការណ៍​ថ្មីៗ​របស់​គេ​ទៅ​កាន់​លេខាធិការ​នៃ​ក្រសួង​មហា​ផ្ទៃ បានរាយការណ៍​ថា អាពាហ៍ពិពាហ៍​ខាងការ​មាន​ប្រពន្ធ​ច្រើន នៅ​តែ​ប្រព្រឹត្ត​នៅ​ឡើយ ហើយ​ថា​អាពាហ៍ពិពាហ៍​បែប​នេះ​មាន​ដល់​ទៅ​៤០ ឬ​ច្រើន​ជាង​នេះ ដែល​បាន​ចូល​ពិធី​ធ្វើ​នៅ​រដ្ឋ​យូថាហ៍ ចាប់​តាំង​ពី​ខែ​មិថុនា ឬ​កំឡុង​ឆ្នាំ​នេះ ហើយ​ថា​នៅ​ក្នុង​ការ​និយាយ​ទូ​ទៅ នោះ​ពួក​អ្នក​ដឹកនាំ​នៃ​សាសនាចក្រ​បាន​បង្រៀន លើក​ទឹក​ចិត្ត ហើយ​ជំរុញ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ពហុពន្ធ​ភាព​ត​ទៅ —

ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​ជា​ប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ សូម​ប្រកាស​ប្រាប់​តាម​មាគ៌ា​នេះ គឺ​តាម​បែបបទ​ដ៏​មុតមាំ​បំផុត​ថា ការ​ចោទ​ទាំង​ប៉ុន្មាន​នោះ​សុទ្ធ​តែ​មិន​ពិត។ យើង​ខ្ញុំ​ពុំ​បាន​បង្រៀន​អំពី​ពហុ​ពន្ធភាព ឬ​អាពាហ៍ពិពាហ៍​ប្រពន្ធ​ច្រើន ឬ​ក៏​អនុញ្ញាត​ឲ្យ​មនុស្ស​ណា​មួយ​ចូល​ក្នុង​ពិធី​នោះ​ឡើយ ហើយ​ខ្ញុំ​បដិសេធ​ថា ពុំ​មាន​អាពាហ៍ពិពាហ៍​ប្រពន្ធ​ច្រើន​ដល់​ទៅ​ចំនួន​៤០ ឬ​ក៏​ក្នុង​ចំនួន​ណា​ក្ដី​នៅ​គ្រា​នោះ បាន​រៀប​ពិធី​នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ​ទាំង​ឡាយ​របស់​យើង ឬ​នៅ​ក្នុង​កន្លែង​ណា​ក្នុង​ទឹកដី រដ្ឋយូថាហ៍​ឡើយ។

មាន​រឿង​មួយ​ដែល​បាន​រាយការណ៍ ក្នុង​កាល​មនុស្ស​ចោទ​ថា អាពាហ៍ពិពាហ៍​នោះ​ត្រូវ​បាន​ចូល​ធ្វើ​ពិធី​ឡើង​នៅ​ក្នុង​ដំណាក់ខាង​អំណោយទាន​ពិសិដ្ឋ នៅ​ទី​ក្រុង​សលត៍ លេក នៅ​និទាឃៈរដូវ​ក្នុង​ឆ្នាំ​១៨៨៩ ប៉ុន្តែ​ខ្ញុំ​ពុំ​អាច​រក​ឃើញ​ថា នរណា​មួយ​បាន​ប្រព្រឹត្ត​ពិធី​នោះ​ឡើយ អ្វី​ដែល​បាន​សម្រេច​តាម​របៀប​នោះ នោះ​ខ្ញុំ​ពុំ​បាន​ដឹង​ទេ។ បើ​មាន​ការ​ប្រព្រឹត្ត​ដូច​ការ​ចោទ​នេះ​ដែល​ថា​បាន​កើត​ឡើង នោះ​ដំណាក់​ខាង​អំណោយទាន​ពិសិដ្ឋ​ត្រូវ​រើ​ចេញ​ដោយ​ឥត​បង្អង់តាម​ការ​បង្គាប់​របស់​ខ្ញុំ។

ដរាបណា​ដែល​មាន​ច្បាប់​ចែង​ឡើង​ដោយ​សភា ហាមប្រាម​មិន​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ប្រពន្ធ​ច្រើន គឺជា​ច្បាប់​ដែល​បាន​ប្រកាស​ថា ជា​ច្បាប់​ពេញ​លេញ​ដោយ​តុលាការ​ខ្ពស់​បំផុត នោះ​ខ្ញុំ​សូម​ប្រកាស​ប្រាប់​ពី​បំណង​ចិត្ត​ខ្ញុំថា យល់​ព្រម​គោរព​តាម​ច្បាប់​ទាំង​នោះ ហើយ​នឹង​ប្រើ​ឥទ្ធិពល​ដែល​ខ្ញុំ​មាន​នឹង​សមាជិក​នៃ​សាសនាចក្រ​ដែល​ខ្ញុំ​ត្រួតត្រា​លើ ដើម្បី​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​តាម​បែប​នោះ​ដែរ។

គ្មាន​អ្វី​នៅ​ក្នុង​ការ​បង្រៀន​របស់​ខ្ញុំ​ទៅ​កាន់​សាសនាចក្រ ឬ​នៅ​ក្នុង​ការ​បង្រៀន​របស់​សហការី​របស់​ខ្ញុំ នៅ​គ្រា​ដែល​បាន​ពោល​ដល់​នោះ ដែល​អាច​បកស្រាយ​ថា បាន​បង្ខំ ឬ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រព្រឹត្ត​ពហុ​ពន្ធភាព​នោះ​ឡើយ ហើយ​កាលណា​មាន​អែលឌើរ​ក្នុង​សាសនាចក្រ​ណា​ម្នាក់ បាន​ប្រើ​សម្ដី​ក្នុង​ការ​បង្រៀន​ដែល​ឃើញ​ថា ឲ្យ​ន័យ​បែប​នេះ អ្នក​នោះ​ត្រូវ​ស្ដី​បន្ទោស​មួយ​រំពេច។ ហើយ​ឥឡូវ​នេះ ខ្ញុំ​ប្រកាស​ទូ​ទៅ​ថា ពាក្យ​ទូន្មាន​របស់​ខ្ញុំ​ទៅ​កាន់​ពួក​បរិសុទ្ធ គឺ​សូម​ឲ្យ​ឈប់​ចូល​ពិធី​អាពាហ៍ពិពាហ៍​ណា ដែល​បាន​ហាមប្រាម​ដោយ​ច្បាប់​នៃ​ដែនដី។

វិលហ្វួឌ វូឌដ្រុព្វ

ប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ
នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ

ប្រធាន ឡូរិនសូ ស្នូវ បាន​ថ្លែង​ដូចដែល​មាន​ត​ទៅ​នេះ​ថា ៖

« ខ្ញុំ​សូម​ស្នើ​ទទួល​ស្គាល់​ថា វិលហ្វួឌ វូឌដ្រុព្វ ជា​ប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ហើយ​ជា​បុរស​តែមួយ​គត់​នៅ​លើ​ផែនដី​នៅ​ពេល​នេះ​ដែល​កាន់​កូន​សោ​ទាំង​ឡាយ​នៃ​ពិធី​ភ្ជាប់​ទាំង​ឡាយ នោះ​យើង​គិត​ថា​លោក​មាន​សិទ្ធិ​អំណាច​ត្រឹម​ត្រូវ ដោយ​សារ​គុណធម៌​នៃ​តំណែង​របស់​លោក ដើម្បី​ចេញ​សេចក្ដី​ប្រកាស​ដែល​បាន​អាន​ឲ្យ​អ្នក​ស្ដាប់​នោះ ហើយ​ដែល​ចុះ​នៅ​ថ្ងៃ​ទី ២៤ ខែ​កញ្ញា ឆ្នាំ​១៨៩០ ហើយ​ថា ដោយ​សារ​សាសនាចក្រ​ដែល​បាន​ប្រជុំ​ក្នុង​សន្និសីទ​ទូ​ទៅ នោះ​យើង​សូម​ទទួល​សេចក្ដី​ប្រកាស​របស់​លោក ស្ដី​អំពី​អាពាហ៍ពិពាហ៍​ប្រពន្ធ​ច្រើន​ទុក​ថា​ជា​មាន​សិទ្ធិ​អំណាច ហើយ​មាន​អានុភាព »។

ការ​បញ្ចេញ​មតិ​សូម​ឲ្យ​គាំទ្រ​ការណ៍​ដែល​បាន​ពោល​ដល់​នោះ គឺជា​ឯកច្ឆន្ទ។

ទី​ក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ ថ្ងៃ​ទី ៦ តុលា ១៨៩០

ជម្រើស​ចេញ​ពី​សុន្ទរកថា​បី​ដោយ
ប្រធាន វិលហ្វួឌ វូឌដ្រុព្វ
អំពី​សេចក្ដី​ប្រកាស​នេះ

ព្រះ​អម្ចាស់​ទ្រង់​នឹង​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ ឬ​នរណា​ផ្សេង​ទៀត ដែល​ឈរ​ជា​ប្រធាន​នៃ​សាសនាចក្រ​នេះ​ដឹកនាំ​អ្នក​ឲ្យ​វង្វេង​ចេញ​ឡើយ។ គឺ​ពុំ​មាន​នៅ​ក្នុង​កម្មវិធី​ឡើយ។ គឺ​មិនមែន​នៅ​ក្នុង​ព្រះ​ហឫទ័យ​នៃ​ព្រះ​ឡើយ។ បើ​សិន​ជា​ខ្ញុំ​ខំ​ធ្វើ​ដូច្នោះ នោះ​ព្រះ​អម្ចាស់​ទ្រង់​នឹង​ដក​ខ្ញុំ​ចេញ​ពី​កន្លែង​ខ្ញុំ​ទៅ​ហើយ ហើយ​ទ្រង់​ក៏​នឹង​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ​ដល់​អ្នក​ណា​ដែល​ខំ​ដឹកនាំ​កូន​ចៅ​មនុស្ស​ចេញ​ពី​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ និង​ចេញ​ពី​ភារកិច្ច​របស់​គេ​ដែរ។ (សន្និសីទ​ទូ​ទៅ​នៃ​សាសនាចក្រ​ប្រចាំ​ឆ្នាំ​ទី ៦១ នៅ​ថ្ងៃ​ចន្ទ ទី៦ ខែ​តុលា ឆ្នាំ​១៨៩០ ទី​ក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍។ បាន​រាយការណ៍​នៅ​ក្នុង Deseret Evening News, ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​១៨៩០, ទំព័រ​លេខ ២)។

មិន​សំខាន់​ទេ​ដែល​អ្នក​ណា​ត្រូវ​រស់ ឬ​អ្នក​ណា​ត្រូវ​ស្លាប់ ឬ​អ្នក​ណា​ត្រូវ​បាន​ហៅ​ឲ្យ​ដឹកនាំ​សាសនាចក្រ​នេះ គឺ​ពួក​គេ​គ្រាន់តែ​ត្រូវ​ដឹកនាំ​ដោយ​ការ​បំផុស​គំនិត​ពី​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ប៉ុណ្ណោះ។ បើ​សិន​ជា​ពួក​គេ​មិន​ធ្វើ​ដូច្នោះ​ទេ នោះ​ពួក​គេ​មិន​អាច​ធ្វើ​បាន​ឡើយ …។

នៅ​ពេល​ឆាប់ៗ​នេះ ខ្ញុំ​បាន​ទទួល​វិវរណៈ​ខ្លះៗ ហើយ​ខ្លះៗ​ទៀត​សំខាន់​ដល់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ប្រាប់​អ្នក​នូវ​អ្វី​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​កាន់​ខ្ញុំ។ ខ្ញុំ​សូម​រំឭក​ប្រាប់​អ្នក​ពី​អ្វី​ដែល​ហៅថា​សេចក្ដី​ប្រកាស …។

ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រាប់​ខ្ញុំ​ឲ្យ​សួរ​ពួក​បរិសុទ្ធ​នូវ​សំណួរ​មួយ ហើយ​ទ្រង់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា បើ​សិន​ជា​ពួក​គេ​ព្រម​ស្ដាប់​តាម​អ្វី​ដែល​ខ្ញុំ​ប្រាប់​ដល់​ពួក​គេ ហើយ​ឲ្យ​ឆ្លើយ​សំណួរ​ដែល​ខ្ញុំ​សួរ​គេ ដោយ​ព្រះ​វិញ្ញាណ និង​ព្រះ​ចេស្ដា​នៃ​ព្រះ នោះ​ពួក​គេ​ទាំង​អស់​គ្នា​នឹង​ឆ្លើយ​ដូច​គ្នា ហើយ​ពួក​គេ ទាំង​អស់​គ្នា​នឹង​ជឿ​ដូច​គ្នា​ចំពោះ​ការណ៍​នេះ។

នេះ​គឺជា​សំណួរ​ថា ៖ តើ​អ្វី​ជា​ផ្លូវ​ដ៏​វាងវៃ​បំផុត​សម្រាប់​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ — តើ​ត្រូវ​បន្ត​ការ​ប្រព្រឹត្ត​អាពាហ៍ពិពាហ៍​ប្រពន្ធ​ច្រើន ដោយ​មាន​ការ​ជំទាស់​ពី​ច្បាប់​នៃ​ប្រទេស និង​ការ​ជំទាស់​ពី​មនុស្ស​ដល់​ទៅ​៦០​លាន​នាក់ និង​ដោយ​ត្រូវ​ទទួល​ការ​រឹបអូស និង​ការ​បាត់​បង់​ព្រះ​វិហារបរិសុទ្ធ​ទាំង​អស់ និង​ការ​បញ្ឈប់​នូវ​ពិធី​ទាំង​អស់​ដែល​ប្រព្រឹត្ត​នៅ​ទី​នោះ​ផង ទាំង​សម្រាប់​ពួក​អ្នក​នៅ​រស់ និង​សម្រាប់​ពួក​អ្នក​ស្លាប់​ផងដែរ និង​ការ​ដាក់​គុក​នូវ​គណៈប្រធាន​ទី​មួយ និង​ពួក​១២​នាក់ និង​មេ​គ្រួសារ​ទាំង​ឡាយ​នៅ​ក្នុង​សាសនាចក្រ និង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​របស់​ប្រជាជន (គ្រប់​ការណ៍​ទាំង​អស់​នេះ​នឹង​បញ្ឈប់​ការ​ប្រព្រឹត្ត​អាពាហ៍ពិពាហ៍​ប្រពន្ធ​ច្រើន) ឬ​ក៏​បន្ទាប់​ពី​អ្វីៗ​ដែល​យើង​បាន​ប្រព្រឹត្ត ហើយ​រង​ទុក្ខ តាម​រយៈ​ការ​ស្មោះ​ចិត្ត​គោរព​តាម​គោលការណ៍​នេះ យើង​ត្រូវ​ឈប់​ប្រព្រឹត្ត ហើយ​យល់​ព្រម​ស្ដាប់​តាម​ច្បាប់ ហើយ​ដោយ​ការ​ប្រព្រឹត្ត​នេះ ទើប​អាច​ទុក​ឲ្យ​ពួក​ព្យាការី ពួក​សាវក និង​ពួក​ឪពុក​នៅ​ផ្ទះ​បាន ដើម្បី​ឲ្យ​ពួក​គេ​អាច​បង្គាប់​ប្រជាជន ហើយ​ប្រព្រឹត្ត​ការងារ​ទាំង​ឡាយ​នៃ​សាសនាចក្រ​បាន ហើយ​ព្រម​ទាំង​ទុក​ព្រះ​វិហារបរិសុទ្ធ​ទាំង​ឡាយ​ឲ្យ​នៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​បរិសុទ្ធ ដើម្បី​ឲ្យ​ពួក​គេ​អាច​ប្រព្រឹត្ត​ពិធី​ទាំង​ឡាយ​នៃ​ដំណឹង​ល្អ ទាំង​សម្រាប់​ពួក​អ្នក​នៅ​រស់ និង​សម្រាប់​ពួក​អ្នក​ស្លាប់​ផង​ដែរ​ឬ?

ព្រះ​អម្ចាស់​ទ្រង់​បាន​បង្ហាញ​ដល់​ខ្ញុំ​ដោយ​ការ​និមិត្ត និង​វិវរណៈ​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​ជា​ពិតប្រាកដ បើ​សិន​ជា​យើង​មិន​ឈប់​ប្រព្រឹត្ត​នេះ។ បើ​សិន​ជា​យើង​មិន​បាន​ឈប់​ទេ នោះ​អ្នក​ក៏​មិន​ចាំ​បាច់​ត្រូវ​ការ … អ្នក​ណា​មួយ​នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ​ឡូកាន់​ឡើយ ព្រោះ​ពិធី​ទាំង​អស់​នឹង ត្រូវ​ឈប់​ឈឹង​ពេញ​ដែនដី​ស៊ីយ៉ូន។ ចលាចល​នឹង​សោយរាជ្យ​ពេញ​ស្រុក​អ៊ីស្រាអែល ហើយ​ពួក​បុរស​ជា​ច្រើន​នឹង​ត្រូវ​ជាប់​គុក។ បញ្ហា​នេះ​នឹង​មាន​មក​លើ​សាសនាចក្រ​ទាំង​មូល ហើយ​យើង​ក៏​នឹង​ត្រូវ​បង្ខំ​ឲ្យ​ឈប់​ប្រព្រឹត្ត​ជាមិនខាន​ឡើយ។ ឥឡូវ​នេះ នេះ​គឺជា​សំណួរ ថា​តើ​ការ​ប្រព្រឹត្ត​នោះ​ត្រូវ​ឈប់​ដោយ​បែប​នោះ ឬ​ក៏​តាម​ផ្លូវ​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​សម្ដែង​ប្រាប់​ដល់​យើង ហើយ​ទុក​ពួក​ព្យាការី និង​ពួក​សាវក និង​ពួក​ឪពុក​របស់​យើង​ឲ្យ​នៅ​ជា​មនុស្ស​សេរី ហើយ​ទុក​ព្រះ​វិហារ​ទាំង​ឡាយ​ឲ្យ​នៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ប្រជាជន ដើម្បី​ឲ្យពួក​អ្នក​ស្លាប់​អាច​បាន​ប្រោស​លោះ។ មាន​មនុស្ស​មួយ​ចំនួន​ធំ​ហើយ​ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​រួច​ពី​គុក​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​ប្រជាជន​នេះ ហើយ​តើ​ត្រូវ​ឲ្យ​កិច្ចការ​នោះ​មាន​ត​ទៅ ឬ​ឈប់​មាន? នេះ​គឺជា​សំណួរ​ដែល​ខ្ញុំ​សូម​ដាក់​ខាង​មុខ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ។ អ្នក​ត្រូវ​វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង​ផ្ទាល់។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ឆ្លើយ​សំណួរ​នោះ​សម្រាប់​ខ្លួន​ឯង​ផ្ទាល់។ ខ្ញុំ​នឹង​មិន​ឆ្លើយ​ទេ ប៉ុន្តែ​ខ្ញុំ​សូម​ប្រាប់​អ្នក​ថា នោះ​ច្បាស់​លក្ខខណ្ឌ​ដែល​យើង​ជា​ប្រជាជន​ត្រូវ​ប្រទះ បើ​សិន​ជា​យើង​ពុំ​បាន​រើស​ផ្លូវ​ដែល​យើង​បាន​រើស​នោះ។

… ខ្ញុំ​ច្បាស់​ជា​បាន​ឃើញ​អ្វី​ដែល​នឹង​កន្លង​ផុត​ទៅ បើ​សិន​ជា​ពុំ​បាន​សម្រេច​អ្វី​មួយ។ ខ្ញុំ​មាន​វិញ្ញាណ​នេះ​ស្ថិត​លើ​ខ្ញុំ​ជា​យូរយារ​ណាស់​មក​ហើយ។ ប៉ុន្តែ​ខ្ញុំ​ចង់​និយាយ​យ៉ាង​នេះ​ទៅ​វិញ​ថា ៖ ខ្ញុំ​គប្បី​បណ្ដោយ​ឲ្យ​គេ​យក​ព្រះ​វិហារ​ទាំង​អស់​ចេញ​ពី​កណ្ដាប់​ដៃ​យើង​ទៅ ខ្ញុំ​គប្បី​ទៅ​ចូល​គុក​ដោយ​ខ្លួន​ឯង ហើយ​បណ្ដោយ​ឲ្យ​មនុស្ស​ផ្សេងៗ​ទៅ​ដែរ បើ​សិន​ជា​ព្រះ​នៃ​ស្ថាន​សួគ៌​ទ្រង់​បាន​បញ្ជា​ដល់​ខ្ញុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​នូវ​អ្វីៗ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​នោះ ហើយ​កាល​ពេល​នោះ​មក​ដល់ នោះ​ខ្ញុំ​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រព្រឹត្ត​បែប​នោះ ការណ៍​នោះ​គឺ​ច្បាស់លាស់​ដល់​ខ្ញុំ។ ខ្ញុំ​បាន​ទៅ​ចំពោះ​ព្រះ​អម្ចាស់ ហើយ​ខ្ញុំ​បាន​សរសេរ​នូវ​អ្វី​ដែល​ព្រះ​អម្ចាស់​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ខ្ញុំ​សរសេរ …។

ខ្ញុំ​សូម​ផ្ញើ​ការណ៍​ទុក​ជាមួយ​នឹង​អ្នក សម្រាប់​ឲ្យ​អ្នក​សញ្ជឹង​គិត ហើយ​ពិចារណា។ ព្រះ​អម្ចាស់​ទ្រង់​កំពុង​ធ្វើ​ការ​ជាមួយ​ពួក​យើង។ (សន្និសីទ​ប្រចាំ​ស្តេក​ខែស ក្រុង​ឡូកាន់ រដ្ឋ​យូថាហ៍ ថ្ងៃ​អាទិត្យ ទី​១ ខែ​វិច្ឆិកា ឆ្នាំ​១៨៩១ បាន​រាយការណ៍​នៅ​ក្នុង Deseret Weekly, ១៤ វិច្ឆិកា ១៨៩១)។

ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​នូវ​អ្វី​ដែល​បាន​សម្ដែង​ដល់​ខ្ញុំ និង​ពី​អ្វី​ដែល​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​បាន​ធ្វើ​ចំពោះ​ការណ៍​នេះ …។ ប្រាកដ​ដូច​ជា​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ទ្រង់​មាន​ព្រះ​ជន្ម​រស់នៅ គឺ​គ្រប់​ការណ៍​ទាំង​អស់​នឹង​កើត​ឡើង​មែន បើ​សិន​ជា​ពុំ​បាន​ប្រទាន​សេចក្ដី​ប្រកាស​នោះ​មក​ទេ។ ហេតុ​ដូច្នេះ​ហើយ ទើប​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​មាន​ការណ៍​នេះ​សម្ដែង​ដល់​សាសនាចក្រ និង​ដល់​ពិភពលោក​សម្រាប់​គោលបំណង​ទាំង​ឡាយ ដែល​នៅ​ក្នុង​ព្រះ​ហឫទ័យ​របស់​ទ្រង់។ ព្រះ​អម្ចាស់​ទ្រង់​បាន​ចេញ​បញ្ញត្តិ​ឲ្យ​តាំង​ក្រុង​ស៊ីយ៉ូន។ ទ្រង់​បាន​ចេញ​បញ្ញត្តិ​ឲ្យ​ធ្វើ​ព្រះ​វិហារ​នេះ​ឲ្យ​រួច។ ទ្រង់​បាន​ចេញ​បញ្ញត្តិ​ថា​សេចក្ដី​សង្គ្រោះ​ដល់​ពួក​អ្នក​នៅ​រស់ និង​ពួក​អ្នក​ស្លាប់ ត្រូវ​បាន​ប្រទាន​មក​នៅ​ក្នុង​ច្រក​ភ្នំ​ទាំង​ឡាយ។ ហើយ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​បាន​ចេញ​បញ្ញត្តិ​ថា អារក្ស​នឹង​មិន​ដែល​បង្អាក់​ការណ៍​នោះ​បាន​ឡើយ។ បើ​សិន​ជា​អ្នក​អាច​យល់​នូវ​ការណ៍​នោះ នោះ​ហើយ​ជា​កូន​សោ​ចំពោះ​ការណ៍​នោះ។ (ចេញ​ពី​សេចក្ដី​ថ្លែង​ប្រចាំ​ពិធី​ឧទ្ទិស​ទី៦ នៃ​ព្រះ​វិហារ​សលត៍ លេក ខែ​មេសា ឆ្នាំ​១៨៩៣។ ឯកសារ​បោះពុម្ព​នូវ​ពិធី​ឧទ្ទិស ចេញ​ពី​ប័ណ្ណ​សារ​នៃ​ផ្នែក​ប្រវត្តិ​របស់​សាសនាចក្រ ទី​ក្រុង​សលត៍​លេក រដ្ឋ​យូថាហ៍)៕