ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 133

កណ្ឌ​ទី ១៣៣

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ភូមិ​ហៃរាំ រដ្ឋ​អូហៃអូ ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ឆ្នាំ​១៨៣១ (History of the Church, ១:២២៩–២៣៤)។ សម្រាប់​បុព្វកថា​នៃ​វិវរណៈ​នេះ ព្យាការី​បាន​សរសេរ​ថា ៖ « នៅ​ពេល​នេះ មាន​ការណ៍​ជា​ច្រើន ដែល​ពួក​អែលឌើរ​ប្រាថ្នា​ចង់​ដឹង​អំពី​ការ​ផ្សាយ​ដំណឹង​ល្អ​ដល់​បណ្ដាជន​នៅ​លើ​ផែនដី និង​អំពី​ការ​ប្រមូល​គ្នា ហើយ​ដើម្បី​ដើរ​តាម​ពន្លឺ​នៃ​សេចក្ដី​ពិត ហើយ​ត្រូវ​បាន​បង្គាប់​មក​ពី​ស្ថាន​ខ្ពស់ នោះ​ទើប​នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ឆ្នាំ​១៨៣១ ខ្ញុំ​បាន​ទូល​សូម​ដល់​ព្រះ​អម្ចាស់ ហើយ​បាន​ទទួល​វិវរណៈ​ដ៏​សំខាន់ ដែល​មាន​ដូច​ត​ទៅ​នេះ » (History of the Church, ១:២២៩)។ មុនដំបូង​កណ្ឌ​នេះ ត្រូវ​បាន​បញ្ចូល​ក្នុង​ព្រះ​គម្ពីរ​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា​ជា​បរិសិដ្ឋ ហើយ​បន្ទាប់​មក ទើប​បាន​ដាក់​លេខ​តាម​កណ្ឌ។

១–៦, ពួក​បរិសុទ្ធ​ត្រូវ​បាន​បញ្ជា​ឲ្យ​រៀបចំ​សម្រាប់​ការ​យាង​មក​លើក​ទី​ពីរ; ៧–១៦, មនុស្ស​លោក​ទាំង​អស់​ត្រូវ​បាន​បញ្ជា​ឲ្យ​រត់​ចេញ​ពី​ក្រុង បាប៊ីឡូន មក​ឯ​ក្រុង​ស៊ីយ៉ូន ហើយ​រៀបចំ​សម្រាប់​ថ្ងៃ​ដ៏​ធំ​នៃ​ព្រះ​អម្ចាស់; ១៧–៣៥, ទ្រង់​នឹង​ឈរ​លើ​ភ្នំ​ស៊ីយ៉ូន ទ្វីប​ទាំង​ឡាយ​នឹង​ក្លាយ​ទៅ​ជា​ដែនដី​តែ​មួយ ហើយ​ពួក​ពូជ​អំបូរ​នៃ​អ៊ីស្រាអែល​ដែល​បាត់​នោះ​នឹង​វិល​មក​វិញ; ៣៦–៤០, ដំណឹង​ល្អ​ត្រូវ​បាន​សាង​ឡើង​វិញ តាម​រយៈ​យ៉ូសែប ស៊្មីធ ដើម្បី​ឲ្យ​បាន​ផ្សាយ​ប្រាប់​ដល់​អស់​ទាំង​ពិភពលោក; ៤១–៥១, ព្រះ​អម្ចាស់​ទ្រង់​នឹង​យាង​ចុះ​មក​ក្នុង​សេចក្ដី​សងសឹក​មក​លើ ពួក​ទុច្ចរិត; ៥២–៥៦, គឺ​នឹង​ទៅ​ជា​ឆ្នាំ​នៃ​ពួក​ប្រោស​លោះ​របស់​ទ្រង់; ៥៧–៧៤, ដំណឹង​ល្អ​នឹង​ត្រូវ​បាន​ចាត់​ឲ្យ​ចេញ​ទៅ ដើម្បី​ជួយសង្គ្រោះ​ពួក​បរិសុទ្ធ និង​សម្រាប់​ជា​សេចក្ដី​បំផ្លិចបំផ្លាញ​ដល់​ពួក​ទុច្ចរិត។

ចូរ​ប្រុង​ស្ដាប់​ចុះ ឱ​អ្នក​រាល់​គ្នា​ជា​រាស្ត្រ​នៃ​សាសនាចក្រ​យើង​អើយ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ហើយ​ចូរ​ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់​ដែល​មាន​អំពី​អ្នក​ចុះ —

ព្រះ​អម្ចាស់​ដែល​នឹង​យាង​មក​ឯ​ព្រះ​វិហារ​របស់​ទ្រង់​ក្នុង​មួយ​រំពេច ព្រះ​អម្ចាស់​ដែល​នឹង​យាង​ចុះ​មក​លើ​ពិភពលោក ដោយ​សេចក្ដី​បណ្ដាសា ដើម្បី​ជំនុំ​ជំរះ មែន​ហើយ មក​លើ​អស់​ទាំង​សាសន៍​ដែល​ភ្លេច​ព្រះ និង​មក​លើ​អស់​ទាំង​ពួក​មនុស្ស​អាក្រក់ ដែល​នៅ​ក្នុង​ចំណោម​ពួក​អ្នក។

ត្បិត​ទ្រង់​នឹង​លាត​ព្រះ​ពាហុ​បរិសុទ្ធ​របស់​ទ្រង់ នៅ​ភ្នែក​នៃ​គ្រប់​ទាំង​សាសន៍ ហើយ​អស់​ទាំង​ចុង​ផែនដី​នឹង​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​នៃ​ព្រះ​របស់​ពួក​គេ។

ហេតុ​ដូច្នោះ​ហើយ ចូរ​រៀបចំ ចូរ​រៀបចំ ឱ​រាស្ត្រ​យើង​អើយ ចូរ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ចូរ​ប្រមូល​គ្នី​គ្នា ឱ​អ្នក​រាល់​គ្នា​ជា​រាស្ត្រ​នៃ​សាសនាចក្រ​យើង ដែល​នៅ​លើ​ដែនដី​ស៊ីយ៉ូន​អើយ គឺ​អ្នក​ទាំង​អស់​ដែល​ពុំ​បាន​បញ្ជា​ឲ្យ​នៅ​នោះ។

ចូរ​ចេញ​ពី​ក្រុង​បាប៊ីឡូន។ ចូរ​អ្នក​រាល់​គ្នា​ដែល​កាន់​ប្រដាប់​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​បាន​ជ្រះ​ស្អាត​ចុះ។

ចូរ​ប្រកាស​ឲ្យ​មាន​ជំនុំ​មុតមាំ​ទាំង​ឡាយ​របស់​អ្នក ហើយ​និយាយ​រក​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ញឹកញាប់​ចុះ។ ហើយ​ចូរ​ឲ្យ​មនុស្ស​គ្រប់​រូប​អំពាវនាវ​ដល់​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់​ចុះ។

មែន​ហើយ យើង​ប្រាប់​អ្នក​ម្ដង​ទៀត​ជា​ប្រាកដ​ថា ពេល​វេលា​បាន​មក​ដល់​ហើយ ក្នុង​កាល​សំឡេង​នៃ​ព្រះ​អម្ចាស់​ប្រាប់​ដល់​អ្នក​ថា ៖ ចូរ​ចេញ​ពី​ក្រុង​បាប៊ីឡូន ចូរ​ប្រមូល​គ្នី​គ្នា​ពី​ចំណោម​សាសន៍​នានា​ពី​ទិស​ទាំង​បួន ចាប់​តាំង​ពី​ជើង​មេឃ​ម្ខាង​រហូត​ដល់​ជើង​មេឃ​ម្ខាង។

ចូរ​ចាត់​ពួក​អែលឌើរ​នៃ​សាសនាចក្រ​របស់​យើង ឲ្យ​ទៅ​ឯ​សាសន៍​ទាំង​ឡាយ ដែល​នៅ​ឆ្ងាយ​អង្វែង គឺ​ទៅ​ដល់​កោះ​ទាំង​ឡាយ​ក្នុង​សមុទ្រ ចូរ​ចាត់​ឲ្យ​ទៅ​ឯ​ដែនដី​ចម្លែក ចូរ​ប្រកាស​ប្រាប់​សាសន៍​ទាំង​អស់ គឺ​មុនដំបូង​ដល់​ពួក​សាសន៍​ដទៃ ហើយ​បន្ទាប់​មក​ដល់​ពួក​សាសន៍​យូដា។

ហើយ​មើល​ចុះ និង​មើល​ន៏ នេះ​គឺជា​សម្រែក​របស់​ពួក​គេ និង​សំឡេង​នៃ​ព្រះ​អម្ចាស់ ដល់​ប្រជាជន​ទាំង​អស់ ថា ៖ ចូរ​អ្នក​រាល់​គ្នា​ចេញ ទៅ​ឯ​ដែនដី​ស៊ីយ៉ូន ប្រយោជន៍​ឲ្យ​ព្រំដែន​ទាំង​ឡាយ​នៃ​រាស្ត្រ​របស់​យើង​អាច​បាន​រីក ហើយ​ប្រយោជន៍​ឲ្យ​ស្តេក​ទាំង​ឡាយ​របស់​នា​ង​អាច បាន​ចម្រើន​កម្លាំង ហើយ​ប្រយោជន៍​ឲ្យ​ស៊ីយ៉ូន​អាច​បាន​ចេញ​ទៅ​ភូមិ​ភាគ​ជុំវិញ។

១០មែន​ហើយ ចូរ​ឲ្យ​សម្រែក​ចេញ​ទៅ​ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់​ថា ៖ ចូរ​ភ្ញាក់​ហើយ​ក្រោក​ឡើង ហើយ​ចេញ​ទៅ​ទទួល​ប្ដី​ថ្មោង​ថ្មី​ចុះ មើល​ចុះ ហើយ​មើល​ន៏ ប្ដី​ថ្មោង​ថ្មី​កំពុងតែ​មក ចូរ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ទទួល​លោក​ចុះ។ ចូរ​រៀបចំ​ខ្លួន​សម្រាប់​ថ្ងៃ​ដ៏​ធំ​នៃ​ព្រះ​អម្ចាស់​ចុះ។

១១ហេតុ​ដូច្នេះ​ហើយ ចូរ​ចាំ​យាម​ចុះ ត្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ថ្ងៃ​ណា ឬ​ម៉ោង​ណា​ឡើយ។

១២ហេតុ​ដូច្នេះ​ហើយ ចូរ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ​រត់​ទៅ​ឯ​ក្រុង​ស៊ីយ៉ូន​ចុះ។

១៣ហើយ​ចូរ​ឲ្យ​ពួក​អ្នក​ដែល​ជា​ពូជ​ពង្ស​យូដា​រត់​ទៅ​ក្រុង​យេរូសាឡិម គឺ​ទៅ​ឯ​ភ្នំ​ទាំង​ឡាយ​នៃ​ដំណាក់​របស់​ព្រះ​អម្ចាស់។

១៤ចូរ​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ពួក​សាសន៍​នានា គឺ​ចេញ​ពី​ក្រុង​បាប៊ីឡូន ចេញ​ពី​កណ្ដាល​អំពើ​ទុច្ចរិត​ដែល​ជា​ក្រុង​បាប៊ីឡូន​ខាង​វិញ្ញាណ។

១៥ប៉ុន្តែ​ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ចូរ​កុំ​ឲ្យ​ការ​រត់​ភៀស​របស់​អ្នក ធ្វើ​ទៅ​ដោយ​ប្រញាប់​ប្រញាល់​ឡើយ ប៉ុន្តែ​ចូរ​ឲ្យ​គ្រប់​ទាំង​អស់​បាន​ប្រុងប្រៀប​ចំពោះ​អ្នក​ជា​ស្រេច ហើយ​អ្នក​ណា​ដែល​ទៅ នោះ​ចូរ​កុំ​ឲ្យ​គេ​ងាក​មើល​ក្រោយ​ឡើយ ក្រែងលោ​សេចក្ដី​បំផ្លិចបំផ្លាញ​នឹង​មាន​មក​លើ​គេ​មួយ​រំពេច​នោះ។

១៦ឱ​អ្នក​រាល់​គ្នា​ជា​បណ្ដាជន​នៅ​លើ​ផែនដី​អើយ ចូរ​ប្រុង​ស្ដាប់​ចុះ ហើយ​ឱ​អ្នក​រាល់​គ្នា​ជា​ពួក​អែលឌើរ​នៃ​សាសនាចក្រ​យើង​អើយ ចូរ​ឮ​ជុំ​គ្នា ហើយ​ឮ​សំឡេង​នៃ​ព្រះ​អម្ចាស់​ចុះ ត្បិត​ទ្រង់​បាន​ហៅ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ទ្រង់​បាន​បញ្ជា​ដល់​មនុស្ស​ទាំង​អស់​នៅ​គ្រប់​ទិសទី ឲ្យ​ប្រែ​ចិត្ត។

១៧ត្បិត​មើល​ចុះ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​ចាត់​ទេវតា​មួយ​ដែល​កំពុង​ហោះ​កាត់​កណ្ដាល​មេឃ​ឲ្យ​ស្រែក​ប្រាប់​ថា ៖ ហើយ​ចូរ​អ្នក​រាល់​គ្នា​រៀបចំ​ផ្លូវ​ទទួល​ព្រះ​អម្ចាស់ ហើយ​តម្រង់​ផ្លូវ​ថ្វាយ​ទ្រង់​ចុះ ត្បិត​ម៉ោង​នៃ​ការ​យាង​មក​របស់​ទ្រង់​នៅ​ជិតបង្កើយ —

១៨កាល​កូន​ចៀម​នឹង​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ ដែល​មាន​ព្រះ​នាម​ព្រះ​វរបិតា​ទ្រង់​កត់​លើ​ថ្ងាស គេ​បាន​ឈរ​ជាមួយ​ដែរ។

១៩ហេតុ​ដូច្នោះ​ហើយ ចូរ​រៀបចំ​សម្រាប់​ការ​យាង​មក​នៃ​ប្ដី​ថ្មោង​ថ្មី​ចុះ ចូរ​ទៅ ចូរ​ចេញ​ទៅ​ទទួល​លោក​ចុះ។

២០ត្បិត​មើល​ចុះ ទ្រង់​នឹង​ឈរ​នៅ​លើ​ភ្នំ​ដើម​អូលីវ និង​នៅ​លើ​មហាសាគរ​ដ៏​ខ្លាំង​ក្លា​គឺ​ជាទី​ជម្រៅ​ដ៏​ធំ និង​នៅ​លើ​កោះ​ទាំង​ឡាយ​ក្នុង​សមុទ្រ និង​នៅ​លើ​ដែនដី​ស៊ីយ៉ូន។

២១ហើយ​ទ្រង់​នឹង​បន្លឺ​សំឡេង​ទ្រង់​ចេញ​ពី​ក្រុង​ស៊ីយ៉ូន ហើយ​ទ្រង់​នឹង​មាន​ព្រះ​បន្ទូល​ពី​ក្រុង​យេរូសាឡិម ហើយ​សំឡេង​ទ្រង់​នឹង​បាន​ឮ​ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់

២២ហើយ​សំឡេង​នោះ​នឹង​ទៅ​ដូច​ជា​សូរ​ទឹក​ច្រើន ហើយ​ដូច​ផ្គរលាន់​យ៉ាង​ខ្លាំង​ដែល​នឹង​កម្ទេច​ភ្នំ​ទាំង​ឡាយ ហើយ​ច្រក​ភ្នំ​ទាំង​ឡាយ​នឹង​គ្មាន​ឃើញ​ឡើយ។

២៣ទ្រង់​នឹង​បញ្ជា​ដល់​ទី​ជម្រៅ​ដ៏​ធំ ហើយ​ទី​ជម្រៅ​នោះ​នឹង​ត្រូវ​បាន​បង្ហូរ​ទៅ​ឯ​ស្រុក​ទាំង​ឡាយ​ដែល​នៅ​ទិស​ខាង​ជើង ហើយ​កោះ​ទាំង​ឡាយ​នឹង​ក្លាយ​ទៅ​ជា​ដែនដី​តែ​មួយ

២៤ហើយ​ដែនដី​យេរូសាឡិម និង​ដែនដី​ស៊ីយ៉ូន​នឹង​ត្រឡប់​ទៅ​កន្លែង​វា​វិញ ហើយ​ផែនដី​នឹង​បាន​ដូច​កាលពីដើម មុន​ផែនដី​ត្រូវ​បាន​បែក​ចេញ​ពី​គ្នា។

២៥ហើយ​ព្រះ​អម្ចាស់ គឺជា​ព្រះ​អង្គ​សង្គ្រោះ ទ្រង់​នឹង​ឈរ​នៅ​កណ្ដាល​រាស្ត្រ​ទ្រង់ ហើយ​នឹង​សោយរាជ្យ​លើ​សាច់​ឈាម​ទាំង​អស់។

២៦ហើយ​ពួក​អ្នក​ដែល​នៅ​ស្រុក​ទាំង​ឡាយ​នៅ​ទិស​ខាង​ជើង​នឹង​ត្រូវ​បាន​នឹក​ចាំ​នៅ​ចំពោះ​ព្រះ​អម្ចាស់ ហើយ​ពួក​ព្យាការី​របស់​ពួក​គេ​នឹង​បាន​ឮ​សំឡេង​របស់​ទ្រង់ ហើយ​នឹង​មិន​ទប់​ខ្លួន​ទៀត​ឡើយ ហើយ​ពួក​គេ​នឹង​វាយ​ថ្មដា​ទាំង​ឡាយ ហើយ​ទឹកកក​នឹង​ហូរ​ចុះ​មក​នៅ​ចំពោះ​វត្ត​មាន​របស់​ពួក​អ្នក​នោះ។

២៧ហើយ​ថ្នល់​ខ្ពស់​មួយ​នឹង​ត្រូវ​បាន​បោះ​ឡើង​នៅ​កណ្ដាល​ទី​ជម្រៅ​ដ៏​ធំ

២៨ពួក​ខ្មាំងសត្រូវ​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​របឹប​ចំពោះ​ខ្លួន។

២៩ហើយ​នៅ​ទី​រហោស្ថាន​ដ៏​ឥត​ជីជាតិ​នឹង​ផុស​ឡើង​ជា​ត្រពាំង​ទឹក​រស់ ហើយ​ខ្សាច់​ដែល​ក្ដៅ​ព្រាចៗ​នឹង​ពុំ​នៅ​ជា​ដី​ហួតហែង​ទៀត​ឡើយ។

៣០ហើយ​ពួក​គេ​នឹង​ផលិត​ចេញ​មក​នូវ​ទ្រព្យសម្បត្តិ​របស់​ពួក​គេ ជូន​កូន​ចៅ​នៃ​អេប្រាអិម ជា​ពួក​អ្នក​បម្រើ​របស់​យើង។

៣១ហើយ​ព្រំដែន​ទាំង​ឡាយ​នៃ​ភ្នំ​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច​នឹង​ញ័រ​រន្ធត់​នៅ​ចំពោះ​វត្ត​មាន​របស់​ពួក​គេ។

៣២ហើយ​នៅ​ទី​នោះ ពួក​គេ​នឹង​ដួល​ចុះ ហើយ​នឹង​ត្រូវ​បាន​បំពាក់​ដោយ​សិរី​ល្អ​ជា​មកុដ គឺ​នៅ​ក្រុង​ស៊ីយ៉ូន ដោយ​ដៃ​នៃ​ពួក​អ្នក​បម្រើ​របស់​ព្រះ​អម្ចាស់ គឺជា​កូន​ចៅ​នៃ​អេប្រាអិម។

៣៣ហើយ​ពួក​គេ​នឹង​បាន​ពោរ​ពេញ​ទៅ​ដោយ​ចម្រៀង​ទាំង​ឡាយ​នៃ​សេចក្ដី​អំណរ​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច។

៣៤មើល​ចុះ នេះ​គឺជា​ព្រះ​ពរ​នៃ​ព្រះ​ដ៏​គង់នៅ​អស់​កល្ប​អស់​កាល​ជានិច្ច មក​លើ​ពួក​ពូជ​អំបូរ​អ៊ីស្រាអែល និង​ព្រះ​ពរ​ដ៏​ធំ​ជាង​មក​លើ​ក្បាល​អេប្រាអិម និង​ពួក​អ្នក​ដែល​ដើរ​ជាមួយ​លោក។

៣៥ហើយ​ពួក​គេ​ក៏​មក​ពី​ពូជ​អំបូរ​យូដា​ដែរ គឺ​បន្ទាប់​ពី​ការ​ឈឺ​ចាប់​របស់​ពួក​គេ នោះ​នឹង​ត្រូវ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ​ក្នុង​ភាព​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ​អម្ចាស់ ដើម្បី​ឲ្យ​រស់នៅ​ក្នុង​វត្ត​មាន​របស់​ទ្រង់ ទាំង​ថ្ងៃ​ទាំង​យប់​ជា​រៀង​ដរាប​ត​ទៅ។

៣៦ហើយ​ឥឡូវ​នេះ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ជា​ប្រាកដ​ថា ការណ៍​ទាំង​នេះ​អាច​បាន​ដឹង​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឱ​បណ្ដាជន​នៅ​លើ​ផែនដី​អើយ យើង​បាន​ចាត់​ឲ្យ​ទេវតា​របស់​យើង ហោះ​កាត់​កណ្ដាល​មេឃ ទាំង​មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច ដែល​បាន​លេច​មក​ឲ្យ​មនុស្ស​ខ្លះ​ឃើញ ហើយ​បាន​ថ្លែង​ប្រាប់​ដល់​មនុស្ស ដែល​នឹង​លេច​មក​ឯ​មនុស្ស​ជា​ច្រើន ដែល​រស់​នៅ​លើ​ផែនដី។

៣៧ហើយ​ដំណឹង​ល្អ​នេះ​នឹង​ត្រូវ​បាន​ផ្សាយ​ដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ប្រជាជន។

៣៨ហើយ​ពួក​អ្នក​បម្រើ​នៃ​ព្រះ​នឹង​ចេញ​ទៅ​ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា ៖ ចូរ​កោតខ្លាច​ដល់​ព្រះ ហើយ​សរសើរ​សិរី​ល្អ​របស់​ទ្រង់​ចុះ ត្បិត​ម៉ោង​ដែល​ទ្រង់​ត្រូវ​ជំនុំ​ជំរះ នោះ​បាន​មក​ដល់​ហើយ

៣៩ហើយ​ចូរ​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ដ៏​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី និង​សមុទ្រ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន —

៤០ដោយ​អំពាវនាវ​ដល់​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ ទាំង​ថ្ងៃ​ទាំង​យប់​ដោយ​ទូល​ថា ៖ ឱ​បើ​សិន​ជា​ទ្រង់​នឹង​វែក​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក​ទៅ​អេះ ដើម្បី​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន​បាន​ញាប់​ញ័រ​នៅ​ចំពោះ​ទ្រង់។

៤១ហើយ​នោះ​នឹង​ត្រូវ​បាន​ឆ្លើយ​មក​លើ​ក្បាល​ពួក​គេ ព្រោះ​វត្ត​មាន​នៃ​ព្រះ​អម្ចាស់​នឹង​បាន​ទៅ​ដូច​ជា​ភ្លើង​រាល​ឆេះ​គំនរ​ស្នាប់ ហើយ​ដូច​ជា​ភ្លើង​ធ្វើ​ឲ្យ​ពុះ​ខ្ជោល​ឡើង។

៤២ឱ​ព្រះ​អម្ចាស់​អើយ ព្រះ​អង្គ​ទ្រង់​នឹង​យាង​ចុះ​មក ដើម្បី​ធ្វើ​ឲ្យ​ពួក​ខ្មាំងសត្រូវ​ទ្រង់​បាន​ស្គាល់​ព្រះ​នាម​ទ្រង់ ហើយ​ឲ្យ​សាសន៍​ទាំង​ប៉ុន្មាន​បាន​ញាប់​ញ័រ​នៅ​ចំពោះ​ទ្រង់ —

៤៣នៅ​គ្រា​ដែល​ទ្រង់​បាន​ធ្វើ​ការ​គួរ​ស្ញែង​ខ្លាច ដែល​ពួក​គេ​ពុំ​បាន​ម៉ៃ​ចិត្ត​សោះ

៤៤មែន​ហើយ កាល​ទ្រង់​យាង​ចុះ​មក ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​បាន​កក្រើក​ញ័រ​នៅ​ចំពោះ​ទ្រង់ គឺ​ទ្រង់​តែងតែ​ប្រោស​ដល់​អ្នក​ណា​ដែល​មាន​ចិត្ត​រីករាយ ហើយ​ប្រព្រឹត្ត​ដោយ​សុចរិត គឺ​ដល់​ពួក​អ្នក​ដែល​នឹក​ចាំ​ពី​ទ្រង់​ក្នុង​អស់​ទាំង​ផ្លូវ​របស់​ទ្រង់។

៤៥ត្បិត​ចាប់​តាំង​ពី​កំណើត​លោកិយ​មក មនុស្ស​លោក​មិនដែល​ឮ ក៏​មិនដែល​ដឹង​ដោយ​សារ​ត្រចៀក ហើយ​ភ្នែក​មិនដែល​ឃើញ​ព្រះ​ឯណា​ក្រៅ​ពី​ទ្រង់ ឱ​ព្រះ​អង្គ​អើយ នូវ​ការណ៍​ដ៏​ធំ​ដែល​ទ្រង់​បាន​រៀបចំ​សម្រាប់​អ្នក​ដែល​សង្ឃឹម​ដល់​ទ្រង់​ឡើយ។

៤៦ហើយ​នឹង​បាន​ពោល​ថា ៖ តើ​អ្នក​ណា​ហ្ន៎ ដែល​ចុះ​មក​ពី​ព្រះ​ដែល​គង់​នៅ​លើ​ស្ថាន​សួគ៌ ស្លៀកពាក់​ដោយ​សំពត់​ពណ៌ មែន​ហើយ គឺ​មក​ពី​តំបន់​ទាំង​ឡាយ​ដែល​ពុំ​ដែល​ស្គាល់​គឺ​ស្លៀកពាក់​ដោយ​រុងរឿង ហើយ​ក៏​ដើរ​ដោយ​ឫទ្ធិ​យ៉ាង​ខ្លាំង​របស់​គេ​នោះ?

៤៧ហើយ​ទ្រង់​នឹង​មាន​ព្រះ​បន្ទូល​ថា ៖ យើង​នេះ​ហើយ​ជា​អ្នក​ដែល​មាន​ព្រះ​បន្ទូល​ដោយ​សេចក្ដី​សុចរិត ជា​អ្នក​ពូកែ​នឹង​សង្គ្រោះ។

៤៨ហើយ​ព្រះ​អម្ចាស់​ទ្រង់​នឹង​ពាក់​ព្រះ​ពស្ត្រ​ពណ៌​ក្រហម ហើយ​ព្រះ​ភូសា​ដ៏​ដូច​ជា​អ្នក​ដែល​ជាន់​ក្នុង​ធុង​ទំពាំងបាយជូរ។

៤៩ហើយ​សិរី​ល្អ​នៃ​វត្ត​មាន​របស់​ទ្រង់​នឹង​ទៅ​ជា​ធំ​អស្ចារ្យ ដែល​ព្រះ​អាទិត្យ​នឹង​លាក់​ភក្ត្រា​ដោយ​ក្ដី​ខ្មាស ហើយ​ព្រះ​ចន្ទ​នឹង​មិន​ព្រម​ឲ្យ​ពន្លឺ​ទេ ហើយ​តារា​ទាំង​ឡាយ​នឹង​ត្រូវ​គ្រវាត់​ចេញ​ពី​កន្លែង​របស់​ខ្លួន។

៥០ហើយ​សំឡេង​ទ្រង់​នឹង​បាន​ឮ​ថា ៖ យើង​បាន​ជាន់​ក្នុង​ធុង​ទំពាំងបាយជូរ​តែ​ម្នាក់​ឯង ហើយ​បាន​នាំ​សេចក្ដី​ជំនុំ​ជំរះ​មក​លើ​ប្រជាជន​ទាំង​អស់ ហើយ​ឥត​មាន​អ្នក​ណា​នៅ​ជាមួយ​នឹង​យើង​ឡើយ

៥១ហើយ​យើង​បាន​ឈ្លី​គេ​ដោយ​សេចក្ដី​ឃោរឃៅ​របស់​យើង ហើយ​បាន​ជាន់​គេ​ដោយ​សេចក្ដី​កំហឹង​របស់​យើង ហើយ​ឈាម​គេ នោះ​យើង​បាន​សម្រក់​មក​លើ​សំលៀកបំពាក់​របស់​យើង ហើយ​ធ្វើ​ឲ្យ​ប្រឡាក់​សំលៀកបំពាក់​របស់​យើង​អស់​ហើយ ត្បិត​នេះ​គឺជា​ថ្ងៃ​សង សឹក​ដែល​នៅ​ក្នុង​ចិត្ត​យើង។

៥២ហើយ​ឥឡូវ​នេះ ឆ្នាំ​កំណត់​នៃ​ពួក​ប្រោស​លោះ​របស់​យើង ក៏​បាន​មក​ដល់ ហើយ​ពួក​គេ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​សប្បុរស​របស់​ព្រះ​អម្ចាស់​របស់​គេ និង​គ្រប់​ទាំង​អស់​ដែល​ទ្រង់​បាន​ប្រោស​មក​លើ​ពួក​គេ តាម​សេចក្ដី​សប្បុរស​របស់​ទ្រង់ និង​តាម​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់​ជា​រៀង​ដរាប​ត​ទៅ។

៥៣ក្នុង​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ នោះ​ទ្រង់​ក៏​រង​ទុក្ខ​ដែរ។ ហើយ​ទេវតា​ដែល​នៅ​ចំពោះ​ទ្រង់​បាន​សង្គ្រោះ​គេ ហើយ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ និង​ដោយ​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់ នោះ​ទ្រង់​បាន​ប្រោស​លោះ​គេ ហើយ​កាលពី​ចាស់​បុរាណ ទ្រង់​បាន​លើក​គេ​បី​ទៅ​ជា​ដរាប

៥៤មែន​ហើយ ព្រម​ទាំង​លោក​ហេណុក និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​នឹង​លោក​ផង ពួក​ព្យាការី​ដែល​នៅ​មុន​លោក ហើយ​ព្រម​ទាំង​លោក​ណូអេ និង​ពួក​អ្នក​ដែល​នៅ​មុន​លោក​ដែរ ហើយ​ព្រម​ទាំង​លោក​ម៉ូសេ និង​ពួក​អ្នក​ដែល​នៅ​មុន​លោក​ដែរ

៥៥ហើយ​ពី​លោក​ម៉ូសេ ទៅ​លោក​អេលីយ៉ា ហើយ​ពី​លោក​អេលីយ៉ា ទៅ​លោក​យ៉ូហាន ដែល​បាន​នៅ​ជាមួយ​នឹង​ព្រះ​គ្រីស្ទ កាល​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ហើយ​ព្រម​ទាំង​ពួក​សាវក​បរិសុទ្ធ​ជាមួយ​នឹង​លោក​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប គេ​នឹង​បាន​នៅ​ក្នុង​វត្ត​មាន​នៃ​កូន​ចៀម។

៥៦ហើយ​ផ្នូរ​នៃ​ពួក​បរិសុទ្ធ​នឹង​ត្រូវ​បាន​បើក ហើយ​ពួក​គេ​នឹង​ចេញ​មក ហើយ​ឈរ​នៅ​ខាង​ស្ដាំ​ដៃ​នៃ​កូន​ចៀម​ក្នុង​កាល​ទ្រង់​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​លើ​ទី​ក្រុង​បរិសុទ្ធ គឺ​ក្រុង​យេរូសាឡិម​ថ្មី ហើយ​ពួក​គេ​នឹង​ច្រៀង​ទំនុក​របស់​កូន​ចៀម ទាំង​ថ្ងៃ​ទាំង​យប់ ជា​រៀង​ដរាប​ត​ទៅ។

៥៧ហើយ​ដោយ​ហេតុ​នេះ ទើប​មនុស្ស​អាច​បាន​ធ្វើ​ទៅ​ជា​ពួក​អ្នក​មាន​ចំណែក​ក្នុង​សិរី​ល្អ​ទាំង​ឡាយ​ដែល​នឹង​ត្រូវ​បាន​បើក​សម្ដែង នោះ​ព្រះ​អម្ចាស់​ទ្រង់​បាន​ចាត់​ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ​របស់​ទ្រង់ គឺជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច​របស់​ទ្រង់​ដោយ ពិភាក្សា​យ៉ាង​ច្បាស់​លាស់ និង​ក្បោះក្បាយ —

៥៨ដើម្បី​ឲ្យ​រៀប​ចំ​ពួក​កម្សោយ​ឲ្យ​ទន្ទឹង​ចាំ​ការណ៍​ទាំង​នោះ ដែល​ត្រូវ​មក​លើ​ផែនដី ហើយ​ទន្ទឹង​ចាំ​ការងារ​របស់​ព្រះ​អម្ចាស់​ក្នុង​ថ្ងៃ​កាល​ពួក​កម្សោយ​នឹង​បំភាន់​ពួក​អ្នក​ប្រាជ្ញ ហើយ​ពួក​តូច​នឹង​ត្រឡប់​ជា​សាសន៍​មួយ​យ៉ាង​ពូកែ ហើយ​ពីរ​នាក់​នឹង​ធ្វើ​ឲ្យ​រាប់​ម៉ឺន​នាក់​រត់។

៥៩ហើយ​តាម​រយៈ​ពួក​កម្សោយ​នៅ​លើ​ផែនដី នោះ​ព្រះ​អម្ចាស់​ទ្រង់​នឹង​បញ្ជាន់​សាសន៍​ទាំង​ឡាយ ដោយ​សារ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​របស់​ទ្រង់។

៦០ហើយ​ដោយ​សារ​ហេតុ​នេះ ទើប​ព្រះ​បញ្ញត្តិ​ទាំង​នេះ​ត្រូវ​បាន​ប្រទាន​មក ការណ៍​ទាំង​នេះ​ត្រូវ​បាន​បញ្ជា​ឲ្យ​ទុក​កុំ​ឲ្យ​ពិភពលោក​ដឹង អំពី​ថ្ងៃ​ដែល​ការណ៍​ទាំង​នោះ​នឹង​ត្រូវ​បាន​ប្រទាន​មក ប៉ុន្តែ​ឥឡូវ​នេះ ត្រូវ​ចេញ​ទៅ​ដល់​សាច់​ឈាម​ទាំង​អស់ —

៦១ហើយ​នេះ​គឺ​ស្រប​តាម​គំនិត និង​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់ ដែល​ត្រួតត្រា​លើ​សាច់​ឈាម​ទាំង​អស់។

៦២ហើយ​ចំពោះ​អ្នក​ណា​ដែល​ប្រែ​ចិត្ត ហើយ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ​អម្ចាស់ នោះ​នឹង​ត្រូវ​បាន​ប្រទាន​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។

៦៣ហើយ​ចំពោះ​អស់​អ្នក​ណា​ដែល​មិន​ព្រម​ស្ដាប់​តាម​សំឡេង​នៃ​ព្រះ​អម្ចាស់ នោះ​នឹង​ត្រូវ​បាន​ពោរ​ពេញ​ទៅ​ដោយ​អ្វី ដែល​បាន​សរសេរ​ទុក​ដោយ​ព្យាការី​ម៉ូសេ គឺថា​ពួក​គេ​នឹង​ត្រូវ​កាត់​ចេញ​ពី​ចំណោម​ប្រជាជន។

៦៤ហើយ​ព្រម​ទាំង​អ្វី​ដែល​បាន​សរសេរ​ទុក ដោយ​ព្យាការី​ម៉ាឡាគី​ថា ៖ ត្បិត​មើល ថ្ងៃ​នោះ​កំពុងតែ​មក​ដល់ ថ្ងៃ​នោះ​ឆេះ​ធ្លោ ដូច​ជា គុក​ភ្លើង នោះ​អស់​ពួក​អ្នក​ឆ្មើងឆ្មៃ ហើយ​និង​អស់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​នឹង​ដូច​ជា​ជញ្ជ្រាំង ហើយ​ថ្ងៃ​ដែល​ត្រូវ​មក​ដល់​នោះ​នឹង​ឆេះ​បន្សុស​គេ​ទាំង​អស់​ទៅ ឥត​ទុក​ឲ្យ​គេ​មាន​ឫស ឬ​មែក​នៅ​សល់​ឡើយ នេះ​ហើយ ជា​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ។

៦៥ហេតុ​ដូច្នោះ​ហើយ នេះ​គឺ​នឹង​ត្រូវ​ទៅ​ជា​ចម្លើយ​ពី​ព្រះ​អម្ចាស់​ដល់​ពួក​គេ​ថា ៖

៦៦នៅ​ថ្ងៃ​នោះ កាល​យើង​បាន​យាង​មក​រក​រាស្ត្រ​របស់​យើង នោះ​គ្មាន​មនុស្ស​ណា​មួយ​ក្នុង​ចំណោម​អ្នក​បាន​ទទួល​យើង​ឡើយ ហើយ​អ្នក​ត្រូវ​បាន​ដេញ​ចេញ។

៦៧កាល​យើង​បាន​ហៅ​ជា​ថ្មី​ទៀត នោះ​គ្មាន​អ្នក​ណា​ឆ្លើយតប​ឡើយ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ព្រះ​ពាហុ​របស់​យើង​ពុំ​បាន​រួញ​ខ្លី​នឹង​ជួយ​លោះ ឬ​ព្រះ​ចេស្ដា​យើង​នឹង​ដោះ​ឲ្យ​រួច​ដែរ។

៦៨មើល​ចុះ កាលណា​យើង​ស្ដី​ឲ្យ នោះ​សមុទ្រ​ក៏​រីង​ស្ងួត​ទៅ។ យើង​ធ្វើ​ឲ្យ​ទន្លេ​ទៅ​ជាទី​ហួតហែង ឯ​ត្រី​ធុំ​ស្អុយ ហើយ​ស្លាប់​ទៅ​ដោយ​ស្រេក។

៦៩យើង​បំពាក់​ផ្ទៃ​មេឃ​ដោយ​ពពក​ខ្មៅ ហើយ​ក៏​ដណ្ដប់​ទៅ​ដោយ​សំពត់​ធ្មៃ​ផង។

៧០ហើយ​អ្នក​នឹង​បាន​តែ​ប៉ុណ្ណោះ​ពី​ព្រះ​ហស្ត​យើង — អ្នក​រាល់​គ្នា​នឹង​ត្រូវ​ដេក​ទៅ​ដោយ​ទុក្ខ​វេទនា។

៧១មើល​ចុះ និង​មើល​ន៏ គ្មាន​អ្នក​ណា​នឹង​ជួយ​ដោះ​អ្នក​ឡើយ ត្បិត​អ្នក​រាល់​គ្នា​ពុំ​បាន​គោរព​តាម​សំឡេង​របស់​យើង​សោះ កាល​យើង​បាន​ហៅ​អ្នក​ពីលើ​មេឃ អ្នក​រាល់​គ្នា​ពុំ​បាន​ជឿ​ដល់​ពួក​អ្នក​បម្រើ​របស់​យើង​ឡើយ ហើយ​កាល​ពួក​គេ​ត្រូវ​បាន​ចាត់​ឲ្យ​មក​រក​អ្នក នោះ​អ្នក​រាល់​គ្នា​ពុំ​បាន​ទទួល​ពួក​គេ​សោះ។

៧២ហេតុ​ដូច្នោះ​ហើយ ពួក​គេ​បាន​ភ្ជាប់​ទី​បន្ទាល់ ហើយ​បាន​ចង​ក្រឹត្យ​វិន័យ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​បាន​ប្រគល់​ទៅ​ឯ​សេចក្ដី​ងងឹត។

៧៣ពួក​អ្នក​ទាំង​នេះ​នឹង​ចេញ​ទៅ​ក្នុង​សេចក្ដី​ងងឹត​ខាង​ក្រៅ នៅ​ទី​នោះ​នឹង​មាន​យំ និង​ទួញ​សោក ហើយ​សង្កៀត​ធ្មេញ។

៧៤មើល​ចុះ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ហើយ។ អាម៉ែន៕