ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 44
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៤៤

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី និង​ស៊ីឌនី រិកដុន នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ចុងខែ​កុម្ភៈ ឆ្នាំ​១៨៣១ (History of the Church, ១:១៥៧)។ ដើម្បី​គោរព​តាម​សេចក្ដី​ត្រូវ​ការ​ដែល​បាន​ថ្លែង​ប្រាប់​នៅ​ក្នុង​វិវរណៈ​នេះ សាសនាចក្រ​កំណត់​ឲ្យ​មាន​សន្និសីទ​មួយ​នៅ​ដើមខែ​មិថុនា​ខាង​មុខ។

១–៣, ពួក​អែលឌើរ​ត្រូវ​ជួបជុំ​គ្នា​នៅ​ឯ​សន្និសីទ; ៤–៦, ពួក​គេ​ត្រូវ​រៀបចំ​តាម​ច្បាប់​នៃ​ប្រទេស ហើយ​ត្រូវ​ថែរក្សា​មនុស្ស​ទាល់​ក្រ។

មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ដល់​អ្នក​រាល់​គ្នា ជា​ពួក​អ្នក​បម្រើ​របស់​យើង យ៉ាង​ដូច្នេះ​ថា ជា​ការ​ចាំ​បាច់​ដល់​យើង ដែល​ពួក​អែលឌើរ​នៃ​សាសនាចក្រ​របស់​យើង គួរ​ត្រូវ​បាន​ហៅ​ឲ្យ​មក​ជួប​ជុំ​គ្នា​ពី​ទិស​ខាង​កើត និង​ពី​ទិស​ខាង​លិច និង​ពី​ទិស​ខាង​ជើង និង​ពី​ទិស ខាង​ត្បូង ដោយ​សំបុត្រ ឬ​ដោយ​ពិធី​ផ្សេង​ណាមួយ។

ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា ដរាបណា​ពួក​គេ​មាន​ចិត្ត​ស្មោះត្រង់ ហើយ​អនុវត្ត​សេចក្ដី​ជំនឿ​ជឿ​ដល់​យើង នោះ​យើង​នឹង​ចាក់​ព្រះ​វិញ្ញាណ​របស់​យើង​មក​លើ​ពួក​គេ​នៅ​ក្នុង​ថ្ងៃ​ដែល​ពួក​គេ​ជួបជុំ​ជាមួយ​គ្នា។

ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា ពួក​គេ​នឹង​ចេញ​ទៅ​ក្នុង​ភូមិ​ភាគ​ជុំវិញ ហើយ​ផ្សាយ​ប្រាប់​ពី​ការ​ប្រែ​ចិត្ត​ដល់​ប្រជាជន។

ហើយ​មនុស្ស​ជា​ច្រើន​នឹង​បាន​ប្រែ​ចិត្ត​ជឿ ដរាប​ដល់​អ្នក​រាល់​គ្នា​នឹង​បាន​អំណាច​ដើម្បី​រៀបចំ​ខ្លួន តាម​ច្បាប់​មនុស្ស

ប្រយោជន៍​កុំ​ឲ្យ​ពួក​ខ្មាំងសត្រូវ​របស់​អ្នក​មាន​អំណាច​លើ​អ្នក​បាន​ឡើយ ប្រយោជន៍​ឲ្យ​អ្នក​អាច​បាន​រក្សាទុក​ឲ្យ​គង់វង្ស​ក្នុង​គ្រប់​ការណ៍​ទាំង​អស់ ដើម្បី​ឲ្យ​អ្នក​អាច​កាន់​តាម​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​របស់​យើង ប្រយោជន៍​ឲ្យ​ដាច់​គ្រប់​ទាំង​ចំណង់​ដែល​ខ្មាំងសត្រូវ​ស្វែងរក​ដើម្បី​បំផ្លាញ​រាស្ត្រ​យើង​ចោល។

មើល​ចុះ យើង​ប្រាប់​អ្នក​ថា អ្នក​រាល់​គ្នា​ត្រូវ​ទៅ​សួរសុខទុក្ខ​ដល់​មនុស្ស​ទាល់​ក្រ និង​មនុស្ស​កម្សត់​ទុគ៌ត ហើយ​ជួយឧបត្ថម្ភ​ដល់​ការ​រំដោះ​ពួក​គេ​ផង ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​ថែទាំ​ទុក រហូត​ដល់​គ្រប់​ការណ៍​ទាំង​អស់​បាន​សម្រេច តាម​ក្រឹត្យ​វិន័យ​របស់​យើង ដែល​អ្នក​រាល់ គ្នា​បាន​ទទួល​មក។ អាម៉ែន៕