ព្រះគម្ពីរ
បុព្វកថា
កំណត់ចំណាំ​នៅ​បាត
បាវចនា

បុព្វកថា

គោល​លទ្ធិ និង​សេចក្ដី​សញ្ញា គឺជា​ការ​ប្រជុំ​វិវរណៈ​ទាំង​ឡាយ​ពី​ព្រះ និង​ជា​សេចក្ដី​ប្រកាស​ដ៏​បំភ្លឺ​ទាំង​ឡាយ ដែល​បាន​ប្រទាន​ឲ្យ​មក សម្រាប់​ការ​តាំង​ឡើង និង​ការ​ត្រួតត្រា​នគរ​ព្រះ​នៅ​លើ​ផែនដី​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។ ទោះ​ជា​កណ្ឌ​ភាគ​ច្រើន ត្រូវ​បាន​ផ្ដោត​តម្រង់​ទៅ​រក​សមាជិក​ទាំង​ឡាយ​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ក៏​ដោយ គង់តែ​សារ​បទ​ព្រមាន និង​ពាក្យ​ទូន្មាន ទាំង​ប៉ុន្មាន​នោះ ជា​ប្រយោជន៍​ដល់​មនុស្ស​លោក​គ្រប់​រូប ហើយ​មាន​ការ​អញ្ជើញ​ដល់​ប្រជាជន​ទាំង​ពួង នៅ​គ្រប់​ទិសទី ឲ្យ​ស្ដាប់​សំឡេង​នៃ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ដែល​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ពួក​គេ សម្រាប់​សុខុមាលភាព​ខាង​សាច់​ឈាម​របស់​ពួក​គេ និង​សម្រាប់​សេចក្ដី​សង្គ្រោះ​ដ៏​អស់​កល្ប​ជានិច្ច​របស់​ពួក​គេ។

វិវរណៈ​ភាគ​ច្រើន​នៅ​ក្នុង​ការ​ប្រជុំ​នេះ ត្រូវ​បាន​ទទួល​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​ព្យាការី និង​ជា​ប្រធាន​ទី​មួយ នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ។ វិវរណៈ​ឯ​ទៀត​នោះ ត្រូវ​បាន​ចេញ​មក​តាម​រយៈ​ពួក​អ្នក​ស្នង​លោក​ក្នុង​គណៈប្រធាន​ខ្លះៗ (សូម​មើល​ចំណង​ជើង​ទាំង​ឡាយ នៃ​កណ្ឌ​ទី ១៣៥, ១៣៦, និង ១៣៨, និង​សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ​ទី​១ និង​ទី​២)។

ព្រះ​គម្ពីរ​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា គឺជា​គម្ពីរ​មួយ​ក្នុង​គម្ពីរ​បមាណីយ​នៃ​សាសនាចក្រ ដែល​មាន​រួម​នូវ​ព្រះ​គម្ពីរ​ប៊ីប ព្រះ​គម្ពីរ​មរមន និង​កែវ​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា។ ប៉ុន្តែ​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា គឺ​ពិសេស ពី​ព្រោះ​វា​មិនមែន​ជា​ការ​បកប្រែ​ពី​ឯកសារ​បុរាណ​ទេ តែ​វា​ជា​របស់​មាន​កំណើត​ឡើង​នៅ​សម័យ​ទំនើប ហើយ​ត្រូវ​បាន​ប្រទាន​ឲ្យ​មក​ពី​ព្រះ តាម​រយៈ​ពួក​ព្យាការី​ជម្រើស​របស់​ទ្រង់ សម្រាប់​ការ​សាង​ឡើង​វិញ​នៃ​កិច្ចការ​ដ៏​បរិសុទ្ធ និង​សម្រាប់​ការ​តាំង​ឡើង​នៃ​នគរ​ព្រះ​នៅ​លើ​ផែនដី​នៅ​ជំនាន់​នេះ។ នៅ​ក្នុង​វិវរណៈ​ទាំង​ឡាយ នោះ​បុគ្គល​ម្នាក់ៗ​ឮ​សំឡេង​ដ៏​ទន់ភ្លន់ តែ​ម៉ឺងម៉ាត់​នៃ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ដែល​មាន​ព្រះ​បន្ទូល​សារ​ជា​ថ្មី នៅ​ការ​កាន់កាប់​ត្រួតត្រា​ក្នុង​កាលដែល​ពេញ​កំណត់; ហើយ​កិច្ច​ការ​ដែល​បាន​ចាប់​ផ្ដើម​នៅ​ក្នុង​គម្ពីរ​នេះ គឺជា​ការ​ប្រុងប្រៀប​សម្រាប់​ការ​យាង​មក​លើក​ទី​ពីរ​របស់​ទ្រង់ ដើម្បី​ទុកជា​ការ​សម្រេច និង​ជា​ការ​ព្រម​ព្រៀង​នឹង​ពាក្យ​ពេចន៍​ទាំង​ឡាយ​នៃ​អស់​ទាំង​ពួក​ព្យាការី​បរិសុទ្ធ ចាប់​តាំង​ពី​កំណើត លោកិយ​មក។

យ៉ូសែប ស៊្មីធ ជុញ្ញ័រ កើត​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​១៨០៥ នៅ​ភូមិ​សារ៉ុន ឃុំ​វិនស៊ើរ រដ្ឋ​វ័រម៉ន្ត។ កាល​លោក​នៅ​ក្មេង លោក​បាន​រើ​ជាមួយ​គ្រួសារ​លោក​ទៅ​នៅ​ភូមិ​ម៉ែនឆែស្ទើរ នៅ​រដ្ឋ​ញូវយ៉ក​ភាគ​ខាង​លិច។ គឺ​កាល​លោក​កំពុង​រស់នៅ​ក្បែរ​ភូមិ​ម៉ែនឆែស្ទើរ នៅ​និទាឃៈរដូវ ក្នុង​ឆ្នាំ​១៨២០ កាល​លោក​មាន​អាយុ​ដប់​បួន​ឆ្នាំ​នេះ​ហើយ ដែល​លោក​បាន​មាន​ការ​ពិសោធន៍​អំពី​ការ​និមិត្ត​ទី​មួយ​របស់​លោក រីឯ​ការ​និមិត្ត​នេះ ព្រះ​ជា​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ បាន​យាង​មក​ជួប​លោក​ផ្ទាល់។ លោក​ត្រូវ​បាន​ប្រាប់​នៅ​ក្នុង​ការ​និមិត្ត​នេះ​ថា សាសនាចក្រ​ពិត​នៃ​ព្រះ​គ្រីស្ទ ដែល​បាន​តាំង​ឡើង​នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ហើយ​ដែល បាន​ចាត់តាំង​ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ​នោះ គឺ​មិន​មាន​នៅ​លើ​ផែនដី​ទៀត​ទេ។ មាន​ការ​បើក​សំដែង​ផ្សេងៗ​ទៀត​ពី​ព្រះ ដែល​លោក​ត្រូវ​បាន​ទទួល​ការ​បង្រៀន ដោយ​ពួក​ទេវតា​ជា​ច្រើន; ត្រូវ​បាន​បង្ហាញ​ដល់​លោក​ថា ព្រះ​ទ្រង់​មាន​កិច្ចការ​ពិសេស​មួយ សម្រាប់​ឲ្យ​លោក​ធ្វើ​នៅ​លើ​ផែនដី ហើយ​ថា​តាម​រយៈ​លោក នោះ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នឹង​បាន​សាង​ឡើង​វិញ​នៅ​លើ​ផែនដី។

នៅ​កំឡុង​ពេល​ដែល​កន្លង​ទៅ​នោះ យ៉ូសែប ស៊្មីធ បាន​ទទួល​ជំនួយ​ពី​ព្រះ ដើម្បី​បកប្រែ និង​បោះពុម្ពផ្សាយ​ព្រះ​គម្ពីរ​មរមន។ នៅ​ពេល​នោះ លោក និង អូលីវើរ ខៅឌើរី ត្រូវ​បាន​តែងតាំង​ដោយ​យ៉ូហាន-បាទីស្ទ ឲ្យ​កាន់​បព្វជិតភាព​អើរ៉ុន នៅ​ខែ​ឧសភា ឆ្នាំ​១៨២៩ (សូម​មើល គ. និង ស. ១៣) ហើយ​ក្រោយ​ពី​នោះ​បន្តិច​មក ពួក​គេ​ត្រូវ​បាន​តែងតាំង​ឲ្យ​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​ផង​ដែរ ដោយ​ពួក​សាវក​បុរាណ គឺ ពេត្រុស យ៉ាកុប និង​យ៉ូហាន (សូម​មើល គ. និង ស. ២៧:១២)។ ការ​តែងតាំង​ផ្សេងៗ​ទៀត ដែល​មាន​ឡើង​មក​តាម​ក្រោយ ដែល​មាន​កូន​សោ​ទាំង​ឡាយ​នៃ​បព្វជិតភាព នោះ​ត្រូវ​បាន​ប្រគល់​ដល់​ពួក​គេ ដោយ​លោក​ម៉ូសេ អេលីយ៉ា អេលីយ៉ាស និង​ពួក​ព្យាការី​បុរាណ​ជា​ច្រើន (សូម​មើល គ. និង ស. ១១០; ១២៨:១៨, ២១)។ តាម​ពិត ការ​តែងតាំង​ទាំង​ឡាយ​នេះ គឺជា​ការ​សាង​ឡើង​វិញ​នៃ​សិទ្ធិ​អំណាច​ពី​ព្រះ​ដល់​មនុស្ស​នៅ​លើ​ផែនដី។ នៅ​ថ្ងៃ​ទី ៦ ខែ​មេសា ឆ្នាំ​១៩៣០ គឺ​នៅ​ក្រោម​ការ​ដឹកនាំ​ពី​ស្ថាន​សួគ៌ នោះ​ព្យាការី​យ៉ូសែប ស៊្មីធ បាន​រៀបចំ​សាសនាចក្រ ដូច្នេះ​ហើយ សាសនាចក្រ​ដ៏​ពិត​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​សាសនាចក្រ ដែល​អនុវត្ត​ម្ដង​ទៀត នៅ​ចំណោម​មនុស្ស​លោក ដោយ​មាន​ទាំង​សិទ្ធិ​អំណាច ដើម្បី​បង្រៀន​ដំណឹង​ល្អ ហើយ​ចាត់ចែង​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​នៃ​សេចក្ដី​សង្គ្រោះ (សូម​មើល កែវ​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា, យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១–៧៥, និង គ. និង ស. ២០)។

វិវរណៈ​ដ៏​ពិសិដ្ឋ​ទាំង​ឡាយ​នេះ ត្រូវ​បាន​ទទួល​មក​ទុកជា​ចម្លើយ​ដល់​ការ​អធិស្ឋាន ក្នុង​កាលដែល​ត្រូវ​ការ ហើយ​ចេញ​ពី​ស្ថាន​ការណ៍​នៃ​ជីវិត​ពិត ដែល​មាន​រួម​នូវ​មនុស្ស​ពិត។ លោក​ព្យាការី និង​សហការី​ទាំង​ឡាយ​របស់​លោក បាន​ស្វែងរក​ការ​ណែនាំ​ពី​ព្រះ ហើយ​វិវរណៈ​ទាំង​ឡាយ​នេះ បញ្ជាក់​ថា​ពួក​គេ​បាន​ទទួល​ហើយ។ នៅ​ក្នុង​វិវរណៈ​ទាំង​ឡាយ នោះ​បុគ្គល​ឃើញ​ថា ការ​សាង​ឡើង​វិញ និង​ការ​បើក​សម្ដែង​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការ​នាំ​មក​នូវ​គ្រា​កាន់កាប់​ត្រួតត្រា​ក្នុង​កាលដែល​ពេញ​កំណត់។ សាសនាចក្រ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​លិច ចេញ​ពី​រដ្ឋ​ញូវយ៉ក និង​រដ្ឋ​ផែនសិលវេញ៉ា ទៅ​រដ្ឋ​អូហៃអូ ទៅ​រដ្ឋ​មិសសួរី ទៅ​រដ្ឋ អិលលីណោយ និង​នៅ​ទី​បញ្ចប់ ទៅ​កាន់ ក្រេតបេសិន (ទំនាប​ដ៏​មហិមា) នៃ​ប្រទេស​អាមេរិក​ភូមិ​ភាគ​ខាង​លិច ហើយ​ការ​តស៊ូ​ដ៏​ខ្លាំង​ក្លា​របស់​ពួក​បរិសុទ្ធ ក្នុង​ការ​ស្វះស្វែង​ដើម្បី​កសាង​ស៊ីយ៉ូន​នៅ​លើ​ផែនដី នៅ​សម័យ​ទំនើប ក៏​ត្រូវ​បាន​បង្ហាញ​ផង​ដែរ​នៅ​ក្នុង​វិវរណៈ​ទាំង​ឡាយ​នេះ។

​មាន​កណ្ឌ​មុនៗ​ភាគ​ច្រើន មាន​រួម​នូវ​រឿង​អំពី​ការ​បកប្រែ និង​ការ​បោះពុម្ព​ព្រះ​គម្ពីរ​មរមន (សូម​មើល​កណ្ឌ​ទី ៣, , ១០, ១៧, និង ១៩)។ កណ្ឌ​ក្រោយៗ​ខ្លះ បង្ហាញ​នូវ​កិច្ចការ​នៃ​ព្យាការី​យ៉ូសែប ស៊្មីធ ក្នុង​ការ​ធ្វើ​ការ​បកប្រែ​ព្រះ​គម្ពីរ​ប៊ីប​ដ៏​ប្រកប​ដោយ​ការ​បំផុស​គំនិត ក្នុង​កាល​នោះ​ហើយ ដែល​កណ្ឌ​ទាំង​ឡាយ​ស្ដី​អំពី​គោល​លទ្ធិ​ដ៏​មហិមា ត្រូវ​បាន​ទទួល (ជា​ឧទាហរណ៍ សូម​មើល​កណ្ឌ​ទី ៣៧, ៤៥, ៧៣, ៧៦, ៧៧, ៨៦, ៩១, និង ១៣២, ហើយ​កណ្ឌ​នីមួយៗ​នេះ មាន​ទំ​នាក់​ទំនងចំៗមួយ​ចំនួន ទៅ​នឹង​ការ​បកប្រែ​ព្រះ​គម្ពីរ​ប៊ីប)។

នៅ​ក្នុង​វិវរណៈ​ទាំង​ឡាយ គោល​លទ្ធិ​ទាំង​ឡាយ​នៃ​ដំណឹង​ល្អ ត្រូវ​បាន​ចែង​ប្រាប់ ដោយ​មាន​ការ​ពន្យល់​អំពី​គ្រឹះ​ដែល​ជា​មូលដ្ឋាន ដូច​ជា​ស្ថានភាព​នៃ​ក្រុម​ព្រះ កំណើត​នៃ​មនុស្ស ភាព​ជាក់​លាក់​នៃ​អារក្ស​សាតាំង គោលបំណង​នៃ​ភាព​រមែង​ស្លាប់ ការ​ចាំ​បាច់​ឲ្យ​មាន​ការ​គោរព​តាម សេចក្ដី​ត្រូវ​ការ​ឲ្យ​មាន​ការ​ប្រែ​ចិត្ត ការ​ប្រព្រឹត្តិ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ពិធី​បរិសុទ្ធ​ទាំង​ឡាយ និង​ពិធី​ប្រព្រឹត្ត​ទាំង​ឡាយ ដែល​ទាក់​ទង​ទៅ​នឹង​សេចក្ដី​សង្គ្រោះ វាសនា​នៃ​ផែនដី លក្ខណៈ​អនាគត​នៃ​មនុស្ស បន្ទាប់​ពី​ដំណើរ​រស់​ឡើង​វិញ និង​សេចក្ដី​ជំនុំ​ជំរះ ភាព​អស់​កល្ប​ជានិច្ច​នៃ​ទំ​នាក់​ទំនង​ខាង​អាពាហ៍ពិពាហ៍ ហើយ​និង​ស្ថានភាព​នៃ​គ្រួសារ​ដ៏​នៅ​អស់​កល្ប​ជានិច្ច។ ដូច​គ្នា​នេះ​ដែរ ការ​បើក​សំដែង​បន្តិច​ម្ដងៗ ប្រាប់​អំពី​រចនាសម្ព័ន្ធ​នៃ​សាសនាចក្រ​ខាង​ការ​ចាត់ចែង គឺ​ត្រូវ​បាន​បង្ហាញ ដោយ​ការ​ហៅ​ប៊ីស្សព​ទាំង​ឡាយ គណៈប្រធាន​ទី​មួយ កូរ៉ុមដប់ពីរនាក់ និង​កូរ៉ុម​ចិតសិប​នាក់ ហើយ​និង​ការ​តាំង​ឡើង​នូវ​តំណែង និង​កូរ៉ុម​ត្រួតពិនិត្យ​ទាំង​ឡាយ​ផ្សេងៗ​ទៀត។ នៅ​ទី​បញ្ចប់ ទី​បន្ទាល់​ដែល​បាន​ថ្លែង​ប្រាប់​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ — ទេវ​ភាព​របស់​ទ្រង់ ឫទ្ធានុភាព​របស់​ទ្រង់ ភាព​ល្អ​ឥត​ខ្ចោះ​របស់​ទ្រង់ សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ និង​ព្រះ​ចេស្ដា​ដ៏​ប្រកប​ដោយ​សេចក្ដី​ប្រោស​លោះ​របស់​ទ្រង់ — ធ្វើ​ឲ្យ​គម្ពីរ​នេះ​មាន​តម្លៃ​ដ៏​ធំ​ចំពោះ​គ្រួសារ​មនុស្ស​លោក ហើយ​ធ្វើ​ឲ្យ​មាន​តម្លៃ​ជាង​ទ្រព្យសម្បត្តិ​ទាំង​ឡាយ​នៃ​ផែនដី​ទាំង​មូល។

​មាន​វិវរណៈ​ខ្លះ​បាន​បោះពុម្ព​នៅ​ទី​ក្រុង​ស៊ីយ៉ូន (ក្រុង​អ៊ិនឌីប៉ែនដែនស៍) រដ្ឋ​មិសសួរី នៅ​ឆ្នាំ​១៨៣៣ នៅ​ក្រោម​ចំណង​ជើង​ថា A Book of Commandments for the Government of the Church of Christ (ព្រះ​គម្ពីរ​នៃ​ព្រះ​បញ្ញត្តិ​សម្រាប់​ការ​គ្រប់​គ្រង​សាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ)។ ស្ដី​អំពី​ការ​បោះពុម្ព​នេះ នោះ​ពួក​អែលឌើរ​ទាំង​ឡាយ​នៃ​សាសនាចក្រ បាន​ថ្លែង​ទី​បន្ទាល់​យ៉ាង ម៉ឺងម៉ាត់​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​ធ្វើ​ទី​បន្ទាល់​ដល់​ដួង​ព្រលឹង​របស់​ពួក​គេ​ថា វិវរណៈ​ទាំង​ឡាយ​នេះ​គឺ​ពិតជា​ត្រឹម​ត្រូវ។ នៅ​ពេល​ព្រះ​អម្ចាស់​ទ្រង់​នៅ​តែ​បន្ត​ទាក់​ទង​ជាមួយ​នឹង​ពួក​អ្នក​បម្រើ​ទាំង​ឡាយ​របស់​ទ្រង់ នោះ​ពីរ​ឆ្នាំ​ក្រោយ​មក ការ​ប្រជុំ​ដ៏​ធំ​ជាង​នេះ ត្រូវ​បាន​បោះពុម្ព នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ដោយ​មាន​ចំណង​ជើង​ថា Doctrine and Covenants of the Church of the Latter Day Saints (គោល​លទ្ធិ និង​សេចក្ដី​សញ្ញា នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ)។ ចំពោះ​ការ​បោះពុម្ព​នេះ ក្នុង​ឆ្នាំ ១៨៣៥ បាន​ភ្ជាប់​ឯកសារ​ដែល​មាន​ទី​បន្ទាល់​របស់​ពួក​សាវកដប់ពីរនាក់ ដែល​មាន​ដូច​ត​ទៅ​នេះ ៖

ទី​បន្ទាល់​នៃ
ពួក​សាវក​ដប់ពីរនាក់ ចំពោះ​សេចក្ដី​ពិត​នៃ​
ព្រះ​គម្ពីរ​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា

ទី​បន្ទាល់​នៃ​ពួក​សាក្សី ចំពោះ​ព្រះ​គម្ពីរ​នៃ​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ព្រះ​អម្ចាស់ គឺជា​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​ទ្រង់​បាន​ប្រទាន​ដល់​សាសនាចក្រ​របស់​ទ្រង់ តាម​រយៈ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​ដែល​ត្រូវ​បាន​តែងតាំង ដោយ​សំឡេង​នៃ​សាសនាចក្រ សម្រាប់​គោលបំណង​នេះ ៖

ដូច្នេះ យើង​យល់​ព្រម​នឹង​ធ្វើ​ទី​បន្ទាល់​ដល់​អស់​ទាំង​ពិភពលោក​នៃ​មនុស្ស​ជាតិ ដល់​សត្វ​លោក​គ្រប់​រូប​នៅ​លើ​ផ្ទៃ​ផែនដី​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​ធ្វើ​ទី​បន្ទាល់​ដល់​ដួង​ព្រលឹង​របស់​យើង តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​សណ្ឋិត​មក​លើ​យើង ថា​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នេះ ត្រូវ​បាន​ប្រទាន​មក ដោយ​សារ​ការ​បំផុស​គំនិត​ពី​ព្រះ ហើយ​ទុកជា​ប្រយោជន៍​សម្រាប់​មនុស្ស​លោក​ទាំង​អស់ ហើយ​ជា​ពិតប្រាកដ​មែន។

យើង​ថ្លែង​ទី​បន្ទាល់​នេះ ប្រាប់​ដល់​ពិភពលោក ដោយ​មាន​ព្រះ​អម្ចាស់​ជា​អ្នក​ជំនួយ​របស់​យើង; ហើយ​ដោយ​សារ​ព្រះ​គុណ​នៃ​ព្រះ ដ៏​ជា​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​យើង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ឯកសិទ្ធិ​នេះ ដើម្បី​ធ្វើ​ទី​បន្ទាល់​នេះ​ដល់​ពិភពលោក នៅ​ក្នុង​ការណ៍​នេះ យើង​មាន​ចិត្ត​ត្រេកអរ​ជា​អនេក ដោយ​បួងសួង​ដល់​ព្រះ​អម្ចាស់​ជានិច្ច សូម​ឲ្យ​កូន​ចៅ​មនុស្ស អាច​បាន​ប្រយោជន៍ ដោយ​សារ​ទី​បន្ទាល់​នេះ។

​ឈ្មោះ​នៃ​ពួក​១២​នាក់​គឺ ៖

ថូម៉ាស ប៊ី ម៉ាស

ដាវីឌ ដ័បបុលយូ ប៉ា​ទិន

ព្រិកហាំ យ៉ង់

ហ៊ីបឺរ ស៊ី គិមបុល

អួរសុន ហៃឌ៍

វិលលាម អ៊ី ម៉័កខ្លេលិន

ប៉ាលី ភី ប្រាត្ត

លូកា អែស ចនសុន

វិលលាម ស៊្មីធ

អួរសុន ប្រាត្ត

យ៉ូហាន អែព បោញតុន

ឡៃម៉ាន អ៊ី ចនសុន

ការ​បោះពុម្ព​នៃ​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា​ក្រោយៗ​មក វិវរណៈ​ថែម​ទៀត ឬ​បញ្ជីរឿង​ផ្សេងៗ​ទៀត ត្រូវ​បាន​បូក​បញ្ចូល​ក្នុង​កាល​បាន​ទទួល ហើយ​បាន​ទទួល​ស្គាល់ ដោយ​ពួក​ជំនុំ​ដែល​មាន​សមត្ថភាព ឬ​ដោយ​សន្និសីទ​ទាំង​ឡាយ​នៃ​សាសនាចក្រ។

​ចាប់​ផ្ដើម​នឹង​ការ​បោះពុម្ព​នៅ​ឆ្នាំ​១៨៣៥ នោះ​លំដាប់​នៃ​មេរៀន​ខាង​សាសនា​ដល់​ប្រាំពីរ​ច្បាប់ ត្រូវ​បាន​បង្រួម​ចូល; មេរៀន​ទាំង​នេះ មាន​ចំណង​ជើង​ថា Lectures on Faith (ការ​បង្រៀន​អំពី​សេចក្ដី​ជំនឿ)។ ការ​បង្រៀន​ទាំង​នេះ​ត្រូវ​បាន​រៀបចំ​ឡើង សម្រាប់​យក​មក​ប្រើប្រាស់ នៅ​ឯ​សាលា​នៃ​ពួក​ព្យាការី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ពី​ឆ្នាំ​១៨៣៤ ទៅ​ដល់​ឆ្នាំ​១៨៣៥។ ទោះ​ជា​មាន​ប្រយោជន៍​ដល់​គោល​លទ្ធិ និង​ការ​បង្គាប់​ក៏​ដោយ គង់តែ​ការ​បង្រៀន​ទាំង​នេះ ត្រូវ​បាន​ដក​ចេញ​ពី​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា​ដែរ ចាប់​តាំង​ពី​ការ​បោះពុម្ព​នៅ​ឆ្នាំ ១៩២១ ម្ល៉េះ ពី​ព្រោះ​ការ​បង្រៀន​ទាំង​នេះ ពុំ​បាន​ប្រទាន​ឬ​សំដែង​ដល់​សាសនាចក្រ​ទាំង​មូល ថា​ជា​វិវរណៈ​ឡើយ។

ជា​ការ​ច្បាស់លាស់​ថា​មាន​កំហុស​បន្ត​មក​ខ្លះៗ នៅ​ក្នុង​ការ​បោះពុម្ពផ្សាយ​ចេញ​ជា​ភាសា​អង់គ្លេស​មុនៗ ជា​ពិសេស នៅ​ក្នុង​ផ្នែក​ខាង​ប្រវត្តិ​នៃ​ចំណង​ជើង​របស់​កណ្ឌ។ ដោយ​ហេតុ​នេះ ការ​បោះពុម្ព​លើក​នេះ មាន​ការ​កែ​ថ្ងៃ​ខែ និង​ឈ្មោះ​កន្លែង​ទាំង​ឡាយ ហើយ​និង​ការ​កែ​បន្តិចបន្តួច​ផ្សេងៗ​ទៀត ក្នុង​កាល​ឃើញ​ថា​សម។ ការ​កែប្រែ​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​នាំ​ឲ្យ​ឯកសារ​ទាំង​ឡាយ​សមស្រប​ទៅ​នឹង​ឯកសារ​ប្រវត្តិសាស្ត្រ។ អ្វីៗ​ពិសេស​ផ្សេង​ទៀត​នៃ​ការ​បោះពុម្ព​ចុង​ក្រោយ​នេះ មាន​រួម​នូវ​បសិដ្ឋកម្ម​ខាង​ឯកសារ​យោង​ទៅ​មក​ចំណង​ជើង​នៃ​កណ្ឌ និង​ការ​សង្ខេប​ខាង​កម្មវត្ថុ​ទាំង​ឡាយ កិច្ចការ​ទាំង​អស់​នេះ​ត្រូវ​បាន​គ្រោង​ឡើង ដើម្បី​ជួយ​ពួក​អ្នក​អាន​ឲ្យ​យល់ ហើយ​ត្រេកអរ​ចំពោះ​សារ​ពី​ព្រះ​អម្ចាស់ ដូចដែល​បាន​ប្រទាន​មក​ក្នុង​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា។

បុព្វកថា​ដល់​កណ្ឌ​ទាំង​ឡាយ នៃ​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា មាន​នូវ​ឯកសារ​យោង​ដល់ History of the Church (ប្រវត្តិ​នៃ​សាសនាចក្រ)។ History of the Church គឺជា​សៀវភៅ​ប្រាំពីរ​ក្បាល ស្ដី​អំពី​ប្រវត្តិ​របស់​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ចាប់​ពី​ឆ្នាំ​១៨២០ ទៅ​ដល់​ឆ្នាំ​១៨៤៨។ ពី​ព្រោះ​សៀវភៅ​ទាំង​នេះ ពុំ​ទាន់​បាន​បកប្រែ ហើយ​មាន​តែ​ជា ភាសា​អង់គ្លេស​ប៉ុណ្ណោះ ម្ល៉ោះ​ហើយ បាន​ជា​ប្រភព​ទឹក​យោង​ដល់​ប្រវត្តិ​នៃ​សាសនាចក្រ នៅ​ក្នុង​បុព្វកថា​ទាំង​ឡាយ នៃ​ការ​បោះពុម្ព​នៃ​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា​លើក​នេះ សំដៅ​ទៅ​លើ​សៀវភៅ​អំពី​ប្រវត្តិ​នេះ​ក្នុង​ភាសា​អង់គ្លេស។