ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 7
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៧

វិវរណៈ​ដែល​បាន​ប្រទាន​ដល់​យ៉ូសែប ស៊្មីធ ជា​ព្យាការី និង​ដល់​អូលីវើរ ខៅឌើរី នៅ​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា ខែ​មេសា ឆ្នាំ​១៨២៩ ក្នុង​កាល​ពួក​គេ​បាន​សុំ តាម​រយៈ​យូរីម និង​ធូមីម អំពី​យ៉ូហាន ជា​សិស្ស​ដ៏​ជាទី​ស្រឡាញ់​នោះ ថា​តើ​បាន​រស់នៅ​ក្នុង​សាច់ឈាម ឬ​ក៏​ស្លាប់​ទៅ​ហើយ។ វិវរណៈ​នេះ​ជា​ការ​បកប្រែ​ពី​បញ្ជី​ដែល​យ៉ូហាន​បាន​សរសេរ​ទុក​នៅ​លើ​រមូរ​ក្រដាស ហើយ​បាន​លាក់​ទុក​ដោយ​ខ្លួន​លោក​ផ្ទាល់ (History of the Church, ១:៣៥–៣៦)។

១–៣, យ៉ូហាន​ដ៏​ជាទី​ស្រឡាញ់ នឹង​រស់នៅ​ទាល់​តែ​ព្រះ​អម្ចាស់​ទ្រង់​យាង​មក; ៤–៨, ពេត្រុស យ៉ាកុប និង​យ៉ូហាន​កាន់​កូន​សោ​នៃ​ដំណឹង​ល្អ។

ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ យ៉ូហាន​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង​អើយ តើ​អ្នក​ប្រាថ្នា​អ្វី? ត្បិត​បើ​សិន​ជា​អ្នក​នឹង​សុំ​តាម​បំណង​របស់​អ្នក នោះ​នឹង​បាន​ប្រទាន​ដល់​អ្នក​ហើយ។

ហើយ​ខ្ញុំ​បាន​ទូល​ទ្រង់​ថា ៖ ព្រះ​អម្ចាស់​អើយ សូម​ប្រទាន​ដល់​ទូលបង្គំ​នូវ​អំណាច​លើ​សេចក្ដី​ស្លាប់ ដើម្បី​ឲ្យ​ទូលបង្គំ​អាច​នៅ​រស់ ហើយ​នាំ​ព្រលឹង​ទាំង​ឡាយ​មក​រក​ព្រះ​អង្គ។

ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ពី​ព្រោះ​អ្នក​ចង់​បាន​ការណ៍​នេះ នោះ​អ្នក​នឹង​នៅ​ទាល់​តែ​យើង​មក នៅ​ក្នុង​សិរី​ល្អ​របស់​យើង ហើយ​នឹង​ព្យាករ​នៅ​ចំពោះ​សាសន៍ ពូជ​មនុស្ស ភាសា និង​ប្រជាជន។

ហើយ​មក​ពី​ករណី​នេះ បាន​ជា​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​ពេត្រុស​ថា ៖ បើ​សិន​ជា​យើង​ចង់​ឲ្យ​អ្នក​នោះ​នៅ​ទាល់​តែ​យើង​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក? ត្បិត​គាត់​បាន​ប្រាថ្នា​ការណ៍​នោះ​ពី​យើង ដើម្បី​ឲ្យ​គាត់​អាច​នាំ​មនុស្ស​ទាំង​ឡាយ​មក​រក​យើង ប៉ុន្តែ​អ្នក​បាន​ប្រាថ្នា​សុំឲ្យ​អ្នក​អាច​បាន​មក​ឯ​យើង នៅ​ឯ​នគរ​យើង​យ៉ាង​ឆាប់​រហ័ស​វិញ។

យើង​ប្រាប់​អ្នក​ថា ពេត្រុស​អើយ នេះ​ជា​សំណូមពរ​ដ៏​ល្អ​មួយ ប៉ុន្តែ​អ្នក​ដ៏​ជាទី​ស្រឡាញ់​របស់​យើង គាត់​បាន​ប្រាថ្នា​សុំ​ឲ្យ​គាត់​ធ្វើ​លើស​ទៅ​ទៀត ឬ​ក៏​កិច្ចការ​លើស​ទៅ​ទៀត​នៅ​ក្នុង​ចំណោម​មនុស្ស ជាង​អ្វី​ដែល​គាត់​ធ្លាប់​បាន​ធ្វើ​ពីមុន​មក។

មែន​ហើយ គាត់​បាន​ចាប់​ផ្ដើម​ធ្វើ​កិច្ចការ​លើសលែង​ទៅ​ទៀត ហេតុ​ដូច្នេះ​ហើយ យើង​នឹង​ធ្វើ​ឲ្យ​គាត់​ទៅ​ដូច​ជា​អណ្ដាត​ភ្លើង និង​ជា​ទេវតា​បម្រើ គាត់​នឹង​បម្រើ​ដល់​អស់​អ្នក​ណា​ដែល​នឹង​គ្រង​សេចក្ដី​សង្គ្រោះ​ទុកជា​មរតក ដែល​អាស្រ័យ​នៅ​លើ​ផែនដី

ហើយ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ជា​អ្នក​បម្រើ​ដល់​គាត់ និង​ដល់​យ៉ាកុប​ជា​បង​ប្អូន​របស់​អ្នក រីឯ​អ្នក​ទាំង​បី​វិញ យើង​នឹង​ឲ្យ​អំណាច​នេះ និង​កូន​សោ​ទាំង​ឡាយ​នៃ​ការងារ​បម្រើ​នេះ ទាល់​តែ​យើង​មក។

ប្រាកដ​មែន​យើង​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ទាំង​ពីរ​នឹង​បាន​តាម​សេចក្ដី​ប្រាថ្នា​របស់​អ្នក ត្បិត​អ្នក​ទាំង​ពីរ​មាន​សេចក្ដី​ត្រេកអរ​នឹង​អ្វី​ដែល​អ្នក​បាន​ប្រាថ្នា​នោះ៕