ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 124

កណ្ឌ​ទី ១២៤

វិវរណៈ​ដែល​បាន​ប្រទាន​ដល់ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ណៅវូ រដ្ឋ​អិលលីណោយ ថ្ងៃ​ទី​១៩ ខែ​មក​រា ឆ្នាំ​១៨៤១ (History of the Church, ៤:២៧៤–២៨៦)។ មក​ពី​ការ​បៀតបៀន និង​ទម្រង់ការ​ខុសច្បាប់ មាន​ចេះតែ​ច្រើន​ឡើង​ទាស់​នឹង​ពួក​គេ​ពី​ពួក​រដ្ឋការ បាន​ជា​ពួក​បរិសុទ្ធ​ត្រូវ​គេ​បង្ខំ​ឲ្យ​ចេញ​ពី​រដ្ឋ​មិសសួរី។ បញ្ញត្តិ​ឲ្យ​កម្ចាត់​ចោល ដែល​បាន​ចេញ​ដោយ​លោក​លិលបឺន ដ័បបុលយូ បកស៍ ជា​អភិបាល​រដ្ឋ​មិសសួរី ចុះ​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​១៨៣៨ នោះ​ពុំ​បាន​ទុក​ឲ្យ​ពួក​គេ​មាន​ផ្លូវ​ណា​ទៀត​ឡើយ (History of the Church, ៣:១៧៥)។ នៅ​ឆ្នាំ​១៨៤១ កាល​វិវរណៈ​នេះ​ត្រូវ​បាន​ប្រទាន​មក នោះ​ទី​ក្រុង​ណៅវូ ដែល​នៅ​ចំ​កន្លែង​ភូមិ​ដើម នៃ​ភូមិ​ខ​មមើ​ស រដ្ឋ​អិលលីណោយ ត្រូវ​បាន​សង់​ឡើង​ដោយ​ពួក​បរិសុទ្ធ ហើយ​នៅ​ទី​នេះ​ហើយ ទី​ស្នាក់​ការ​នៃ​សាសនាចក្រ​ត្រូវ​បាន​តាំង​ឡើង។

១–១៤, យ៉ូសែប ស៊្មីធ ត្រូវ​បាន​បញ្ជា​ឲ្យ​អនុវត្ត​ការ​ប្រកាស​ដ៏​ម៉ឺងម៉ាត់ ប្រាប់​អំពី​ដំណឹង​ល្អ​ដល់​ប្រធានាធិបតី​នៃ​សហរដ្ឋ​ដល់​អភិបាល​រដ្ឋ​ទាំង​ឡាយ និង​ដល់​ពួក​អ្នក​គ្រប់​គ្រង​អស់​ទាំង​សាសន៍; ១៥–២១, ហៃរុម ស៊្មីធ, ដាវីឌ ដ័បបុលយូ ប៉ា​ទិន, យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ, និង​ពួក​អ្នក​ផ្សេងៗ​ទៀត ដែល​នៅ​ក្នុង​ចំណោម​ពួក​អ្នក​រស់ និង​ពួក​អ្នក​ស្លាប់ នោះ​ត្រូវ​បាន​ទទួល​ព្រះ​ពរ ដោយ​សារ​សេចក្ដី​ទៀងត្រង់ និង​សេចក្ដី​ស្មោះ​របស់​ពួក​គេ; ២២–២៨, ពួក​បរិសុទ្ធ​ត្រូវ​បាន​បញ្ជា​ឲ្យ​ស្ថាបនា​ទី​សំណាក់​សម្រាប់​ជាទី​កំសាន្ត​ដល់​មនុស្ស​ដទៃ និង​ព្រះ​វិហារ​មួយ​នៅ​ក្រុង​ណៅវូ; ២៩–៣៦, បុណ្យ​ជ្រមុជ​ទឹក​ជំនួស​មនុស្ស​ស្លាប់​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​ព្រះ​វិហារ; ៣៧–៤៤, រាស្ត្រ​របស់​ព្រះ​អម្ចាស់ ស្ថាបនា​ព្រះ​វិហារ​រហូត សម្រាប់​ការ​ប្រព្រឹត្តិ​នូវ​ពិធី​បរិសុទ្ធ​ទាំង​ឡាយ; ៤៥–៥៥, ពួក​បរិសុទ្ធ​ត្រូវ​បាន​រួច​ពី​ការ​ស្ថាបនា​ព្រះ​វិហារ​នៅ ស្រុក​ចាកសុន មក​ពី​ការ​សង្កត់សង្កិន​នៃ​ពួក​ខ្មាំងសត្រូវ​របស់​ពួក​គេ; ៥៦–៨៣, ការ​បង្គាប់​ទាំង​ឡាយ​ត្រូវ​បាន​ប្រទាន សម្រាប់​ការ​ស្ថាបនា​ណៅវូ​ហោស; ៨៤–៩៦, ហៃរុម ស៊្មីធ ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​លោក​អយ្យកោ ដើម្បី​ទទួល​កូន​សោ​ទាំង​ឡាយ និង​ដើម្បី​ឈរ​ជំនួស អូលីវើរ ខៅឌើរី; ៩៧–១២២, វិលលាម ឡវ៍ និង​ពួក​អ្នក​ផ្សេងៗ​ទៀត​ត្រូវ​បាន​ទូន្មាន​អំពី​ការងារ​របស់​ពួក​គេ; ១២៣–១៤៥, ពួក​អ្នក​ដឹកនាំ​ទូ​ទៅ និង​ពួក​អ្នក​ដឹកនាំ​នៅ​ប្រចាំ​ភូមិ​ត្រូវ​បាន​ប្រាប់​ឈ្មោះ ព្រម​ទាំង​ភារកិច្ច និង​កូរ៉ុម​ដែល​ពួក​គេ​ចូល​រួម។

ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដល់​អ្នក​គឺ យ៉ូសែប ស៊្មីធ ជា​អ្នក​បម្រើ​របស់​យើង​ថា យើង​ពេញ​ចិត្ត​នឹង​ដង្វាយ និង​ការ​ទទួល​ស្គាល់​របស់​អ្នក ដែល​អ្នក​បាន​ធ្វើ ត្បិត​ចំពោះ​ការណ៍​នេះ​ហើយ ដែល​យើង​បាន​លើក​អ្នក​ឡើង ប្រយោជន៍​ឲ្យ​យើង​អាច​បង្ហាញ​នូវ​ប្រាជ្ញា របស់​យើង តាម​រយៈ​ពួក​កម្សោយ​នៃ​ផែនដី។

ការ​អធិស្ឋាន​ទាំង​ឡាយ​របស់​អ្នក នោះ​យើង​ទទួល​ស្គាល់​ហើយ រីឯ​ចម្លើយ​ដល់​ការណ៍​ទាំង​នោះ នោះ​យើង​ប្រាប់​អ្នក​ថា ពេល​នេះ​អ្នក​ត្រូវ​បាន​ហៅ​យ៉ាង​ឆាប់​ឲ្យ​អនុវត្ត​ការ​ប្រកាស​ដ៏​ម៉ឺងម៉ាត់ ប្រាប់​អំពី​ដំណឹង​ល្អ និង​ប្រាប់​អំពី​ស្តេក​នេះ ដែល​យើង​បាន​តាំង​ឡើង​ជា​ថ្ម​សីមា នៃ​ស៊ីយ៉ូន ដែល​នឹង​ត្រូវ​បាន​ដាប់​ដោយ​ក្បាច់​ក្បូរ​តាម​របៀប​ព្រះ​រាជវាំង។

ការ​ប្រកាស​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដល់​អស់​ទាំង​មហាក្សត្រ​នៃ​ពិភពលោក ដល់​ជ្រុង​ទាំង​បួន​នៃ​ផែនដី ដល់​ប្រធានាធិបតី​ដែល​បាន​រើស​តាំង​ឡើង​ដោយ​កិត្តិយស និង​ដល់​ពួក​អភិបាល​រដ្ឋ​ដ៏​ឧត្ដម​នៃ​ប្រទេស​ដែល​អ្នក​រស់នៅ និង​ដល់​អស់​ទាំង​សាសន៍​ក្នុង​ផែនដី ដែល​ខ្ចាត់ខ្ចាយ​ពាស​ពេញ​ទូ​ទៅ​ផង។

ចូរ​សរសេរ​ការ​ប្រកាស​នោះ​ដោយ​វិញ្ញាណ​នៃ​ភាព​ស្លូតបូត និង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​នឹង​ស្ថិតនៅ​ក្នុង​អ្នក នៅ​ពេល​សរសេរ​ការ​ប្រកាស​នោះ

ត្បិត​ការណ៍​នោះ​នឹង​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ឲ្យ​ដឹង​នូវ​ព្រះ​ហឫទ័យ​របស់​យើង​អំពី​មហាក្សត្រ និង​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទាំង​នោះ ព្រម​ទាំង​អ្វីៗ​ដែល​នឹង​ធ្លាក់​មក​លើ​ពួក​គេ នៅ​ពេល​ខាង​មុខ​ផង។

ត្បិត​មើល​ចុះ យើង​កំពុងតែ​នឹង​ហៅ​ពួក​គេ ឲ្យ​ស្ដាប់​តាម​ពន្លឺ និង​សិរី​ល្អ​នៃ​ស៊ីយ៉ូន ត្បិត​ពេល​កំណត់​បាន​មក​ដល់​នាង​ហើយ។

ហេតុ​ដូច្នេះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ស្រែក​ប្រាប់​ពួក​គេ ដោយ​ការ​ប្រកាស​ដ៏​ខ្លាំង និង​ដោយ​ទី​បន្ទាល់​របស់​អ្នក​ចុះ ចូរ​កុំ​ខ្លាច​ពួក​គេ​ឡើយ ត្បិត​ពួក​គេ​ជា​ស្មៅ ហើយ​សិរី​ល្អ​របស់​ពួក​គេ​ដូច​ជា​ផ្កា​នៃ​ស្មៅ​នោះ ដែល​នឹង​រោយ​ចុះ​ជា​ឆាប់ៗ ប្រយោជន៍​កុំ​ឲ្យ​ពួក​គេ​អាច​ដោះ​សារ​បាន —

ហើយ​ប្រយោជន៍​ឲ្យ​យើង​អាច​មក​រក​ពួក​គេ​នៅ​ថ្ងៃ​នៃ​ការ​ពិនិត្យពិច័យ កាលដែល​យើង​នឹង​បើក​ស្បៃ​ចេញ​ពី​មុខ​យើង ដើម្បី​ចាត់​ចំណែក​នៃ​ពួក​សង្កត់សង្កិន ទុក​ក្នុង​ចំណោម​ពួក​អ្នក​មាន​ពុត ជាទី​ដែល​មាន​សង្កៀត​ធ្មេញ បើ​សិន​ជា​ពួក​គេ​មិន​ទទួល​ស្គាល់​ពួក​អ្នក​បម្រើ​របស់​យើង និង​ទី​បន្ទាល់​របស់​យើង ដែល​យើង​បាន​បើក​សម្ដែង​ដល់​ពួក​គេ​នោះ។

ហើយ​ជា​ថ្មី​ទៀត យើង​នឹង​មក​រក ហើយ​បន្ទន់​ចិត្ត​ពួក​គេ គឺ​ពួក​គេ​ជា​ច្រើន​ដើម្បី​ជា​ការ​ល្អ​ដល់​អ្នក ប្រយោជន៍​ឲ្យ​អ្នក​អាច​បាន​គុណធម៌​នៅ​ក្នុង​ភ្នែក​គេ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​មក​រក​ពន្លឺ​នៃ​សេចក្ដី​ពិត និង​ឲ្យ​ពួក​សាសន៍​ដទៃ​ទៅ​រក​ភាព​តម្កើង​ឡើង ឬ​ភាព​លើក​ឡើង​នៃ​ស៊ីយ៉ូន។

១០ត្បិត​ថ្ងៃ​នៃ​ការ​ពិនិត្យ​ពិច័យ​របស់​យើង​នឹង​មក​ជា​ប្រញាប់ គឺ​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត ហើយ​តើ​ទីណា​ទៅ​ជាទី​សន្តិសុខ​នៃ​រាស្ត្រ​យើង និង​ជាទី​ពឹង​ជ្រក​សម្រាប់​ពួក​អ្នក​ដែល​នៅ​សល់?

១១ចូរ​ភ្ញាក់​ឡើង ឱ​ពួក​មហាក្សត្រ​នៃ​ផែនដី​អើយ! ចូរ​មក ឱ​ចូរ​មក​ជា​មួយ​មាស​របស់​អ្នក និង​ប្រាក់​របស់​អ្នក ដើម្បី​ទៅ​ជួយ​រាស្ត្រ​យើង គឺ​ទៅ​ឯ​គេហដ្ឋាន​នៃ​ពួក​ស្រីៗ​នៃ​ក្រុង​ស៊ីយ៉ូន។

១២ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ឲ្យ រ៉ូបឺត ប៊ី ថមសុន ជា​អ្នក​បម្រើ​របស់​យើង ជួយ​អ្នក​សរសេរ​ការ​ប្រកាស​នេះ ត្បិត​យើង​ពេញ​ចិត្ត​នឹង​គាត់​ណាស់ ហើយ​ដើម្បី​ឲ្យ​គាត់​អាច​បាន​នៅ​ជាមួយ​អ្នក

១៣ហេតុ​ដូច្នេះ​ហើយ ចូរ​ឲ្យ​គាត់​ប្រុង​ស្ដាប់​តាម​ការ​ទូន្មាន​របស់​អ្នក ហើយ​យើង​នឹង​ប្រទាន​ពរ​ដល់​គាត់​ដោយ​ព្រះ​ពរ​ដ៏​ច្រើន​អនេក ចូរ​ឲ្យ​គាត់​មាន​ចិត្ត​ស្មោះ និង​ពិត​ត្រង់​ក្នុង​ការណ៍​ទាំង​អស់ ចាប់​តាំង​ពី​អំណឹះ​ត​ទៅ ហើយ​គាត់​នឹង​បាន​ធំ​នៅ​ក្នុង​ព្រះ​នេត្រ​របស់​យើង

១៤ប៉ុន្តែ​ចូរ​ឲ្យ​គាត់​នឹក​ចាំ​ពី​ការ​កាន់កាប់​ត្រួតត្រា​របស់​គាត់ ដែល​យើង​តម្រូវ​ពី​ដៃ​របស់​គាត់​ចុះ។

១៥ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា មាន​ពរ​ហើយ ហៃរុម ស៊្មីធ ជា​អ្នក​បម្រើ​របស់​យើង ត្បិត​យើង​ជា​ព្រះ​អម្ចាស់​ស្រឡាញ់​គាត់ មក​ពី​សេចក្ដី​ស្មោះ​នៃ​ចិត្ត​របស់​គាត់ និង​មក​ពី​គាត់​បាន​ស្រឡាញ់​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ​ចំពោះ​យើង ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

១៦ជា​ថ្មី​ទៀត ចូរ​ឲ្យ យ៉ូហាន ស៊ី បិនណែត ជា​អ្នក​បម្រើ​របស់​យើង ជួយ​អ្នក​ក្នុង​ការងារ​របស់​អ្នក នូវ​ការ​ផ្ញើ​ព្រះ​បន្ទូល​របស់​យើង​ទៅ​ពួក​មហាក្សត្រ និង​ប្រជាជន​នៃ​ផែនដី ហើយ​ឈរ​នៅ​ក្បែរ​អ្នក គឺ យ៉ូសែប ស៊្មីធ ជា​អ្នក​បម្រើ​របស់​យើង​នៅ​ក្នុង​ម៉ោង​នៃ​សេចក្ដី​ទុក្ខ​វេទនា ហើយ​រង្វាន់​របស់​គាត់​នឹង​ពុំ​បាត់បង់​ឡើយ បើ​សិន​ជា​គាត់​ទទួល​ការ​ទូន្មាន។

១៧ហើយ​មក​ពី​សេចក្ដី​ស្រឡាញ់​របស់​គាត់ នោះ​គាត់​នឹង​បាន​ទៅ​ជា​ធំ ត្បិត​គាត់​នឹង​បាន​ទៅ​ជា​របស់​ផង​យើង បើ​សិន​ជា​គាត់​ប្រព្រឹត្ត​ការណ៍​នេះ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។ យើង​បាន​ឃើញ​កិច្ច​ការ​ដែល​គាត់​បាន​ប្រព្រឹត្ត​ដែល​យើង​ទទួល បើ​សិន​ជា​គាត់​ធ្វើ​ត​ទៅ ហើយ​នឹង​បំពាក់​គាត់​ដោយ​ព្រះ​ពរ​ទាំង​ឡាយ និង​សិរី​ល្អ​ដ៏​ធំ​ទុកជា​មកុដ។

១៨ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា ជា​ព្រះ​ហឫទ័យ​របស់​យើង ដែល ឡៃម៉ាន វ៉ៃ​ត ជា​អ្នក​បម្រើ​របស់​យើង​គួរ​ផ្សាយ​ត​ទៅ​ទៀត ដើម្បី​ក្រុង​ស៊ីយ៉ូន​នៅ​ក្នុង​វិញ្ញាណ​នៃ​ភាព​ស្លូតបូត ដោយ​ទទួល​ថ្លែង​ប្រាប់​ពី​យើង​នៅ​មុខ​មនុស្ស​លោក ហើយ​យើង​នឹង​ទ្រ​គាត់​លើ​ស្លាប​ឥន្ទ្រី ហើយ​គាត់​នឹង​បង្កើត​សិរី​ល្អ និង​កិត្តិយស​ចំពោះ​ខ្លួន និង​ចំពោះ​ព្រះ​នាម​របស់​យើង​ដែរ។

១៩គឺ​កាលណា​គាត់​បញ្ចប់​កិច្ចការ​របស់​គាត់ នោះ​យើង​អាច​ទទួល​គាត់​មក​ចំពោះ​ខ្លួន​យើង​ផ្ទាល់ ដូច​ជា​យើង​បាន​ធ្វើ​ដល់ ដាវីឌ ប៉ាទ្ទិន ជា​អ្នក​បម្រើ​របស់​យើង​ដែរ គឺជា​អ្នក​ដែល​នៅ​ជាមួយ​យើង​នៅ​ពេល​នេះ និង​ព្រម​ទាំង​អែតវឺត ប៉ាទ្រិច ជា​អ្នក​បម្រើ​របស់​យើង និង​ព្រម​ទាំង​យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ជា​អ្នក​បម្រើ​ដ៏​ចំណាស់​របស់​យើង​ផង​ដែរ ដែល​អង្គុយ​ជាមួយ​លោក​អ័ប្រាហាំ​នៅ​ខាង​ស្ដាំ​ដៃ​របស់​លោក ហើយ​លោក​មាន​ពរ ហើយ​បរិសុទ្ធ​ផង ព្រោះ​លោក​ជា​របស់​ផង​យើង។

២០ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ជួច មិលលើ ជា​អ្នក​បម្រើ​របស់​យើង គាត់​គ្មាន​ឧបាយកល​ឡើយ គាត់​ជា​អ្នក​ដែល​អាច​ទុក​ចិត្ត​បាន មក​ពី​សេចក្ដី​ទៀងត្រង់​នៃ​ចិត្ត​គាត់ ហើយ​មក​ពី​សេចក្ដី​ស្រឡាញ់ ដែល​គាត់​មាន​ចំពោះ​ទី​បន្ទាល់​អំពី​យើង នោះ​យើង​ជា​ព្រះ​អម្ចាស់​ស្រឡាញ់​គាត់។

២១ហេតុ​ដូច្នេះ​ហើយ យើង​ប្រាប់​អ្នក​ថា យើង​បិទ​ត្រា​មក​លើ​ក្បាល​គាត់​នូវ​តំណែង​ខាង​គណៈប៊ីស្សព ដូច​ជា​ចំពោះ​អែតវឺត ប៉ាទ្រិច ជា​អ្នក​បម្រើ​របស់​យើង​ដែរ ប្រយោជន៍​ឲ្យ​គាត់​អាច​ទទួល​ការ​ថ្វាយ​ពី​គេហដ្ឋាន​របស់​យើង ប្រយោជន៍​ឲ្យ​គាត់​អាច​ប្រគល់​ពរ​មក​លើ​ក្បាល​នៃ​ពួក​ក្រីក្រ​នៃ​រាស្ត្រ​របស់​យើង ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ចូរ​កុំ​ឲ្យ​នរណា​មើល​ងាយ ជួច ជា​អ្នក​បម្រើ​របស់​យើង​ឡើយ ត្បិត​គាត់​នឹង​តម្កើង​កិត្តិយស​ដល់​យើង។

២២ចូរ​ឲ្យ ជួច ជា​អ្នក​បម្រើ​របស់​យើង និង ឡៃម៉ាន ជា​អ្នក​បម្រើ​របស់​យើង និង យ៉ូហាន ស្នៃឌើ ជា​អ្នក​បម្រើ​របស់​យើង និង​ពួក​អ្នក​ផ្សេងៗ​ទៀត​ស្ថាបនា​គេហដ្ឋាន​មួយ​ថ្វាយ​ដល់​ព្រះ​នាម​របស់​យើង ជា​គេហដ្ឋាន​មួយ​ដែល​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យី​ង​នឹង​បង្ហាញ​ដល់​ពួក​គេ គឺ​នៅ​លើ​កន្លែង​ដែល​លោក​នឹង​បង្ហាញ​ដល់​ពួក​គេ​ផង​ដែរ។

២៣ហើយ​ទី​នោះ​នឹង​ទៅ​ជា​ទី​សំណាក់ ជា​គេហដ្ឋាន​ដែល​ពួក​អ្នក​មក​ពី​ចម្ងាយ​អាច​មក​ស្នាក់​នៅ ហេតុ​ដូច្នេះ​ហើយ ចូរ​ធ្វើ​ទី​នោះ​ឲ្យ​ទៅ​ជា​គេហដ្ឋាន​ដ៏​ល្អ​មួយ គួរសម​ការ​ទទួល​គ្រប់​យ៉ាង ប្រយោជន៍​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ដ៏​នឿយហត់​អាច​បាន​សុខ​ស្រួល ក្នុង​កាល​គាត់​ពិចារណា​ពី​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ និង​ពី​ថ្ម​សីមា ដែល​យើង​បាន​តាំង​ឡើង​សម្រាប់​ក្រុង​ស៊ីយ៉ូន។

២៤គេហដ្ឋាន​នេះ​នឹង​ត្រូវ​ទៅ​ជា​ទី​អាស្រ័យ​ដ៏​ស្រួល​មួយ បើ​សិន​ជា​ស្ថាបនា​ចំពោះ​ព្រះ​នាម​របស់​យើង ហើយ​បើ​សិន​ជា​អ្នក​ត្រួតត្រា​ដែល​នឹង​ត្រូវ​បាន​តាំង​ឡើង​ឲ្យ​ត្រួតត្រា មិន​ទ្រាំ​ឲ្យ​មាន​ភាព​កខ្វក់​ណា​មួយ​ចូល​មក​ក្នុង​ទី​នោះ​ឡើយ។ ទី​នោះ​នឹង​ទៅ​ជា​បរិសុទ្ធ បើ​ពុំ​នោះ​សោត​ទេ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ទ្រង់​នឹង​ពុំ​គង់នៅ​ទី​នោះ​ឡើយ។

២៥ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ឲ្យ​ពួក​បរិសុទ្ធ​របស់​យើង​មក​ពី​ទី​ចម្ងាយ​ចុះ។

២៦ហើយ​ចូរ​អ្នក​រាល់​គ្នា​ចាត់​ពួក​ទូត​ដែល​លឿន មែន​ហើយ ចូរ​រើស​ពួក​ទូត ហើយ​ប្រាប់​ដល់​ពួក​គេ​ថា ៖ ចូរ​មក យក​មាស​អ្នក​មក​ផង និង​ប្រាក់​អ្នក និង​ត្បូង​ដ៏​វិសេស​របស់​អ្នក និង​គ្រប់​របស់​របរ​កេរ្តិ៍​អាករ​ចាស់ៗ​របស់​អ្នក ហើយ​ព្រម​ទាំង​អស់​អ្នក​ដែល​មាន​ចំណេះវិជ្ជា​ធ្វើ របស់​របរ​ទាំង​ឡាយ​ណា​ដែល​ចង់​មក អាច​មក ហើយ​ចូរ​យក​ឈើ​ស្រឡៅ និង​ឈើ​ស្រល់ និង​ឈើ​កកោះ ព្រម​ទាំង​អស់​ទាំង​ឈើ​វិសេសៗ​ទាំង​ឡាយ​នៃ​ផែនដី​ផង

២៧ហើយ​ចូរ​យក​ដែក និង​ទង់ដែង និង​លង្ហិន និង​ស័ង្កសី ហើយ​ព្រម​ទាំង​វត្ថុ​វិសេសៗ​ទាំង​ឡាយ​នៃ​ផែនដី​ផង ហើយ​ចូរ​ស្ថាបនា​គេហដ្ឋាន​មួយ​ដល់​ព្រះ​នាម​របស់​យើង ដើម្បី​ឲ្យ​ព្រះ​ដ៏​ខ្ពស់​បំផុត គង់នៅ​ទី​នោះ។

២៨ត្បិត​ពុំ​ឃើញ​មាន​ទីណា​មួយ​ឡើយ​នៅ​លើ​ផែនដី ដែល​ទ្រង់​អាច​យាង​មក ហើយ​សាង​ឡើង​វិញ​នូវ​អ្វី​ដែល​បាន​បាត់បង់​ចំពោះ​អ្នក ឬ​ក៏​អ្វី​ដែល​ទ្រង់​បាន​យក​ចេញ​ពី​អ្នក​ទៅ គឺ​ភាព​ពោរ​ពេញ​នៃ​បព្វជិតភាព។

២៩ត្បិត​អាង​សម្រាប់​បុណ្យ​ជ្រមុជ​ទឹក នោះ​ពុំ​មាន​នៅ​លើ​ផែនដី​ដែល​ពួក​គេ គឺ​ពួក​បរិសុទ្ធ​របស់​យើង​អាច​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​ពួក​អ្នក​ស្លាប់​នោះ​ទេ —

៣០ត្បិត​ពិធី​នេះ​ត្រូវ​ធ្វើ​នៅ​ក្នុង​ដំណាក់​របស់​យើង ហើយ​ពុំ​អាច​បាន​ទទួល​ស្គាល់​ចំពោះ​យើង​ឡើយ លើក​លែងតែ​នៅ​គ្រាក្រ​តោក​យ៉ាក​របស់​អ្នក គឺជា​ពេល​ដែល​អ្នក​ពុំ​អាច​ស្ថាបនា​ដំណាក់​ដល់​យើង​ប៉ុណ្ណោះ។

៣១ប៉ុន្តែ​យើង​បាន​បញ្ជា​អ្នក គឺ​អ្នក​រាល់​គ្នា​ដែល​ជា​ពួក​បរិសុទ្ធ​របស់​យើង ឲ្យ​ស្ថាបនា​ដំណាក់​មួយ​ដល់​យើង ហើយ​យើង​នឹង​អនុញ្ញាត​ដល់​អ្នក នូវ​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​ស្ថាបនា​ដំណាក់​ដល់​យើង ហើយ​នៅ​ពេល​នេះ បុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក​នឹង​បាន​ទទួល​ស្គាល់​ចំពោះ​យើង។

៣២ប៉ុន្តែ​មើល​ចុះ នៅ​ចុង​ពេល​កំណត់​នេះ បុណ្យ​ជ្រមុជ​ទឹក​ជំនួស​ពួក​អ្នក​ស្លាប់​របស់​អ្នក នោះ​នឹង​ពុំ​បាន​ទទួល​ស្គាល់​ចំពោះ​យើង​ឡើយ ហើយ​បើ​សិន​ជា​អ្នក​មិន​ប្រព្រឹត្ត​ការណ៍​ទាំង​នេះ នៅ​ចុង​ពេល​កំណត់​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បដិសេធ​ជា​សាសនាចក្រ ជាមួយ​នឹង ពួក​អ្នក​ស្លាប់​របស់​អ្នក​ផង ព្រះ​អម្ចាស់​ជា​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

៣៣ត្បិត​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បន្ទាប់​ពី​អ្នក​មាន​ពេល​គ្រប់​គ្រាន់ ដើម្បី​ស្ថាបនា​ដំណាក់​ដល់​យើង ដែល​មាន​ពិធីបុណ្យ​ជ្រមុជ​ទឹក​ជំនួស​ពួក​អ្នក​ស្លាប់ ហើយ​ដែល​មាន​ពិធី​នេះ​តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ នោះ​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​ពួក​អ្នក​ស្លាប់​របស់​អ្នក​នឹង​ពុំ​ត្រូវ​បាន​ទទួល​ស្គាល់​ចំពោះ​យើង​ឡើយ

៣៤ត្បិត​នៅ​ក្នុង​នោះ​គឺជា​កូន​សោ​ទាំង​ឡាយ នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ​ដែល​បាន​តែងតាំង​ឡើង ប្រយោជន៍​ឲ្យ​អ្នក​អាច​បាន​ទទួល​កិត្តិយស និង​សិរី​ល្អ។

៣៥ហើយ​បន្ទាប់​ពី​ពេល​នេះ​ត​ទៅ បុណ្យ​ជ្រមុជ​ទឹក​ជំនួស​ពួក​អ្នក​ស្លាប់​របស់​អ្នក ដោយ​ពួក​អ្នក​ដែល​នៅ​ឆ្ងាយៗ នោះ​មិន​ត្រូវ​ទទួល​ស្គាល់​ចំពោះ​យើង​ឡើយ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

៣៦ត្បិត​ត្រូវ​បាន​តែងតាំង​ថា​នៅ​ក្រុង​ស៊ីយ៉ូន និង​នៅ​ក្នុង​ស្តេក​របស់​នាង និង​នៅ​ក្រុង​យេរូសាឡិម គឺជា​កន្លែង​ទាំង​នោះ​ដែល​យើង​បាន​តាំង​ឡើង​សម្រាប់​ជា​ទីពឹង​ជ្រក នោះ​នឹង​ទៅ​ជា​កន្លែង​ទាំង​ឡាយ សម្រាប់​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​ពួក​អ្នក​ស្លាប់​របស់​អ្នក។

៣៧ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា តើ​ការ​លាង​ទាំង​ឡាយ​របស់​អ្នក​នឹង​បាន​ទទួល​ស្គាល់​ចំពោះ​យើង​ទៅ​ម្ដេច​បាន លើក​លែង​តែ​អ្នក​ប្រព្រឹត្ត​ពិធី​ទាំង​នោះ នៅ​ក្នុង​ដំណាក់ ដែល​អ្នក​បាន​ស្ថាបនា​ដល់​ព្រះ​នាម​របស់​យើង?

៣៨ត្បិត​ដោយ​ហេតុ​នេះ​ហើយ ទើប​យើង​បាន​បញ្ជា​ដល់​លោក​ម៉ូសេ​ថា លោក​ត្រូវ​ស្ថាបនា​រោង​ឧបោសថ​មួយ ថា​ពួក​គេ​គប្បី​ទ្រ​រោង​នោះ​ទៅ​ជា​មួយ​ពួក​គេ​នៅ​ក្នុង​ទី​រី​ហោ​ស្ថាន ហើយ​ឲ្យ​ស្ថាបនា​ដំណាក់​មួយ​នៅ​ក្នុង​ដែនដី​សន្យា ប្រយោជន៍​ឲ្យ​ពី​ធី​ទាំង​នោះ​អាច​បាន​បើក​សម្ដែង​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​បាន​លាក់​ទុក​ពី​មុន​កំណើត​លោកិយ​មក​ម្ល៉េះ។

៣៩ហេតុ​ដូច្នេះ​ហើយ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ការ​លាប​ទាំង​ឡាយ​របស់​អ្នក និង​ការ​លាង​ទាំង​ឡាយ​របស់​អ្នក និង​បុណ្យ​ជ្រមុជ​ទឹក​ទាំង​ឡាយ​របស់​អ្នក​ជំនួស​ពួក​អ្នក​ស្លាប់ និង​ជំនុំ​មុតមាំ​ទាំង​ឡាយ​របស់​អ្នក និង​បុណ្យ​រំឭក​ទាំង​ឡាយ​របស់​អ្នក សម្រាប់​ជា​យញ្ញ​បូជា ទាំង​ឡាយ​របស់​អ្នក ដោយ​បុត្រា​របស់​លេវី និង​សម្រាប់​ព្រះ​បន្ទូល​នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​របស់​អ្នក ដែល​អ្នក​ទទួល​ការ​សន្ទនា​ទាំង​ឡាយ និង​ក្រឹត្យ​ក្រម និង​សេចក្ដី​ជំនុំ​ជំរះ​ទាំង​ឡាយ​របស់​អ្នក សម្រាប់​ការ​ចាប់​ផ្ដើម​នៃ​វិវរណៈ​ទាំង​ឡាយ និង​គ្រឹះ​នៃ​ក្រុង​ស៊ីយ៉ូន និង​សម្រាប់​សិរី​ល្អ កិត្តិយស និង​អំណោយទាន​ពិសិដ្ឋ​នៃ​ប្រជារាស្ត្រ​របស់​នាង នោះ​ត្រូវ​បាន​តែងតាំង​ឡើង ដោយ​ពិធី​នៃ​ដំណាក់​ដ៏​បរិសុទ្ធ​របស់​យើង ដែល​រាស្ត្រ​យើង​ត្រូវ​បាន​បញ្ជា​រហូត​ឲ្យ​ស្ថាបនា​ដល់​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​យើង។

៤០ហើយ​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ស្ថាបនា​ដំណាក់​នេះ​ដល់​ព្រះ​នាម​របស់​យើង ប្រយោជន៍​ឲ្យ​យើង​អាច​បើក​សម្ដែង​ប្រាប់​ពី​ពិធី​ទាំង​ឡាយ​របស់​យើង​ដល់​រាស្ត្រ​យើង

៤១ត្បិត​យើង​គិត​ថា​សម​នឹង​បើក​សម្ដែង​ដល់​សាសនាចក្រ​របស់​យើង​នូវ​ការណ៍​ទាំង​ឡាយ ដែល​បាន​លាក់​ទុក​មុន​កំណើត​លោកិយ​មក​ម្ល៉េះ គឺជា​ការណ៍​ទាំង​ឡាយ ដែល​ទាក់​ទង​ទៅ​នឹង​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់។

៤២ហើយ​យើង​នឹង​បង្ហាញ​ដល់ យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង​នូវ​ការណ៍​ទាំង​អស់ ដែល​ទាក់​ទង​ទៅ​នឹង​ដំណាក់​នេះ និង​បព្វជិតភាព​នៃ​ដំណាក់​នេះ និង​កន្លែង​នៃ​ដំណាក់​នេះ ដែល​នឹង​ត្រូវ​បាន​ស្ថាបនា​ឡើង។

៤៣ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ស្ថាបនា​ដំណាក់​នេះ នៅ​កន្លែង​ដែល​អ្នក​បាន​គិត​ពិចារណា​ថា​នឹង​ស្ថាបនា ត្បិត​គឺជា​ទី​ដែល​យើង​បាន​រើស​សម្រាប់​ឲ្យ​អ្នក​ស្ថាបនា​ដំណាក់​នេះ។

៤៤បើ​សិន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការ ដោយ​អស់​ពី​កម្លាំង​របស់​អ្នក នោះ​យើង​នឹង​ចាត់​ទី​នោះ ដើម្បី​ឲ្យ​វា​បាន​ទៅ​ជា​បរិសុទ្ធ

៤៥ហើយ​បើ​សិន​ជា​រាស្ត្រ​យើង​នឹង​ប្រុង​ស្ដាប់​តាម​សំឡេង​យើង និង​តាម​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​យើង ដែល​យើង​បាន​តែងតាំង​ឡើង​ឲ្យ​ដឹកនាំ​រាស្ត្រ​យើង មើល​ចុះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ពួក​គេ​នឹង​មិន​ត្រូវ​បាន​រើ​ចេញ​ពី​កន្លែង​គេ​ឡើយ។

៤៦ប៉ុន្តែ​បើ​សិន​ជា​ពួក​គេ​មិន​ប្រុង​ស្ដាប់​តាម​សំឡេង​យើង ឬ​តាម​សំឡេង​នៃ​មនុស្ស​ទាំង​នេះ ដែល​យើង​បាន​តែងតាំង​ឡើង​ទេ នោះ​ពួក​គេ​នឹង​មិន​ត្រូវ​បាន​ពរ​ឡើយ ពី​ព្រោះ​ពួក​គេ​បង្ខូច​ដីធ្លី​ដ៏​បរិសុទ្ធ​ទាំង​ឡាយ​របស់​យើង និង​ពិធី​ដ៏​បរិសុទ្ធ​ទាំង​ឡាយ​របស់​យើង និង​ធម្មនុញ្ញ​ទាំង​ឡាយ និង​ព្រះ​បន្ទូល​ដ៏​បរិសុទ្ធ​ទាំង​ឡាយ​របស់​យើង ដែល​យើង​បាន​ប្រទាន​ដល់​ពួក​គេ។

៤៧ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា បើ​សិន​ជា​អ្នក​ស្ថាបនា​ដំណាក់​មួយ​ដល់​ព្រះ​នាម​យើង ហើយ​មិន​ប្រព្រឹត្ត​នូវ​អ្វីៗ​ដែល​យើង​មាន​បន្ទូល នោះ​យើង​នឹង​មិន​អនុវត្ត​សម្បថ​ដែល​យើង​បាន​ធ្វើ​ដល់​អ្នក ឬ​នឹង​មិន​បំពេញ​សេចក្ដី​សន្យា​ទាំង​ឡាយ ដែល​អ្នក​រាល់​គ្នា​តម្រូវ​ពី​ដៃ​យើង​ឡើយ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

៤៨ត្បិត​ជាជាង​បាន​ព្រះ​ពរ នោះ​អ្នក​រាល់​គ្នា ដោយ​សារ​កិច្ចការ​ទាំង​ឡាយ​របស់​អ្នក​ផ្ទាល់ នាំ​សេចក្ដី​បណ្ដាសា​ទាំង​ឡាយ សេចក្ដី​ក្រោធ សេចក្ដី​គ្នាន់​ក្នាញ់ និង​សេចក្ដី​ជំនុំ​ជំរះ​ទាំង​ឡាយ មក​លើ​ក្បាល​របស់​ខ្លួន​ទៅ​វិញ ដោយ​សារ​ការ​ចម្កួត​ទាំង​ឡាយ​របស់​អ្នក និង​ដោយ​សារ​អស់​ទាំង​អំពើ​គួរ​ខ្ពើម​ឆ្អើម​របស់​អ្នក ដែល​អ្នក​ប្រព្រឹត្ត​នៅ​ចំពោះ​យើង ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

៤៩ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កាល​យើង​ប្រទាន​ព្រះ​បញ្ញត្តិ​ណា​មួយ​ឲ្យ​ពួក​កូន​មនុស្ស​ធ្វើ​កិច្ចការ​ដល់​ព្រះ​នាម​យើង ហើយ​ពួក​កូន​មនុស្ស​ទាំង​នោះ ចេញ​ទៅ​ដោយ​អស់​ពី​កម្លាំង​របស់​ពួក​គេ និង​ដោយ​អស់​ពី​សមត្ថភាព​ដែល​ពួក​គេ​មាន ដើម្បី​ប្រព្រឹត្ត​កិច្ចការ​នោះ ហើយ​ព្យាយាម​ដោយ​មិន​ឈប់​ឈរ ហើយ​ពួក​ខ្មាំងសត្រូវ​របស់​គេ​មក​លើ​ពួក​គេ ហើយ​បង្ខា​បង្ខាំង​ពួក​គេ​មិន​ឲ្យ​ធ្វើ​កិច្ចការ​នោះ​ឡើយ មើល​ចុះ គឺជា​ការ​ចាំ​បាច់​ដល់​យើង​នឹង​តម្រូវ​កិច្ចការ​នោះ ពី​ដៃ​នៃ​ពួក​កូន​មនុស្ស​ទាំង​នោះ​ទៀត​ឡើយ ប៉ុន្តែ​ត្រូវ​ទទួល​នូវ​ដង្វាយ​ទាំង​ឡាយ​របស់​ពួក​គេ​វិញ។

៥០ហើយ​សេចក្ដី​ទុច្ចរិត និង​អំពើ​រំលង​នូវ​ក្រឹត្យ​វិន័យ និង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​ដ៏​បរិសុទ្ធ​របស់​យើង នោះ​យើង​នឹង​ពិនិត្យពិច័យ​លើ​ក្បាល​នៃ​អស់​អ្នក​ណា​ដែល​បង្ខា​បង្ខាំង​កិច្ចការ​របស់​យើង រហូត​ដល់​តំណ​ទី​បី និង​ទី​បួន ជា​ដរាបណា​ដែល​ពួក​គេ​មិន​ប្រែ​ចិត្ត ហើយ​ស្អប់​យើង ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

៥១ហេតុ​ដូច្នេះ​ហើយ ដោយ​សារ​ហេតុ​នេះ ទើប​យើង​ទទួល​ដង្វាយ​ទាំង​ឡាយ​ពី​អស់​អ្នក ដែល​យើង​បាន​បញ្ជា​ឲ្យ​ស្ថាបនា​ទី​ក្រុង​មួយ និង​ដំណាក់​មួយ​ឡើង​ដល់​ព្រះ​នាម​របស់​យើង នៅ​ស្រុក​ចាកសុន រដ្ឋ​មិសសួរី ហើយ​ត្រូវ​បាន​បង្ខា​បង្ខាំង​ដោយ​សារ​ពួក​ខ្មាំងសត្រូវ​របស់​ពួក​គេ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

៥២ហើយ​យើង​តបស្នង​សងគុណ​ដោយ​នូវ​សេចក្ដី​ជំនុំ​ជំរះ សេចក្ដី​ក្រោធ និង​សេចក្ដី​ក្នាញ់​ក្នាន់ ការ​យំសោក ការ​ទុក្ខ​ព្រួយ និង​ការ​សង្កៀត​ធ្មេញ​មក​លើ​ក្បាល​ពួក​គេ​វិញ រហូត​ដល់​តំណ​ទី​បី និង​ទី​បួន ដរាបណា​ដែល​ពួក​គេ​មិន​ប្រែ​ចិត្ត ហើយ​ស្អប់​យើង ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

៥៣ហើយ​ការណ៍​នេះ យើង​ធ្វើ​ទុកជា​គំរូ​ដល់​អ្នក សម្រាប់​ការ​លួងលោម​ដល់​អ្នក​អំពី​អស់​អ្នក​ដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​ធ្វើ​កិច្ចការ​មួយ ហើយ​ត្រូវ​បាន​បង្ខា​បង្ខាំង ដោយ​សារ​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​ពួក​គេ និង​ដោយ​សារ​ការ​សង្កត់សង្កិន ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

៥៤ត្បិត​យើង​ជា​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​អ្នក ហើយ​នឹង​ជួយសង្គ្រោះ​អស់​ពួក​អ្នក​ដែល​ជា​បង​ប្អូន​របស់​អ្នក​ក្នុង​សាសនា ដែល​មាន​ចិត្ត​បរិសុទ្ធ ហើយ​ដែល​ត្រូវ​គេ​ប្រហារ​នៅ​ដែនដី​មិសសួរី ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

៥៥ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​បញ្ជា​ដល់​អ្នក​ជា​ថ្មី​ទៀត​ឲ្យ​ស្ថាបនា​ដំណាក់​មួយ​ដល់​ព្រះ​នាម​របស់​យើង គឺ​នៅ​កន្លែង​នេះ ប្រយោជន៍​ឲ្យ​អ្នក​អាច​បញ្ជាក់​ដល់​យើង​ថា អ្នក​រាល់​គ្នា​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​គ្រប់​ការណ៍​ទាំង​អស់ ដែល​យើង​បាន​បញ្ជា ដល់ ប្រយោជន៍​យើង​អាច​ប្រទាន​ពរ​ដល់​អ្នក ហើយ​បំពាក់​កិត្តិយស អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ទុកជា​មកុដ​ដល់​អ្នក។

៥៦ហើយ​ឥឡូវ​នេះ យើង​ប្រាប់​អ្នក​ថា អំពី​ផ្ទះ​សំណាក់ ដែល​យើង​បាន​បញ្ជា​ឲ្យ​អ្នក​សង់ សម្រាប់​មនុស្ស​ដទៃ​ស្នាក់ នោះ​ចូរ​សង់​ដល់​ព្រះ​នាម​យើង​ចុះ ហើយ​ចូរ​ដាក់​តាម​ព្រះ​នាម​របស់​យើង ហើយ​ចូរ​ឲ្យ​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង និង​វង្ស​ត្រកូល​របស់​លោក​មាន​កន្លែង​នៅ​ក្នុង​ទី​នោះ​ផង គឺ​ពី​តំណ​មួយ​ទៅ​តំណ​មួយ​ផង។

៥៧ត្បិត​ការ​លាប​តាំង​នេះ​ហើយ ដែល​យើង​បាន​ដាក់​មក​លើ​ក្បាល​របស់​លោក ដើម្បី​ឲ្យ​ពរ​របស់​លោក​បាន​ដាក់​មក​លើ​ក្បាល​នៃ​ពូជ​ពង្ស​របស់​លោក​បន្ត​បន្ទាប់​ទៅ។

៥៨ហើយ​ដូច​ជា​យើង​មាន​ព្រះ​បន្ទូល​ដល់​លោក​អ័ប្រាហាំ អំពី​ពូជ​មនុស្ស​ទាំង​ឡាយ​នៅ​ផែនដី​យ៉ាង​ណា នោះ​យើង​ក៏​មាន​បន្ទូល​ដល់​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង​យ៉ាង​នោះ​ដែរ​ថា ៖ ដោយ​សារ​អ្នក និង​ដោយ​សារ​ពូជ​អ្នក នោះ​គ្រួសារ​មនុស្ស​នៅ​ផែនដី​នឹង​បាន​ពរ។

៥៩ហេតុ​ដូច្នេះ​ហើយ ចូរ​ឲ្យ​យ៉ូសែប​ជា​អ្នក​បម្រើ​របស់​យើង និង​ពូជ​លោក​បន្តបន្ទាប់​ទៅ មាន​កន្លែង​នៅ​ក្នុង​គេហដ្ឋាន​នោះ ពី​តំណ​មួយ​ទៅ​តំណ​មួយ​ផង ជា​រៀងរាប​ដរាប​ត​ទៅ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

៦០ហើយ​ចូរ​ឲ្យ​ឈ្មោះ​គេហដ្ឋាន​នោះ​ថា ណៅវូ​ហោស ហើយ​ចូរ​ឲ្យ​ទី​នោះ​បាន​ទៅ​ជាទី​អាស្រ័យ​ដ៏​រីករាយ​សម្រាប់​មនុស្ស ហើយ​ជា​ទី​សម្រាក​សម្រាប់​អ្នក​ដំណើរ​នឿយហត់ ប្រយោជន៍​ឲ្យ​គេ​អាច​បាន​ពិចារណា​ពី​សិរី​ល្អ​នៃ​ស៊ីយ៉ូន និង​ពី​សិរី​ល្អ​នៃ​ទី​នេះ គឺជា​ថ្ម​សីមា​នៃ​ស៊ីយ៉ូន

៦១ប្រយោជន៍​ឲ្យ​គេ​អាច​បាន​ទទួល​ការ​ទូន្មាន​ពី​ពួក​អ្នក ដែល​យើង​បាន​ចាត់​ដូច​ជា​ដំណាំ​ដ៏​ល្បី និង​ជា​ពួក​អ្នក​ចាំ​យាម​នៅ​លើ​កំផែង​ទាំង​ឡាយ​របស់​នាង​ផង។

៦២មើល​ចុះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ឲ្យ ជួច មិលលើ ជា​អ្នក​បម្រើ​របស់​យើង និង​ឡៃម៉ាន វ៉ៃ​ត ជា​អ្នក​បម្រើ​របស់​យើង និង​យ៉ូហាន ស្នៃឌើ​រ ជា​អ្នក​បម្រើ​របស់​យើង និង​ពេត្រុស ហាវ្ស ជា​អ្នក​បម្រើ​របស់​យើង​រៀបចំ​ខ្លួន ហើយ​តាំង​ពួក​គេ​ម្នាក់​ឲ្យ​ធ្វើ​ជា​ប្រធាន​លើ​កូរ៉ុម​របស់​ខ្លួន ចំពោះ​ផល​ប្រយោជន៍​ខាង​ការ​កសាង​គេហដ្ឋាន​នោះ។

៦៣ហើយ​ពួក​គេ​ត្រូវ​បង្កើត​ធម្មនុញ្ញ​មួយ ដែល​ពួក​គេ​អាច​ទទួល​ហ៊ុន​សម្រាប់​កសាង​គេហដ្ឋាន​នោះ។

៦៤ហើយ​ពួក​គេ​មិន​អាច​ទទួល​មួយ​ហ៊ុន​ក្នុង​គេហដ្ឋាន​នោះ តិច​ជាង​ហាសិប​ដុល្លារ​ឡើយ ហើយ​ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទទួល​ចំនួន​មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​ពី​មនុស្ស​ម្នាក់ សម្រាប់​ជា​ហ៊ុន​ក្នុង​គេហដ្ឋាន​នោះ។

៦៥ប៉ុន្តែ​ពួក​គេ​ពុំ​ត្រូវ​អនុញ្ញាត​ឲ្យ​ទទួល​លើស​ជាង​មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ ពី​នរណា​ម្នាក់ សម្រាប់​ជា​ហ៊ុន​នៃ​គេហដ្ឋាន​នោះ​ឡើយ។

៦៦ហើយ​ពួក​គេ​ពុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទទួល​មួយ​ហ៊ុន​ក្នុង​គេហដ្ឋាន​នោះ​ពី​នរណា​ម្នាក់ តិច​ជាង​ហាសិប​ដុល្លារ​ឡើយ។

៦៧ហើយ​ពួក​គេ​ពុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទទួល​មនុស្ស​ណា​មួយ ជា​អ្នក​ចូល​ហ៊ុន​ក្នុង​គេហដ្ឋាន​នេះ​ឡើយ លើក​លែងតែ​អ្នក​នោះ​បង់​ហ៊ុន​ទៅ​ក្នុង​ដៃ​ពួក​គេ នៅ​ពេល​គេ​ទិញ​នោះ

៦៨ហើយ​នៅ​ចំនួន​ហ៊ុន​ណា​ដែល​គេ​បង់​ដល់​ដៃ​ពួក​គេ នោះ​គេ​នឹង​បាន​ហ៊ុន​ចំនួន​នោះ​ក្នុង​គេហដ្ឋាន ប៉ុន្តែ​បើ​សិន​ជា​គេ​មិន​បាន​បង់​អ្វី​ដល់​ដៃ​ពួក​គេ​ទេ នោះ​គេ​នឹង​ពុំ​បាន​ហ៊ុន​អ្វី​ក្នុង​គេហដ្ឋាន​នោះ​ឡើយ។

៦៩ហើយ​បើ​សិន​ជា​នរណា​មួយ​បង់​ហ៊ុន​ដល់​ដៃ​ពួក​គេ នោះ​នឹង​មាន​ហ៊ុន​ក្នុង​គេហដ្ឋាន​នោះ សម្រាប់​សាមី​ខ្លួន​គេ និង​សម្រាប់​តំណ​គេ​បន្ត​បន្ទាប់​ទៅ ពី​តំណ​មួយ​ទៅ​តំណ​មួយ ដរាបណា​ដែល​គេ និង​ពូជ​ពង្ស​គេ​មាន​ហ៊ុន​នោះ ហើយ​ពុំ​បាន​លក់ ឬ​ដក​ហ៊ុន​ចេញ​ពី​ដៃ​ពួក​គេ​តាម​អំពើ​ចិត្ត​គេ នោះ​គឺ​បើ​សិន​ជា​អ្នក​នឹង​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​យើង ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

៧០ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​សិន​ជា ជួច មិលលើ ជា​អ្នក​បម្រើ​របស់​យើង និង​ឡៃម៉ាន វ៉ៃ​ត ជា​អ្នក​បម្រើ​របស់​យើង និង​យ៉ូហាន ស្នៃឌើ​រ ជា​អ្នក​បម្រើ​របស់​យើង និង​ពេត្រុស ហាវ្ស ជា​អ្នក​បម្រើ​របស់​យើង​ទទួល​ហ៊ុន​ណា​មួយ​នៅ​ក្នុង​ដៃ​ពួក​គេ ជា​ប្រាក់ ឬ​ជា​ទ្រព្យសម្បត្តិ​ដែល​ពួក​គេ​ទទួល​ជា​តម្លៃ​ប្រាក់ នោះ​ពួក​គេ​មិន​ត្រូវ​ចាយ​ភាគ​ណា​មួយ​នៃ​ហ៊ុន​នោះ ចំពោះ​ផល​ប្រយោជន៍​ណា​ផ្សេង​ឡើយ លើក​លែងតែ​សម្រាប់​គេហដ្ឋាន​នោះ​ប៉ុណ្ណោះ។

៧១ហើយ​បើ​សិន​ជា​ពួក​គេ​ចាយ​ចំណែក​ណា​មួយ​នៃ​ហ៊ុន​នោះ នៅ​កន្លែង​ណា​ផ្សេង​ទៀត លើក​លែងតែ​នៅ​ក្នុង​គេហដ្ឋាន​នោះ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អ្នក​ចូល​ហ៊ុន​ទេ ហើយ​ពុំ​បាន​សង​មួយ​ភាគ​បួន​ដល់​ហ៊ុន​នោះ ដែល​ពួក​គេ​បាន​ចាយ​នៅ​កន្លែង​ផ្សេង​ទៀត​ទេ លើក​លែង​តែ​នៅ​គេហដ្ឋាន​នោះ នោះ​ពួក​គេ​ត្រូវ​បណ្ដាសា ហើយ​នឹង​ត្រូវ​ដក​ចេញ​ពី​កន្លែង​ពួក​គេ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ត្បិត​យើង​ជា​ព្រះ​អម្ចាស់​គឺជា​ព្រះ ហើយ​ពុំ​ត្រូវ​មើល​ងាយ​ក្នុង​ការណ៍​ណា​មួយ​នៃ​ការណ៍​ទាំង​នេះ​ឡើយ។

៧២យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ឲ្យ យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង ចូល​ហ៊ុន​ក្នុង​ដៃ​ពួក​គេ​សម្រាប់​ការ​កសាង​នៃ​គេហដ្ឋាន​នេះ ដូច​ជា​ឃើញ​ថា​ល្អ​ដល់​លោក​ចុះ ប៉ុន្តែ​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង មិន​អាច​ចូល​ហ៊ុន​លើស​ជាង​មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​ក្នុង​គេហដ្ឋាន​នោះ ឬ​តិច​ជាង​ហាសិប​ដុល្លារ​ឡើយ ឬ​ក៏​នរណា​មួយ​ឡើយ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

៧៣ហើយ​មាន​មនុស្ស​ឯ​ទៀត​ដែរ ដែល​ចង់​ដឹង​ពី​ព្រះ​ហឫទ័យ​របស់​យើង​អំពី​ពួក​គេ ព្រោះ​ពួក​គេ​បាន​ទូល​សូម​ពី​ព្រះ​ហស្ត​យើង។

៧៤ហេតុ​ដូច្នេះ​ហើយ យើង​ប្រាប់​អ្នក អំពី វិនសុន ណៃត៍ ជា​អ្នក​បម្រើ​របស់​យើង បើ​សិន​ជា​គាត់​នឹង​ប្រព្រឹត្ត​តាម​ព្រះ​ហឫទ័យ​របស់​យើង នោះ​ចូរ​ឲ្យ​គាត់​ចូល​ហ៊ុន​ក្នុង​គេហដ្ឋាន​នេះ សម្រាប់​រូប​គាត់ និង​សម្រាប់​ពូជ​ពង្ស​គាត់​បន្តបន្ទាប់​ទៅ​ពី​តំណ​មួយ​តំណ​មួយ​ផង​ចុះ។

៧៥ហើយ​ចូរ​ឲ្យ​គាត់​បន្លឺ​សំឡេង​គាត់​ឮ​សូរ​កាន់តែ​តន្ថើន​ខ្លាំង​ឡើង​នៅ​ចំ​កណ្ដាល​បណ្ដាជន ដើម្បី​អង្វរ​ប្រាប់​ពី​គតិ​នៃ​ពួក​អ្នក​ទាល់​ក្រ និង​ពួក​អ្នក​កម្សត់​ទុគ៌ត ហើយ​ចូរ​កុំ​ឲ្យ​គាត់​ខកខាន ឬ​មាន​ចិត្ត​តក់​ស្លុត​ឡើយ ហើយ​យើង​នឹង​ទទួល​ដង្វាយ​ទាំង​ឡាយ​របស់​គាត់ ត្បិត​ដង្វាយ​របស់​គាត់​ពុំ​មែន​ថ្វាយ​ដល់​យើង ដូច​ជា​ដង្វាយ​របស់​កាអ៊ីន​ឡើយ ព្រោះ​គាត់​នឹង​ទៅ​ជា​របស់​ផង​យើង ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

៧៦ចូរ​ឲ្យ​គ្រួសារ​គាត់​សប្បាយរីករាយ ហើយ​បែរ​ចិត្ត​ចេញ​ពី​សេចក្ដី​ទុក្ខ​វេទនា​ចុះ ត្បិត​យើង​បាន​រើស​គាត់ ហើយ​បាន​លាប​គាត់​ហើយ ហើយ​គាត់​នឹង​បាន​កិត្តិយស​នៅ​កណ្ដាល​វង្ស​ត្រកូល​គាត់ ព្រោះ​យើង​នឹង​អភ័យទោស​ចំពោះ​អំពើ​បាប​ទាំង​អស់​របស់​គាត់ ព្រះ​អម្ចាស់​ទ្រង់ មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។ អាម៉ែន។

៧៧យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ឲ្យ ហៃរុម ជា​អ្នក​បម្រើ​របស់​យើង ចូល​ហ៊ុន​ទៅ​ក្នុង​គេហដ្ឋាន​នោះ ដូចដែល​ឃើញ​ថា​ល្អ​ដល់​គាត់ គឺ​សម្រាប់​រូប​គាត់ និង​ពូជ​ពង្ស​គាត់​បន្តបន្ទាប់​ទៅ​ពី​តំណ​មួយ​ទៅ​តំណ​មួយ​ផង​ចុះ។

៧៨ចូរ​ឲ្យ អ៊ីសាក កាលឡង់ ជា​អ្នក​បម្រើ​របស់​យើង ចូល​ហ៊ុន​ទៅ​ក្នុង​គេហដ្ឋាន​នោះ ព្រោះ​យើង​ជា​ព្រះ​អម្ចាស់​ស្រឡាញ់​គាត់ ចំពោះ​កិច្ច​ការ​ដែល​គាត់​បាន​ធ្វើ ហើយ​នឹង​អភ័យទោស​ចំពោះ​អំពើ​បាប​ទាំង​អស់​របស់​គាត់ ហេតុ​ដូច្នេះ​ហើយ ចូរ​ត្រូវ​ចងចាំ​ដល់​គាត់​ចំពោះ​ការ​ប្រាក់​នៃ​គេហដ្ឋាន​នោះ​ពី​តំណ​មួយ​ទៅ​តំណ​មួយ​ផង។

៧៩ចូរ​ឲ្យ អ៊ីសាក កាលឡង់ ជា​អ្នក​បម្រើ​របស់​យើង បាន​តាំង​ឡើង​នៅ​ក្នុង​ចំណោម​ពួក​អ្នក​រាល់​គ្នា ហើយ​តែងតាំង​ឡើង​ដោយ វិលលាម ម៉ាក្ស ជា​អ្នក​បម្រើ​របស់​យើង ហើយ​បាន​ពរ​ដោយ​សារ​គាត់​ចុះ គឺ​ទៅ​ជា​មួយ ហៃរុម ជា​អ្នក​បម្រើ​របស់​យើង ដើម្បី​សម្រេច​នូវ​កិច្ច​ការ​ដែល យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង​នឹង​បញ្ជាក់​ប្រាប់​ដល់​ពួក​គេ ហើយ​ពួក​គេ​នឹង​ត្រូវ​បាន​ពរ​ដ៏​ធំ។

៨០ចូរ​ឲ្យ វិលលាម ម៉ាក្ស ជា​អ្នក​បម្រើ​របស់​យើង ចូល​ហ៊ុន​ទៅ​ក្នុង​គេហដ្ឋាន​នោះ ដូចដែល​ឃើញ​ថា​ល្អ​ដល់​គាត់ គឺ​សម្រាប់​រូប​គាត់ និង​ពូជ​ពង្ស​គាត់​ពី​តំណ​មួយ​ទៅ​តំណ​មួយ​ផង​ចុះ។

៨១ចូរ​ឲ្យ ហែនរី ជី ស៊ើវូឌ ជា​អ្នក​បម្រើ​របស់​យើង ចូល​ហ៊ុន​ទៅ​ក្នុង​គេហដ្ឋាន​នោះ ដូចដែល​ឃើញ​ថា​ល្អ​ដល់​គាត់ គឺ​សម្រាប់​រូប​គាត់ និង​ពូជ​គាត់​បន្តបន្ទាប់​ទៅ​ពី​តំណ​មួយ​ទៅ​តំណ​មួយ​ផង​ចុះ។

៨២ចូរ​ឲ្យ វិលលាម ឡវ៍ ជា​អ្នក​បម្រើ​របស់​យើង ចូល​ហ៊ុន​ទៅ​ក្នុង​គេហដ្ឋាន​នោះ សម្រាប់​រូប​គាត់ និង​ពូជ​គាត់​បន្តបន្ទាប់​ទៅ​ពី​តំណ​មួយ​ទៅ​តំណ​មួយ​ផង​ចុះ។

៨៣បើ​សិន​ជា​គាត់​នឹង​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​យើង ចូរ​កុំ​ឲ្យ​គាត់​នាំ​គ្រួសារ​គាត់​ទៅ​ដែនដី​នៃ​ទិស​ខាង​កើត សូម្បីតែ​ទៅ​ក្រុង​ខឺតឡង់ ក្ដី ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ជា​ព្រះ​អម្ចាស់ នឹង​កសាង​ក្រុង​ខឺតឡង់​ឡើង ប៉ុន្តែ​យើង​ជា​ព្រះ​អម្ចាស់ មាន​រំពាត់​ដែល​បាន​រៀបចំ​ទុក សម្រាប់​បណ្ដាជន​ទី​នោះ។

៨៤ហើយ​អំពី អាលម៉ុន បាបបិត ជា​អ្នក​បម្រើ​របស់​យើង នោះ​មាន​រឿង​ជា​ច្រើន​ដែល​យើង​មិន​សព្វ​ព្រះ​ហឫទ័យ មើល​ចុះ គាត់​គិត​ចង់​តាំង​ដំបូន្មាន​របស់​ខ្លួន ជំនួស​ដំបូន្មាន​ដែល​យើង​បាន​តែងតាំង សូម្បីតែ​ដំបូន្មាន​ពី​គណៈប្រធាន​នៃ​សាសនាចក្រ​របស់​យើង​ដែរ ហើយ​គាត់​តាំង​រូប​កូន​គោ​មាស​ឡើង សម្រាប់​ជា​ការ​ថ្វាយ​បង្គំ​នៃ​រាស្ត្រ​របស់​យើង។

៨៥ចូរ​កុំ​ឲ្យ​នរណា​មួយ​ចេញ​ពី​កន្លែង​នេះ ដែល​បាន​មក​ទី​នេះ​ប្រុង​នឹង​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​ឡើយ។

៨៦បើ​សិន​ជា​ពួក​គេ​រស់នៅ​ទី​នេះ ចូរ​ឲ្យ​ពួក​គេ​រស់នៅ​ចំពោះ​យើង ហើយ​បើ​សិន​ជា​ពួក​គេ​ស្លាប់ ចូរ​ឲ្យ​ពួក​គេ​ស្លាប់​ចំពោះ​យើង ត្បិត​ពួក​គេ​នឹង​បាន​សម្រាក​ពី​ការងារ​ទាំង​អស់​របស់​ពួក​គេ​នៅ​ទី​នេះ ហើយ​នឹង​ធ្វើ​កិច្ចការ​របស់​ពួក​គេ​ត​ទៅ​ទៀត។

៨៧ហេតុ​ដូច្នេះ​ហើយ ចូរ​ឲ្យ វិលលាម ជា​អ្នក​បម្រើ​របស់​យើង ដាក់​ទី​ទុក​ចិត្ត​របស់​គាត់​មក​លើ​យើង ហើយ​ឈប់​ភិតភ័យ​អំពី​គ្រួសារ​គាត់ មក​ពី​ជំងឺ​នៅ​ដែនដី​ចុះ។ បើ​សិន​ជា​អ្នក​រាល់​គ្នា​ស្រឡាញ់​យើង ចូរ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​ចុះ ហើយ​ជំងឺ​នៅ​ដែនដី​នឹង​បែរ​ទៅ​ជា​សិរី​ល្អ​ដល់​អ្នក​ទៅ​វិញ។

៨៨ចូរ​ឲ្យ វិលលាម ជា​អ្នក​បម្រើ​របស់​យើង ទៅ​ហើយ​ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច​របស់​យើង​ដោយ​សំឡេង​យ៉ាង​ខ្លាំង និង​ដោយ​សេចក្ដី​អំណរ​ដ៏​ធំ ដូចដែល​បាន​បណ្ដាល​ដោយ​ព្រះ​វិញ្ញាណ​របស់​យើង​ដល់​បណ្ដាជន នៅ​ក្រុង​វួរសាវ និង​ដល់​បណ្ដាជន​នៅ​ក្រុង​កាតធេច​ផង និង​ដល់​បណ្ដាជន​នៅ​ក្រុង​ប៊ើរលីងតោន​ផង និង​ដល់​បណ្ដាជន​នៅ​ក្រុង ម៉ាឌិសុន​ផង ហើយ​ចូរ​ឲ្យ​រង់ចាំ​ដោយ​មាន​ចិត្ត​អត់ធន់ និង​ចិត្ត​ព្យាយាម​ចាំ​ការ​បង្គាប់​ត​ទៅ​ទៀត ពី​សន្និសីទ​ទូ​ទៅ​របស់​យើង ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

៨៩បើ​សិន​ជា​គាត់​នឹង​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​យើង នោះ​ពី​អំណឹះ​ត​ទៅ ចូរ​ឲ្យ​គាត់​ប្រុង​ស្ដាប់​តាម​ដំបូន្មាន​នៃ​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង​ចុះ ហើយ​ដោយ​សារ​ប្រាក់​កាស​របស់​ខ្លួន​គាត់ ចូរ​គាំទ្រ​គតិ​នៃ​ពួក​អ្នក​ទ័ល​ក្រ ហើយ​បោះពុម្ព​ការ​បកប្រែ​ថ្មី​នៃ​ព្រះ​បន្ទូល ដ៏​បរិសុទ្ធ​របស់​យើង ផ្សាយ​ដល់​បណ្ដាជន​នៅ​លើ​ផែនដី​ចុះ។

៩០ហើយ​បើ​សិន​ជា​គាត់​ធ្វើ​បែប​នេះ នោះ​យើង​នឹង​ប្រទាន​ពរ​ដល់​គាត់ ដោយ​ព្រះ​ពរ​ដ៏​ច្រើន​អនេក ដើម្បី​កុំ​ឲ្យ​គាត់​ត្រូវ​បោះបង់​ចោល ឬ ឃើញ​ថា​ពូជ​គាត់​ត្រូវ​សុំទាន​អាហារ​ឡើយ។

៩១ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ឲ្យ វិលលាម ជា​អ្នក​បម្រើ​របស់​យើង បាន​តាំង តែងតាំង និង​លាប ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​ដល់​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង នៅ​កន្លែង​ហៃរុម ជា​អ្នក​បម្រើ​របស់​យើង ដើម្បី​ឲ្យ​ហៃរុម​ជា​អ្នក​បម្រើ​របស់​យើង អាច​យក​តំណែង​នៃ​បព្វជិតភាព និង​អយ្យកោ​ដែល​ត្រូវ​បាន​តាំង​ដល់​គាត់ ដោយ​ឪពុក​គាត់ តាម​រយៈ​ការ​ឲ្យ​ពរ និង​ដោយ​សិទ្ធិ​ផង

៩២គឺ​ចាប់​ពី​អំណឹះ​ត​ទៅ គាត់​នឹង​កាន់​កូន​សោ​ទាំង​ឡាយ​នៃ​ពរ​របស់​លោក​អយ្យកោ​មក​លើ​ក្បាល​នៃ​រាស្ត្រ​យើង​ទាំង​អស់

៩៣គឺ​នរណា​ក៏​ដោយ​ដែល​គាត់​ឲ្យ​ពរ នោះ​នឹង​បាន​ពរ ហើយ​នរណា​ក៏​ដោយ​ដែល​គាត់​ដាក់​បណ្ដាសា នោះ​នឹង​ត្រូវ​បណ្ដាសា គឺ​អ្វី​ក៏​ដោយ​ដែល​គាត់​នឹង​ចង​នៅ​លើ​ផែនដី នោះ​នឹង​ត្រូវ​បាន​ចង​នៅ​លើ​ស្ថាន​សួគ៌​ដែរ ហើយ​អ្វី​ក៏​ដោយ​ដែល​គាត់​នឹង​ស្រាយ​នៅ​លើ​ផែនដី នោះ​នឹង​ត្រូវ​បាន​ស្រាយ​នៅ​លើ​ស្ថាន​សួគ៌​ដែរ។

៩៤ហើយ​ចាប់​ពី​ពេល​នេះ​ត​ទៅ យើង​តាំង​ដល់​គាត់ ថា​គាត់​អាច​បាន​ទៅ​ជា​ព្យាការី និង​ជា​អ្នក​មើល​ឆុត និង​ជា​អ្នក​បើក​សម្ដែង​ចំពោះ​សាសនាចក្រ​របស់​យើង ដូច​ជា​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង​ដែរ

៩៥ប្រយោជន៍​ឲ្យ​គាត់​អាច​ប្រព្រឹត្ត​ព្រម​ព្រៀង​គ្នា​ជាមួយ​នឹង​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង ហើយ​ថា​គាត់​ត្រូវ​ទទួល​ដំបូន្មាន​ពី​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង ដែល​នឹង​បង្ហាញ​ដល់​គាត់ នូវ​កូន​សោ​ទាំង​ឡាយ ដែល​គាត់​អាច​សូម និង​អាច​ទទួល ហើយ​បាន​ពាក់​មកុដ​ដោយ​ព្រះ​ពរ និង​សិរី​ល្អ និង​កិត្តិយស និង​បព្វជិតភាព និង​អំណោយទាន​ទាំង​ឡាយ​នៃ​បព្វជិតភាព​ដដែល ដែល​បាន​ពាក់​លើ​អ្នក​នោះ​ម្ដង គឺ អូលីវើរ ខៅឌើរី ដែល​ធ្លាប់​ជា​អ្នក​បម្រើ​របស់​យើង

៩៦ប្រយោជន៍​ឲ្យ​ហៃរុម ជា​អ្នក​បម្រើ​របស់​យើង អាច​ធ្វើ​ទី​បន្ទាល់​អំពី​ការណ៍​ទាំង​ឡាយ ដែល​យើង​នឹង​បង្ហាញ​ដល់​គាត់ ប្រយោជន៍​ឲ្យ​ឈ្មោះ​គាត់​អាច​បាន​រំ​ឮ​ក​ដល់​ដោយ​កិត្តិយស ពី​តំណ​មួយ​ទៅ​តំណ​មួយ​ផង​ជា​រៀង​ដរាប​ត​ទៅ។

៩៧ចូរ​ឲ្យ វិលលាម ឡវ៍ ជា​អ្នក​បម្រើ​របស់​យើង បាន​ទទួល​កូន​សោ​ទាំង​ឡាយ​ដែរ ដើម្បី​ឲ្យ​គាត់​អាច​សូម ហើយ​អាច​បាន​ទទួល​ព្រះ​ពរ​ទាំង​ឡាយ ចូរ​ឲ្យ​គាត់​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង ហើយ​ដោយ​គ្មាន​ឧបាយកល​ឡើយ ហើយ​គាត់​នឹង​បាន​ទទួល​ព្រះ​វិញ្ញាណ​របស់​យើង គឺជា​ព្រះ​ដ៏​ជា​ជំនួយ​ដែល​នឹង​សម្ដែង​ប្រាប់​គាត់​នូវ​សេចក្ដី​ពិត​នៃ​ការណ៍​គ្រប់​ទាំង​អស់ ហើយ​នឹង​ប្រទាន​ដល់​គាត់​នូវ​អ្វី​ដែល​គាត់​ត្រូវ​និយាយ​នៅ​ម៉ោង​នោះ​ឯង។

៩៨ហើយ​ទី​សំគាល់​ទាំង​នេះ​នឹង​ជាប់​តាម​គាត់ — គឺ​គាត់​នឹង​ប្រោស​មនុស្ស​ឈឺ គាត់​នឹង​បណ្ដេញ​អារក្ស​ចេញ ហើយ​នឹង​ត្រូវ​បាន​រួច​ពី​ពួក​អ្នក​ដែល​ដាក់​បំពុល​គាត់

៩៩ហើយ​គាត់​នឹង​ត្រូវ​បាន​នាំ​ទៅ​តាម​ផ្លូវ​ទាំង​ឡាយ​ណា ដែល​ពស់​មាន​ពិស​ពុំ​អាច​ចឹក​កែង​ជើង​គាត់​បាន​ឡើយ ហើយ​គាត់​នឹង​ហោះ​ហើរ​លើ​ស្លាប​ឥន្ទ្រី​នៅ​ក្នុង​មនោគតិ​នៃ​គំនិត​របស់​គាត់។

១០០ហើយ​បើ​សិន​ជា​យើង​មាន​ព្រះ​ហឫទ័យ​ចង់​ឲ្យ​គាត់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ នោះ​ចូរ​កុំ​ឲ្យ​ទប់​សំឡេង​គាត់​ឡើយ។

១០១ហេតុ​ដូច្នេះ​ហើយ ចូរ​ឲ្យ វិលលាម ជា​អ្នក​បម្រើ​របស់​យើង ស្រែក​ឲ្យ​ពេញ​បំពង់ក ហើយ​កុំ​សំចៃ​ឡើយ ដោយ​សេចក្ដី​អំណរ និង​សេចក្ដី​អរ​សប្បាយ និង​ដោយ​ហូសាណា​ដល់​ទ្រង់ ដែល​គង់​នៅ​លើ​បល្ល័ង្ក​ជា​រៀងរាប​ដរាប​ត​ទៅ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

១០២មើល​ចុះ យើង​ប្រាប់​អ្នក​ថា យើង​មាន​បេសកកម្ម​មួយ​ទុក​សម្រាប់​វិលលាម ជា​អ្នក​បម្រើ​របស់​យើង និង​ហៃរុម ជា​អ្នក​បម្រើ​របស់​យើង និង​សម្រាប់​ពួក​គេ​ប៉ុណ្ណោះ ហើយ​ចូរ​ឲ្យ​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង​នៅ​ផ្ទះ​ចុះ ត្បិត​គេ​ត្រូវ​ការ​លោក។ អ្វី​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន នោះ​យើង​នឹង​បង្ហាញ​ដល់​អ្នក​នៅ​ពេល​ក្រោយ។ គឺ​ដូច្នោះ​មែន។ អាម៉ែន។

១០៣ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​សិន​ជា ស៊ីឌនី ជា​អ្នក​បម្រើ​របស់​យើង​នឹង​បម្រើ​យើង ហើយ​ធ្វើ​ជា​ទីប្រឹក្សា​ដល់​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង នោះ​ចូរ​ឲ្យ​គាត់​ក្រោក ហើយ​ឡើង​មក ហើយ​ឈរ​នៅ​ក្នុង​តំណែង​របស់​គាត់ ហើយ​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង​ចុះ។

១០៤ហើយ​បើ​សិន​ជា​គាត់​នឹង​ថ្វាយ​ដល់​យើង​នូវ​ដង្វាយ​ដ៏​គួរសម ហើយ​ដោយ​ការ​ទទួល​ស្គាល់​ទាំង​ឡាយ ហើយ​នៅ​ជាមួយ​រាស្ត្រ​យើង មើល​ចុះ យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក​នឹង​ប្រោស​គាត់​ឲ្យ​គាត់​បាន​ជា ហើយ​គាត់​នឹង​ត្រូវ​បន្លឺ​សំឡេង​របស់​គាត់​ទៀត នៅ​លើ​ភ្នំ​ទាំង​ឡាយ ហើយ​ធ្វើ​ជា​អ្នក​និយាយ​នៅ​ចំពោះ​ព្រះ​ភក្ត្រ​យើង។

១០៥ចូរ​ឲ្យ​គាត់​មក ហើយ​ទុក​គ្រួសារ​គាត់​នៅ​ក្នុង​សង្កាត់ ដែល​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង​អាស្រ័យ​នៅ។

១០៦នៅ​ក្នុង​ដំណើរ​ទាំង​អស់​របស់​គាត់ ចូរ​ឲ្យ​គាត់​បន្លឺ​សំឡេង​គាត់​ឡើង ហាក់​ដូច​ជា​ដោយ​សំឡេង​ត្រែ ហើយ​ព្រមាន​ប្រាប់​ដល់​បណ្ដា​ជន​នៅ​លើ​ផែនដី​ឲ្យ​រត់​ចេញ​ពី​សេចក្ដី​ក្រោធ ដែល​ត្រូវ​មក។

១០៧ចូរ​ឲ្យ​គាត់​ជួយ​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង ហើយ​ចូរ​ឲ្យ វិលលាម ឡវ៍ ជា​អ្នក​បម្រើ​របស់​យើង ជួយ​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង​ដែរ ក្នុង​ការ​ធ្វើ​ការ​ប្រកាស​ដ៏​ម៉ឺងម៉ាត់​មួយ ដល់​ពួក​មហាក្សត្រ​នៅ​លើ​ផែនដី ដូចដែល​យើង​បាន​ប្រាប់​អ្នក​រួច​មក​ហើយ​នោះ។

១០៨បើ​សិន​ជា ស៊ីឌនី ជា​អ្នក​បម្រើ​របស់​យើង​នឹង​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​យើង ចូរ​កុំ​ឲ្យ​គាត់​ដក​គ្រួសារ​គាត់​ចេញ​ពី​ដែនដី​នៅ​ទិស​ខាង​កើត​ឡើយ ប៉ុន្តែ​ចូរ​ឲ្យ​គាត់​ប្ដូរ​ទីលំនៅ​របស់​គាត់ ដូចដែល​យើង​បាន​ប្រាប់​រួច​មក​ហើយ​នោះ។

១០៩មើល​ចុះ គឺ​ពុំ​មែន​ជា​ព្រះ​ហឫទ័យ​យើង​ទេ ដែល​គាត់​ត្រូវ​ស្វែងរក​សន្តិសុខ និង​ទីពឹង​ជ្រក​ចេញ​ពី​ទី​ក្រុង ដែល​យើង​បាន​តាំង​ដល់​អ្នក គឺជា​ទី​ក្រុង​ណៅវូ​នោះ។

១១០យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា សូម្បីតែ​ឥឡូវ​នេះ បើ​សិន​ជា​គាត់​ប្រុង​ស្ដាប់​តាម​សំឡេង​យើង នោះ​នឹង​បាន​ស្រួល​ដល់​គាត់​ហើយ។ គឺ​ដូច្នោះ​មែន។ អាម៉ែន។

១១១ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ឲ្យ អេម៉ុស ដាវីស ជា​អ្នក​បម្រើ​របស់​យើង ចូល​ដៃ​ជាមួយ​ពួក​អ្នក​ដែល​យើង​បាន​តាំង​ឡើង​ឲ្យ​កសាង​ផ្ទះ​សំណាក់ គឺ​ណៅវូ​ហោស។

១១២ចូរ​ឲ្យ​គាត់​ធ្វើ​ការណ៍​នេះ បើ​សិន​ជា​គាត់​នឹង​មាន​ការ​ប្រាក់ ហើយ​ចូរ​ឲ្យ​គាត់​ប្រុង​ស្ដាប់​តាម​ដំបូន្មាន​នៃ​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង ហើយ​ធ្វើ​ការងារ​ដោយ​ដៃ​របស់​ខ្លួន ប្រយោជន៍​ឲ្យ​គាត់​អាច​បាន​ទី​ទុក​ចិត្ត​ពី​មនុស្ស។

១១៣ហើយ​កាលណា​គាត់​បាន​បញ្ជាក់​ថា ខ្លួន​មាន​ចិត្ត​ស្មោះត្រង់ ក្នុង​គ្រប់​ការណ៍​ទាំង​អស់ ដែល​បាន​ផ្ទុក​ផ្ដាក់​ឲ្យ​គាត់​ថែរក្សា មែន​ហើយ សូម្បីតែ​ការណ៍​តូច​តាច​ក៏​ដោយ គង់តែ​គាត់​នឹង​ត្រូវ​បាន​ធ្វើ​ជា​អ្នក​ត្រួតត្រា​លើ​របស់​ជា​ច្រើន​ដែរ

១១៤ហេតុ​ដូច្នេះ​ហើយ ចូរ​ឲ្យ​គាត់​បន្ទាប​ខ្លួន​ចុះ ប្រយោជន៍​ឲ្យ​គាត់​អាច​បាន​តម្កើង​ឡើង។ គឺ​ដូច្នោះ​មែន។ អាម៉ែន។

១១៥ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​សិន​ជា រ៉ូបឺត ឌី ហ្វស្តើរ ជា​អ្នក​បម្រើ​របស់​យើង​នឹង​គោរព​តាម​សំឡេង​យើង នោះ​ចូរ​ឲ្យ​គាត់​កសាង​គេហដ្ឋាន​មួយ សម្រាប់​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង ស្រប​តាម​កិច្ច​ព្រម​ព្រៀង ដែល​គាត់​បាន​ធ្វើ​ជាមួយ​លោក ហាក់​ដូច​ជា​ទ្វារ​នឹង​បាន​បើក​ឲ្យ​គាត់​តាម​កាល​វេលា។

១១៦ហើយ​ចូរ​ឲ្យ​គាត់​ប្រែ​ចិត្ត​ពី​អស់​ទាំង​សេចក្ដី​ចម្កួត​របស់​ខ្លួន ហើយ​បំពាក់​គាត់​ដោយ​សេចក្ដី​សប្បុរស ហើយ​ឲ្យ​ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ឲ្យ​បោះបង់​ចោល​អស់​ទាំង​ពាក្យ​រឹងទទឹង​របស់​គាត់​ចុះ

១១៧ហើយ​ឲ្យ​ចូល​ហ៊ុន​ចូល​ដៃ​ជាមួយ​កូរ៉ុម​ណៅវូ​ហោស សម្រាប់​រូប​គាត់ និង​សម្រាប់​តំណ​គាត់​បន្តបន្ទាប់​ទៅ​ពី​តំណ​មួយ​ទៅ​តំណ​មួយ​ផង​ចុះ

១១៨ហើយ​ចូរ​ប្រុង​ស្ដាប់​តាម​ដំបូន្មាន​នៃ​យ៉ូសែប និង​ហៃរុម និង​វិលលាម ឡវ៍ ជា​ពួក​អ្នក​បម្រើ​របស់​យើង និង​តាម​ពួក​អ្នក​ដែល​មាន​សិទ្ធិ​អំណាច ដែល​យើង​បាន​ហៅ​ឲ្យ​សង់​គ្រឹះ​នៃ​ស៊ីយ៉ូន ហើយ​នឹង​បាន​ស្រួល​ដល់​គាត់​ជា​រៀង​ដរាប​ត​ទៅ។ គឺ​ដូច្នោះ​មែន។ អាម៉ែន។

១១៩ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​កុំ​ឲ្យ​នរណា​ចូល​ហ៊ុន​ជាមួយ​កូរ៉ុម​ណៅវូ​ហោស​ឡើយ លើក​លែងតែ​អ្នក​នោះ​ជឿ​ដល់​ព្រះ​គម្ពីរ​មរមន និង​វិវរណៈ​ទាំង​ឡាយ ដែល​បាន​ប្រទាន​ដល់​អ្នក ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ

១២០ត្បិត​អ្វី​ដែល​លើស ឬ​តិច​ជាង​នេះ គឺ​មក​តែ​ពី​អា​កំណាច​ទេ ហើយ​នឹង​បាន​ជាប់​ដោយ​បណ្ដាសា​ទាំង​ឡាយ ហើយ​ពុំ​មែន​ដោយ​ព្រះ​ពរ​ឡើយ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។ គឺ​ដូច្នោះ​មែន។ អាម៉ែន។

១២១ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ឲ្យ​កូរ៉ុម​ណៅវូ​ហោស មាន​ថ្លៃឈ្នួល​ត្រឹម​ត្រូវ សម្រាប់​ការងារ​ទាំង​អស់​របស់​ពួក​គេ​ដែល​ពួក​គេ​បាន​ធ្វើ ក្នុង​ការ​កសាង​ណៅវូ​ហោស​ចុះ ហើយ​ចូរ​ឲ្យ​ថ្លៃឈ្នួល​របស់​ពួក​គេ បាន​យល់​ដោយ​ព្រម​ព្រៀង​គ្នា​ក្នុង​ចំណោម​ពួក​គេ ដូច​ជា​សមស្រប​តាម​តម្លៃ​នោះ។

១២២ហើយ​ចូរ​ឲ្យ​មនុស្ស​រាល់​គ្នា​ណា​ដែល​ចូល​ហ៊ុន កាន់​បង្កាន់ដៃ​នូវ​ចំណែក​ប្រាក់​របស់​ខ្លួន បើ​សិន​ជា​ត្រូវ​ការ​សម្រាប់​ការ​គាំទ្រ​ដល់​ពួក​គេ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ បើ​ពុំ​នោះ​សោត​ទេ ការងារ​ទាំង​ឡាយ​របស់​ពួក​គេ​នឹង​ត្រូវ​បាន​រាប់​ជា​ហ៊ុន​ដល់​ពួក​គេ​នៅ​ក្នុង​គេហដ្ឋាន​នោះ។ គឺ​ដូច្នោះ​មែន។ អាម៉ែន។

១២៣យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ឥឡូវ​នេះ យើង​ប្រទាន​ដល់​អ្នក​រាល់​គ្នា​នូវ​ពួក​អ្នក​កាន់​តំណែង ដែល​ជា​សមាជិក​នៃ​បព្វជិតភាព​របស់​យើង ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​កាន់​កូន​សោ​ទាំង​ឡាយ​នៃ​បព្វជិតភាព​នោះ គឺជា​បព្វជិតភាព​ដែល​ធ្វើ​តាម​របៀប​នៃ​លោក​ម៉ិលគីស្សាដែក ដែល​ធ្វើ​តាម​របៀប​នៃ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង។

១២៤មុនដំបូង យើង​ប្រទាន​ដល់​អ្នក​រាល់​គ្នា ហៃរុម ស៊្មីធ ឲ្យ​ធ្វើ​ជា​លោក​អយ្យកោ​ចំពោះ​អ្នក ដើម្បី​កាន់​នូវ​ព្រះ​ពរ​ទាំង​ឡាយ​ខាង​ការ​ភ្ជាប់​នៃ​សាសនាចក្រ​របស់​យើង គឺជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ភ្ជាប់​ទុក​ចំពោះ​ថ្ងៃ​នៃ​សេចក្ដី​ប្រោស​លោះ ប្រយោជន៍​កុំ​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ធ្លាក់ ទោះ​ជា​ម៉ោង​នៃ​សេចក្ដី​ល្បួង ដែល​អាច​មាន​មក​លើ​អ្នក​ក៏​ដោយ។

១២៥យើង​ប្រទាន​ដល់​អ្នក​រាល់​គ្នា យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​ធ្វើ​ជា​អែលឌើរ​ពិនិត្យ​ត្រួតត្រា​លើ​អស់​ទាំង​សាសនាចក្រ​របស់​យើង ឲ្យ​ធ្វើ​ជា​អ្នក​បកប្រែ ជា​អ្នក​ទទួល​វិវរណៈ ជា​អ្នក​មើល​ឆុត និង​ជា​ព្យាការី។

១២៦យើង​ប្រទាន​ដល់​លោក​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​គឺ ស៊ីឌនី រិកដុន ជា​អ្នក​បម្រើ​របស់​យើង និង វិលលាម ឡវ៍ ជា​អ្នក​បម្រើ​របស់​យើង ប្រយោជន៍​ឲ្យ​ពួក​អ្នក​ទាំង​នេះ​អាច​រួម​ទៅ​ជា​កូរ៉ុម និង​ជា​គណៈប្រធាន​ទី​មួយ ដើម្បី​ទទួល​ព្រះ​បន្ទូល​ទាំង​ឡាយ​សម្រាប់​សាសនាចក្រ​ទាំង​មូល។

១២៧យើង​ប្រទាន​ដល់​អ្នក​រាល់​គ្នា ព្រិកហាំ យ៉ង់ ជា​អ្នក​បម្រើ​របស់​យើង​ឲ្យ​ធ្វើ​ជា​ប្រធាន​លើ​ក្រុម​១២​នាក់​ដែល​ធ្វើ​ដំណើរ

១២៨ជា​ពួក​១២​នាក់​ដែល​កាន់​កូន​សោ​ទាំង​ឡាយ ដើម្បី​បើក​សិទ្ធិ​អំណាច​នៃ​នគរ​របស់​យើង​នៅ​លើ​ជ្រុង​ទាំង​បួន​នៃ​ផែនដី ហើយ​បន្ទាប់​ពី​នោះ ឲ្យ​បញ្ជូន​ព្រះ​បន្ទូល​របស់​យើង​ទៅ​ដល់​សត្វ​លោក​គ្រប់​រូប។

១២៩ពួក​គេ​គឺ ហ៊ីបឺរ ស៊ី គិមបុល, បាលី ភី ប្រាត្ត, អួរសុន ប្រាត្ត, អួរសុន ហៃឌ៍, វិលលាម ស៊្មីធ, យ៉ូហាន ថេលើរ, យ៉ូហាន អ៊ី ភេច, វិលហ្វួឌ វូឌដ្រុព្វ, វិលឡឺឌ រិចឺឌ្ស, ជួច អេ ស៊្មីធ

១៣០រីឯ ដាវីឌ ប៉ាទ្ទិន នោះ​យើង​បាន​យក​មក​ឯ​យើង​ហើយ មើល​ចុះ បព្វជិតភាព​របស់​គាត់ នោះ​គ្មាន​នរណា​អាច​យក​ពី​គាត់​បាន​ឡើយ ប៉ុន្តែ​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​ផ្សេង​ទៀត​អាច​បាន​តែងតាំង​ឡើង​ចំពោះ​តំណែង​ដដែល​នោះ។

១៣១ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា យើង​ប្រទាន​ដល់​អ្នក​នូវ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​មួយ សម្រាប់​ថ្ម​សីមា​នៃ​ស៊ីយ៉ូន —

១៣២ដោយ​មាន​ឈ្មោះ​ថា សាំយូអែល បិន្ត, ហែនរី ជី ស៊ើវូឌ, ជួច ដ័បបុលយូ ហារិស, ឆាល្ស ស៊ី រិច, ថូម៉ាស ក្រូវើរ, នូវល ណៃត៍, ដាវីឌ ដត់, ដាន់បើរ វិលសុន — រីឯ ស៊ី​បួរ ព្រុនសុន នោះ​យើង​បាន​យក​មក​ឯ​យើង​ហើយ គ្មាន​នរណា​អាច​យក​បព្វជិតភាព​ពី​គាត់​បាន​ឡើយ ប៉ុន្តែ​អ្នក​ផ្សេង​ទៀត​អាច​បាន​តែងតាំង​ឡើង​ចំពោះ​តំណែង​ដដែល​នោះ​ជំនួស​គាត់; ហើយ​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ឲ្យ អើរ៉ុន ចនសុន បាន​តែងតាំង​ឡើង​ចំពោះ​តំណែង​នេះ​ជំនួស​គាត់​ចុះ — ដាវីឌ ហ្វូលមើរ, អាលភូស កាត់ឡើរ, វិលលាម ហាន់ទិងតោន។

១៣៣ហើយ​ជា​ថ្មី​ទៀត យើង​ប្រទាន​ដល់​អ្នក​រាល់​គ្នា ដន ស៊ី ស៊្មីធ ឲ្យ​ធ្វើ​ជា​ប្រធាន​លើ​កូរ៉ុម​នៃ​ពួក​សង្ឃ​ជាន់​ខ្ពស់

១៣៤ពី​ធី​ការ​ត្រូវ​បាន​អនុវត្ត​ឡើង សម្រាប់​គោលបំណង​នៃ​ការ​រៀប​ចំ​ពួក​អ្នក ដែល​ត្រូវ​បាន​តែងតាំង​ឡើង​ជា​ពួក​ប្រធាន ឬ​ពួក​អ្នក​បម្រើ ដែល​នៅ​អចិន្ត្រៃយ៍​លើ​ស្តេក​ផ្សេងៗ ដែល​មាន​ពាស​ពេញ​ទូ​ទៅ

១៣៥ហើយ​ពួក​គេ​ក៏​អាច​ធ្វើ​ដំណើរ​បាន​ដែរ បើ​សិន​ជា​ពួក​គេ​ប្រាថ្នា ប៉ុន្តែ​សុខ​ចិត្ត​ទទួល​ការ​តែងតាំង​ជា​ប្រធាន​ដែល​នៅ​អចិន្ត្រៃយ៍​វិញ នេះ​គឺជា​តំណែង​នៃ​ការ​ហៅ​របស់​ពួក​គេ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

១៣៦យើង​ប្រទាន​ដល់​គាត់ អាម៉ាសា ឡៃម៉ាន និង ណូអេ ប៉ាកឺត ទុកជា​ទីប្រឹក្សា​ទាំង​ឡាយ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​ពិនិត្យ​ត្រួតត្រា​លើ​កូរ៉ុម​នៃ​ពួក​សង្ឃ​ជាន់​ខ្ពស់​ក្នុង​សាសនាចក្រ​របស់​យើង ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

១៣៧ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា យើង​ប្រទាន​ដល់​អ្នក​រាល់​គ្នា យ៉ូហាន អេ ហ៊ិក្ស, សាំយូអែល វិលលាម្ស និង​អ៊ីសាយ បេកើរ ជា​អ្នក​កាន់​បព្វជិតភាព ដើម្បី​ពិនិត្យ​ត្រួតត្រា​លើ​កូរ៉ុម​នៃ​ពួក​អែលឌើរ ជា​កូរ៉ុម​ដែល​ត្រូវ​បាន​អនុវត្ត​ឡើង សម្រាប់​ពួក​អ្នក​ធ្វើ​ការងារ​បម្រើ​ដែល នៅ​ប្រចាំ​ជា​អចិន្ត្រៃយ៍ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​គេ​អាច​ធ្វើ​ដំណើរ​បាន​ដែរ ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​តែងតាំង​ឡើង ឲ្យ​ធ្វើ​ជា​ពួក​អ្នក​ធ្វើ​ការងារ​បម្រើ​ដែល​នៅ​អចិន្ត្រៃយ៍​ចំពោះ​សាសនាចក្រ​របស់​យើង ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

១៣៨ហើយ​ជា​ថ្មី​ទៀត យើង​ប្រទាន​ដល់​អ្នក​រាល់​គ្នា យ៉ូសែប យ៉ង់, យ៉ូសាយ បាត់តើហ្វៀល, ដានីយ៉ែល មៃល្ស, ហែនរី ហ៊ើរីម៉ាន, សេរ៉ា ប៉ុលសៃហ្វើរ, លេវី ហែនខក់, យ៉េម្ស ហ្វស្តើរ ឲ្យ​ពិនិត្យ​ត្រួតត្រា​លើ​កូរ៉ុម​នៃ​ពួក​៧០​នាក់

១៣៩ជា​កូរ៉ុម​ដែល​បាន​អនុវត្ត​ឡើង សម្រាប់​ពួក​អែលឌើរ​ដែល​ធ្វើ​ដំណើរ ដើម្បី​ធ្វើ​ទី​បន្ទាល់​ប្រាប់​ពី​ព្រះ​នាម​របស់​យើង នៅ​ក្នុង​ពិភព​លោក​ទាំង​អស់ រីឯ​កន្លែង​ណា​ដែល​មាន​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ដែល​ធ្វើ​ដំណើរ គឺជា​ពួក​សាវក​របស់​យើង នោះ​នឹង​ត្រូវ​បញ្ជូន​ពួក​គេ​ឲ្យ​ទៅ​រៀបចំ​ផ្លូវ​នៅ​ចំពោះ​ព្រះ​ភក្ត្រ​យើង។

១៤០ការ​ខុស​គ្នា​រវាង​កូរ៉ុម​នេះ​នឹង​កូរ៉ុម​នៃ​ពួក​អែលឌើរ គឺថា​កូរ៉ុម​មួយ​ត្រូវ​ធ្វើ​ដំណើរ​រហូត ហើយ​កូរ៉ុម​មួយ​ទៀត ត្រូវ​ពិនិត្យ​ត្រួតត្រា​លើ​សាសនាចក្រ​ទាំង​ឡាយ​តាម​កាល​វេលា មួយ​មាន​ភារកិច្ច​ខាង​ការ​ពិនិត្យ​ត្រួតត្រា​តាម​កាល​វេលា ហើយ​មួយ​ទៀត ពុំ​មាន​ភារកិច្ច​ខាង​ការ​ពិនិត្យ​ត្រួតត្រា​លើ​ទេ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

១៤១ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា យើង​ប្រទាន​ដល់​អ្នក​រាល់​គ្នា វិនសុន ណៃត៍, សាំយូអែល អេ​ច ស៊្មីធ និង សាដ្រាក់ រ៉ោនឌី បើ​សិន​ជា​គាត់​យល់​ព្រមឲ្យ​ពិនិត្យ​ត្រួតត្រា​លើ​គណៈប៊ីស្សព; ដំណឹង​អំពី​គណៈប៊ីស្សព​ដែល​បាន​ពោល​ដល់​នេះ ត្រូវ​បាន​ប្រទាន​ដល់​អ្នក នៅ​ក្នុង​ព្រះ​គម្ពីរ​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា។

១៤២ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា សាំយូអែល រ៉ូហ្វ និង​ទីប្រឹក្សា​ទាំង​ឡាយ​របស់​គាត់ សម្រាប់​ពួក​សង្ឃ និង​ប្រធាន​នៃ​ពួក​គ្រូ ហើយ​និង​ទីប្រឹក្សា​ទាំង​ឡាយ​របស់​គាត់ ហើយ​ព្រម​ទាំង​ប្រធាន​នៃ​ពួក​ឌីកុន និង​ទីប្រឹក្សា​ទាំង​ឡាយ​របស់​គាត់ ហើយ​ព្រម​ទាំង​ប្រធាន​នៃ​ស្តេក និង​ទីប្រឹក្សា​ទាំង​ឡាយ​របស់​គាត់​ផង។

១៤៣តំណែង​ទាំង​ឡាយ​ខាង​លើ​នេះ យើង​បាន​ប្រទាន​ដល់​អ្នក ហើយ​កូន​សោ​ទាំង​ឡាយ​នៃ​តំណែង​នោះ សម្រាប់​ជា​ជំនួយ និង​ការត្រួតត្រា​សម្រាប់​កិច្ចការ​ខាង​ការងារ​បម្រើ និង​ការ​ធ្វើ​ឲ្យ​ពួក​បរិសុទ្ធ​បាន​ល្អ​ឥត​ខ្ចោះ។

១៤៤ហើយ​យើង​ប្រទាន​បញ្ញត្តិ​មួយ​ដល់​អ្នក​ថា អ្នក​គួរ​បំពេញ​តំណែង​ទាំង​នេះ ហើយ​អនុម័ត​ឈ្មោះ​ទាំង​នោះ ដែល​យើង​បាន​ពោល​ប្រាប់ បើ​ពុំ​នោះ​សោត​ទេ ចូរ​កុំ​អនុម័ត​ពួក​គេ​នៅ​ឯ​សន្និសីទ​ទូ​ទៅ​របស់​យើង​ឡើយ

១៤៥ហើយ​ថា​អ្នក​រាល់​គ្នា​គួរ​រៀបចំ​បន្ទប់​ទាំង​ឡាយ​ទុក​សម្រាប់​តំណែង​ទាំង​នេះ នៅ​ក្នុង​គេហដ្ឋាន​របស់​យើង នៅ​ពេល​អ្នក​កសាង​គេហដ្ឋាន​នោះ​ដល់​ព្រះ​នាម​របស់​យើង ព្រះ​អម្ចាស់ ដ៏​ជា​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕