ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 99
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៩៩

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​យ៉ូហាន មើដក់ នៅ​ខែ​សីហា ឆ្នាំ​១៨៣២ នៅ​ភូមិ​ហៃរាំ រដ្ឋ​អូហៃអូ។ ទោះ​ជា​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ដែល​បាន​បោះពុម្ព​ផ្សាយ​ចាប់​ផ្ដើម​ពី​ឆ្នាំ ១៨៧៦ ត​មក បាន​កត់​ថា​វិវរណៈ​នេះ នៅ​ក្រុង​ខឺតឡង់ ខែ​សីហា ឆ្នាំ​១៨៣៣ ក៏​ដោយ គង់តែ​ការ​បោះពុម្ព​មុន និង​បញ្ជី​ប្រវត្តិ​ទាំង​ឡាយ​បញ្ជាក់​ប្រាប់​ពី​ដំណឹង​ពិត​ប្រាកដ​ដែរ។

១–៨, យ៉ូហាន មើដក់ ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​ប្រកាស​ប្រាប់​ដំណឹង​ល្អ ហើយ​អស់​អ្នក​ណា​ដែល​ទទួល​គាត់ នោះ​ឈ្មោះ​ថា​ទទួល​ព្រះ​អម្ចាស់​ដែរ ហើយ​នឹង​បាន​ទទួល​សេចក្ដី​មេត្តាករុណា។

មើល​ចុះ ដូច្នេះ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដល់​យ៉ូហាន មើដក់ ជា​អ្នក​បម្រើ​យើង​ថា — អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​ឯ​ស្រុក​ទាំង​ឡាយ​នៅ​ទិស​ខាង​កើត ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ និង​ពី​ទី​ក្រុង​មួយ​ទៅ​ទី​ក្រុង​មួយ ដើម្បី​ទៅ​ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច​របស់​យើង ដល់​បណ្ដាជន​នៅ​ទី​នោះ នៅ​កណ្ដាល​សេចក្ដី​បៀតបៀន និង​អំពើ​ទុច្ចរិត​ក្ដី។

ហើយ​អ្នក​ណា​ដែល​ទទួល​អ្នក នោះ​ឈ្មោះ​ថា​ទទួល​យើង​ដែរ ហើយ​អ្នក​នឹង​ត្រូវ​បាន​អំណាច​ដើម្បី​ប្រកាស​ព្រះ​បន្ទូល​របស់​យើង ដោយ​ការ​សម្ដែង​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​យើង។

ហើយ​អ្នក​ណា​ដែល​ទទួល​អ្នក ដូច​ជា​កូន​ក្មេង​មួយ នោះ​ឈ្មោះ​ថា​បាន​ទទួល​នគរ​របស់​យើង​ហើយ ហើយ​ពួក​គេ​មាន​ពរ​ហើយ ព្រោះ​ពួក​គេ​នឹង​បាន​ទទួល​សេចក្ដី​មេត្តាករុណា។

ហើយ​អស់​អ្នក​ណា​ដែល​បដិសេធ​អ្នក នោះ​នឹង​ត្រូវ​បាន​បដិសេធ​ដោយ​ព្រះ​វរបិតា​របស់​យើង និង​វង្សា​របស់​ទ្រង់​ដែរ ហើយ​អ្នក​ត្រូវ​លាង​ជើង​របស់​អ្នក​នៅ​ទី​សម្ងាត់​ទុក​ជាទី​បន្ទាល់​ទាស់​នឹង​ពួក​គេ។

ហើយ​មើល​ចុះ និង​មើល​ន៏ យើង​យាង​មក​យ៉ាង​ឆាប់ ដើម្បី​ជំនុំ​ជំរះ ដើម្បី​បរិវត្ត​មនុស្ស​ទាំង​អស់​អំពី​អំពើ​អាក្រក់​ទាំង​ឡាយ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​យើង ដូចដែល​បាន​សរសេរ​ទុក​អំពី​យើង​នៅ​ក្នុង​កណ្ឌ​នៃ​ព្រះ​គម្ពីរ​នេះ។

ហើយ​ឥឡូវ​នេះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា គឺ​មិន​ចាំ​បាច់​ឲ្យ​អ្នក​ត្រូវ​ទៅ​ទេ ទាល់​តែ​កូន​ចៅ​របស់​អ្នក​ត្រូវ​បាន​ផ្គត់ផ្គង់ ហើយ​បញ្ជូន​ដោយ​ស្រួលបួល​ឡើង​ទៅ​ឯ​ប៊ីស្សព​នៃ​ស៊ីយ៉ូន​សិន។

ហើយ​មិន​យូរ​ឆ្នាំ​ក្រោយ​មក បើ​សិន​ជា​អ្នក​មាន​ចិត្ត​ប្រាថ្នា​ពី​យើង នោះ​អ្នក​អាច​ឡើង​ទៅ​ឯ​ដែនដី​ដ៏​ល្អ ដើម្បី​ទទួល​កេរមរតក​របស់​អ្នក​ចុះ

បើ​ពុំ​នោះ​សោត​ទេ អ្នក​ត្រូវ​ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ​របស់​យើង​ត​ទៅ​ទៀត រហូត​ដល់​អ្នក​ត្រូវ​បាន​ដក​យក​ទៅ។ អាម៉ែន៕