ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 75
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៧៥

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ភូមិ​អាមហ៊ើស្ទ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​២៥ ខែ​មក​រា ឆ្នាំ​១៨៣២ (History of the Church, ១:២៤២–២៤៥)។ នេះ​ជា​គ្រា​នៃ​សន្និសីទ​ដែល​បាន​កំណត់​ទុក។ នៅ​ឯ​សន្និសីទ​នេះ យ៉ូសែប ស៊្មីធ ត្រូវ​បាន​គាំទ្រ ហើយ​តែងតាំង​ជា​ប្រធាន​នៃ​បព្វជិតភាព​ជាន់​ខ្ពស់។ មាន​ពួក​អែលឌើរ​ខ្លះ ដែល​បាន​ជួបប្រទះ​ការ​ពិបាក​ក្នុង​ការ​នាំ​មនុស្ស​លោក​ឲ្យ​យល់​សារ​របស់​ពួក​គេ នោះ​មាន​បំណង​ចង់​ដឹង​រឿង​ថែម​ទៀត អំពី​ភារកិច្ច​នានា​របស់​ពួក​គេ​ជាប្រចាំ។ វិវរណៈ​នេះ​ក៏​បាន​មក​តាម​ក្រោយ។

១–៥, ពួក​អែលឌើរ​ដែល​ស្មោះត្រង់​ដែល​ផ្សាយដំណឹង​ល្អ​នឹង​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច; ៦–១២, ចូរ​អធិស្ឋាន​ដើម្បី​ឲ្យ​បាន​ទទួល​ព្រះ​ដ៏​ជា​ជំនួយ ដែល​បង្រៀន​គ្រប់​ទាំង​អស់; ១៣–២២, ពួក​អែលឌើរ​នឹង​អង្គុយ​ក្នុង​ការ​ជំនុំ​ជំរះ​អ្នក​ទាំង​នោះ​ដែល​បដិសេធ​សារ​របស់​ពួក​គេ; ២៣–៣៦, ក្រុម​គ្រួសារ​នៃ​ពួក​អ្នក​ផ្សាយ​សាសនា​ត្រូវ​បាន​ទទួល​ជំនួយ​ពី​សាសនាចក្រ។

ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ជា​អ្នក​ដែល​មាន​បន្ទូល ដោយ​សារ​សំឡេង​នៃ​ព្រះ​វិញ្ញាណ​របស់​យើង គឺជា​អាលផា និង​អូមេកា ជា​ព្រះ​អម្ចាស់​របស់​អ្នក និង​ជា​ព្រះ​របស់​អ្នក —

ចូរ​ប្រុង​ស្ដាប់​ចុះ ឱ​អ្នក​រាល់​គ្នា​ដែល​បាន​ចុះ​ឈ្មោះ​របស់​ខ្លួន ដើម្បី​ចេញ​ទៅ​ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ​របស់​យើង ហើយ​ដើម្បី​កាត់​មែក​ចម្ការ​ទំពាំងបាយជូរ​របស់​យើង​អើយ។

មើល​ចុះ យើង​ប្រាប់​អ្នក​ថា គឺជា​ព្រះ​ហឫទ័យ​របស់​យើង ដែល​អ្នក​គួរ​ចេញ​ទៅ ហើយ​មិន​បង្អង់​នៅ ឬ​ក៏​ខ្ជិលច្រអូស​ឡើយ ប៉ុន្តែ​ធ្វើ​ការ​ដោយ​កម្លាំង​របស់​អ្នក​ចុះ —

ដោយ​បន្លឺ​សំឡេង​របស់​អ្នក​ឡើង ហាក់​ដូច​ជា​សំឡេង​ត្រែ ដោយ​ប្រកាស​ប្រាប់​សេចក្ដី​ពិត តាម​វិវរណៈ និង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​យើង​បាន​ប្រទាន​ដល់​អ្នក​ចុះ។

ម្ល៉ោះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​ស្មោះត្រង់ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ផ្ទុក​កណ្ដាប់​ស្រូវ ហើយ​អ្នក​នឹង​បាន​ពាក់​មកុដ​កិត្តិយស និង​សិរី​ល្អ និង​អមតភាព ហើយ​និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។

ហេតុ​ដូច្នេះ​ហើយ ប្រាកដ​មែន យើង​ប្រាប់​អ្នក វិលលាម អ៊ី ម៉័កខ្លេលិន ជា​អ្នក​បម្រើ​របស់​យើង​ថា យើង​ដក​បេសកកម្ម​ដែល​យើង​បាន​ប្រទាន​ដល់​គាត់ ដើម្បី​ឲ្យ​ចេញ​ទៅ​ឯ​ស្រុក​ទាំង​ឡាយ​នៅ​ខាង​កើត

ហើយ​យើង​ប្រទាន​ដល់​គាត់​នូវ​បេសកកម្ម​ថ្មី​មួយ និង​ព្រះ​បញ្ញត្តិ​ថ្មី​មួយ ដែល​យើង​ជា​ព្រះ​អម្ចាស់ វាយ​ផ្ចាល​គាត់ ព្រោះ​តែ​ការ​រអ៊ូរទាំ​ក្នុង​ចិត្ត​របស់​គាត់

ហើយ​គាត់​បាន​ធ្វើ​បាប ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​បាន​អត់​ទោស​ឲ្យ​គាត់ ហើយ​ប្រាប់​គាត់​ទៀត​ថា ចូរ​អ្នក​ទៅ​ក្នុង​ស្រុក​ទាំង​ឡាយ​នៅ​ទិស​ខាង​ត្បូង​ចុះ។

ហើយ​ចូរ​ឲ្យ លូកា ចនសុន ជា​អ្នក​បម្រើ​របស់​យើង​ទៅ​ជា​មួយ​គាត់ ហើយ​ប្រកាស​ប្រាប់​ពី​អ្វីៗ​ដែល​យើង​បាន​បញ្ជា​ដល់​ពួក​គេ​ចុះ —

១០ដោយ​អំពាវនាវ​ដល់​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ សូម​ព្រះ​ដ៏​ជា​ជំនួយ ដែល​នឹង​បង្រៀន​ពួក​គេ​នូវ​គ្រប់​ទាំង​អស់ ដែល​ជា​ការ​ចាំ​បាច់​ដល់​ពួក​គេ —

១១ដោយ​អធិស្ឋាន​ជានិច្ច ប្រយោជន៍​កុំ​ឲ្យ​ពួក​គេ​រសាយ​ចិត្ត​ឡើយ ហើយ​ដរាបណា​ពួក​គេ​ប្រព្រឹត្ត​បែប​នេះ នោះ​យើង​នឹង​គង់នៅ​ជា​មួយ​ពួក​គេ​រហូត​ដល់​ចុង​បំផុត។

១២មើល​ចុះ នេះ​ហើយ​ជា​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​ទ្រង់​មាន​ចំពោះ​អ្នក។ គឺ​ដូច្នោះ​មែន។ អាម៉ែន។

១៣ហើយ​ជា​ថ្មី​ទៀត ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ចូរ​ឲ្យ អួរសុន ហៃឌ៍ ជា​អ្នក​បម្រើ​របស់​យើង និង សាំយូអែល អេ​ច ស៊្មីធ ជា​អ្នក​បម្រើ​របស់​យើង​ចេញ​ដំណើរ​របស់​ពួក​គេ​ទៅ​ក្នុង​ស្រុក​ទាំង​ឡាយ​នៅ​ទិស​ខាង​កើត ហើយ​ប្រកាស​ប្រាប់​ពី​អ្វីៗ​ដែល យើង​បាន​បញ្ជា​ដល់​ពួក​គេ​ចុះ ហើយ​ដរាបណា​ពួក​គេ​មាន​ចិត្ត​ស្មោះត្រង់ មើល​ន៏ យើង​នឹង​គង់នៅ​ជាមួយ​ពួក​គេ​រហូត​ដល់​ចុង​បំផុត។

១៤ហើយ​ជា​ថ្មី​ទៀត ប្រាកដ​មែន យើង​ប្រាប់​ដល់ ឡៃម៉ាន ចនសុន ជា​អ្នក​បម្រើ​របស់​យើង និង​ដល់ អួរសុន ប្រាត្ត ជា​អ្នក​បម្រើ​របស់​យើង​ថា ពួក​គេ​ក៏​ត្រូវ​ចេញ​ដំណើរ​របស់​ពួក​គេ​ទៅ​ក្នុង​ស្រុក​ទាំង​ឡាយ​នៅ​ទិស​ខាង​កើត ហើយ​មើល​ចុះ និង​មើល​ន៏ យើង​ក៏​គង់នៅ​ជាមួយ​ពួក​គេ​ដែរ គឺ​រហូត​ដល់​ចុង​បំផុត។

១៥ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​ដល់ អាសា ដត្ស ជា​អ្នក​បម្រើ​របស់​យើង និង​ដល់ ខាវ្ស វិលសុន ជា​អ្នក​បម្រើ​របស់​យើង​ថា ពួក​គេ​ក៏​ត្រូវ​ចេញ​ដំណើរ​របស់​ពួក​គេ​ទៅ​ឯ​ស្រុក​ទាំង​ឡាយ​នៅ​ទិស​ខាង​លិច ហើយ​ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ​របស់​យើង ដូច​ជា​យើង​បាន​បញ្ជា​ពួក​គេ។

១៦ហើយ​អ្នក​ណា​ដែល​ស្មោះត្រង់​នឹង​បាន​ឈ្នះ​គ្រប់​ទាំង​អស់ ហើយ​នឹង​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។

១៧ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​ដល់ មេជើរ អិន អាស៊្លី ជា​អ្នក​បម្រើ​របស់​យើង និង​ដល់ ប៊ើរ រិក្ស ជា​អ្នក​បម្រើ​របស់​យើង​ថា ចូរ​ឲ្យ​ពួក​គេ​ចេញ​ដំណើរ​របស់​ពួក​គេ​ទៅ​ក្នុង​ស្រុក​នៅ​ទិស​ខាង​ត្បូង​ផង​ដែរ។

១៨មែន​ហើយ ចូរ​ឲ្យ​អស់​អ្នក​ទាំង​នោះ​ចេញ​ដំណើរ​របស់​ខ្លួន ដូច​ជា​យើង​បាន​បញ្ជា​ដល់​ពួក​គេ ដោយ​ទៅ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ហើយ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ និង​ពី​ទី​ក្រុង​មួយ​ទៅ​ទី​ក្រុង​មួយ​ចុះ។

១៩ហើយ​នៅ​ក្នុង​ផ្ទះ​ណា​មួយ​ក៏​ដោយ ដែល​អ្នក​រាល់​គ្នា​ចូល ហើយ​ពួក​គេ​ទទួល​អ្នក នោះ​ចូរ​ទុក​ពរ​របស់​អ្នក​រាល់​គ្នា​មក​លើ​ផ្ទះ​នោះ​ចុះ។

២០ហើយ​នៅ​ក្នុង​ផ្ទះ​ណា​មួយ​ក៏​ដោយ ដែល​អ្នក​រាល់​គ្នា​ចូល ហើយ​ពួក​គេ​មិន​ទទួល​អ្នក​ទេ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ចេញ​យ៉ាង​រហ័ស​ពី​ផ្ទះ​នោះ ហើយ​រលាស់​ធូលី​ដី​ពី​ជើង​អ្នក​ចេញ​ទុក​ជាទី​បន្ទាល់​ទាស់​នឹង​ពួក​គេ។

២១ហើយ​អ្នក​នឹង​បាន​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​អំណរ និង​សេចក្ដី​រីករាយ ហើយ​ចូរ​ដឹង​ការណ៍​នេះ​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​អ្នក​នឹង​បាន​ទៅ​ជា​ចៅក្រម​ដល់​ផ្ទះ​នោះ ហើយ​ដាក់​ទោស​ពួក​គេ

២២ហើយ​នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​អ្នក​ឥត​សាសនា​នឹង​ទ្រាំ​បាន​ងាយ​ជាជាង​ផ្ទះ​នោះ ហេតុ​ដូច្នេះ​ហើយ ចូរ​ក្រវាត់​ចង្កេះ ហើយ​មាន​ចិត្ត​ស្មោះត្រង់​ចុះ ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​ឈ្នះ​គ្រប់​ទាំង​អស់ ហើយ​នឹង​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ គឺ​ដូច្នោះ​មែន។ អាម៉ែន។

២៣ហើយ​ជា​ថ្មី​ទៀត ឱ​អ្នក​រាល់​គ្នា​ជា​ពួក​អែលឌើរ​នៃ​សាសនាចក្រ​យើង​ដែល​បាន​ចុះ​ឈ្មោះ​របស់​ខ្លួន ប្រយោជន៍​ឲ្យ​អ្នក​អាច​បាន​ដឹង​អំពី​ព្រះ​ហឫទ័យ ដែល​ទ្រង់​មាន​ចំពោះ​អ្នក​អើយ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដល់​អ្នក​យ៉ាង​ដូច្នេះ​ថា —

២៤មើល​ចុះ យើង​ប្រាប់​អ្នក​ថា គឺជា​ភារកិច្ច​នៃ​សាសនាចក្រ ដើម្បី​ជួយ​ទ្រ​ទ្រង់​ក្រុម​គ្រួសារ​នៃ​ពួក​អ្នក​ទាំង​នោះ ហើយ​ក៏​ដើម្បី​ទ្រ​ទ្រង់​ក្រុម​គ្រួសារ​នៃ​ពួក​អ្នក​ទាំង​នោះ ដែល​ត្រូវ​បាន​ហៅ ហើយ​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​ក្នុង​លោកិយ ដើម្បី​ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ​ដល់​មនុស្ស​លោក។

២៥ហេតុ​ដូច្នោះ​ហើយ យើង​ជា​ព្រះ​អម្ចាស់​ប្រទាន​ដល់​អ្នក​នូវ​ព្រះ​បញ្ញត្តិ​នេះ​ថា អ្នក​រាល់​គ្នា​រក​បាន​កន្លែង​នានា​សម្រាប់​គ្រួសារ​របស់​ខ្លួន​ចុះ ដរាបណា​បង​ប្អូន​របស់​អ្នក​យល់​ព្រម ដើម្បី​បើក​ចិត្ត​របស់​ពួក​គេ។

២៦ហើយ​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់ ដែល​អាច​រក​បាន​កន្លែង​នានា​សម្រាប់​គ្រួសារ​របស់​ខ្លួន ហើយ​ទ្រ​ទ្រង់​សាសនាចក្រ​សម្រាប់​ពួក​គេ​ដោយ​ពុំ​ខាន​ទៅ​ក្នុង​លោកិយ ទោះ​ជា​នៅ​ទិស​ខាង​កើត ឬ​ខាង​លិច ឬ​ខាង​ជើង ឬ​ខាង​ត្បូង​ក្ដី។

២៧ចូរ​ឲ្យ​ពួក​គេ​សូម ហើយ​ពួក​គេ​នឹង​បាន​ទទួល ចូរ​គោះ ហើយ​តែង​នឹង​បើក​ឲ្យ​ពួក​គេ ហើយ​នឹង​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដឹង​មក​ពី​ស្ថាន​ខ្ពស់ គឺ​ដោយ​សារ​ព្រះ​ដ៏​ជា​ជំនួយ​ពី​ទីណា​ក៏​ដោយ​ដែល​ពួក​គេ​ត្រូវ​ទៅ។

២៨ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា រីឯ​មនុស្ស​គ្រប់​រូប​ណា​ដែល​ត្រូវ​ផ្គត់ផ្គង់​ដល់​គ្រួសារ​របស់​ខ្លួន​ផ្ទាល់ នោះ​ចូរ​ឲ្យ​អ្នក​នោះ​ផ្គត់ផ្គង់​ចុះ ហើយ​អ្នក​នោះ​នឹង​ពុំ​ត្រូវ​បាត់បង់​មកុដ​របស់​ខ្លួន​ឡើយ ហើយ​ចូរ​ឲ្យ​អ្នក​នោះ​ធ្វើ​ការ​នៅ​ក្នុង​សាសនាចក្រ​ចុះ។

២៩ចូរ​ឲ្យ​មនុស្ស​គ្រប់​រូប​មាន​ចិត្ត​ឧស្សាហ៍​ក្នុង​គ្រប់​ជំពូក​ទាំង​អស់។ ហើយ​ពួក​ខ្ជិលច្រអូស​នឹង​ពុំ​មាន​កន្លែង​នៅ​ក្នុង​សាសនាចក្រ​ឡើយ លើក​លែងតែ​អ្នក​នោះ​ប្រែ​ចិត្ត ហើយ​កែ​ប្រែ​ផ្លូវ​នានា​របស់​ខ្លួន​វិញ។

៣០ហេតុ​ដូច្នោះ​ហើយ ចូរ​ឲ្យ ស៊ីម្មាន ខារតើរ ជា​អ្នក​បម្រើ​របស់​យើង និង អេមើរ ហារិស ជា​អ្នក​បម្រើ​របស់​យើង​ចូល​រួម​គ្នា​ក្នុង​ការងារ​បម្រើ​ចុះ

៣១ហើយ​ព្រម​ទាំង​អែសរ៉ា ធេយ័រ ជា​អ្នក​បម្រើ​របស់​យើង និង ថូម៉ាស ប៊ី មាស ជា​អ្នក​បម្រើ​របស់​យើង​ផង

៣២ព្រម​ទាំង​ហៃរុម ស៊្មីធ ជា​អ្នក​បម្រើ​របស់​យើង និង រេយណូលស៍ ខាហ៊ូន ជា​អ្នក​បម្រើ​របស់​យើង​ផង

៣៣ហើយ​ព្រម​ទាំង​ដានីយ៉ែល ស្តានតោន ជា​អ្នក​បម្រើ​របស់​យើង និង ស៊ីមួរ ព្រុនសុន ជា​អ្នក​បម្រើ​របស់​យើង​ផង

៣៤ហើយ​ព្រម​ទាំង​សិលវ៉ែស្ទើរ ស៊្មីធ ជា​អ្នក​បម្រើ​របស់​យើង និង គេឌាន ខារតើរ ជា​អ្នក​បម្រើ​របស់​យើង​ផង

៣៥ហើយ​ព្រម​ទាំង​រឺកកិល្ស អេម្ស ជា​អ្នក​បម្រើ​របស់​យើង និង ស្ទេផាន ប៊ើរណែត ជា​អ្នក​បម្រើ​របស់​យើង​ផង

៣៦ហើយ​ព្រម​ទាំង​មីកា ប៊ី វែលតោន ជា​អ្នក​បម្រើ​របស់​យើង ហើយ​និង អេដែន ស៊្មីធ ជា​អ្នក​បម្រើ​របស់​យើង​ផង​ដែរ។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕