ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 119
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ១១៩

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ហ្វា​វែស្ទ រដ្ឋ​មិសសួរី ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ​១៨៣៨ ជា​ចម្លើយ​ចំពោះ​ពាក្យ​អំពាវនាវ​របស់​លោក​ដែល​ថា « ឱ​ព្រះ​អម្ចាស់​អើយ សូម​បង្ហាញ​ដល់​អ្នក​បម្រើ​របស់​ទ្រង់ ថា​ព្រះ​អង្គ​តម្រូវ​ដង្វាយ​១​ភាគ​១០​ប៉ុណ្ណា​ពី​ទ្រព្យសម្បត្តិ​នៃ​រាស្ត្រ​របស់​ទ្រង់ » (History of the Church, ៣:៤៤)។ ក្រឹត្យ​វិន័យ​នៃ​ដង្វាយ ១​ភាគ​១០ តាម​ដែល​យល់​នៅ​សព្វ​ថ្ងៃ​នេះ ពុំ​បាន​ប្រទាន​ដល់​សាសនាចក្រ​មុន​វិវរណៈ​នេះ​ឡើយ។ ពាក្យ​ថា ដង្វាយ​១​ភាគ​១០ នៅ​ក្នុង​បទ​អធិស្ឋាន​ដែល​ទើប​ស្រង់​មក​នេះ ហើយ​នៅ​ក្នុង​វិវរណៈ​ដែល​បាន​ប្រទាន​មុន​វិវរណៈ​នេះ (៦៤:២៣; ៨៥:៣; ៩៧:១១) ពុំ​មែន​មាន​ន័យ​ថា ១​ភាគ​១០ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ដង្វាយ ឬ​វិភាគទាន​តាម​ចិត្ត​ដល់​មូលនិធិ​នៃ​សាសនាចក្រ។ លើក​មុន ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រទាន​ដល់​សាសនាចក្រ​នូវ​ក្រឹត្យ​វិន័យ​នៃ​ការ​ថ្វាយ និង​ការ​ត្រួតត្រា​ទ្រព្យសម្បត្តិ​ដែល​សមាជិក (ជា​ពិសេស ពួក​អែលឌើរ​ដឹក​នាំ) បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ដែល​ត្រូវ​ជា​អស់​កល្ប​អស់​កាល​ជានិច្ច។ មក​ពី​មនុស្ស​ជា​ច្រើន​មិន​បាន​កាន់​តាម​សេចក្ដី​សញ្ញា​នេះ ទើប​ព្រះ​អម្ចាស់​ទ្រង់​ដក​ក្រឹត្យ​វិន័យ​នេះ​ចេញ​មួយ​រយៈ​សិន ហើយ​បាន​ប្រទាន​ក្រឹត្យ​វិន័យ​នៃ​ដង្វាយ ១​ភាគ​១០ ដល់​សាសនាចក្រ​ទាំង​មូល​ជំនួស​វិញ។ ព្យាការី​បាន​សូម​ដល់​ព្រះ​អម្ចាស់ ថា​តើ​ទ្រង់​តម្រូវ​ទ្រព្យសម្បត្តិ​ប៉ុណ្ណា សម្រាប់​គោលបំណង​ពិសិដ្ឋៗ។ ចម្លើយ​នោះ​គឺជា​វិវរណៈ​នេះ។

១–៥, ពួក​បរិសុទ្ធ​ត្រូវ​ថ្វាយ​ទ្រព្យសម្បត្តិ​ដែល​មាន​លើស​ច្រើន ហើយ​ថ្វាយ​ជា​ដង្វាយ​១​ភាគ​១០ គឺ ១​ភាគ​១០​នូវ​ប្រាក់​ប្រចាំ​ឆ្នាំ; ៦–៧, ដំណើរ​បែប​នេះ​នឹង​ញែក​ដែនដី​ស៊ីយ៉ូន​ចេញ​ជា​បរិសុទ្ធ។

ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា យើង​តម្រូវ​ទ្រព្យសម្បត្តិ​ទាំង​អស់ ដែល​ពួក​គេ​មាន​លើស ដើម្បី​ដាក់​នៅ​ក្នុង​ដៃ​របស់​ប៊ីស្សព​នៃ​សាសនាចក្រ​របស់​យើង​នៅ​ក្រុង​ស៊ីយ៉ូន។

សម្រាប់​ការ​កសាង​ដំណាក់​របស់​យើង និង​សម្រាប់​ការ​សង់​គ្រឹះ​នៃ​ស៊ីយ៉ូន និង​សម្រាប់​បព្វជិតភាព និង​សម្រាប់​បំណុល​ទាំង​ឡាយ​របស់​គណៈប្រធាន​នៃ​សាសនាចក្រ​របស់​យើង។

ហើយ​នេះ​នឹង​ទៅ​ជា​ការ​ចាប់​ផ្ដើម​ដង្វាយ​១​ភាគ​១០​នៃ​រាស្ត្រ​របស់​យើង។

ហើយ​បន្ទាប់​មក អស់​អ្នក​ណា​ដែល​ថ្វាយ​ដង្វាយ​១​ភាគ​១០ ត្រូវ​ថ្វាយ​១​ភាគ​១០​នូវ​ធនធាន​ក្នុង​មួយ​ឆ្នាំ​ដែល​គេ​បាន ហើយ​នេះ​នឹង​ត្រូវ​ទៅ​ជា​ក្រឹត្យ​វិន័យ​ដែល​នៅ​អចិន្ត្រៃយ៍​ចំពោះ​ពួក​គេ​ជា​រៀង​ដរាប​ត​ទៅ សម្រាប់​បព្វជិតភាព​ដ៏​បរិសុទ្ធ​របស់​យើង ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ហេតុការណ៍​នឹង​បាន​កើត​ឡើង​ថា អស់​អ្នក​ណា​ដែល​ប្រមូល​គ្នា​មក​ឯ​ដែនដី​ស៊ីយ៉ូន នឹង​ត្រូវ​ថ្វាយ​ដង្វាយ​១​ភាគ​១០​នូវ​ទ្រព្យសម្បត្តិ​ដែល​គេ​មាន​លើស ហើយ​ត្រូវ​គោរព​តាម​ក្រឹត្យ​វិន័យ​នេះ បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​មិន​ត្រូវ​បាន​ឃើញ​ថា​សម​នឹង​នៅ​ជាប់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ។

ហើយ​យើង​ប្រាប់​អ្នក​ថា បើ​សិន​ជា​រាស្ត្រ​របស់​យើង​មិន​គោរព​តាម​ក្រឹត្យ​វិន័យ​នេះ ដើម្បី​ញែក​ក្រឹត្យ​វិន័យ​នេះ​ទុកជា​បរិសុទ្ធ ហើយ​ដោយ​សារ​ក្រឹត្យ​វិន័យ​នេះ ញែក​ដែន​ដី​ស៊ីយ៉ូន​ចេញ​ជា​បរិសុទ្ធ​ដល់​យើង ប្រយោជន៍​ឲ្យ​ក្រឹត្យ​ក្រម​ទាំង​ឡាយ​របស់​យើង និង​សេចក្ដី​ជំនុំ​ជំរះ​ទាំង​ឡាយ​របស់​យើង អាច​បាន​រក្សាទុក​នៅ​ទី​នោះ គឺ​ដើម្បី​ឲ្យ​ដែនដី​នេះ​បាន​ទៅ​ជា​ទី​ដ៏​បរិសុទ្ធ​បំផុត មើល​ចុះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ទី​នោះ​នឹង​មិន​ត្រូវ​បាន​ទៅ​ជា​ស៊ីយ៉ូន​ដល់​អ្នក​ឡើយ។

ហើយ​នេះ​នឹង​ត្រូវ​ទៅ​ជា​គំរូ​ដល់​គ្រប់​ស្តេក​នៃ​ស៊ីយ៉ូន។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕