ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 29
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ២៩

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្នុង​វត្ត​មាន​ពួក​អែលឌើរ​ប្រាំមួយ​នាក់ នៅ​ភូមិ​ហ្វាយែត រដ្ឋ​ញូវយ៉ក ខែ​កញ្ញា ឆ្នាំ​១៨៣០ (History of the Church, ១:១១១–១១៥)។ វិវរណៈ​នេះ​ត្រូវ​បាន​ប្រទាន​ឲ្យ​មក​បួនដប់​ថ្ងៃ​មុន​សន្និសីទ ដែល​ចាប់​ផ្ដើម​ធ្វើ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​១៨៣០។

១–៨, ព្រះ​គ្រីស្ទ​ប្រមូល​ពួក​ដែល​ទ្រង់​បាន​រើស​តាំង; ៩–១១, ការ​យាង​របស់​ទ្រង់​បណ្ដាល​ឲ្យ​ចាប់​ផ្ដើម​សហស្សវត្ស; ១២–១៣, ពួក​១២ នាក់ នឹង​ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​អស់; ១៤–២១, ទី​សំគាល់ រោគា និង​សេចក្ដី​ហិន​វិនាស​នឹង​មាន​ឡើង​មុន​ការ​យាង​មក​លើក​ទី​ពីរ; ២២–២៨, ដំណើរ​រស់​ឡើង​វិញ និង​សេចក្ដី​ជំនុំ​ជំរះ​ចុង​ក្រោយ​បង្អស់ បន្ទាប់​ពី​សហស្សវត្ស; ២៩–៣៥, អ្វីៗ​គ្រប់​យ៉ាង គឺ​សុទ្ធ​តែ​ខាង​វិញ្ញាណ​ចំពោះ​ព្រះ​អម្ចាស់; ៣៦–៣៩, អារក្ស និង​ពួក​ពល​បរិវារ​វា​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ស្ថាន​សួគ៌ ដើម្បី​ឲ្យ​មក​ល្បួង​មនុស្ស; ៤០–៤៥, ការ​ធ្លាក់ និង​ដង្វាយ​ធួន​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ; ៤៦–៥០, កូន​ក្មេង​តូច​ត្រូវ​បាន​ប្រោស​លោះ តាម​រយៈ​ដង្វាយ​ធួន។

ចូរ​ស្ដាប់​តាម​សំឡេង​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​អ្នក ជា​ព្រះ​ដ៏​ជា​ព្រះ​ដែល​មហិមា ដែល​បាន​ធ្វើ​ឲ្យ​ធួន​នឹង​បាប​ទាំង​ឡាយ​របស់​អ្នក ដោយ​ពាហុ​នៃ​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់

ជា​អ្នក​ដែល​នឹង​ប្រមូល​រាស្ត្រ​របស់​ទ្រង់ ដូច​ជា​មេមាន់​ក្រុង​កូន​វា​ឲ្យ​ជ្រក​ក្រោម​ស្លាប សូម្បីតែ​អស់​អ្នក​ណា​ដែល​នឹង​ស្ដាប់​តាម​សំឡេង​របស់​យើង ហើយ​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង ហើយ​អំពាវនាវ​ដល់​យើង​ក្នុង​ការ​អធិស្ឋាន​ដ៏​ខ្លាំង​ក្លា។

មើល​ចុះ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​ពេល​នេះ បាប​ទាំង​ឡាយ​របស់​អ្នក​ត្រូវ​បាន​អត់​ទោស​ឲ្យ​ហើយ ហេតុដូច្នេះ​ហើយ បាន​ជា​អ្នក​រាល់​គ្នា​ទទួល​របស់​ទាំង​នេះ ប៉ុន្តែ​ចូរ​ចាំ​ទុក ដើម្បី​កុំ​ធ្វើ​បាប​ទៀត​ឡើយ ក្រែង​អំពើ​អាក្រក់​នឹង​មាន​មក​លើ​អ្នក។

យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​ត្រូវ​បាន​រើស​ចេញ​ពី​ពិភពលោក ដើម្បី​ឲ្យ​ទៅ​ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ​របស់​យើង ដោយ​សំឡេង​រីករាយ ដូច​ជា​សំឡេង​ត្រែ។

ចូរ​លើក​ចិត្ត​អ្នក​ឡើង ហើយ​អរ​សប្បាយ​ចុះ ត្បិត​យើង​នៅ​កណ្ដាល​ពួក​អ្នក ហើយ​យើង​ជា​ព្រះ​ដ៏​គាំទ្រ​អ្នក​នៅ​ចំពោះ​ព្រះ​វរបិតា ហើយ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​ប្រទាន​នគរ​មក​អ្នក​រាល់​គ្នា។

ហើយ​ដូច​ជា​បាន​ចែង​ទុក​មក​ថា — អ្វី​ក៏​ដោយ ដែល​អ្នក​សូម​ដោយ​នូវ​សេចក្ដី​ជំនឿ ដោយ​រួម​ប្រជុំ​គ្នា​អធិស្ឋាន ស្រប​តាម​បញ្ញត្តិ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ទទួល។

ហើយ​អ្នក​រាល់​គ្នា​ត្រូវ​បាន​ហៅ​មក ដើម្បី​បណ្ដាល​ឲ្យ​មាន​ការ​ប្រមូល​នៃ​ពួក​ដែល​យើង​បាន​រើស​តាំង ត្បិត​ពួក​ដែល​យើង​បាន​រើស​តាំង ឮ​សំឡេង​របស់​យើង ហើយ​មិន​ពង្រឹង​ចិត្ត​របស់​ពួក​គេ​ឡើយ

ហេតុ​ដូច្នោះ​ហើយ បញ្ញត្តិ​ត្រូវ​បាន​ចេញ​ពី​ព្រះ​វរបិតា​ថា ពួក​គេ​នឹង​ត្រូវ​បាន​ប្រមូល​ទៅ​កន្លែង​មួយ​នៅ​លើ​ផ្ទៃ​ដែនដី​នេះ ដើម្បី​ឲ្យ​ប្រុងប្រៀប​ចិត្ត​របស់​ពួក​គេ ហើយ​ប្រុងប្រៀប​ជាស្រេច​នូវ​អ្វីៗ​គ្រប់​យ៉ាង​រង់ចាំ​ថ្ងៃ​នោះ ក្នុង​កាល​សេចក្ដី​វេទនា និង​សេចក្ដី​ហិន​វិនាស ត្រូវ​បាន​ចាត់​ឲ្យ​មាន​មក​លើ​ពួក​ទុច្ចរិត។

ត្បិត​ម៉ោង​ជិត​ដល់​ហើយ ហើយ​ថ្ងៃ​នៅ​ជិត​ដៃ​បង្កើយ ក្នុង​កាល​ផែនដី​ទុំ​សុស ហើយ​អស់​ពួក​ឆ្មើងឆ្មៃ និង​អស់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​អំពើ​ទុច្ចរិត គេ​នឹង​ដូច​ជា​ជញ្ជ្រាំង ហើយ​យើង​នឹង​បញ្ឆេះ​ពួក​គេ​ឡើង ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ នៃ​ពួក​ពល​វរិ​វារ​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ដើម្បី​កុំ​ឲ្យ​មាន​អំពើ​ទុច្ចរិត​នៅ​លើ​ផែនដី​ឡើយ

១០ត្បិត​ម៉ោង​ជិត​ដល់​ហើយ ហើយ​ដើម្បី​ឲ្យ​អ្វីៗ​ដែល​បាន​ពោល​ឡើង ដោយ​ពួក​សាវក​របស់​យើង នោះ​ត្រូវ​បាន​សម្រេច ត្បិត​ដូច​ជា​ពួក​គេ​បាន​ពោល​មក នោះ​នឹង​បាន​កើត​ឡើង​មែន

១១ត្បិត​យើង​នឹង​សម្ដែង​ខ្លួន​ឲ្យ​ឃើញ​ពី​ស្ថាន​សួគ៌​ដោយ​ព្រះ​ចេស្ដា និង​សិរី​ល្អ​ដ៏​ធំ ដោយ​អស់​ទាំង​ពួក​ពល​បរិវារ​ពី​ស្ថាន​សួគ៌ ហើយ​នឹង​ស្ថិត​នៅ​ក្នុង​សេចក្ដី​សុចរិត ជាមួយ​មនុស្ស​លោក នៅ​លើ​ផែនដី​អស់​មួយ​ពាន់​ឆ្នាំ ហើយ​ពួក​ទុច្ចរិត​នឹង​ពុំ​ឈរ​មាំមួន​ឡើយ។

១២ហើយ​ជា​ថ្មី​ទៀត ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ ហើយ​វា​បាន​ចេញ​ទៅ​ជា​បញ្ញត្តិ​ដ៏​តឹង​រឹង​ដោយ​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា​ថា​ពួក​សាវក​របស់​យើង គឺ​ពួក​១២​នាក់​ដែល​នៅ​ជាមួយ​នឹង​យើង នៅ​ឯ​ការងារ​បម្រើ​របស់​យើង នៅ​ក្រុង​យេរូសាឡិម ពួក​គេ​នឹង​ឈរ​ខាង​ស្ដាំ​ដៃ​យើង នៅ​ថ្ងៃ​នៃ​ការ​យាង​មក​របស់​យើង ក្នុង​បង្គោល​ភ្លើង ដោយ​ពាក់​អាវ​វែង​នៃ​សេចក្ដី​សុចរិត ព្រម​ទាំង​មាន​មកុដ​នៅ​លើ​ក្បាល​របស់​ពួក​គេ​ផង នៅ​ក្នុង​សិរី​ល្អ​ដូច​ជា​យើង ដើម្បី​ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​អស់ គឺ​ដូច​ជា​អស់​អ្នក​ណា​ដែល​បាន​ស្រឡាញ់​យើង ហើយ​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ហើយ​គ្មាន​នរណា​ទៀត​ឡើយ។

១៣ត្បិត​ត្រែ​នឹង​បន្លឺ​សូរ​កាន់តែ​រន្ថើន​ខ្លាំង​ឡើង ដូច​ជា​នៅ​លើ​ភ្នំ​ស៊ីណាយ ហើយ​អស់​ទាំង​ផែនដី​នឹង​កក្រើក ហើយ​ពួក​គេ​នឹង​ចេញ​មក — មែន​ហើយ គឺ​ពួក​មនុស្ស​ស្លាប់​ណា​ដែល​ស្លាប់​ក្នុង​យើង ដើម្បី​មក​ទទួល​មកុដ​នៃ​សេចក្ដី​សុចរិត ហើយ​ដើម្បី​បាន​បំពាក់​ដូច​ជា​យើង ដើម្បី​នៅ​ជាមួយ​នឹង​យើង ប្រយោជន៍​ឲ្យ​យើង​ទាំង​ឡាយ​អាច​បាន​រួម​តែ​មួយ។

១៤ប៉ុន្តែ​មើល​ចុះ យើង​ប្រាប់​អ្នក​រាល់​គ្នា​ថា មុន​ថ្ងៃ​ដ៏​ធំ​នោះ​នឹង​មក​ដល់ ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ហើយ​ខែ​នឹង​ទៅ​ជា​ឈាម ហើយ​ផ្កាយ​ទាំង​ឡាយ​នឹង​ធ្លាក់​ចុះ​ពីលើ​មេឃ ហើយ​នឹង​មាន​ទី​សំគាល់​ដ៏​ធំ​ជាង​នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី​ខាង​ក្រោម

១៥ហើយ​នឹង​មាន​ការ​យំសោក​សង្រេង នៅ​ក្នុង​ចំណោម​ហ្វូង​មនុស្ស

១៦ហើយ​នឹង​មាន​ព្យុះ​ព្រិល​ដ៏​ធំ ចាត់​ឲ្យ​មក​បំផ្លាញ​ដំណាំ​នៃ​ផែនដី។

១៧ហើយ​ហេតុការណ៍​នឹង​កើត​ឡើង ពី​ព្រោះ​តែ​អំពើ​ទុច្ចរិត​នៃ​ពិភពលោក ដែល​យើង​នឹង​ដាក់​ការ​សង​សឹក​មក​លើ​ពួក​ទុច្ចរិត ព្រោះ​ពួក​គេ​មិន​ព្រម​ប្រែ​ចិត្ត​សោះ ព្រោះ​ពែង​នៃ​សេចក្ដី​ក្ដៅ​ក្រហាយ​របស់​យើង​ពេញ​ហើយ ត្បិត​មើល​ចុះ លោហិត​យើង​នឹង​មិន​សំអាត​ពួក​គេ ឡើយ បើ​សិន​ជា​ពួក​គេ​មិន​ស្ដាប់​តាម​យើង។

១៨ហេតុ​ដូច្នោះ​ហើយ យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ នឹង​ចាត់​រុយ​ទាំង​ឡាយ​ឲ្យ​មក​លើ​ផ្ទៃ​ផែនដី ដែល​នឹង​រុំ​បណ្ដាជន​នៅ​ទី​នោះ ហើយ​នឹង​ស៊ីសាច់​ពួក​គេ ហើយ​នឹង​បណ្ដាល​ឲ្យ​កើត​ដង្កូវ​មក​លើ​សាច់​ពួក​គេ

១៩ហើយ​អណ្ដាត​ពួក​គេ​នឹង​នៅ​ស្ងៀម ដើម្បី​កុំ​ឲ្យ​ពួក​គេ​ពោល​ពាក្យ​ទាស់​នឹង​យើង ហើយ​សាច់​ពួក​គេ​នឹង​រលួយ​ជ្រុះ​ពី​ឆ្អឹង​ពួក​គេ ហើយ​ភ្នែក​ពួក​គេ​ជ្រុះ​ពី​រន្ធ​ភ្នែក​ពួក​គេ

២០ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា សត្វ​សាហាវ​នៅ​ក្នុង​ព្រៃ និង​សត្វ​ហើរ​លើ​អាកាស នឹង​មក​ស៊ីសាច់​ពួក​គេ​អស់​រលីង។

២១ហើយ​សាសនាចក្រ​ដ៏​ធំ​ហើយ​គួរ​ខ្ពើម​ឆ្អើម ដែល​ជា​ពេស្យា​នៃ​អស់​ទាំង​ផែនដី នឹង​ត្រូវ​រលំ​ចុះ​ដោយ​ភ្លើង​ឆេះ​ឆាប ស្រប​តាម​អ្វី​ដែល​បាន​ពោល​ដោយ​មាត់​នៃ​លោក​អេសេគាល ជា​ព្យាការី ជា​អ្នក​ដែល​បាន​ពោល​អំពី​ការណ៍​ទាំង​នេះ ដែល​មិនទាន់​បាន​កើត​ឡើង​នៅ​ឡើយ​ទេ ប៉ុន្តែ​ច្បាស់​ជា​នឹង​កើត​ឡើង ដរាបណា​ដែល​យើង​មាន​ព្រះ​ជន្ម​រស់នៅ ត្បិត​អំពើ​ដ៏​គួរ​ខ្ពើម​ឆ្អើម​នឹង​មិន​សោយរាជ្យ​ឡើយ។

២២ហើយ​ជា​ថ្មី​ទៀត ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ក្នុង​កាល​រយៈ​មួយ​ពាន់​ឆ្នាំ​បាន​ចប់​ទៅ ហើយ​មនុស្ស​លោក​ចាប់​ផ្ដើម​បដិសេធ​ព្រះ​របស់​ពួក​គេ​ម្ដង​ទៀត ខណៈ​នោះ យើង​នឹង​ប្រណី​ដល់​ផែនដី​តែ​មួយ​រដូវ​តូច​ប៉ុណ្ណោះ

២៣ហើយ​ចុង​បំផុត​នឹង​មក​ដល់ ហើយ​ផ្ទៃ​មេឃ និង​ផែនដី នឹង​ត្រូវ​បាន​រលាយ ហើយ​កន្លង​ផុត​ទៅ ហើយ​នឹង​មាន​ផ្ទៃ​មេឃ​ថ្មី និង​ផែន​ដី​ថ្មី

២៤ព្រោះ​របស់​ចាស់​គ្រប់​យ៉ាង នឹង​កន្លង​ផុត​ទៅ ហើយ​របស់​ទាំង​អស់ នឹង​ក្លាយ​ទៅ​ជា​ថ្មី សូម្បីតែ​ផ្ទៃ​មេឃ និង​ផែនដី និង​អស់​ទាំង​របស់​របរ​ពាស​ពេញ​ទី​នោះ​ផង ព្រម​ទាំង​មនុស្ស​លោក និង​សត្វ​ជើង​បួន ទាំង​សត្វ​ហើរ​លើ​អាកាស និង​ត្រី​សមុទ្រ​ផង

២៥ហើយ​គ្មាន​សក់​មួយ​សរសៃ ឬ​កម្ទេច​ណា​ឡើយ នឹង​ត្រូវ​វិនាស​បាត់​ទៅ ត្បិត​របស់​ទាំង​នោះ​ជា​ផល​នៃ​ព្រះ​ហស្ត​របស់​យើង។

២៦ប៉ុន្តែ​មើល​ចុះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា មុន​ផែនដី​នឹង​កន្លង​ផុត​ទៅ មីកែល ជា​មហា​ទេវតា​របស់​យើង​នឹង​បន្លឺ​ត្រែ​របស់​លោក ហើយ​នៅ​ខណៈ​នោះ ពួក​អ្នក​ស្លាប់​ទាំង​អស់​នឹង​ភ្ញាក់​ឡើង​វិញ ព្រោះ​ផ្នូរ​របស់​ពួក​គេ​នឹង​របើក​ឡើង ហើយ​ពួក​គេ​នឹង​ចេញ​មក — មែន​ហើយ គឺ​មនុស្ស​ទាំង​អស់។

២៧ហើយ​ពួក​សុចរិត​នឹង​ត្រូវ​បាន​ប្រមូល​មក​ខាង​ស្ដាំ​យើង​ចំពោះ​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ហើយ​ពួក​ទុច្ចរិត​នៅ​ខាង​ឆ្វេង​យើង នោះ​យើង​នឹង​មាន​ចិត្ត​ខ្មាស​ចំពោះ​ព្រះ​វរបិតា ដែល​យើង​មាន​ពួក​គេ

២៨ហេតុ​ដូច្នោះ​ហើយ យើង​នឹង​មាន​បន្ទូល​ដល់​ពួក​គេ​ថា — អ្នក​រាល់​គ្នា​ដែល​ត្រូវ​បណ្ដាសា​អើយ ចូរ​ចេញ​ពី​យើង​ទៅ​ក្នុង​ភ្លើង​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​បាន​រៀបចំ​ឡើង​សម្រាប់​អារក្ស និង​ពួក​ទេវតា​របស់​វា​ចុះ។

២៩ហើយ​ឥឡូវ​នេះ មើល​ចុះ យើង​ប្រាប់​អ្នក​រាល់​គ្នា​ថា គ្មាន​ពេល​ណា​មួយ​សោះ ដែល​យើង​បាន​ប្រកាស​ប្រាប់​ពី​មាត់​យើង​ផ្ទាល់​ថា ពួក​គេ​គប្បី​វិល​មក​វិញ ត្បិត​កន្លែង​ដែល​យើង​នៅ នោះ​ពួក​គេ​ពុំ​អាច​មក​បាន​ឡើយ ព្រោះ​ពួក​គេ​ពុំ​មាន​អំណាច​សោះ។

៣០ប៉ុន្តែ​ចូរ​ចាំ​ចុះ​ថា គ្រប់​អស់​ទាំង​សេចក្ដី​ជំនុំ​ជំរះ​របស់​យើង នោះ​ពុំ​បាន​ប្រទាន​ដល់​មនុស្ស​លោក​ទេ ហើយ​ដូច​ជា​ពាក្យ​ទាំង​ឡាយ បាន​ចេញ​ពី​មាត់​យើង​ទៅ​យ៉ាង​ណា នោះ​ពាក្យ​ទាំង​នោះ​នឹង​បាន​សម្រេច​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​ពួក​អ្នក​មុន​ទៅ​ជា​ក្រោយ ហើយ​ដើម្បី​ឲ្យ​ពួក​អ្នក​ក្រោយ​ទៅ​ជា​មុន ក្នុង​គ្រប់​អ្វីៗ​ទាំង​អស់​ដែល​យើង​បាន​បង្កើត​មក ដោយ​សារ​ព្រះ​បន្ទូល​នៃ​ព្រះ​ចេស្ដា​របស់​យើង ដែល​ជា​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​របស់​យើង។

៣១ត្បិត​ដោយ​សារ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​របស់​យើង នោះ​យើង​បាន​បង្កើត​របស់​ទាំង​នោះ មែន​ហើយ គឺ​គ្រប់​ទាំង​អស់ ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​ផង —

៣២ទី​មួយ ខាង​វិញ្ញាណ រួច​ទី​ពីរ ខាង​សាច់ឈាម ដែល​ត្រូវ​ជា​ដើមដំបូង​នៃ​កិច្ចការ​របស់​យើង ហើយ​ជា​ថ្មី​ទៀត ទី​មួយ ខាង​សាច់ឈាម ហើយ​ទី​ពីរ ខាង​វិញ្ញាណ ដែល​ត្រូវ​ជា​ចុង​ក្រោយ​បំផុត នៃ​កិច្ចការ​របស់​យើង —

៣៣ដោយ​ប្រាប់​ដល់​អ្នក​រាល់​គ្នា ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​យល់​តាម​ធម្មតា ប៉ុន្តែ​ចំពោះ​រូប​យើង​វិញ កិច្ចការ​របស់​យើង​ពុំ​មាន​ចុង​បំផុត ឬ​ដើមដំបូង​ឡើយ ប៉ុន្តែ​ការណ៍​នេះ​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​រាល់​គ្នា ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​យល់ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​សូម​ពី​យើង ហើយ​បាន​យល់​ព្រម​ព្រៀង​គ្នា។

៣៤ហេតុ​ដូច្នោះ​ហើយ យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អស់​ទាំង​របស់​របរ​គ្រប់​យ៉ាង គឺជា​វិញ្ញាណ​ចំពោះ​យើង ហើយ​គ្មាន​ពេល​ណាមួយ ដែល​យើង​បាន​ប្រទាន​ដល់​អ្នក​នូវ​ក្រឹត្យ​វិន័យ​ណាមួយ ដែល​ត្រូវ​ជា​របស់​ខាង​សាច់ឈាម​នោះ​ឡើយ ពុំ​មែន​មនុស្ស​ណាមួយ ឬ​កូន​ចៅ​មនុស្ស​ណា​ដែរ ពុំ​មែន​លោក​អ័ដាម ជា​ឪពុក​របស់​អ្នក ដែល​យើង​បាន​បង្កើត​មក​នោះទេ។

៣៥មើល​ចុះ យើង​បាន​ប្រទាន​ដល់​លោក​ថា លោក​ត្រូវ​ធ្វើ​ជា​ភ្នាក់​ងារ​ចំពោះ​ខ្លួន​លោក​ផ្ទាល់ ហើយ​យើង​បាន​ប្រទាន​បញ្ញត្តិ​ដល់​លោក ប៉ុន្តែ​យើង​ពុំ​បាន​ប្រទាន​បញ្ញត្តិ​ខាង​សាច់ឈាម​ណាមួយ​ដល់​លោក​ឡើយ ត្បិត​បញ្ញត្តិ​របស់​យើង​ទាំង​ឡាយ​ជា​របស់​ខាង​វិញ្ញាណ បញ្ញត្តិ​ទាំង​នោះ ពុំ​មែន​ជា​របស់​ខាង​ធម្មជាតិ ឬ​ខាង​សាច់ឈាម​ទេ ពុំ​មែន​ជា​ខាង​រូប​កាយ ឬ​ខាង​កាមរាគ​ដែរ។

៣៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​អ័ដាម ដោយ​ត្រូវ​បាន​ល្បួង​ដោយ​អារក្ស — ត្បិត​មើល​ចុះ មាន​អារក្ស​មុន​មាន​អ័ដាម ត្បិត​វា​បាន​បះបោរ​ទាស់​នឹង​យើង ដោយ​ទូល​ថា ៖ សូម​ប្រទាន​ដល់​ទូលបង្គំ​នូវ​ភាព​រុងរឿង​របស់​ព្រះ​អង្គ ដែល​ជា​ព្រះ​ចេស្ដា​របស់​យើង ហើយ​វា​បាន​បំបែរ​មួយ​ភាគ​បី​នៃ​ពួក​ពល​បរិវារ​ស្ថាន​សួគ៌​ចេញ​ពី​យើង​ផង ពី​ព្រោះ​តែ​សិទ្ធិ​ជ្រើសរើស​របស់​ពួក​គេ

៣៧ហើយ​ពួក​គេ​ត្រូវ​បាន​ទម្លាក់​ចុះ ហើយ​ក៏​មាន​អារក្ស និង​ពួក​ទេវតា​របស់​វា​យ៉ាង​ដូច្នោះ​ហើយ

៣៨ហើយ​មើល​ចុះ មាន​កន្លែង​មួយ​ដែល​បាន​រៀបចំ​ទុក​សម្រាប់​ពួក​គេ ចាប់​តាំង​ពី​ដើមដំបូង​មក​ម្ល៉េះ ជា​កន្លែង​ហៅថា​ស្ថាន​នរក។

៣៩ហើយ​ជា​ការ​ចាំ​បាច់​ណាស់​ថា អារក្ស​គួរ​ល្បួង​កូន​ចៅ​មនុស្ស បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​ពុំ​អាច​ធ្វើ​ជា​ភ្នាក់​ងារ​ចំពោះ​ខ្លួន​បាន​ឡើយ ត្បិត​បើ​សិន​ជា​ពួក​គេ​ពុំ​ដែល​មាន​ការ​ល្វីង​ជូរចត់​សោះ នោះ​ពួក​គេ​ក៏​ពុំ​អាច​ស្គាល់​ការ​ផ្អែមល្ហែម​ដែរ —

៤០ដូច្នោះ​ហើយ ហេតុការណ៍​បាន​កើត​ឡើង​ថា អារក្ស​បាន​ល្បួង​លោក​អ័ដាម ហើយ​លោក​ក៏​បាន​ទទួល​ទាន​ផ្លែ​ហាមឃាត់ ហើយ​បាន​រំលង​លើ​ព្រះ​បញ្ញត្តិ ដោយ​សារ​ការ​ណ៍នោះ​ហើយ បាន​ជា​លោក​បាន​ក្លាយ​ទៅ​ជា​នៅ​ក្រោម​បំណង​នៃ​អារក្ស ពី​ព្រោះ​លោក​បាន​បណ្ដោយ​ទៅ​តាម​សេចក្ដី​ល្បួង។

៤១ដូច្នោះ​ហើយ យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ បាន​បណ្ដាល​ឲ្យ​លោក​ត្រូវ​ដេញ​ចេញ​ពី​សួនច្បារ​អេដែន គឺ​ចេញ​ពី​វត្ត​មាន​របស់​យើង ពី​ព្រោះ​តែ​ការ​រំលង​របស់​លោក ដោយ​សារ​ការ​ណ៍​នោះ​ហើយ បាន​ជា​លោក​បាន​ក្លាយ​ទៅ​ជា​ស្លាប់​ខាង​វិញ្ញាណ ដែល​ជា​សេចក្ដី​ស្លាប់​ទី​១ គឺជា​សេចក្ដី​ស្លាប់​ដដែល ដែល​ជា​សេចក្ដី​ស្លាប់​ចុង​ក្រោយ​បំផុត ដែល​ជា​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ​ដែល​នឹង​ត្រូវ​កាត់ទោស​មក​លើ​ពួក​ទុច្ចរិត ក្នុង​កាល​យើង​មាន​បន្ទូល​ថា ៖ អ្នក​រាល់​គ្នា​ដែល​ត្រូវ​បណ្ដាសា​អើយ ចូរ​ចេញ​ទៅ។

៤២ប៉ុន្តែ​មើល​ចុះ យើង​ប្រាប់​អ្នក​ថា យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ បាន​ប្រទាន​ដល់​លោក​អ័ដាម និង​ដល់​ពូជ​លោក​ថា ពួក​គេ​មិន​ត្រូវ​ស្លាប់ ដូច​ជា​សេចក្ដី​ស្លាប់​ខាង​សាច់ឈាម​ទេ រហូត​ដល់​យើង ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ នឹង​ចាត់​ពួក​ទេវតា​ឲ្យ​មក​ប្រកាស​ប្រាប់​ដល់​ពួក​គេ អំពី​ការ​ប្រែ​ចិត្ត និង​សេចក្ដី​ប្រោស​លោះ តាម​រយៈ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​នាម នៃ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង​សិន។

៤៣ហើយ​យើង ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ បាន​កំណត់​ដល់​មនុស្ស​នូវ​ពេល​វេលា​នៃ​ការ​សាកល្បង​របស់​គេ​យ៉ាង​ដូច្នោះ​ហើយ — ប្រយោជន៍​ឲ្យ​គេ​អាច​បាន​ប្រោស​ពី​អមតភាព​ទៅ​រក​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​សារ​សេចក្ដី​ស្លាប់​ខាង​ធម្មជាតិ​របស់​គេ គឺ​ចំពោះ​អស់​អ្នក​ណា​ដែល​នឹង​ជឿ

៤៤ហើយ​ពួក​អ្នក​ណា​ដែល​ពុំ​ជឿ ទៅ​រក​សេចក្ដី​ជាប់​ទោស​ដ៏​នៅ​អស់​កល្ប​ជានិច្ច ត្បិត​ពួក​គេ​ពុំ​អាច​បាន​ប្រោស​លោះ​ឲ្យ​រួច​ផុត​ពី​ការ​ធ្លាក់​ខាង​វិញ្ញាណ​របស់​ពួក​គេ​បាន​ឡើយ ពី​ព្រោះ​ពួក​គេ​ពុំ​បាន​ប្រែ​ចិត្ត​

៤៥ត្បិត​ពួក​គេ​ស្រឡាញ់​សេចក្ដី​ងងឹត ជាជាង​ពន្លឺ ពី​ព្រោះ​អំពើ​របស់​ពួក​គេ​សុទ្ធ​តែ​អាក្រក់ ហើយ​ពួក​គេ​បាន​ទទួល​ឈ្នួល​ពី​អ្នក​ណា ដែល​ពួក​គេ​ចុះ​ធ្វើ​តាម។

៤៦ប៉ុន្តែ​មើល​ចុះ យើង​ប្រាប់​អ្នក​រាល់​គ្នា​ថា កូន​ក្មេង​តូច​ត្រូវ​បាន​ប្រោស​លោះ ចាប់​តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ តាម​រយៈ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង

៤៧ដូច្នោះ​ហើយ ពួក​គេ​ពុំ​អាច​ធ្វើ​បាប​បាន​ទេ ត្បិត​អំណាច​ពុំ​បាន​ប្រទាន​ឲ្យ​អារក្ស​សាតាំង ដើម្បី​ទៅ​ល្បួង​កូន​ក្មេង​តូច​ទេ លុះ​ត្រា​ពួក​គេ​ចាប់​ផ្ដើម​ទទួល​ការ​ខុសត្រូវ​នៅ​ចំពោះ​យើង​សិន

៤៨ត្បិត​ត្រូវ​បាន​ប្រទាន​ដល់​ពួក​គេ ដូចដែល​យើង​សព្វ​ព្រះ​ហឫទ័យ គឺ​តាម​បំណង​ចិត្ត​របស់​យើង​ផ្ទាល់ ដើម្បី​ឲ្យ​របស់​ដ៏​ធំៗ អាច​តម្រូវ​ពី​ដៃ​នៃ​ឪពុក​របស់​ពួក​គេ។

៤៩ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​រាល់​គ្នា​ថា អស់​អ្នក​ណា​ដែល​មាន​ចំណេះវិជ្ជា តើ​យើង​ពុំ​បាន​បញ្ជា​ឲ្យ​ប្រែ​ចិត្ត​ទេ​ឬ​អី?

៥០ហើយ​អ្នក​ណា​ដែល​គ្មាន​យោបល់ នោះ​នៅ​ក្នុង​យើង ដើម្បី​ធ្វើ​តាម​អ្វី​ដែល​បាន​ចែង​ទុក។ ហើយ​ឥឡូវ យើង​មិន​ប្រកាស​ប្រាប់​អ្នក​ទៀត​ទេ​នៅ​ពេល​នេះ។ អាម៉ែន៕