ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 51

កណ្ឌ​ទី ៥១

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ភូមិ​ថមសុន រដ្ឋ​អូហៃអូ ខែ​ឧសភា ឆ្នាំ​១៨៣១ (History of the Church, ១:១៧៣–១៧៤)។ នៅ​ពេល​នេះ ពួក​បរិសុទ្ធ​ដែល​ផ្លាស់​លំនៅ​ពី​រដ្ឋ​ទាំង​ឡាយ​នៅ​ទិស​ខាង​កើត បាន​ចាប់​ផ្ដើម​មក​ដល់​រដ្ឋ​អូហៃអូ ហើយ​ជា​ការ​ចាំ​បាច់​ដើម្បី​រក​ទី​កន្លែង​សម្រាប់​ឲ្យ​ពួក​គេ​តាំងទី​លំនៅ។ ជា​ពិសេស ពី​ព្រោះ​ការ​ណ៍​នេះ​ជា​ភ្នាក់​ងារ​ខាង​តំណែង​របស់​ប៊ីស្សព បាន​ជា​លោក​ប៊ីស្សព អែតវឺត ប៉ាទ្រិច ស្វែងរក​ការ​បង្គាប់​អំពី​រឿង​នេះ ហើយ​ព្យាការី​បាន​សូម​ដល់​ព្រះ​អម្ចាស់។

១–៨, អែតវឺត ប៉ាទ្រិច ត្រូវ​បាន​ចាត់តាំង​ឲ្យ​រៀបចំ​ការ​កាន់កាប់​ត្រួតត្រា និង​ទ្រព្យសម្បត្តិ​ទាំង​ឡាយ; ៩–១២, ពួក​បរិសុទ្ធ​ត្រូវ​ប្រព្រឹត្ត​ដោយ​ទៀងត្រង់ ហើយ​ត្រូវ​បាន​ទទួល​ដូច​គ្នា; ១៣–១៥, ពួក​គេ​ត្រូវ​មាន​ឃ្លាំង​ប៊ីស្សព ហើយ​ត្រូវ​រៀបចំ​ទ្រព្យសម្បត្តិ​ទាំង​ឡាយ តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ​អម្ចាស់; ១៦–២០, រដ្ឋ​អូហៃអូ​ត្រូវ​ទៅ​ជា​កន្លែង​សម្រាប់​ជួបជុំ​គ្នា​បណ្ដោះ​អាសន្ន។

ចូរ​ប្រុង​ស្ដាប់​តាម​យើង ព្រះ​អម្ចាស់​ជា​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ហើយ​យើង​នឹង​មាន​បន្ទូល​ដល់ អែតវឺត ប៉ាទ្រិច ជា​អ្នក​បម្រើ​របស់​យើង ហើយ​នឹង​ប្រទាន​ការ​ដឹកនាំ​ទាំង​ឡាយ​ដល់​គាត់ ត្បិត​ជា​ការ​ចាំ​បាច់​ដែល​គាត់​បាន​ទទួល​ការ​ដឹកនាំ​អំពី​របៀប​រៀបចំ​ប្រជារាស្ត្រ​នេះ។

ត្បិត​ជា​ការ​ចាំ​បាច់ ដែល​ពួក​គេ​ត្រូវ​បាន​រៀបចំ​តាម​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​របស់​យើង បើ​សិន​ជា​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​ត្រូវ​កាត់​ចេញ។

ហេតុ​ដូច្នោះ​ហើយ ចូរ​ឲ្យ អែតវឺត ប៉ាទ្រិច ជា​អ្នក​បម្រើ​របស់​យើង ហើយ​និង​ពួក​អ្នក​ទាំង​នោះ ដែល​គាត់​បាន​រើស ដែល​ជាទី​ពេញ​ចិត្ត​របស់​យើង ចូរ​ឲ្យ​ប្រគល់​ចំណែក​ដល់​ប្រជារាស្ត្រ​នេះ​រៀងៗ​ខ្លួន គឺ​មនុស្ស​គ្រប់​រូប​ត្រូវ​បាន​ដូច​គ្នា តាម​គ្រួសារ​របស់​ខ្លួន តាម​កាលៈទេសៈ របស់​ខ្លួន និង​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន។

ហើយ​ចូរ​ឲ្យ អែតវឺត ប៉ាទ្រិច ជា​អ្នក​បម្រើ​របស់​យើង កាលណា​គាត់​ត្រូវ​ប្រគល់​ចំណែក​ដល់​អ្នក​ណាមួយ ចូរ​ឲ្យ​បង្កាន់ដៃ​ដល់​អ្នក​នោះ ដែល​នឹង​ធានា​ដល់​គាត់​នូវ​ចំណែក​របស់​គាត់ ដើម្បី​ឲ្យ​គាត់​ត្រូវ​បាន​កាន់​របស់​នោះ ដែល​ជា​សិទ្ធិ​នេះ និង​កេរ្តិ៍​អាករ​នេះ នៅ​ក្នុង​សាសនាចក្រ រហូត​ដល់​អ្នក​នោះ​ធ្វើ​ការ​រំលង ហើយ​រាប់​ថា មិន​សម ដោយ​សារ​សំឡេង​នៃ​សាសនាចក្រ តាម​ក្រឹត្យ​វិន័យ និង​សេចក្ដី​សញ្ញា​ទាំង​ឡាយ​នៃ​សាសនាចក្រ ដើម្បី​ឲ្យ​បាន​រាប់​ថា ជា​របស់​ផង​សាសនាចក្រ។

ហើយ​បើ​សិន​ជា​អ្នក​នោះ​នឹង​ធ្វើ​ការ​រំលង ហើយ​រាប់​ថា មិន​សមជា​របស់​ផង​សាសនាចក្រ​ទេ អ្នក​នោះ​មិន​ត្រូវ​មាន​អំណាច​នឹង​ទាម​ទារយក​ចំណែក​នោះ ដែល​គាត់​បាន​ថ្វាយ​ដល់​ប៊ីស្សព​សម្រាប់​ឲ្យ​ដល់​មនុស្ស​ទាល់​ក្រ និង​មនុស្ស​កម្សត់​ទុរគត​ទៅ​ហើយ​នោះ​ទេ ហេតុ​ដូច្នេះ​ហើយ អ្នក​នោះ​មិន​ត្រូវ​យក​អំណោយ​ទាន​នោះ​បាន​វិញ​ឡើយ ប៉ុន្តែ​នឹង​បាន​តែ​ចំណែក​ណា​ដែល​បាន​ធានា​ដល់​គាត់​ប៉ុណ្ណោះ។

ហើយ​គ្រប់​ទាំង​អស់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ត្រឹម​ត្រូវ តាមក្រឹត្យ​វិន័យ​របស់​ដែនដី​យ៉ាង​ដូច្នោះ​ហើយ។

ហើយ​ចូរ​ឲ្យ​អ្វី​ដែល​ជា​របស់​ផង​ប្រជារាស្ត្រ​នេះ ត្រូវ​បាន​ប្រគល់​ដល់​ប្រជារាស្ត្រ​នេះ​ចុះ។

ហើយ​ប្រាក់​កាស​ទាំង​ប៉ុន្មាន​ដែល​នៅ​សល់​ដល់​ប្រជារាស្ត្រ​នេះ — ចូរ​ឲ្យ​មាន​ភ្នាក់​ងារ​មួយ​តែងតាំង​ឡើង​ចំពោះ​ប្រជារាស្ត្រ​នេះ ដើម្បី​យក​ប្រាក់​កាស​ទៅ​ផ្ដល់​អាហារ និង​សំលៀកបំពាក់ តាម​សេចក្ដី​ត្រូវ​ការ​នៃ​ប្រជារាស្ត្រ​នេះ។

ហើយ​ចូរ​ឲ្យ​មនុស្ស​គ្រប់​រូប​ប្រព្រឹត្ត​ដោយ​ទៀងត្រង់ ហើយ​រាប់​ដូច​គ្នា​នៅ​ក្នុង​ចំណោម​ប្រជារាស្ត្រ​នេះ ហើយ​ឲ្យ​បាន​ទទួល​ដូច​គ្នា ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួម​គ្នា​តែមួយ គឺ​ដូច​ជា​យើង​បាន​បញ្ជា​ដល់​អ្នក។

១០ហើយ​ចូរ​កុំ​យក​អ្វី​ដែល​ជា​របស់​ផង​ប្រជារាស្ត្រ​នេះ ទៅ​ឲ្យ​សាសនាចក្រ​ណា​ផ្សេង​ទៀត​ឡើយ។

១១ហេតុ​ដូច្នោះ​ហើយ បើ​សិន​ជា​សាសនាចក្រ​ណា​ផ្សេង​ទៀត ទទួល​ប្រាក់​កាស​ពី​សាសនាចក្រ​នេះ ចូរ​ឲ្យ​ពួក​គេ​បង់​សាសនាចក្រ​នេះ​វិញ តាម​ដែល​ពួក​គេ​បាន​យល់​ព្រម

១២ហើយ​ការណ៍​នេះ​ត្រូវ​បាន​សម្រេច​តាម​រយៈ​ប៊ីស្សព ឬ​ភ្នាក់​ងារ​ដែល​ត្រូវ​បាន​តែងតាំង​ឡើង ដោយ​សារ​សំឡេង​នៃ​សាសនាចក្រ។

១៣ហើយ​ជា​ថ្មី​ទៀត ចូរ​ឲ្យ​ប៊ីស្សព​តាំង​ឃ្លាំង​មួយ​ឡើង​ចំពោះ​សាសនាចក្រ​នេះ ហើយ​ចូរ​ឲ្យ​គ្រប់​ទាំង​អស់ ទាំង​ប្រាក់ និង​អាហារ ដែល​មាន​ច្រើន​ជាង​សេចក្ដី​ត្រូវ​ការ​របស់​ប្រជារាស្ត្រ​នេះ រក្សាទុក​នៅ​ក្នុង​ដៃ​របស់​ប៊ីស្សព។

១៤ហើយ​ចូរ​ឲ្យ​គាត់​ទុក​របស់​របរ​ដល់​ខ្លួន​សម្រាប់​សេចក្ដី​ត្រូវ​ការ​របស់​គាត់​ផ្ទាល់ និង​សម្រាប់​សេចក្ដី​ត្រូវ​ការ​របស់​គ្រួសារ​របស់​គាត់​ផង ព្រោះ​គាត់​នឹង​ត្រូវ​រវល់​ក្នុង​ការ​ធ្វើ​កិច្ចការ​នេះ។

១៥ហើយ​យើង​ប្រទាន​ដល់​ប្រជារាស្ត្រ​នេះ​នូវ​ឯកសិទ្ធិ​មួយ​ក្នុង​ការ​រៀបចំ​ខ្លួន តាម​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​របស់​យើង​យ៉ាង​ដូច្នោះ​ហើយ។

១៦ហើយ​យើង​តាំង​ដែនដី​នេះ​ដល់​ពួក​គេ សម្រាប់​មួយ​រដូវ​តូច រហូត​ដល់​យើង​ជា​ព្រះ​អម្ចាស់ នឹង​ផ្ដល់​ដល់​ពួក​គេ​តាម​ផ្លូវ​ណាមួយ​ទៀត ហើយ​បញ្ជា​ពួក​គេ​ឲ្យ​ចេញ​ពី​ទី​នេះ​ទៅ

១៧ហើយ​ម៉ោង និង​ថ្ងៃ​នោះ ពុំ​ត្រូវ​បាន​ប្រាប់​ដល់​ពួក​គេ​ទេ ហេតុ​ដូច្នោះ​ហើយ ចូរ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​នៅ​លើ​ដែនដី​នេះ ហាក់​ដូច​ជា​នៅ​ច្រើន​ឆ្នាំ ហើយ​ការណ៍​នេះ​នឹង​ត្រូវ​បាន​ត្រឡប់​ទៅ​ជា​ល្អ​ដល់​ពួក​គេ។

១៨មើល​ចុះ ការណ៍​នេះ​នឹង​ត្រូវ​ទៅ​ជា​គំរូ​ដល់ អែតវឺត ប៉ាទ្រិច ជា​អ្នក​បម្រើ​របស់​យើង ក្នុង​កន្លែង​ផ្សេងៗ​ទៀត នៅ​គ្រប់​សាសនាចក្រ។

១៩ហើយ​អស់​អ្នក​ណា​ដែល​ឃើញ​ថា​ជា​អ្នក​កាន់កាប់​ត្រួតត្រា​ដោយ​ស្មោះ​ត្រង់ យុត្តិធម៌ និង​ឈ្លាសវៃ នោះ​នឹង​ត្រូវ​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​អំណរ​នៃ​ព្រះ​អម្ចាស់​របស់​ខ្លួន ហើយ​នឹង​បាន​គ្រង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ទុកជា​មរតក។

២០យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​មក​យ៉ាង​ឆាប់​រហ័ស នៅ​វេលា​ដែល​អ្នក​មិន​គិត។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕