ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 135
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ១៣៥

ទុក្ករកម្ម​នៃ​យ៉ូសែប ស៊្មីធ ជា​ព្យាការី និង​បង​ប្រុស​របស់​លោក​គឺ ហៃរុម ស៊្មីធ ជា​អយ្យកោ នៅ​ក្រុង​កាតធេច រដ្ឋ​អិលលីណោយ ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​១៨៤៤ (History of the Church, ៦:៦២៩–៦៣១)។ ឯកសារ​នេះ​ត្រូវ​បាន​សរសេរ​ដោយ​អែលឌើរ យ៉ូហាន ថេលើរ ក្នុង​ក្រុម​ប្រឹក្សា​នៃ​ពួក​១២​នាក់ ដែល​ជា​សាក្សី​ចំពោះ​ហេតុការណ៍​នោះ។

១–២, យ៉ូសែប និង ហៃរុម ត្រូវ​គេ​ធ្វើ​ទុក្ករកម្ម​នៅ​គុក​កាតធេច; , តំណែង​ដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់​ព្យាការី​ត្រូវ​បាន​ប្រកាស​ប្រាប់; ៤–៧, លោហិត​ដ៏​ឥត​ទោស​របស់​គេ​ធ្វើ​ទី​បន្ទាល់​អំពី​សេចក្ដី​ពិត និង​ទេវ​ភាព​នៃ​កិច្ចការ​នេះ។

ដើម្បី​បិទ​ទី​បន្ទាល់​អំពី​ព្រះ​គម្ពីរ​នេះ និង​ព្រះ​គម្ពីរ​មរមន នោះ​យើង​ខ្ញុំ​ប្រកាស​ប្រាប់​ពី​ទុក្ករកម្ម​នៃ​យ៉ូសែប ស៊្មីធ ជា​ព្យាការី និង ហៃរុម ស៊្មីធ ជា​អយ្យកោ។ អ្នក​ទាំង​ពីរ​នាក់​ត្រូវ​បាន​បាញ់​នៅ​ក្នុង​គុក​កាតធេច នៅ​ថ្ងៃ​ទី​២៧ នៃ​ខែ​មិថុនា ឆ្នាំ​១៨៤៤ ប្រមាណ​ជា​ម៉ោង​ប្រាំ​រសៀល ដោយ​ពួក​ហ្វូង​មនុស្ស​កំណាច​មាន​អាវុធ — លាប​មុខ​ខ្មៅ — ក្នុង​ចំនួន ១៥០ នាក់​ទៅ ២០០ នាក់។ ហៃរុម​ត្រូវ​បានគេ​បាញ់​មុន ហើយ​ដួល​ទៅ​ស្ងប់ៗ​ដោយ​ប្រកាស​ថា ៖ ខ្ញុំ​ស្លាប់​ហើយ! យ៉ូសែប​បាន​លោត​ពី​បង្អួច ហើយ​ត្រូវ​គេ​បាញ់​ស្លាប់ ក្នុង​ពេល​ខំ​ប្រុង​លោត ដោយ​ប្រកាស​ថា ៖ ឱ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​ខ្ញុំ​អើយ! គេ​ទាំង​ពីរ​នាក់​ត្រូវ​គេ​បាញ់ បន្ទាប់​ពី​បាន​ស្លាប់​ទៅ​ហើយ​ក្នុង​បែប​ដ៏​ឃោរឃៅ​មួយ ហើយ​ទាំង​ពីរ​នាក់​បាន​ទទួល​បួន​គ្រាប់។

យ៉ូហាន ថេលើរ និង វិលឡឺឌ រិចឺឌ្ស ជា​សាវក​ពីរ​នាក់​គត់ ដែល​បាន​នៅ​ក្នុង​បន្ទប់​នោះ​នៅ​ពេល​នោះ អ្នក​ទី​មួយ​ត្រូវ​បាន​របួស​ក្នុង​បែប​ដ៏​សាហាវ​ដោយ​ត្រូវ​បួន​គ្រាប់ ប៉ុន្តែ​ឥឡូវ​បាន​ជា​ហើយ រីឯ​អ្នក​ទី​ពីរ គឺ​តាម​រយៈ​ទិព្វញ្ញាណ​នៃ​ព្រះ នោះ​បាន​រួច​ផុត ដោយ​គ្មាន​ប្រ​ហោង​ក្នុង​អាវ​គាត់​ឡើយ។

យ៉ូសែប ស៊្មីធ ជា​ព្យាការី និង​អ្នក​មើល​ឆុត​នៃ​ព្រះ​អម្ចាស់ បាន​សម្រេច​ច្រើន​ជាងគេ លើក​លែងតែ​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ​សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​ក្នុង​លោក​នេះ ជាង​មនុស្ស​ផ្សេងៗ​ទៀត ដែល​ធ្លាប់​រស់នៅ​ក្នុង​លោក​នេះ។ នៅ​រយៈ​ពេល​ម្ភៃ​ឆ្នាំ​យ៉ាង​ខ្លី លោក​បាន​នាំ​មក​នូវ​ព្រះ​គម្ពីរ​មរមន ដែល​លោក​បាន​បកប្រែ​ដោយ​អំណោយទាន និង​អំណាច​នៃ​ព្រះ ហើយ​បាន​ធ្វើ​ជា​មាគ៌ា​ក្នុង​ការ​បោះពុម្ពផ្សាយ​គម្ពីរ​នោះ​លើ​ទ្វីប​ពីរ បាន​បញ្ចូល​ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច ដែល​មាន​ក្នុង​គម្ពីរ​នោះ​ដល់​ទៅ​ទិស​ទាំង​បួន នៃ​ផែនដី បាន​នាំ​មក​នូវ​វិវរណៈ​ទាំង​ឡាយ និង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​ចងក្រង​ធ្វើ​ព្រះ​គម្ពីរ​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា​នេះ និង​ឯកសារ និង​ការ​បង្គាប់​ដ៏​ប្រកប​ដោយ​ប្រាជ្ញា​វាងវៃ​ជា​ច្រើន​ទៀត សម្រាប់​ផល​ប្រយោជន៍​ដល់​កូន​ចៅ​មនុស្ស បាន​ប្រមូល​ពួក​បរិសុទ្ធ​នៅ​ថ្ងៃ​ចុង​ក្រោយ​ជា​ច្រើន​ពាន់​នាក់ បាន​តាំង​ទី​ក្រុង​ដ៏​ធំ​មួយ ហើយ​ទុក​ឈ្មោះ​ល្បីល្បាញ ដែល​ពុំ​អាច​ប្រហារ​ចោល​បាន​ឡើយ។ លោក​បាន​រស់​ដោយ​អស្ចារ្យ ហើយ​លោក​បាន​ស្លាប់​ដោយ​អស្ចារ្យ ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ និង​ចំពោះ​ប្រជារាស្ត្រ​លោក ហើយ​ដូច​ជា​អ្នក​ចាក់​ប្រេង​តាំង​របស់​ព្រះ​អម្ចាស់​នៅ​ជំនាន់​បុរាណ​ដែរ ក៏​បាន​បិទ​ត្រា​បេសកកម្ម​របស់​លោក និង​កិច្ចការ​របស់​លោក ដោយ​លោហិត​របស់​លោក​ផ្ទាល់ ហើយ​ព្រម​ទាំង​ហៃរុម ជា​បង​ប្រុស​លោក​ផង។ ក្នុង​ជីវិត ពួក​គេ​ពុំ​បាន​បែកបាក់ ហើយ​ក្នុង​សេចក្ដី​ស្លាប់ ក៏​ពួក​គេ​ពុំ​បាន​បែកបាក់​ដែរ!

កាល យ៉ូសែប ទៅ​ក្រុង​កាតធេច ដើម្បី​ប្រគល់​ខ្លួន​ចំពោះ​ការ​តម្រូវ​ក្លែងក្លាយ​ដោយ​ច្បាប់ គឺ​ពីរ​បី​ថ្ងៃ​មុន​ការ​ធ្វើ​ឃាតកម្មដល់​លោក នោះ​លោក​បាន​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​ទៅ​ដូច​ជា​ចៀម​ដឹក​ទៅ​សម្លាប់ ប៉ុន្តែ​ខ្ញុំ​ស្ងប់​ចិត្ត​ដូច​ជា​ព្រឹក​ព្រលឹម​នា​រដូវ​ក្ដៅ ខ្ញុំ​គ្មាន​សតិ​ទាស់​ចំពោះ​ព្រះ និង​ចំពោះ​មនុស្ស​គ្រប់​រូប​ឡើយ។ ខ្ញុំ​នឹង​ស្លាប់​ទៅ​ដោយ​ឥត​ទោស ហើយ​នៅ​តែ​នឹង​មាន​ពាក្យ​ពោល​ពី​ខ្ញុំ​ថា — លោក​ត្រូវ​គេ​ធ្វើ​ឃាត​ដោយ​ចេតនា »។ — នៅ​ព្រលឹម​ដដែល​នោះ គឺ​បន្ទាប់​ពី ហៃរុម បាន​ត្រៀម​ស្រេច​នឹង​ទៅ — តើ​នឹង​ថា​ពាក្យ​ដឹក​ទៅ​សម្លាប់​ឬ​អី? មែន​ហើយ ត្បិត​ពិតជា​ដឹក​ទៅ​សម្លាប់​មែន — នោះ​លោក​បាន​អាន​កថាខណ្ឌ នៅ​ចុង​ជំពូក​ទី​១២ ក្នុង​គម្ពីរ​អេធើរ នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន ហើយ​បាន​បត់​ចុងសន្លឹក​ទុក​ថា ៖

ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​អំពាវនាវ​ចំពោះ​ព្រះ​អម្ចាស់ សូម​ឲ្យ​ទ្រង់​ប្រទាន​ដល់​ពួក​សាសន៍​ដទៃ​នូវ​ព្រះ​គុណ ដើម្បី​ឲ្យ​ពួក​គេ​អាច​មាន​សេចក្ដី​សប្បុរស។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ បើ​ពួក​គេ​គ្មាន​សេចក្ដី សប្បុរស​ទេ វា​មិន​ជា​សំខាន់​អី​ទេ​ចំពោះ​អ្នក អ្នក​បាន​ស្មោះត្រង់ ហេតុដូច្នេះ អាវ​របស់​អ្នក​នឹង​ត្រូវ​ធ្វើ​ឲ្យ​ជ្រះ​ស្អាត ហើយ​ដោយ​សារ​អ្នក​បាន​ឃើញ​ភាព​ទន់ខ្សោយ​របស់​អ្នក នោះ​អ្នក​នឹង​បាន​ធ្វើ​ឲ្យ​ខ្លាំង​ពូកែ រហូត​ដល់​បាន​អង្គុយ​ឯ​ទី​កន្លែង ដែល​យើង​បាន​រៀបចំ​ទុក​នៅ​ក្នុង​ទីលំនៅ​ទាំង​ឡាយ​របស់​ព្រះ​វរបិតា​យើង។ ហើយ​ឥឡូវ​នេះ ខ្ញុំ … សូម​លា​ពួក​សាសន៍​ដទៃ​សិន​ហើយ មែន​ហើយ ហើយ​ដល់​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​ផង ដែល​ខ្ញុំ​ស្រឡាញ់ លុះ​ត្រា​យើង​នឹង​ជួប​គ្នា​នៅ​ខាង​មុខ​វេទិកា​ជំនុំ​ជំរះ​នៃ​ព្រះ​គ្រីស្ទ នៅ​ទី​នោះ​មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា អាវ​របស់​ខ្ញុំ​គ្មាន​ប្រឡាក់​ដោយ​ឈាម​របស់​អ្នក​ឡើយ។ ឥឡូវ​នេះ ពួក​អ្នក​ដែល​ធ្វើ​ទី​បន្ទាល់​បាន​ស្លាប់​ទៅ​ហើយ ហើយ​ទី​បន្ទាល់​របស់​ពួក​គេ​នៅ​តែ​មាន​ឥទ្ធិពល។

ហៃរុម ស៊្មីធ មាន​អាយុ​៤៤​ឆ្នាំ នៅ​ខែ​កុម្ភៈ ឆ្នាំ​១៨៤៤ ហើយ យ៉ូសែប ស៊្មីធ មាន​អាយុ​៣៨ នៅ​ខែ​ធ្នូ ឆ្នាំ​១៨៤៣ ហើយ​ពី​អំណឹះ​ត​ទៅ ឈ្មោះ​ពួក​គេ​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​ពួក​ទុក្ករបុគ្គល​សម្រាប់​សាសនា ហើយ​អ្នក​អាន​នៅ​គ្រប់​សាសន៍​នឹង​ត្រូវ​បាន​រំឭក​ឲ្យ​បាន​ដឹង​ថា ព្រះ​គម្ពីរ​មរមន និង​ព្រះ​គម្ពីរ​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា​នេះ ជា​របស់​សាសនាចក្រ ត្រូវ​អស់​តម្លៃ​ឈាម​ដ៏​វិសេស​បំផុត​នៃ​សតវត្ស ទី​១៩ ដើម្បី​នាំ​របស់​ទាំង​នោះ​ចេញ​មក សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​ពិភពលោក​ដ៏​ហិនហោច ហើយ​ថាបើ​ដូច​ជា​ភ្លើង​អាច​ឆេះ​ឆាប​ដល់​ឈើ​ស្រស់ ដើម្បី​សិរី​ល្អ​នៃ​ព្រះ​ជា​យ៉ាង​ណា នោះ​តើ​មិន​ស្រួល​ទេ​ឬ​អី ដែល​នឹង​ឆេះ​ឈើ​ស្ងួត ដើម្បី​សំអាត​ចម្ការ​ទំពាំងបាយជូរ​ពី​សេចក្ដី​ពុករលួយ​ចេញ។ ពួក​គេ​បាន​រស់​ដើម្បី​សិរី​ល្អ ពួក​គេ​បាន​ស្លាប់​ដើម្បី​សិរី​ល្អ ហើយ​សិរី​ល្អ​គឺជា​រង្វាន់​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​ពួក​គេ។ ពី​ជំនាន់​មួយ​ទៅ​ជំនាន់ នោះ​ឈ្មោះ​របស់​ពួក​គេ​នឹង​បន្ត​ទៅ​ដល់​កូន​ចៅ ដូច​ជា​ត្បូង​សម្រាប់​ពួក​អ្នក​ដែល​បាន​ញែក​ចេញ​ជា​បរិសុទ្ធ។

ពួក​គេ​ឥត​មាន​ទោសឧក្រិដ្ឋ​អ្វី​សោះ ដូច​ជា​ពួក​គេ​ធ្លាប់​បាន​សាកល្បង​ពី​មុន​មក​ហើយ​នោះ ហើយ​គ្រាន់តែ​ជាប់​នៅ​ក្នុង​គុក ដោយ​សារ​ការ​រួម​គំនិត​ចោទ​ប្រកាន់​ពី​ពួក​ក្បត់ និង​ពួក​មនុស្ស​ទុច្ចរិត​ប៉ុណ្ណោះ ហើយ​លោហិត​ដ៏​ឥត​ទោស របស់​ពួក​គេ នៅ​លើ​ក្ដារ​គុក​កាតធេច នោះ​គឺជា​ត្រា​បិទ​ភ្ជាប់​ទៅ​នឹង « សាសនា​មរមន » ដែល​ពុំ​អាច​បដិសេធ​ដោយ​តុលាការ​ណា​មួយ​នៅ​លើ​ផែនដី​បាន​ឡើយ ហើយ លោហិត​ដ៏​ឥត​ទោស របស់​ពួក​គេ​នៅ​លើ​ស្លាកស្នាម​ទុយ៌ស​នៃ​រដ្ឋ​អិលលីណោយ ព្រម​ទាំង​សេចក្ដី​សន្យា​នៃ​រដ្ឋ​ដែល​បំភ្លេច​ចោល ដែល​បាន​ធានា ដោយ​អភិបាល​រដ្ឋ នោះ​សុទ្ធ​តែ​ជា​សាក្សី​ចំពោះ​សេចក្ដី​ពិត នៃ​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច ថា​ពិភពលោក​ទាំង​មូល ពុំ​អាច​ចោទ​បាន​ឡើយ ហើយ លោហិត​ដ៏​ឥត​ទោស របស់​ពួក​គេ នៅ​លើ​ទង់​សេរីភាព និង​នៅ​លើ ម៉ាកណា កាតា នៃ​សហរដ្ឋ គឺជា​អ្នក​ទូត​សម្រាប់​សាសនា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​នឹង​ចាប់​ដល់​ចិត្ត​មនុស្ស​ទៀងត្រង់​នៅ​ក្នុង​ចំណោម​គ្រប់​អស់​ទាំង​សាសន៍ ហើយ លោហិត​ដ៏​ឥត​ទោស របស់​ពួក​គេ ព្រម​ទាំង​លោហិត​នៃ​អស់​ទាំង​ពួក​ទុក្ករបុគ្គល នៅ​ក្រោម​អាសនា ដែល​លោក យ៉ូហាន​បាន​ឃើញ និង​ស្រែក​ទៅ​ដល់​ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ ទាល់​តែ​ទ្រង់​សងសឹក​លោហិត​នោះ​នៅ​លើ​ផែនដី។ អាម៉ែន៕