ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 81
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៨១

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ភូមិ​ហៃរាំ រដ្ឋ​អូហៃអូ ខែ​មីនា ឆ្នាំ​១៨៣២ (History of the Church, ១:២៥៧–២៥៨)។ ហ្វ្រែឌើរិក ជី វិលលាម្ស ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​សង្ឃ​ជាន់​ខ្ពស់ ហើយ​ជាទី​ប្រឹក្សា​នៅ​ក្នុង​គណៈប្រធាន នៃ​បព្វជិតភាព​ជាន់​ខ្ពស់។ បញ្ជី​ខាង​ប្រវត្តិ​បង្ហាញ​ថា កាល​បាន​ទទួល​វិវរណៈ​នេះ នៅ​ខែ​មីនា ឆ្នាំ​១៨៣២ នោះ អ៊ីសាយ កស ត្រូវ​បាន​ហៅ​ឲ្យ​កាន់​តំណែង​ជាទី​ប្រឹក្សា​ដល់ យ៉ូសែប ស៊្មីធ នៅ​ក្នុង​គណៈប្រធាន។ ប៉ុន្តែ​កាល​គាត់​មិន​អាច​ធ្វើ​ត​ទៅ​ទៀត​នៅ​ក្នុង​របៀប​ដែល​សមរម្យ​ទៅ​នឹង​ការ​តែងតាំង​នេះ ម្ល៉ោះ​ហើយ ទើប​ការ​ហៅ​នេះ​ត្រូវ​បាន​ប្ដូរ​ទៅ​ឲ្យ ហ្វ្រែឌើរិក ជី វិលលាម្ស។ វិវរណៈ (ចុះ​នៅ​ខែ មីនា ឆ្នាំ​១៨៣២) ត្រូវ​បាន​រាប់​ថា​ជា​ជំហាន​ឆ្ពោះ​ទៅ​រក​ការ​រៀបចំ​តាម​ផ្លូវ​ការ នៃ​គណៈប្រធាន​ទី​មួយ ជា​ពិសេស ការ​ហៅ​នូវ​តំណែង​នៃ​ទីប្រឹក្សា​នៅ​ក្នុង​គណៈ​នោះ និង​ការ​ពន្យល់​នូវ​ការ​ថ្លៃ​ថ្នូរ​អំពី​ការ​តែងតាំង។ បង​ប្រុស កស បាន​បម្រើ​មួយ​រយៈ ប៉ុន្តែ​បាន​កាត់​ចេញ​ពី​សាសនា នៅ​ខែ​ធ្នូ ឆ្នាំ​១៨៣២។ បង​ប្រុស វិលលាម្ស ត្រូវ​បាន​តែងតាំង​ចំពោះ​តំណែង​នេះ នៅ​ថ្ងៃ​ទី​១៨ ខែ​មិនា ឆ្នាំ​១៨៣៣។

១–២, កូន​សោ​ទាំង​ឡាយ​នៃ​នគរ​ត្រូវ​កាន់​ដោយ​គណៈប្រធាន​ទី​មួយ​រហូត; ៣–៧, បើ​សិន​ជា ហ្វ្រែឌើរិក ជី វិលលាម្ស មាន​ចិត្ត​ស្មោះ​ត្រង់ នោះ​គាត់​នឹង​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។

ប្រាកដ​មែន យើង​ប្រាប់​ដល់​អ្នក គឺ​ហ្វ្រែឌើរិក ជី វិលលាម្ស ជា​អ្នក​បម្រើ​របស់​យើង​ជា​ប្រាកដ​ថា ៖ ចូរ​ស្ដាប់​តាម​សំឡេង​នៃ​អ្នក​ដែល​មាន​ព្រះ​បន្ទូល គឺ​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​អ្នក​ចុះ ហើយ​ចូរ​ប្រុង​ស្ដាប់​តាម​ការ​ហៅ ដែល​អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​កាន់ គឺ​ឲ្យ​ធ្វើ​ជា​សង្ឃ​ជាន់​ខ្ពស់​នៅ​ក្នុង​សាសនាចក្រ​របស់​យើង ហើយ​ជាទី​ប្រឹក្សា​ដល់ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង​ចុះ

ជា​អ្នក​ដែល​យើង​បាន​ប្រទាន​ឲ្យ​កូន​សោ​ទាំង​ឡាយ​នៃ​នគរ ដែល​ត្រូវ​ជា​របស់​ផង​គណៈប្រធាន​នៃ​បព្វជិតភាព​ជាន់​ខ្ពស់​រហូត ៖

ហេតុ​ដូច្នោះ​ហើយ យើង​ទទួល​ស្គាល់​គាត់​ជា​ប្រាកដ ហើយ​នឹង​ប្រទាន​ពរ​ដល់​គាត់ និង​ដល់​អ្នក​ដែរ ដរាបណា​អ្នក​មាន​ចិត្ត​ស្មោះត្រង់​នៅ​ក្នុង​ការ​ទូន្មាន​នៅ​ក្នុង​តំណែង​ដែល​យើង​បាន​តែងតាំង​ដល់​អ្នក នៅ​ក្នុង​ការ​អធិស្ឋាន​រហូត ដោយ​ចេញ​សំឡេង និង​ទាំង​នៅ​ក្នុង​ចិត្ត​អ្នក នៅ​ទី​សាធារណៈ និង​ទាំង​នៅ​ទី​សម្ងាត់ ហើយ​ព្រម​ទាំង​នៅ​ក្នុង​ការងារ​បម្រើ​របស់​អ្នក​ខាង​ការ​ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ​នៅ​ក្នុង​ដែនដី​នៃ​មនុស្ស​រស់ និង​នៅ​ក្នុង​ចំណោម​បង​ប្អូន​ទាំង​ឡាយ​របស់​អ្នក​ដែរ។

ហើយ​នៅ​ក្នុង​ការ​ប្រព្រឹត្ត​អ្វីៗ​ទាំង​នេះ នោះ​អ្នក​នឹង​ប្រព្រឹត្ត​ល្អ​បំផុត​ចំពោះ​មនុស្ស​ទូ​ទៅ ហើយ​នឹង​តម្កើង​សិរី​ល្អ​ដល់​ព្រះ​អង្គ ដែល​ជា​ព្រះ​អម្ចាស់​របស់​អ្នក។

ហេតុ​ដូច្នោះ​ហើយ ចូរ​មាន​ចិត្ត​ស្មោះត្រង់​ចុះ ចូរ​ឈរ​នៅ​ក្នុង​តំណែង​ដែល​យើង​បាន​តែងតាំង​ដល់​អ្នក ចូរ​ជួយ​អ្នក​ទន់ខ្សោយ ចូរ​លើក​ដៃ​ដែល​រោយ ហើយ​ចូរ​ចម្រើន​កម្លាំង​ដល់​ក្បាលជង្គង់​ដែល​ញ័រ​ផង។

ហើយ​បើ​សិន​ជា​អ្នក​មាន​ចិត្ត​ស្មោះត្រង់​ដល់​ចុង​បំផុត នោះ​អ្នក​នឹង​បាន​មកុដ​នៃ​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៅ​ក្នុង​វិមាន​ទាំង​ឡាយ ដែល​យើង​បាន​រៀបចំ​ទុក​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​វរបិតា​របស់​យើង។

មើល​ចុះ និង​មើល​ន៏ នេះ​ហើយ​ជា​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​អាលផា និង​អូមេកា គឺជា​ព្រះ​យេស៊ូវ​គ្រីស្ទ។ អាម៉ែន៕