ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 32
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៣២

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​ប៉ាលី ភី ប្រាត្ត និង សៃបា ភីតើសុន ខែ​តុលា ឆ្នាំ​១៨៣០ (History of the Church, ១:១១៨–១២០)។ បំណង និង​ក្ដី​ប៉ងប្រាថ្នា​ដ៏​ធំ​ដែល​ពួក​អែលឌើរ​មាន​អារម្មណ៍​អំពី​ពួក​សាសន៍​លេមិន ជា​ពួក​ដែល​សមាជិក​សាសនាចក្រ​បាន​រៀន​តាម​រយៈ​ព្រះ​គម្ពីរ​មរមន​ថា នឹង​ត្រូវ​ទទួល​ព្រះ​ពរ​ទាំង​ឡាយ។ ម្ល៉ោះ​ហើយ ការ​ទូល​អង្វរ​ត្រូវ​បាន​ធ្វើ​ឡើង សូម​ឲ្យ​ព្រះ​អម្ចាស់​ប្រាប់​ពី​ព្រះ​ហឫទ័យ​របស់​ទ្រង់ ថា​តើ​គួរ​ចាត់​ពួក​អែលឌើរ​ឲ្យ​ទៅ​រក​ពួកអំបូរ​ឥណ្ឌា​សាសន៍​អាម៉េរិកាំង​ដើម នៅ​ទិស​ខាង​លិច នៅ​ពេល​នេះ​ឬ​អី។ វិវរណៈ​ក៏​បាន​ទទួល​មក​តាម​ក្រោយ។

១–៣, ប៉ាលី ភី ប្រាត្ត និង សៃបា ភីតើសុន ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​ផ្សាយ​ប្រាប់​ពួក​សាសន៍​លេមិន ហើយ​ឲ្យ​ទៅ​ជាមួយ​នឹង អូលីវើរ ខៅឌើរី និង ពេត្រុស វិតមើរ ជុញ្ញ័រ; ៤–៥, ពួក​គេ​ត្រូវ​អធិស្ឋាន​សូម​យោបល់​ពី​ព្រះ​គម្ពីរ។

ហើយ​ឥឡូវ​នេះ​ស្ដី​អំពី ប៉ាលី ភី ប្រាត្ត ជា​អ្នក​បម្រើ​របស់​យើង មើល​ចុះ យើង​ប្រាប់​គាត់​ថា ដរាបណា​ដែល​យើង​មាន​ព្រះ​ជន្ម​រស់នៅ នោះ​គាត់​នឹង​ត្រូវ​ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ​របស់​យើង ហើយ​រៀន​អំពី​យើង ហើយ​ចូរ​មាន​ចិត្ត​ស្លូតបូត និង​សុភាព​ចុះ។

ហើយ​អ្វី​ដែល​យើង​នឹង​តាំង​ដល់​គាត់ គឺថា​គាត់​ត្រូវ​ទៅ​ជាមួយ​នឹង អូលីវើរ ខៅឌើរី និង ពេត្រុស វិតមើរ ជុញ្ញ័រ ជា​ពួក​អ្នក​បម្រើ​របស់​យើង គឺ​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន ក្នុង​ចំណោម​ពួក​សាសន៍​លេមិន។

ហើយ សៃបា ភីតើសុន ក៏​ត្រូវ​ទៅ​ជាមួយ​នឹង​ពួក​គេ​ដែរ ហើយ​យើង​ផ្ទាល់​ក៏​នឹង​យាង​ទៅ​ជាមួយ​នឹង​ពួក​គេ ហើយ​នឹង​នៅ​កណ្ដាល​ពួក​គេ ហើយ​យើង​ជា​ព្រះ​គាំទ្រ​ពួក​គេ​ចំពោះ​ព្រះ​វរបិតា ហើយ​គ្មាន​អ្វី​នឹង​អាច​ឈ្នះ​លើ​ពួក​គេ​បាន​ឡើយ។

ហើយ​ពួក​គេ​នឹង​ស្ដាប់​តាម​អ្វី​ដែល​បាន​ចែង​ទុក ហើយ​នឹង​មិន​ស្មានថា​មាន​វិវរណៈ​ឯណា​ទៀត​ឡើយ ហើយ​ពួក​គេ​នឹង​ត្រូវ​អធិស្ឋាន​ជានិច្ច ដើម្បី​យើង​អាច​លាតត្រដាង​នូវ​អ្វី​ដដែល ឲ្យ​ពួក​គេ​បាន​យល់។

ហើយ​ពួក​គេ​នឹង​ត្រូវ​ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំង​នេះ ហើយ​មិន​ត្រូវ​ប្រហែស​ឡើយ ហើយ​យើង​នឹង​ប្រទាន​ពរ​ដល់​ពួក​គេ។ អាម៉ែន៕