ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 125
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ១២៥

វិវរណៈ​ដែល​បាន​ប្រទាន​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ណៅវូ រដ្ឋ​អិលលីណោយ ខែ​មីនា ឆ្នាំ​១៨៤១ អំពី​ពួក​បរិសុទ្ធ​នៅ​ក្នុង​ភូមិ​ភាគ​អៃអូវ៉ា (History of the Church, ៤:៣១១–៣១២)។

១–៤, ពួក​បរិសុទ្ធ​ត្រូវ​ស្ថាបនា​ទី​ក្រុង​ទាំង​ឡាយ ហើយ​ត្រូវ​ប្រមូល​គ្នា​ទៅ​ឯ​ស្តេក​ទាំង​ឡាយ​នៃ​ក្រុង​ស៊ីយ៉ូន។

តើ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​ហឫទ័យ​យ៉ាង​ណា អំពី​ពួក​បរិសុទ្ធ​នៅ​ក្នុង​ភូមិ​ភាគ​អៃអូវ៉ា?

ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា យើង​ប្រាប់​ដល់​អ្នក បើ​សិន​អស់​អ្នក​ដែល​ហៅ​ខ្លួន​តាម​ព្រះ​នាម​យើង ហើយ​ប្រុង​នឹង​ធ្វើ​ជា​ពួក​បរិសុទ្ធ​របស់​យើង បើ​សិន​ជា​ពួក​គេ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​យើង ហើយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​យើង​មាន​អំពី​ពួក​គេ នោះ​ចូរ​ឲ្យ​ពួក​គេ​ប្រមូល​គ្នា​មក​រក​កន្លែង​ទាំង​ឡាយ ដែល​យើង​នឹង​តាំង​ដល់​ពួក​គេ ដោយ​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង​ចុះ ហើយ​ស្ថាបនា​ទី​ក្រុង​ទាំង​ឡាយ​ឡើង​ដល់​ព្រះ​នាម​របស់​យើង ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​រៀបចំ​ទុកជា​ស្រេច​សម្រាប់​អ្វី​ដែល​នឹង​មក​នៅ​ពេល​អនាគត។

ចូរ​ឲ្យ​ពួក​គេ​ស្ថាបនា​ទី​ក្រុង​មួយ​ឡើង​ដល់​ព្រះ​នាម​របស់​យើង នៅ​លើ​ដែនដី​បណ្ដោយ​នឹង​ទី​ក្រុង​ណៅវូ ហើយ​ចូរ​ហៅ​ឈ្មោះ សារ៉ាហិមឡា ជា​ឈ្មោះ​ទី​ក្រុង​នោះ​ចុះ។

ហើយ​ចូរ​ឲ្យ​អស់​អ្នក​ដែល​មក​ពី​ទិស​ខាង​កើត និង​ខាង​លិច និង​ខាង​ជើង និង​ខាង​ត្បូង​ណា​ដែល​មាន​សេចក្ដី​ប្រាថ្នា​ចង់​អាស្រ័យ​នៅ​ទី​នេះ ចូរ​ឲ្យ​យក​ទី​កេរ្តិ៍​អាករ​នៅ​ទី​ដដែល​នោះ ព្រម​ទាំង​នៅ​ក្នុង​ទី​ក្រុង​ណាស្វិល ឬ​ក៏​នៅ​ក្នុង​ទី​ក្រុង​ណៅវូ និង​នៅ​ក្នុង​ស្តេក​ទាំង​ឡាយ ដែល​យើង​បាន​តាំង​ឡើង ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។