ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 57
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៥៧

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ស៊ីយ៉ូន ស្រុក​ចាកសុន រដ្ឋ​មិសសួរី ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​១៨៣១ (History of the Church, ១:១៨៩–១៩០)។ ក្នុង​ការ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ​អម្ចាស់ (កណ្ឌ​ទី ៥២) ពួក​អែលឌើរ​បាន​ធ្វើ​ដំណើរ​ពី​ក្រុង​ខឺតឡង់​ទៅ​រដ្ឋ​មិសសួរី ដោយ​មាន​ការ​ពិសោធន៍​ផ្សេងៗ​ពី​គ្នា និង​ការ​បៀតបៀន​ខ្លះៗ។ ក្នុង​ការ​ពិចារណា​គិត​ពី​ស្ថានភាព​របស់​ពួក​សាសន៍​លេមិន និង​ការ​ខ្វះ​ខាង​អារ្យធម៌ ភាព​ថ្លៃ​ថ្នូរ និង​សាសនា​ក្នុង​ចំណោម​ប្រជាជន​ទូ​ទៅ នោះ​ព្យាការី​បាន​ថ្លែង​ថា ៖ « តើ​ពេល​ណា​ទៅ​ដែល​ទី​រហោស្ថាន នឹង​បាន​រីក​ឡើង​ដូច​ជា​កូឡាប? តើ​ពេល​ណា​ទៅ​ដែល​ក្រុង​ស៊ីយ៉ូន​នឹង​បាន​សង់ ឡើង​ក្នុង​ភាព​រុងរឿង​របស់​នាង ហើយ​តើ​កន្លែង​ណា​ទៅ ដែល​ព្រះ​វិហារ​របស់​ព្រះ​អង្គ​នឹង​ឈរ​ឡើង ដែល​អស់​ទាំង​សាសន៍​នឹង​មក​រក​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់? » (History of the Church, ១:១៨៩)។ បន្ទាប់​មក លោក​បាន​ទទួល​វិវរណៈ​នេះ។

១–៣, ក្រុង​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មិសសួរី គឺជា​កន្លែង​សម្រាប់​ទី​ក្រុង​ស៊ីយ៉ូន និង​ព្រះ​វិហារ; ៤–៧, ពួក​បរិសុទ្ធ​ត្រូវ​ទិញ​ដីធ្លី ហើយ​ទទួល​កេរ្តិ៍​អាករ​នៅ​ទី​នោះ; ៨–១៦, ស៊ីឌនី គិលបឺត ត្រូវ​តាំង​ផ្សារ​មួយ, វិលលាម ដ័បបុលយូ ហ្វែប្ស ត្រូវ​ធ្វើ​ជា​អ្នក​បោះពុម្ព ហើយ​អូលីវើរ ខៅឌើរី ត្រូវ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​សម្ភារៈ​សម្រាប់​បោះពុម្ពផ្សាយ។

ព្រះ​អម្ចាស់​ជា​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ថា ឱ​អ្នក​រាល់​គ្នា​ជា​ពួក​អែលឌើរ​នៃ​សាសនាចក្រ​របស់​យើង ជា​ពួក​អ្នក​ដែល​បាន​ជួបជុំ​គ្នា​អើយ ចូរ​ប្រុង​ស្ដាប់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​នៅ​ក្នុង​ដែនដី​នេះចុះ ដែល​ជា​ដែនដី​មិសសួរី គឺជា​ដែនដី​ដែល​យើង​បាន តាំង និង​ចាត់​ទុក​សម្រាប់​ការ​ជួប​ជុំ​គ្នា​នៃ​ពួក​បរិសុទ្ធ។

ហេតុ​ដូច្នោះ​ហើយ នេះ​ជា​ដែនដី​សន្យា ហើយ​ជា​កន្លែង​សម្រាប់​ទី​ក្រុង​ស៊ីយ៉ូន។

ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា បើ​សិន​ជា​អ្នក​ព្រម​ទទួល​ប្រាជ្ញា នេះ​ហើយ​ជា​ប្រាជ្ញា។ មើល​ចុះ កន្លែង​ដែល​ហៅថា អ៊ិនឌីប៉ែនដែនស៍​ឥឡូវ​នេះ គឺជា​កន្លែង​កណ្ដាល ហើយ​ជា​កន្លែង​សម្រាប់​ព្រះ​វិហារ​នោះ​នៅ​ខាង​លិច នៅ​លើ​កន្លែង​ដែល​មិនសូវ​ឆ្ងាយ​ប៉ុន្មាន​ពីសា​លា​កាត់ក្ដី​ទេ។

ហេតុ​ដូច្នោះ​ហើយ គឺជា​ប្រាជ្ញា ដែល​ពួក​បរិសុទ្ធ​ត្រូវ​ទិញ​ដី ព្រម​ទាំង​គ្រប់​តំបន់​នៅ​ទិស​ខាង​លិច​ផង រហូត​ដល់​ចំ​ខ្សែ​ខណ្ឌ​រវាង​សាសន៍​យូដា និង​សាសន៍​ដទៃ

ហើយ​ព្រម​ទាំង​តំបន់​ជាប់​ព្រំដែន​នឹង​វាលស្មៅ ដរាបណា​ពួក​សិស្ស​របស់​យើង​អាច​ទិញ​ដីធ្លី​បាន។ មើល​ចុះ នេះ​ហើយ​ជា​ប្រាជ្ញា ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​ដី​ទុកជា​កេរ្តិ៍​អាករ​ដ៏​អស់​កល្ប។

ហើយ​ចូរ​ឲ្យ​ស៊ីឌនី គិលបឺត ជា​អ្នក​បម្រើ​របស់​យើង បំពេញ​តំណែង​ដែល​យើង​បាន​តាំង​ដល់​គាត់​ដើម្បី​ទទួល​ប្រាក់​កាស ដើម្បី​ធ្វើ​ជា​ភ្នាក់​ងារ​ចំពោះ​សាសនាចក្រ ដើម្បី​ទិញ​ដី​នៅ​គ្រប់​ភូមិ​ភាគ​ជុំវិញ ដរាបណា​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​សេចក្ដី​សុចរិត ហើយ​តាម​ដែល​ប្រាជ្ញា​នឹង​ដឹកនាំ។

ហើយ​ចូរ​ឲ្យ​អែតវឺត ប៉ាទ្រិច ជា​អ្នក​បម្រើ​របស់​យើង បំពេញ​តំណែង​ដែល​យើង​បាន​តាំង​ដល់​គាត់ ហើយ​ចែក​ដល់​ពួក​បរិសុទ្ធ​នូវ​កេរ្តិ៍​អាករ​របស់​ពួក​គេ ដូច​ជា​យើង​បាន​បញ្ជា ហើយ​ព្រម​ទាំង​ពួក​អ្នក​ទាំង​នោះ ដែល​គាត់​បាន​តាំង​ឲ្យ​ជួយ​គាត់​ផង។

ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ឲ្យ​ស៊ីឌនី គិលបឺត ជា​អ្នក​បម្រើ​របស់​យើង តាំង​ខ្លួន​នៅ​កន្លែង​នេះ ហើយ​ធ្វើ​ផ្សារ​មួយ ប្រយោជន៍​ឲ្យ​គាត់​អាច​ទិញ​របស់​របរ​ដោយ​ឥត​ទោស ប្រយោជន៍​ឲ្យ​គាត់​អាច​បាន​ប្រាក់​ដើម្បី​ទិញ​ដីធ្លី​សម្រាប់​សេចក្ដី​ល្អ​ដល់​ពួក​បរិសុទ្ធ ហើយ​ប្រយោជន៍​ឲ្យ​គាត់​អាច​បាន​អ្វីៗ​នានា ដែល​ពួក​សិស្ស​អាច​ត្រូវ​ការ ដើម្បី​តាំង​ខ្លួន​នៅ​ក្នុង​ទី​កេរ្តិ៍​អាករ​របស់​ពួក​គេ។

ហើយ​ព្រម​ទាំង​ឲ្យ ស៊ីឌនី គិលបឺត ជា​អ្នក​បម្រើ​របស់​យើង ទទួល​ច្បាប់ — មើល​ចុះ នេះ​ហើយ​ជា​ប្រាជ្ញា ហើយ​អស់​អ្នក​ណា​ដែល​អាន ចូរ​ឲ្យ​អ្នក​នោះ​យល់​ចុះ — ដើម្បី​ឲ្យ​គាត់​អាច​ផ្ញើ​របស់​របរ​ទៅ​ដល់​ប្រជាជន​ផង​ដែរ គឺ​តាម​ពួក​អ្នក​ណា​ដែល​គាត់​ជួល​ឲ្យ​ធ្វើ​ជា​ស្មៀន ឲ្យ​គាត់ តាម​ដែល​គាត់​ប្រាថ្នា

១០ហើយ​ទើប​ផ្ដល់​ដល់​ពួក​បរិសុទ្ធ​របស់​យើង​យ៉ាង​ដូច្នោះ​ហើយ ប្រយោជន៍​ឲ្យ​ដំណឹង​ល្អ​របស់​យើង អាច​បាន​ផ្សាយ​ដល់​ពួក​អ្នក​ទាំង​នោះ ដែល​អង្គុយ​នៅ​ក្នុង​សេចក្ដី​ងងឹត ហើយ​នៅ​ក្នុង​ភូមិ​ភាគ និង​ម្លប់​នៃ​សេចក្ដី​ស្លាប់។

១១ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ឲ្យ​វិលលាម ដ័បបុលយូ ហ្វែប្ស ជា​អ្នក​បម្រើ​របស់​យើង​តាំងនៅ​ក្នុង​កន្លែង​នេះ ហើយ​ស្ថាបនា​ជា​អ្នក​បោះពុម្ព​ចំពោះ​សាសនាចក្រ​ចុះ។

១២ហើយ​មើល​ន៏ បើ​សិន​ជា​ពិភពលោក​ទទួល​ការ​សរសេរ​ទាំង​ឡាយ​របស់​គាត់ — មើល​ចុះ នេះ​ហើយ​ជា​ប្រាជ្ញា — ចូរ​ឲ្យ​គាត់​បាន​អ្វីៗ​ដែល​គាត់​យក​បាន​ក្នុង​សេចក្ដី​សុចរិត​សម្រាប់​សេចក្ដី​ល្អ​ដល់​ពួក​បរិសុទ្ធ​ចុះ។

១៣ហើយ​ចូរ​ឲ្យ​អូលីវើរ ខៅឌើរី ជា​អ្នក​បម្រើ​របស់​យើង​ជួយ​គាត់ គឺ​តាម​ដែល​យើង​បាន​បញ្ជា នៅ​កន្លែង​ណា​ក៏​ដោយ​ដែល​យើង​នឹង​តាំង​ដល់​គាត់ ដើម្បី​ចម្លង និង​ដើម្បី​កែប្រែ និង​ជ្រើសរើស ប្រយោជន៍​ឲ្យ​គ្រប់​ការណ៍​ទាំង​អស់​អាច​បាន​ត្រឹម​ត្រូវ​នៅ​ចំពោះ​យើង ដូច​ជា​ត្រូវ​បាន​បញ្ជាក់​ដោយ​ព្រះ​វិញ្ញាណ តាម​រយៈ​គាត់​នោះ​ឯង។

១៤ម្ល៉ោះ​ហើយ ចូរ​ឲ្យ​ពួក​អ្នក​ទាំង​នោះ ដែល​យើង​បាន​ពោល​ដល់ ត្រូវ​បាន​តាំងនៅ​ក្នុង​ដែនដី​ស៊ីយ៉ូន​យ៉ាង​ឆាប់ៗ​ដូចដែល​អាច​ធ្វើ​ទៅ​បាន ជាមួយ​នឹង​គ្រួសារ​របស់​ពួក​គេ ដើម្បី​ធ្វើ​អ្វីៗ​ទាំង​នោះ​ដូចដែល​យើង​បាន​មាន​បន្ទូល​មក។

១៥ហើយ​ឥឡូវ​នេះ ស្ដី​អំពី​ការ​ជួប​ជុំ​គ្នា — ចូរ​ឲ្យ​ប៊ីស្សព និង​ភ្នាក់​ងារ​ធ្វើ​ការ​រៀបចំ​សម្រាប់​គ្រួសារ​ទាំង​នោះ ដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​មក​ឯ​ដែនដី​នេះ​យ៉ាង​លឿន​ដូចដែល​អាច​ធ្វើ​ទៅ​បាន ហើយ​តាំង​ពួក​គេ​នៅ​ក្នុង​ទី​នៃ​កេរ្តិ៍​អាករ​របស់​ពួក​គេ​ចុះ។

១៦ហើយ​ចំណែក​ពួក​អ្នក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ទាំង​ពួក​អែលឌើរ និង​សមាជិក នោះ​ការ​ដឹកនាំ​នឹង​ត្រូវ​បាន​ប្រាប់​ត​ទៅ​ទៀត​នៅ​ពេល​ក្រោយ។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕