ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 94
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៩៤

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី៦ ខែ​ឧសភា ឆ្នាំ​១៨៣៣ (History of the Church, ១:៣៤៦–៣៤៧)។ ហៃរុម ស៊្មីធ, រេយណូលស៍ ខាហ៊ូន, និង យ៉ារេឌ ខារតើរ ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​គណៈកម្មាធិការ​ខាង​ការ​ស្ថាបនា​អាគារ​នៃ​សាសនាចក្រ។

១–៩, ព្រះ​អម្ចាស់​ទ្រង់​ប្រទាន​ព្រះ​បញ្ញត្តិ​មួយ ដែល​ទាក់​ទង​ទៅ​នឹង​សំណង់​សាលា​មួយ សម្រាប់​កិច្ចការ​នៃ​គណៈប្រធាន; ១០–១២, រោង​បោះពុម្ព​ត្រូវ​សង់​ឡើង; ១៣–១៧, កេរមរតក​ខ្លះៗ​ត្រូវ​បាន​ចែក។

ហើយ​ជា​ថ្មី​ទៀត ប្រាកដ​មែន យើង​ប្រាប់​អ្នក ជា​មិត្ត​ទាំង​ឡាយ​របស់​យើង​ថា យើង​ប្រទាន​ព្រះ​បញ្ញត្តិ​មួយ​ដល់​អ្នក ថា​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ចាប់​ផ្ដើម​គ្រោង​ការ និង​រៀបចំ​សំណង់ និង​គ្រឹះ​នៃ​ទី​ក្រុង​ក្នុង​ស្តេក​របស់​ស៊ីយ៉ូន​នៅ​ទី​នេះ នៅ​ក្នុង​ដែនដី​ខឺតឡង់ ចាប់​ផ្ដើម​ដំណាក់​របស់​យើង។

ហើយ​មើល​ចុះ គឺ​ត្រូវ​ធ្វើ​តាម​គំរូ ដែល​យើង​បាន​ប្រទាន​ដល់​អ្នក។

ហើយ​ចូរ​ថ្វាយ​កន្លែង​ដី​ទី​មួយ​នៅ​ទិស​ខាង​ត្បូង ទុកជា​អគារ​នៃ​សាលា​សម្រាប់​គណៈប្រធាន សម្រាប់​កិច្ចការ​នៃ​គណៈប្រធាន​ក្នុង​ការ​ទទួល​វិវរណៈ​ទាំង​ឡាយ និង​សម្រាប់​កិច្ចការ​ខាង​ការងារ​បម្រើ​នៃ​គណៈប្រធាន​នៅ​គ្រប់​ទាំង​អស់ ដែល​ទាក់​ទង​ទៅ​នឹង​សាសនាចក្រ និង​នគរ។

យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា គឺ​ត្រូវ​សង់​ទទឹង ១៧ ម៉ែត្រ និង​បណ្ដោយ ២០ ម៉ែត្រ នៅ​ទីលាន​ខាង​ក្នុង។

ហើយ​ត្រូវ​មាន​ទីលាន​ខាង​ក្រោម និង​ទីលាន​ខាង​លើ តាម​គំរូ​ដែល​នឹង​បាន​ប្រទាន​ដល់​អ្នក ពី​ពេល​នេះ​ត​ទៅ។

ហើយ​គឺ​ត្រូវ​ធ្វើ​ពិធី​ឆ្លង​ថ្វាយ​ដល់​ព្រះ​អម្ចាស់ ចាប់​តាំង​ពី​គ្រឹះ​តាម​របៀប​នៃ​បព្វជិតភាព តាម​គំរូ​ដែល​នឹង​បាន​ប្រទាន​ដល់​អ្នក​ពី​ពេល​នេះ​ត​ទៅ។

ហើយ​នឹង​ត្រូវ​បាន​ធ្វើ​ពិធី​ឆ្លង​ថ្វាយ​ដល់​ព្រះ​អម្ចាស់ ទុក​សម្រាប់​កិច្ចការ​នៃ​គណៈប្រធាន។

ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​របស់​មិន​ស្អាត​ចូល​ក្នុង​ទី​នោះ​ឡើយ ហើយ​សិរី​ល្អ​របស់​យើង​នឹង​នៅ​ទី​នោះ ហើយ​វត្ត​មាន​របស់​យើង​នឹង​នៅ​ទី​នោះ។

ប៉ុន្តែ​បើ​សិន​ជា​មាន​របស់​មិន​ស្អាត​ណា​មួយ​ចូល​ក្នុង​ទី​នោះ នោះ​សិរី​ល្អ​របស់​យើង​នឹង​មិន​នៅ​ទី​នោះ​ទេ ហើយ​វត្ត​មាន​របស់​យើង​ក៏​នឹង​មិន​ចូល​មក​ទី​នោះ​ដែរ។

១០ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កន្លែង​ដី​ទី​ពីរ​នៅ​ទិស​ខាង​ត្បូង នឹង​ត្រូវ​ធ្វើ​ពិធី​ឆ្លង​ថ្វាយ​ដល់​យើង ទុកជា​អគារ​នៃ​គេហដ្ឋាន​របស់​យើង ទុក​សម្រាប់​កិច្ចការ​ខាង​ការ​បោះពុម្ព​នៃ​ការ​បកប្រែ​នូវ​ព្រះ​គម្ពីរ​របស់​យើង និង​គ្រប់​អ្វីៗ​ទាំង​អស់ ដែល​យើង​នឹង​បញ្ជា​ដល់​អ្នក។

១១ហើយ​ទទឹង​ត្រូវ​ជា ១៧ ម៉ែត្រ និង​បណ្ដោយ​ត្រូវ​ជា ២០ ម៉ែត្រ នៅ​ទីលាន​ខាង​ក្នុង ហើយ​ត្រូវ​មាន​ទីលាន​ខាង​ក្រោម និង​ទីលាន​ខាង​លើ។

១២ហើយ​គេហដ្ឋាន​នេះ​នឹង​ត្រូវ​ថ្វាយ​ដល់​ព្រះ​អម្ចាស់​ទាំង​មូល ចាប់​តាំង​ពី​គ្រឹះ​ផ្ទះ ទុក​សម្រាប់​កិច្ចការ​នៃ​ការ​បោះពុម្ព​ដោយ​នូវ​គ្រប់​ការណ៍​ទាំង​អស់ ដែល​យើង​នឹង​បញ្ជា​ដល់​អ្នក ដើម្បី​ឲ្យ​បាន​បរិសុទ្ធ​ដោយ​ឥត​ខូច​ឡើយ ស្រប​តាម​គំរូ​នៅ​គ្រប់​ការណ៍​ទាំង​អស់ ដូចដែល​នឹង​បាន​ប្រទាន​ដល់​អ្នក។

១៣ហើយ​នៅ​កន្លែង​ដី​ទី​បី នោះ​ហៃរុម ស៊្មីធ ជា​អ្នក​បម្រើ​របស់​យើង​នឹង​បាន​ទទួល​កេរមរតក​របស់​គាត់។

១៤ហើយ​នៅ​កន្លែង​ដី​ទី​មួយ និង​ទី​ពីរ​នៅ​ទិស​ខាង​ជើង នោះ រេយណូលស៍ ខាហ៊ូន និង យ៉ារេឌ ខារតើរ ជា​ពួក​អ្នក​បម្រើ​របស់​យើង​នឹង​បាន​ទទួល​កេរមរតក​របស់​ពួក​គេ —

១៥ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​ធ្វើ​កិច្ចការ​ដែល​យើង​បាន​តាំង​ដល់​ពួក​គេ គឺ​ធ្វើ​ជា​គណៈកម្មាធិការ​ដើម្បី​កសាង​គេហដ្ឋាន​ទាំង​ឡាយ​របស់​យើង ស្រប​តាម​ព្រះ​បញ្ញត្តិ ដែល​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​បាន​ប្រទាន​ដល់​អ្នក —

១៦គេហដ្ឋាន​ទាំង​ពីរ​នេះ មិន​ត្រូវ​កសាង​ទេ ទាល់​តែ​យើង​ប្រទាន​ដល់​អ្នក​នូវ​ព្រះ​បញ្ញត្តិ​មួយ អំពី​គេហដ្ឋាន​នោះ​សិន។

១៧ហើយ​ឥឡូវ​នេះ យើង​មិន​ប្រទាន​អ្វី​ទៅ​ដល់​អ្នក​ទៀត​ឡើយ​នៅ​ពេល​នេះ។ អាម៉ែន៕