ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 71
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៧១

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី និង ស៊ីឌនី រិកដុន នៅ​ភូមិ​ហៃរាំ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​១៨៣១ (History of the Church, ១:២៣៨–២៣៩)។ ព្យាការី​បាន​បន្ត​ការ​បកប្រែ​ព្រះ​គម្ពីរ​ប៊ីប ដោយ​មាន ស៊ីឌនី រិកដុន ជា​ស្មៀន រហូត​ដល់​បាន​ទទួល​វិវរណៈ​នេះ កាល​នោះ​ត្រូវ​បាន​ឈប់​បកប្រែ​មួយ​រយៈ​សិន ដើម្បី​ឲ្យ​ពួក​គេ​អាច​បំពេញ​ការ​បង្គាប់​ដែល​មាន​នៅ​ក្នុង​វិវរណៈ​នេះ។ បង​ប្អូន​ប្រុសៗ​ត្រូវ​ចេញ​ទៅ​ផ្សាយ ដើម្បី​សម្ងប់​អារម្មណ៍​មិន​ស្និទ្ធ​ស្នាល ដែល​បាន​កើត​ឡើង​ទាស់​នឹង​សាសនាចក្រ មក​ពី​ការ​បោះពុម្ពផ្សាយ​នៃ​អត្ថបទ​ខ្លះៗ ចុះ​កាសែត​ដោយ អែសរ៉ា ប៊ូត ដែល​បាន​ក្បត់​សាសនា។

១–៤, យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ត្រូវ​បាន​ចាត់​ឲ្យ​ចេញ​ទៅ​ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ; ៥–១១, ពួក​ខ្មាំងសត្រូវ​នៃ​ពួក​បរិសុទ្ធ​នឹង​ត្រូវ​បាន​បំភាន់។

មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដល់​អ្នក យ៉ូសែប ស៊្មីធ ជុញ្ញ័រ និង ស៊ីឌនី រិកដុន ជា​ពួក​អ្នក​បម្រើ​របស់​យើង​ដូច្នេះ​ថា ពេល​បាន​មក​ដល់​ជា​ប្រាកដ​មែន ដែល​ជា​សេចក្ដី​ត្រូវ​ការ និង​ចាំ​បាច់​ក្នុង​យើង ដែល​អ្នក​ត្រូវ​បើក​មាត់​របស់​អ្នក ក្នុង​ការ​ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ​របស់​យើង ពី​ការណ៍​ទាំង​ឡាយ​នៃ​នគរ ដោយ​បរិយាយ​ប្រាប់​ពី​សេចក្ដី​អាថ៌កំបាំង​នៃ​នគរ​ចេញ​ពី​បទគម្ពីរ តាម​ចំណែក​នៃ​ព្រះ​វិញ្ញាណ និង​ព្រះ​ចេស្ដា​នោះ ដែល​នឹង​ត្រូវ​បាន​ប្រទាន​ដល់​អ្នក ដូចដែល​យើង​សព្វ​ព្រះ​ហឫទ័យ។

យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ប្រកាស​ប្រាប់​ដល់​ពិភពលោក​នៅ​ក្នុង​ភូមិ​ភាគ​ជុំវិញ និង​នៅ​ក្នុង​សាសនាចក្រ​ផង សម្រាប់​មួយ​រដូវ គឺ​រហូត​ដល់​បាន​ប្រាប់​ឲ្យ​ដឹង​ដល់​អ្នក។

ប្រាកដ​មែន នេះ​ជា​បេសកកម្ម​មួយ​រដូវ ដែល​យើង​ប្រទាន​ដល់​អ្នក។

ហេតុ​ដូច្នោះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំងបាយជូរ​របស់​យើង​ចុះ។ ចូរ​ហៅ​បណ្ដាជន​នៅ​លើ​ផែនដី ហើយ​ធ្វើ​ទី​បន្ទាល់ ហើយ​រៀបចំ​ផ្លូវ​សម្រាប់​ព្រះ​បញ្ញត្តិ និង​វិវរណៈ​ទាំង​ឡាយ​ដែល​នឹង​មក​ដល់។

ឥឡូវ​នេះ មើល​ចុះ នេះ​ហើយ​ជា​ប្រាជ្ញា អស់​អ្នក​ណា​ដែល​អាន ចូរ​អ្នក​នោះ​យល់ ហើយ​ទទួល​យក​ផង​ចុះ

ត្បិត​ចំពោះ​អ្នក​ណា​ដែល​ទទួល នោះ​នឹង​បាន​ប្រទាន​ឲ្យ​មាន​ជា​បរិបូរ​ឡើង គឺ​អំណាច។

ហេតុ​ដូច្នោះ​ហើយ ចូរ​បំភាន់​ពួក​ខ្មាំងសត្រូវ​របស់​អ្នក​ចុះ ចូរ​ហៅ​ពួក​គេ​ឲ្យ​មក​ជួប​អ្នក​ដោយ​បើកមុខ និង​ដោយ​សម្ងាត់ ហើយ​ដរាបណា​អ្នក​រាល់​គ្នា​មាន​ចិត្ត​ស្មោះត្រង់ នោះ​សេចក្ដី​អាម៉ាស់​របស់​ពួក​គេ​នឹង​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ។

ហេតុ​ដូច្នោះ​ហើយ ចូរ​ឲ្យ​ពួក​គេ​នាំ​មក​នូវ​ដើមហេតុ​ដ៏​ធ្ងន់​មក​ទាស់​នឹង​ព្រះ​អម្ចាស់​ចុះ។

ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដល់​អ្នក​ដូច្នេះ​ថា — គ្មាន​គ្រឿង​សស្ត្រាវុធ​ណា​មួយ​ដែល​បាន​ធ្វើ​ឡើង​នឹង​អាច​ទាស់​នឹង​អ្នក​បាន​ឡើយ

១០ហើយ​បើ​សិន​ជា​មាន​មនុស្ស​ណា​មួយ​បន្លឺ​សំឡេង​ឡើង​ទាស់​នឹង​អ្នក អ្នក​នោះ​នឹង​ត្រូវ​បាន​បំភាន់ តាម​ពេល​ដែល​យើង​កំណត់។

១១ហេតុ​ដូច្នោះ​ហើយ ចូរ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​ចុះ ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​សុទ្ធ​តែ​ពិត ហើយ​ស្មោះត្រង់។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕