ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 21
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ២១

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ភូមិ​ហ្វាយែត រដ្ឋ​ញូវយ៉ក ថ្ងៃ​ទី៦ ខែ​មេសា ឆ្នាំ​១៨៣០ (History of the Church, ១:៧៤–៧៩)។ វិវរណៈ​នេះ​ត្រូវ​បាន​ប្រទាន​ឲ្យ​មក ក្នុង​កាល​រៀបចំ​សាសនាចក្រ​ឡើង នៅ​ថ្ងៃ​ដែល​បាន​ពោល​មក​ហើយ​នោះ នៅ​ក្នុង​ផ្ទះ​របស់​ពេត្រុស វិតមើរ ស៊ីញ្ញ័រ។ មាន​បុរស​ប្រាំមួយ​នាក់​បាន​ចូល​រួម ជា​ពួក​អ្នក​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​រួច​មក​ហើយ។ ដោយ​ការ​ចេញ​សំឡេង​ជា​ឯកច្ឆន្ទ ពួក​បុគ្គល​ទាំង​នេះ​បាន​សម្ដែង​ប្រាប់​សេចក្ដី​ប៉ងប្រាថ្នា និង​សេចក្ដី​ប្ដេជ្ញា​របស់​ពួក​គេ ដើម្បី​រៀបចំ​សាសនាចក្រ ស្រប​តាម​ព្រះ​បញ្ញត្តិ​នៃ​ព្រះ (សូម​មើល​កណ្ឌ​ទី ២០)។ ពួក​គេ​ក៏​បាន​បោះឆ្នោត ដើម្បី​ទទួល​ស្គាល់ ហើយ​គាំទ្រ យ៉ូសែប ស៊្មីធ ជុញ្ញ័រ និង អូលីវើរ ខៅឌើរី ឲ្យ​ធ្វើ​ជា​អ្នក​ដឹកនាំ​ដ៏​ជា​អធិបតី​នៃ​សាសនាចក្រ។ ដោយ​សារ​ការ​ដាក់​ដៃ​លើ​រួច​ហើយ យ៉ូសែប​បាន​តែងតាំង​អូលីវើរ ឲ្យ​ធ្វើ​ជា​អែលឌើរ​នៃ​សាសនាចក្រ ហើយ​តាម​របៀប​ដដែល​នោះ អូលីវើរ​បាន​តែងតាំង​យ៉ូសែប​វិញ។ បន្ទាប់​ពី​ការ​ចាត់ចែង​បុណ្យ​សាក្រាម៉ង់​រួច​ហើយ នោះ​យ៉ូសែប​និង​អូលីវើរ​បាន​ដាក់​ដៃ​លើ​ពួក​អ្នក​ដែល​ចូល​រួម​ម្នាក់ៗ សម្រាប់​ការ​ប្រគល់​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​សម្រាប់​ការ​បញ្ជាក់​សមាជិក​នីមួយៗ​នៃ​សាសនាចក្រ។

១–៣, យ៉ូសែប ស៊្មីធ ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​អ្នក​មើល​ឆុត ជា​អ្នក​បកប្រែ ជា​ព្យាការី ជា​សាវក និង​ជា​អែលឌើរ; ៤–៨, ពាក្យ​សម្ដី​របស់​លោក​នឹង​ណែនាំ​គតិ​នៃ​ស៊ីយ៉ូន; ៩–១២, ពួក​បរិសុទ្ធ​នឹង​ជឿ​តាម​ពាក្យ​សម្ដី​របស់​លោក នៅ​ពេល​លោក​និយាយ​តាម​ការ​បំភ្លឺ​ពី​ព្រះ​ដ៏​ជា​ជំនួយ។

មើល​ចុះ នឹង​មាន​បញ្ជី​មួយ​កត់​ទុក​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​នៅ​ក្នុង​បញ្ជី​នោះ អ្នក​នឹង​ត្រូវ​បាន​ហៅថា​ជា​អ្នក​មើល​ឆុត ជា​អ្នក​បកប្រែ ជា​ព្យាការី ជា​សាវក​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​អែលឌើរ​នៃ​សាសនាចក្រ តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា និង​ព្រះ​គុណ​នៃ​ព្រះ​អម្ចាស់​របស់​អ្នក​ដ៏​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ។

ដោយ​បាន​ទទួល​ការ​បំភ្លឺ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដើម្បី​បង្កើត​គ្រឹះ​នៃ​សាសនាចក្រ ហើយ​ដើម្បី​សាង​វា​ឡើង​ចំពោះ​សេចក្ដី​ជំនឿ​ដ៏​បរិសុទ្ធ​បំផុត។

ជា​សាសនាចក្រ​ដែល​ត្រូវ​បាន​រៀបចំ និង​តាំង​ឡើង នៅ​ក្នុង​ឆ្នាំ​នៃ​ព្រះ​អម្ចាស់​របស់​យើង គឺ​មួយ​ពាន់​ប្រាំបី​រយ​សាមសិប នៅ​ខែ​ទី​បួន និង​នៅ​ថ្ងៃ​ទី​ប្រាំមួយ នៃ​ខែ​ដែល​ហៅថា មេសា។

ហេតុ​ដូច្នោះ​ហើយ និយាយ​ពី​សាសនាចក្រ អ្នក​ត្រូវ​ស្ដាប់​តាម​គ្រប់​អស់​ទាំង​ពាក្យ​សម្ដី និង​បញ្ញត្តិ​ទាំង​ឡាយ​របស់​លោក ដែល​លោក​នឹង​ឲ្យ​ដល់​អ្នក នៅ​ពេល​លោក​បាន​ទទួល​ពាក្យ​ទាំង​នោះ ដោយ​ដើរ​ក្នុង​បរិសុទ្ធភាព​ទាំង​អស់​នៅ​ចំពោះ​យើង

ត្បិត​ពាក្យ​សម្ដី​របស់​លោក​នោះ​ហើយ អ្នក​នឹង​បាន​ទទួល ហាក់​ដូច​ជា​បាន​មក​ពី​ព្រះ​ឱស្ឋ​របស់​យើង​ផ្ទាល់ ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដី​ជំនឿ​គ្រប់​យ៉ាង។

ត្បិត​ដោយ​សារ​ការ​ធ្វើ​ការ​ទាំង​នេះ​ហើយ ទ្វារ​ស្ថាន​នរក​នឹង​ពុំ​ដែល​ឈ្នះ​អ្នក​ឡើយ មែន​ហើយ ហើយ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​កម្ចាត់​អំណាច​នៃ​សេចក្ដី​ងងឹត​ចេញ​ពី​អ្នក​ទៅ ហើយ​នឹង​បណ្ដាល​ឲ្យ​ផ្ទៃ​មេឃ​ញាប់​ញ័រ ដើម្បី​សេចក្ដី​ល្អ​ដល់​អ្នក និង​សិរី​ល្អ​ដល់​ព្រះ​នាម របស់​ទ្រង់។

ត្បិត​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ដូច្នោះ​ថា ៖ អ្នក​នោះ​ហើយ​ដែល​យើង​បាន​បំភ្លឺ​ឲ្យ​កម្រើក​គតិ​នៃ​ស៊ីយ៉ូន​ដោយ​អំណាច​ដ៏​ធំ ដើម្បី​សេចក្ដី​ល្អ ហើយ​សេចក្ដី​ព្យាយាម របស់​លោក នោះ​យើង​ដឹង រីឯ​សេចក្ដី​អធិស្ឋាន​របស់​លោក នោះ​យើង​បាន​ឮ​ហើយ។

មែន​ហើយ ការ​យំសោក​របស់​លោក​សម្រាប់​ស៊ីយ៉ូន យើង​បាន​ឃើញ ហើយ​យើង​នឹង​មិន​បណ្ដាល​ឲ្យ​លោក​យំ​សម្រាប់​ស៊ីយ៉ូន​ទៀត​ឡើយ ត្បិត​ថ្ងៃ​នៃ​សេចក្ដី​ត្រេកអរ​របស់​លោក​ទាំង​ឡាយ​នឹង​មក​ដល់​ចំពោះ​សេចក្ដី​ផ្ដាច់​បាប​របស់​លោក ហើយ​សេចក្ដី​បើក​សម្ដែង​នៃ​ព្រះ​ពរ​ទាំង​ឡាយ​របស់​យើង មក​លើ​កិច្ចការ​ទាំង​ឡាយ​របស់​លោក។

ត្បិត​មើល​ចុះ យើង​នឹង​ប្រទាន​ពរ​ដល់​អស់​អ្នក​ណា ដែល​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំងបាយជូរ​របស់​យើង​ដោយ​ព្រះ​ពរ​ដ៏​ធំ ហើយ​ពួក​គេ​នឹង​ជឿ​ដល់​ពាក្យ​ពេចន៍​របស់​លោក ដែល​បាន​ប្រទាន​ដល់​លោក តាម​រយៈ​យើង ដោយ​សារ​ព្រះ​ដ៏​ជា​ជំនួយ​ដែល​បើក​សម្ដែង​ប្រាប់​ថា ព្រះ​យេស៊ូវ​ត្រូវ​ឆ្កាង​ដោយ​ពួក​មនុស្ស​បាប ជំនួស​អំពើ​បាប​ទាំង​ឡាយ​នៃ​ពិភពលោក មែន​ហើយ គឺ​ដើម្បី​សេចក្ដី​ផ្ដាច់​បាប​ទាំង​ឡាយ​ចំពោះ​ពួក​អ្នក​មាន​ចិត្ត​សង្រេង

១០ហេតុ​ដូច្នោះ​ហើយ គឺជា​ការ​ចាំ​បាច់​ដល់​យើង ដែល​លោក​គប្បី​បាន​ទទួល​ការ​តែងតាំង​ដោយ​អ្នក អូលីវើរ ខៅឌើរី ជា​សាវក​របស់​យើង

១១នេះ​គឺជា​ការ​តែងតាំង​ចំពោះ​អ្នក ដើម្បី​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​អែលឌើរ នៅ​ក្រោម​ដៃ​របស់​លោក ព្រោះ​លោក​ជា​អែលឌើរ​ទី១​ដល់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​បាន​ទៅ​ជា​អែលឌើរ​ដល់​សាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ ដែល​មាន​នាម​របស់​យើង —

១២ហើយ​ជា​អ្នក​ផ្សាយ​សាសនា​ទី១ នៃ​សាសនាចក្រ​នេះ​ដល់​សាសនាចក្រ និង​ចំពោះ​ពិភពលោក មែន​ហើយ គឺ​ចំពោះ​ពួក​សាសន៍​ដទៃ មែន​ហើយ ហើយ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ដូច្នោះ​ថា ៖ មើល​ន៏ មើល​ន៏! គឺ​ដល់​ពួក​សាសន៍​យូដា​ផង។ អាម៉ែន៕