ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 108
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ១០៨

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​១៨៣៥ (History of the Church, ២:៣៤៥)។ កណ្ឌ​នេះ​ត្រូវ​បាន​ទទួល​តាម​សំណូមពរ​របស់​ឡៃម៉ាន ស៊ើម៉ាន ដែល​ទើប​បាន​តែងតាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ​ជាន់​ខ្ពស់ និង​ជា​ពួក​៧០​នាក់​រួច​មក​ហើយ ហើយ​ដែល​ជា​អ្នក​បាន​មក​រក​ព្យាការី​សូម​វិវរណៈ​ចង់​ដឹង​ពី​ភារកិច្ច​របស់​គាត់។

១–៣, ឡៃម៉ាន ស៊ើម៉ាន ត្រូវ​បាន​អត់​ទោស​ចំពោះ​អំពើ​បាប​របស់​គាត់​ហើយ; ៤–៥, គាត់​នឹង​ត្រូវ​បាន​រាប់​ចូល​ជាមួយ​នឹង​ពួក​អែលឌើរ​ដែល​ដឹកនាំ​សាសនាចក្រ; ៦–៨, គាត់​ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយដំណឹង​ល្អ ហើយ​ឲ្យ​ចម្រើន​កម្លាំង​ដល់​បង​ប្អូន​គាត់​នៅ​ក្នុង​សាសនា។

ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដល់​អ្នក គឺ​ឡៃម៉ាន ជា​អ្នក​បម្រើ​របស់​យើង​ដូច្នេះ​ថា ៖ អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក​ត្រូវ​បាន​អត់​ទោស​ឲ្យ​ហើយ ពី​ព្រោះ​អ្នក​បាន​គោរព​តាម​សំឡេង​របស់​យើង​ក្នុង​ការ​ឡើង​មក​ទី​នេះ នៅ​ពេល​ព្រលឹម​នេះ ដើម្បី​មក​ទទួល​ការ​ទូន្មាន​ពី​អ្នក​ដែល​យើង​បាន​តាំង​ឡើង។

ហេតុ​ដូច្នេះ​ហើយ ចូរ​ឲ្យ​ព្រលឹង​អ្នក​បាន​ស្ងប់​ស្ងៀម​អំពី​ជំហរ​ខាង​វិញ្ញាណ​របស់​អ្នក​ចុះ ហើយ​ចូរ​កុំ​ប្រឆាំង​នឹង​សំឡេង​របស់​យើង​ទៀត​ឡើយ។

ហើយ​ចូរ​ក្រោក​ឈរ​ឡើង ហើយ​ចូរ​ប្រយ័ត្ន​ពី​ពេល​នេះ​ត​ទៅ ក្នុង​ការ​គោរព​តាម​សម្បថ​ទាំង​ឡាយ​របស់​អ្នក ដែល​អ្នក​បាន​ធ្វើ ហើយ​នឹង​ធ្វើ ហើយ​អ្នក​នឹង​បាន​ពរ​ដោយ​ព្រះ​ពរ​ដ៏​ធំ​អតិបរមា។

ចូរ​ព្យាយាម​រង់ចាំ ទាល់​តែ​ត្រូវ​បាន​ប្រកាស​ឲ្យ​មាន​ជំនុំ​មុតមាំ​មួយ ដោយ​ពួក​អ្នក​បម្រើ​របស់​យើង ខណៈ​នោះ អ្នក​នឹង​បាន​ចំណាំ​ទុក​ជាមួយ​ពួក​អែលឌើរ​ទី​មួយ​របស់​យើង ហើយ​ទទួល​សិទ្ធិ ដោយ​ការ​តែងតាំង​ជាមួយ​និង​ពួក​អែលឌើរ​របស់​យើង ដែល​យើង​បាន​រើស នោះ។

មើល​ចុះ នេះ​គឺជា​សេចក្ដី​សន្យា​នៃ​ព្រះ​វរបិតា​ដល់​អ្នក បើ​សិន​ជា​អ្នក​មាន​ចិត្ត​ស្មោះត្រង់​រហូត​ត​ទៅ។

ហើយ​នឹង​បាន​បំពេញ​ដល់​អ្នក​នៅ​ថ្ងៃ​នោះ ថា​អ្នក​នឹង​បាន​សិទ្ធិ​ដើម្បី​ផ្សាយដំណឹង​ល្អ​របស់​យើង​នៅ​ទីណា​ក៏​ដោយ ដែល​យើង​នឹង​ចាត់​ឲ្យ​អ្នក​ទៅ ពី​ពេល​នេះ​រៀង​រហូត​ត​ទៅ។

ហេតុ​ដូច្នេះ​ហើយ ចូរ​ចម្រើន​កម្លាំង​ដល់​បង​ប្អូន​អ្នក​នៅ​ក្នុង​សាសនា ដោយ​គ្រប់​វាចា​របស់​អ្នក ដោយ​គ្រប់​សេចក្ដី​អធិស្ឋាន​របស់​អ្នក ដោយ​គ្រប់​សេចក្ដី​ដាស់តឿន​របស់​អ្នក និង​ដោយ​គ្រប់​ការ​ប្រព្រឹត្តិ​របស់​អ្នក។

ហើយ​មើល​ចុះ និង​មើល​ន៏ យើង​គង់នៅ​ជាមួយ​អ្នក ដើម្បី​ប្រទាន​ពរ​ដល់​អ្នក ហើយ​រំដោះ​អ្នក​ជា​រៀង​ដរាប​ត​ទៅ។ អាម៉ែន៕