ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 98
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៩៨

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី៦ ខែ​សីហា ឆ្នាំ​១៨៣៣ (History of the Church, ១:៤០៣–៤០៦)។ វិវរណៈ​នេះ​បាន​មក ព្រោះ​តែ​មាន​ការ​បៀតបៀន​មក​លើ​ពួក​បរិសុទ្ធ​នៅ​រដ្ឋ​មិសសួរី។ ដោយ​បាន​រង​ទុក្ខ​ខាង​រូប​កាយ ហើយ​ព្រម​ទាំង​បាន​បាត់បង់​ទ្រព្យសម្បត្តិ វា​ជា​ធម្មតា​ទេ ដែល​ពួក​បរិសុទ្ធ​នៅ​រដ្ឋ​មិសសួរី មាន​អារម្មណ៍​ឆ្ពោះ​ទៅ​រក​ការ​តប​សងសឹក។ ហេតុ​ដូច្នេះ​ហើយ ទើប​ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រទាន​វិវរណៈ​នេះ។ ទោះ​ជា​ដំណឹង​ខ្លះ​អំពី​បញ្ហា​ទាំង​ឡាយ​នៅ​រដ្ឋ​មិសសួរី ពិតជា​បាន​ឮ​ដល់​ព្យាការី​នៅ​ក្រុង​ខឺតឡង់​ក៏​ដោយ (ចម្ងាយ ១៤៤០ គ.ម.) គង់តែ​ទម្ងន់​អំពី​បញ្ហា​នោះ អាច​បាន​ឮ​ដល់​លោក​នៅ​ថ្ងៃ​នេះ​បាន ដោយ​សារ​តែ​វិវរណៈ​ប៉ុណ្ណោះ។

១–៣, សេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ​នៃ​ពួក​បរិសុទ្ធ​នឹង​បាន​ទៅ​ជា​ការ​ល្អ​ដល់​ពួក​គេ; ៤–៨, ពួក​បរិសុទ្ធ​ត្រូវ​គាំទ្រ​ក្រឹត្យ​វិន័យ​ត្រឹម​ត្រូវ​នៃ​ដែនដី; ៩–១០, មនុស្ស​ណា​ទៀងត្រង់ មាន​គំនិត ហើយ​ល្អ​នោះ​គួរ​គាំទ្រ​ក្នុង​តំណែង​រដ្ឋការ​ផ្នែក​ស៊ីវិល; ១១–១៥, អស់​អ្នក​ណា​ដែល​ប្ដូរ​ជីវិត​របស់​ខ្លួន ដើម្បី​គតិ​របស់​ព្រះ​អម្ចាស់ នោះ​នឹង​មាន​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច; ១៦–១៨, ចូរ​លះបង់​ចោល​សង្គ្រាម ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុខសាន្ត​វិញ; ១៩–២២, ពួក​បរិសុទ្ធ​នៅ​ក្រុង​ខឺតឡង់​ត្រូវ​បាន​បន្ទោស ហើយ​បញ្ជា​ឲ្យ​ប្រែ​ចិត្ត; ២៣–៣២, ព្រះ​អម្ចាស់​ទ្រង់​បើក​សម្ដែង​ប្រាប់​ពី​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​របស់​ទ្រង់ ដែល​ទាក់​ទង​ទៅ​និង​សេចក្ដី​បៀតបៀន និង​សេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ ដែល​បាន​ដាក់​មក​លើ​ប្រជារាស្ត្រ​របស់​ទ្រង់; ៣៣–៣៨, សង្គ្រាម​ត្រូវ​បាន​រាប់​ថា​ជា​យុត្តិធម៌​ក្នុង​កាល​តែ​ព្រះ​អម្ចាស់​ទ្រង់​បញ្ជា​ឲ្យ​មាន​សង្គ្រាម​ប៉ុណ្ណោះ; ៣៩–៤៨, ពួក​បរិសុទ្ធ​ត្រូវ​អត់​ទោស​ដល់​ពួក​ខ្មាំងសត្រូវ​របស់​ខ្លួន បើ​សិន​ជា​ពួក​គេ​ប្រែ​ចិត្ត នោះ​ពួក​គេ​ក៏​នឹង​បាន​រួច​ផុត​ពី​សេចក្ដី​សងសឹក​របស់​ព្រះ​អម្ចាស់​ដែរ។

មិត្ត​ទាំង​ឡាយ​របស់​យើង​អើយ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កុំ​ខ្លាច​ឡើយ ចូរ​មាន​ចិត្ត​ក្សាន្ត​ចុះ មែន​ហើយ ចូរ​អរ​សប្បាយ​ជានិច្ច ហើយ​នូវ​គ្រប់​អ្វីៗ​ទាំង​អស់ ចូរ​ថ្លែង​អំណរគុណ

ដោយ​អត់ឱន​រង់ចាំ​ព្រះ​អម្ចាស់ ត្បិត​ការ​អធិស្ឋាន​របស់​អ្នក បាន​ចូល​ក្នុង​ព្រះ​កាណ៌​របស់​ព្រះ​អម្ចាស់​នៃ​សាបោត​ហើយ ហើយ​ត្រូវ​បាន​កត់​ទុក​ដោយ​តម្រា និង​ទី​បន្ទាល់​នេះ — គឺ​ព្រះ​អម្ចាស់​ទ្រង់​បាន​ស្បថ ហើយ​បាន​ចេញ​បញ្ញត្តិ​ថា ពួក​គេ​នឹង​ត្រូវ​បាន​អនុញ្ញាត​ហើយ។

ហេតុ​ដូច្នេះ​ហើយ ព្រះ​អង្គ​ប្រទាន​សេចក្ដី​សន្យា​នេះ​ដល់​អ្នក ដោយ​សេចក្ដី​សញ្ញា​ដ៏​មិន​ចេះ​ប្រែប្រួល​ថា ការ​អធិស្ឋាន​ទាំង​ឡាយ​នឹង​ត្រូវ​បាន​សម្រេច ហើយ​គ្រប់​ការណ៍​ទាំង​អស់​ដែល​អ្នក​ត្រូវ​បាន​រង​ទុក្ខ នោះ​នឹង​ផ្សំ​គ្នា​សម្រាប់​សេចក្ដី​ល្អ​ដល់​អ្នក និង​ដល់​សិរី​ល្អ​របស់​ព្រះ​នាម យើង ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

ហើយ​ឥឡូវ​នេះ ប្រាកដ​មែន យើង​ប្រាប់​អ្នក​អំពី​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​នៃ​ដែនដី​ថា គឺជា​ព្រះ​ហឫទ័យ​របស់​យើង ដែល​ប្រជារាស្ត្រ​របស់​យើង​ត្រូវ​គោរព​តាម ដើម្បី​ប្រព្រឹត្ត​នូវ​គ្រប់​អ្វីៗ​ទាំង​អស់ ដែល​យើង​បាន​បញ្ជា​ដល់​ពួក​គេ។

ហើយ​ថា​ក្រឹត្យ​វិន័យ​នៃ​ដែនដី ដែល​អនុញ្ញាត ដោយ​គាំទ្រ​គោលការណ៍​នៃ​សេរីភាព​នោះ ក្នុង​ការ​ទ្រ​ទ្រង់​សិទ្ធិ និង​ឯកសិទ្ធិ​ទាំង​ឡាយ នោះ​គឺ​សម្រាប់​មនុស្ស​ទាំង​អស់ ហើយ​រាប់​ថា​ត្រឹម​ត្រូវ​នៅ​ចំពោះ​យើង។

ហេតុ​ដូច្នេះ​ហើយ យើង​ជា​ព្រះ​អម្ចាស់​រាប់​អ្នក និង​ពួក​បង​ប្អូន​អ្នក​ក្នុង​សាសនា​ថា​សុចរិត​ហើយ​ក្នុង​ការ​គាំទ្រ​ក្រឹត្យ​វិន័យ​នោះ ដែល​ជា​ក្រឹត្យ​វិន័យ​ត្រឹម​ត្រូវ​នៃ​ដែនដី

ហើយ​រីឯ​ក្រឹត្យ​វិន័យ​នៃ​មនុស្ស​វិញ អ្វីៗ​ក៏​ដោយ​ដែល​លើស ឬ​តិច​ជាង​នេះ គឺ​មក​តែ​ពី​អា​កំណាច​ទេ។

យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​ធ្វើ​ឲ្យ​អ្នក​មាន​សេរី ហេតុ​ដូច្នេះ​ហើយ អ្នក​រាល់​គ្នា​ច្បាស់​ជា​មាន​សេរី​មែន ហើយ​ក្រឹត្យ​វិន័យ​ក៏​ធ្វើ​ឲ្យ​អ្នក​មាន​សេរី​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កាលណា​មនុស្ស​ទុច្ចរិត​គ្រប់​គ្រង នោះ​ប្រជាជន​ទួញ​សោក។

១០ហេតុ​ដូច្នោះ​ហើយ មនុស្ស​ណា​ទៀងត្រង់ និង​មនុស្ស​ណា​មាន​គំនិត នោះ​គួរ​ព្យាយាម​ស្វែងរក ហើយ​មនុស្ស​ណា​ល្អ និង​មនុស្ស​ណា​មាន​គំនិត នោះ​អ្នក​រាល់​គ្នា​គួរ​គោរព ដើម្បី​លើក​ឡើង បើ​ពុំ​នោះ​សោត​ទេ អ្វីៗ​ក៏​ដោយ​ដែល​តិច​ជាង​នេះ គឺ​មក​តែ​ពី​អា​កំណាច​ទេ។

១១ហើយ​យើង​ប្រទាន​ដល់​អ្នក​នូវ​ព្រះ​បញ្ញត្តិ​មួយ​ថា អ្នក​រាល់​គ្នា​ត្រូវ​លះបង់​ចោល​អស់​ទាំង​សេចក្ដី​អាក្រក់ ហើយ​កាន់ខ្ជាប់​ខាង​សេចក្ដី​ល្អ​វិញ គឺថា​អ្នក​រាល់​គ្នា​ត្រូវ​រស់នៅ ដោយ​សារ​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​នៃ​ព្រះ។

១២ត្បិត​ព្រះ​អង្គ​ទ្រង់​នឹង​ប្រទាន​ដល់​ពួក​ស្មោះត្រង់ មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដង ហើយ​យើង​នឹង​សាកល្បង​អ្នក ហើយ​ល្បង​ល​អ្នក​ដោយ​សារ​មាគ៌ា​នេះ។

១៣ហើយ​អស់​អ្នក​ណា​ដែល​ប្ដូរ​ជីវិត​របស់​ខ្លួន ដើម្បី​គតិ​របស់​យើង ដោយ​យល់​ដល់​ព្រះ​នាម​របស់​យើង នោះ​នឹង​បាន​វិញ គឺជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។

១៤ហេតុ​ដូច្នេះ​ហើយ ចូរ​កុំ​ខ្លាច​ពួក​ខ្មាំងសត្រូវ​របស់​អ្នក​ឡើយ ត្បិត​យើង​បាន​ចេញ​បញ្ញត្ត​ក្នុង​ព្រះ​ហឫទ័យ​របស់​យើង​ហើយ គឺ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា យើង​នឹង​ល្បង​ល​អ្នក​នូវ​គ្រប់​ទាំង​អស់ ថា​តើ​អ្នក​នឹង​នៅ​ជាប់​ក្នុង​សេចក្ដី​សញ្ញា​របស់​យើង រហូត​ដល់​ស្លាប់​ឬ​ទេ ប្រយោជន៍​ឲ្យ​អ្នក​អាច​បាន​ឃើញ​ថា​សក្ដិសម។

១៥ត្បិត​បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​នៅ​ជាប់​ក្នុង​សេចក្ដី​សញ្ញា​របស់​យើង​ទេ នោះ​អ្នក​រាល់​គ្នា​មិន​សម​នឹង​យើង​ឡើយ។

១៦ហេតុ​ដូច្នេះ​ហើយ ចូរ​លះបង់សង្គ្រាម ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុខសាន្ត​វិញ ហើយ​ចូរ​ព្យាយាម​ស្វែងរក ដើម្បី​បង្វែរ​ចិត្ត​កូន​មក​ឯ​ឪពុក​របស់​ខ្លួន និង​ចិត្ត​ឪពុក​មក​ឯ​កូន​វិញ

១៧ហើយ​ជា​ថ្មី​ទៀត គឺ​ចិត្ត​នៃ​ពួក​សាសន៍​យូដា​មក​ឯ​ពួក​ព្យាការី និង​ពួក​ព្យាការី​មក​ឯ​ពួក​សាសន៍​យូដា​វិញ ក្រែង​យើង​យាង​មក ហើយ​វាយ​ផែនដី​ទាំង​មូល​ដោយ​សេចក្ដី​បណ្ដាសា ហើយ​ក្រែង​មនុស្ស​ទាំង​អស់​ត្រូវ​ឆេះ​នៅ​ចំពោះ​យើង។

១៨កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ ត្បិត​នៅ​ក្នុង​ដំណាក់​របស់​ព្រះ​វរបិតា​របស់​យើង នោះ​មាន​វិមាន​ជា​ច្រើន ហើយ​យើង​បាន​រៀបចំ​កន្លែង​ទុក​ឲ្យ​អ្នក ហើយ​កន្លែង​ណា​ដែល​ព្រះ​វរបិតា និង​យើង​គង់នៅ នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​នៅ​ដែរ។

១៩មើល​ចុះ យើង​ជា​ព្រះ​អម្ចាស់ មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​មនុស្ស​ជា​ច្រើន​ដែល​នៅ​ក្នុង​សាសនាចក្រ​នៅ​ក្រុង​ខឺតឡង់​ឡើយ

២០ព្រោះ​ពួក​គេ​មិន​លះបង់​ចោល​អំពើ​បាប​ទាំង​ឡាយ​របស់​ពួក​គេ និង​ផ្លូវ​ដ៏​ទុច្ចរិត​ទាំង​ឡាយ​របស់​ពួក​គេ សេចក្ដី​ឆ្មើងឆ្មៃ​នៃ​ចិត្ត​របស់​ពួក​គេ និង​សេចក្ដី​លោភលន់​របស់​ពួក​គេ និង​គ្រប់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម​របស់​ពួក​គេ ហើយ​គោរព​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​យើង​បាន​ប្រទាន​ដល់​ពួក​គេ​ឡើយ។

២១យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ជា​ព្រះ​អម្ចាស់​នឹង​វាយ​ផ្ចាល​ពួក​គេ ហើយ​នឹង​ធ្វើ​នូវ​អ្វីៗ​ដែល​យើង​សព្វ​ព្រះ​ហឫទ័យ បើ​សិន​ជា​ពួក​គេ​មិន​ប្រែ​ចិត្ត ហើយ​គោរព​តាម​អ្វីៗ​គ្រប់​ទាំង​អស់ ដែល​យើង​បាន​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ពួក​គេ​ទេ​នោះ។

២២ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​គោរព ដើម្បី​ប្រព្រឹត្ត​នូវ​អ្វីៗ​ដែល​យើង​បញ្ជា​ដល់​អ្នក នោះ​យើង​ជា​ព្រះ​អម្ចាស់​នឹង​បង្វែរ​អស់​ទាំង​សេចក្ដី​ក្រោធ និង​សេចក្ដី​ក្ដៅ​ក្រហាយ​ចេញ​ពី​អ្នក ហើយ​ទ្វារ​ស្ថាន​នរក​នឹង​ពុំ​ដែល​ឈ្នះ​អ្នក​ឡើយ។

២៣ឥឡូវ​នេះ យើង​មាន​ព្រះ​បន្ទូល​ទៅ​កាន់​អ្នក​អំពី​ក្រុម​គ្រួសារ​នៃ​អ្នក​រាល់​គ្នា​ថា — បើ​សិន​ជា​មនុស្ស​លោក​នឹង​វាយ​អ្នក ឬ​ក្រុម​គ្រួសារ​អ្នក​ម្ដង ហើយ​អ្នក​រាល់​គ្នា​អត់ទ្រាំ ហើយ​មិន​ជេរប្រមាថ​ពួក​គេ ឬ​រក​ការ​សងសឹក​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រង្វាន់

២៤ប៉ុន្តែ​បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​អត់ទ្រាំ​ទេ ការ​វាយ​នោះ​នឹង​ត្រូវ​បាន​ចាត់​ដល់​អ្នក​ថា ដូច​ជា​បាន​វាល់​ដល់​អ្នក តាម​រង្វាល់​ត្រឹម​ត្រូវ​ហើយ។

២៥ហើយ​ជា​ថ្មី​ទៀត បើ​សិន​ជា​ខ្មាំងសត្រូវ​របស់​អ្នក​នឹង​វាយ​អ្នក​លើក​ទី​ពីរ ហើយ​អ្នក​មិន​ជេរប្រមាថ​ខ្មាំងសត្រូវ​របស់​ខ្លួន​ទេ ហើយ​អត់ទ្រាំ នោះ​រង្វាន់​របស់​អ្នក​នឹង​ត្រូវ​បាន​ឡើង​មួយ​រយ​ដង។

២៦ហើយ​ជា​ថ្មី​ទៀត បើ​សិន​ជា​អ្នក​នោះ​វាយ​អ្នក​លើក​ទី​បី ហើយ​អ្នក​រាល់​គ្នា​អត់ទ្រាំ នោះ​រង្វាន់​របស់​អ្នក​នឹង​ត្រូវ​បាន​ឡើង​ដល់​អ្នក​បួន​ដង

២៧ហើយ​ទី​បន្ទាល់​ទាំង​បី​នេះ នឹង​ត្រូវ​បាន​ឈរ​ទាស់​នឹង​ខ្មាំងសត្រូវ​របស់​អ្នក បើ​សិន​ជា​អ្នក​នោះ​មិន​ប្រែ​ចិត្ត​ទេ ហើយ​នឹង​មិន​ត្រូវ​បាន​លុប​ចោល​ឡើយ។

២៨ហើយ​ឥឡូវ​នេះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​សិន​ជា​ខ្មាំងសត្រូវ​នោះ​នឹង​បាន​រួច​គេច​ផុត​ពី​ការ​សង​សឹក​របស់​យើង ដែល​អ្នក​នោះ​មិន​ត្រូវ​បាន​នាំ​មក​ជំនុំ​ជំរះ​នៅ​ចំពោះ​យើង​ទេ ខណៈ​នោះ អ្នក​រាល់​គ្នា​ត្រូវ​មើល​ឲ្យ​ឃើញ​ថា អ្នក​រាល់​គ្នា​ព្រមាន​អ្នក​នោះ ដោយ​នូវ​ព្រះ​នាម​របស់​យើង ដើម្បី​កុំ​ឲ្យ​អ្នក​នោះ​មក​លើ​អ្នក​ទៀត ឬ​មក​លើ​ក្រុម​គ្រួសារ​អ្នក គឺ​កូន​ចៅ​របស់​កូន​អ្នក រហូត​ដល់​តំណ​ទី​បី​ទី​បួន។

២៩ហើយ​ខណៈ​នោះ បើ​សិន​ជា​អ្នក​នោះ​នឹង​មក​លើ​អ្នក ឬ​កូន​ចៅ​អ្នក ឬ​កូន​ចៅ​របស់​កូន​អ្នក លុះ​ដល់​តំណ​ទី​បី​ទី​បួន នោះ​យើង​បាន​បញ្ជូន​ខ្មាំងសត្រូវ​របស់​អ្នក​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ

៣០ហើយ​ខណៈ​នោះ បើ​សិន​ជា​អ្នក​នឹង​ប្រណី​ដល់​អ្នក​នោះ នោះ​អ្នក​នឹង​ត្រូវ​បាន​រង្វាន់ ចំពោះ​សេចក្ដី​សុចរិត​របស់​អ្នក ហើយ​ដល់​កូន​ចៅ​អ្នក និង​កូន​ចៅ​របស់​កូន​អ្នក​ដែរ លុះ​ដល់​តំណ​ទី​បី​ទី​បួន។

៣១ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ខ្មាំងសត្រូវ​របស់​អ្នក​នៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​ដែរ ហើយ​បើ​សិន​ជា​អ្នក​សង​អ្នក​នោះ តាម​ការ​ទាំង​ឡាយ​ដែល​គាត់​ធ្វើ នោះ​អ្នក​ត្រូវ​បាន​រាប់​ថា​សុចរិត​ហើយ បើ​សិន​ជា​អ្នក​នោះ​បាន​ស្វែងរក​ផ្ដាច់​ជីវិត ហើយ​ជីវិត​អ្នក​ត្រូវ​មាន​គ្រោះថ្នាក់​ដោយ​សារ​អ្នក​នោះ នោះ​ខ្មាំងសត្រូវ​អ្នក​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ ហើយ​អ្នក​ត្រូវ​បាន​រាប់​ថា​ជា​សុចរិត​វិញ។

៣២មើល​ចុះ នេះ​ហើយ​ជា​ក្រឹត្យ​វិន័យ ដែល​យើង​បាន​ប្រទាន​ដល់​នីហ្វៃ ជា​អ្នក​បម្រើ​របស់​យើង និង​ដល់​ពួក​អយ្យកោ​របស់​អ្នក គឺ​យ៉ូសែប និង​យ៉ាកុប និង​អ៊ីសាក និង​អា​ប្រា​ហាំ និង​អស់​ទាំង​ពួក​ព្យាការី និង​ពួក​សាវក​របស់​យើង​ពី​បុរាណ។

៣៣ហើយ​ជា​ថ្មី​ទៀត នេះ​ហើយ​ជា​ក្រឹត្យ​វិន័យ ដែល​យើង​បាន​ប្រទាន​ដល់​រាស្ត្រ​យើង​ពី​បុរាណ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ចេញ​ទៅ​ច្បាំង​ទាស់ និង​សាសន៍ ពូជ​មនុស្ស ភាសា ឬ​ប្រជាជន​ណា​មួយ​ឡើយ លើក​លែងតែ​យើង​ជា​ព្រះ​អម្ចាស់​បាន​បញ្ជា​ដល់​ពួក​គេ​ប៉ុណ្ណោះ។

៣៤ហើយ​បើ​សិន​ជា​មាន​សាសន៍​ណា ភាសា​ណា ឬ​ប្រជាជន​ណា​ប្រកាសសង្គ្រាម​ទាស់​នឹង​ពួក​គេ នោះ​ពួក​គេ​ត្រូវ​លើក​ទង់​នៃ​សន្តិភាព​ជាមុន​ដល់​ប្រជាជន សាសន៍ ឬ​ភាសា​នោះ

៣៥ហើយ​បើ​សិន​ជា​ប្រជាជន​នោះ​មិន​ទទួល​ដង្វាយ​នៃ​សន្តិភាព​ទេ ឬ​លើក​ទី​ពីរ​ឬ​ទី​បី នោះ​ពួក​គេ​ត្រូវ​យក​ទី​បន្ទាល់​ទាំង​នេះ​មក​ចំពោះ​ព្រះ​អម្ចាស់

៣៦ខណៈ​នោះ យើង​ជា​ព្រះ​អម្ចាស់​នឹង​ប្រទាន​ដល់​ពួក​គេ នូវ​ព្រះ​បញ្ញត្តិ​មួយ ហើយ​រាប់​ពួក​គេ​ថា​សុចរិត​ក្នុង​ការ​ចេញ​ទៅ​ច្បាំង​ទាស់ និង​សាសន៍ ភាសា ឬ​ប្រជាជន​នោះ។

៣៧ហើយ​យើង​ជា​ព្រះ​អម្ចាស់​នឹង​ច្បាំង​ចម្បាំង​របស់​ពួក​គេ និង​ចម្បាំង​របស់​កូន​ចៅ​របស់​ពួក​គេ និង​របស់​កូន​ចៅ​របស់​ពួក​គេ​ដែរ រហូត​ដល់​ពួក​គេ​ត្រូវ​បាន​សងសឹក​ដល់​អស់​ទាំង​ពួក​ខ្មាំងសត្រូវ​របស់​ពួក​គេ លុះ​ដល់​តំណ​ទី​បី​ទី​បួន។

៣៨មើល​ចុះ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ថា នេះ​ហើយ​ជា​គំរូ​ដល់​គ្រប់​ប្រជាជន សម្រាប់​ការ​រាប់​ជា​សុចរិត​នៅ​ចំពោះ​យើង។

៣៩ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​សិន​ជា​បន្ទាប់​ពី​ខ្មាំងសត្រូវ​របស់​អ្នក​បាន​មក​លើ​អ្នក​លើក​ទី​មួយ រួច​គេ​ប្រែ​ចិត្ត ហើយ​មក​រក​អ្នក​សូម​ក្ដី​អភ័យទោស​ពី​អ្នក នោះ​អ្នក​ត្រូវ​អត់​ទោស​ដល់​គេ ហើយ​មិន​ត្រូវ​កាន់​ទី​បន្ទាល់​ទាស់​នឹង​ខ្មាំងសត្រូវ​របស់​អ្នក​ឡើយ —

៤០ហើយ​ដល់​លើក​ទី​ពីរ និង​ទី​បី​ជាដើម ហើយ​ជា​រាល់ៗ​ដង​ណា​ខ្មាំងសត្រូវ​របស់​អ្នក​ប្រែ​ចិត្ត​ពី​ការ​រំលង ដែល​គេ​បាន​ប្រព្រឹត្ត​រំលង​លើ​អ្នក គឺ​អ្នក​ត្រូវ​អត់​ទោស​ដល់​គេ រហូត​ដល់​ប្រាំពីរ​ចិតសិប​ដង​ទៅ​ទៀត។

៤១ហើយ​បើ​សិន​ជា​គេ​ប្រព្រឹត្ត​រំលង​លើ​អ្នក ហើយ​មិន​ប្រែ​ចិត្ត​នៅ​លើក​ទី​មួយ​ទេ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​អ្នក​ត្រូវ​អត់​ទោស​ដល់​គេ​ដែរ។

៤២ហើយ​បើ​សិន​ជា​គេ​ប្រព្រឹត្ត​រំលង​លើ​អ្នក​នៅ​លើ​ក​ទី​ពីរ ហើយ​មិន​ប្រែ​ចិត្ត​សោះ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​អ្នក​ត្រូវ​អត់​ទោស​ដល់​គេ​ដែរ។

៤៣ហើយ​បើ​សិន​ជា​គេ​ប្រព្រឹត្ត​រំលង​លើ​អ្នក​នៅ​លើ​ក​ទី​បី ហើយ​មិន​ប្រែ​ចិត្ត​សោះ នោះ​អ្នក​ត្រូវ​តែ​អត់​ទោស​ដល់​គេ​ដែរ។

៤៤ប៉ុន្តែ​ប្រសិន​បើ​ជា​គេ​ប្រព្រឹត្ត​រំលង​លើ​អ្នក​នៅ​លើ​ក​ទី​បួន នោះ​អ្នក​មិន​ត្រូវ​អត់​ទោស​ដល់​គេ​ឡើយ ប៉ុន្តែ​ត្រូវ​យក​ទី​បន្ទាល់​ទាំង​នេះ​ទៅ​ចំពោះ​ព្រះ​អម្ចាស់​វិញ ហើយ​ទី​បន្ទាល់​ទាំង​នេះ​នឹង​មិន​ត្រូវ​បាន​លុប​ចេញ​ឡើយ រហូត​ដល់​អ្នក​នោះ​ប្រែ​ចិត្ត ហើយ​សង​ដល់​អ្នក​បួន​ដង​នូវ​អ្វីៗ​ទាំង​អស់ ដែល​គេ​បាន​ប្រព្រឹត្ត​រំលង​នឹង​អ្នក។

៤៥ហើយ​បើ​សិន​ជា​អ្នក​នោះ​ធ្វើ​បែប​នេះ នោះ​អ្នក​ត្រូវ​អត់​ទោស​ដល់​គេ​ឲ្យ​អស់​ពី​ចិត្ត ហើយ​បើ​សិន​ជា​អ្នក​នោះ​មិន​ធ្វើ​បែប​នេះ​ទេ នោះ​យើង​ជា​ព្រះ​អម្ចាស់​នឹង​សងសឹក​ជំនួស​អ្នក​ដល់​ខ្មាំងសត្រូវ​អ្នក ដល់​ទៅ​មួយ​ភាគរយ​ដង​ទៅ​ទៀត

៤៦និង​ទៅ​លើ​កូន​ចៅ​របស់​គេ និង​ទៅ​លើ​កូន​ចៅ​នៃ​កូន​របស់​គេ ទាំង​អស់​គ្នា​ដែល​ស្អប់​យើង គឺ​រហូត​ដល់​តំណ​ទី​បី និង​ទី​បួន​ផង

៤៧ប៉ុន្តែ​បើ​សិន​ជា​កូន​ចៅ​នឹង​ប្រែ​ចិត្ត ឬ​ក៏​កូន​ចៅ​នៃ​កូន​ផង ហើយ​បែរ​មក​រក​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួក​គេ​ដោយ​អស់​ពី​ចិត្ត​របស់​ពួក​គេ ហើយ​ដោយ​អស់​ពី​ពលំ គំនិត និង​កម្លាំង​របស់​ពួក​គេ ហើយ​សង​ឡើង​វិញ​នូវ​ការ​រំលង​ទាំង​អស់ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​រំលង ឬ​ដែល​ឪពុក​នៃ​ឪពុក​ពួក​គេ​ដល់​ទៅ​បួន​ដង ខណៈ​នោះ ទើប​សេចក្ដី​ក្ដៅ​ក្រហាយ​របស់​អ្នក​នឹង​បាន​បែរ​ចេញ

៤៨ហើយ​ការ​សង​សឹក​នឹង​មិន​ត្រូវ​មាន​មក​លើ​ពួក​គេ​ទៀត​ឡើយ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ហើយ​ការ​រំលង​របស់​ពួក​គេ​នឹង​មិន​ត្រូវ​បាន​យក​មក​ធ្វើ​ជាទី​បន្ទាល់​ទាស់​នឹងពួក​គេ​នៅ​ចំពោះ​ព្រះ​អម្ចាស់​ឡើយ។ អាម៉ែន៕