ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 74
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៧៤

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ភូមិ​ហៃរាំ រដ្ឋ​អូហៃអូ ខែ​មក​រា ឆ្នាំ​១៨៣២ (History of the Church, ១:២៤២)។ ព្យាការី​សរសេរ​ថា ៖ « កាល​បាន​ទទួល​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់​ដែល​ផុត​មក​ហើយ​នេះ [គ. និង ស. ៧៣] ខ្ញុំ​បាន​ចាប់​ផ្ដើម​ការ​បកប្រែ​ព្រះ​គម្ពីរ ហើយ​បាន​ធ្វើ​ការ​យ៉ាង​ព្យាយាម រហូត​ដល់​ចំ​ពេល​សន្និសីទ​ចាប់​ផ្ដើម ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ ទី​២៥ ក្នុង​ខែ​មក​រា។ នៅ​ពេល​នេះ ខ្ញុំ​ក៏​បាន​ទទួល​វិវរណៈ​ដែល​មាន​ដូច​ត​ទៅ​នេះ ទុកជា​ការ​ពន្យល់​ប្រាប់​អំពី​សំបុត្រ​ទី​មួយ​ទៅ​ដល់​ពួក​កូរិនថូស ជំពូក​ទី៧ ខ​១៤ » (History of the Church, ១:២៤២)។

១–៥, ប៉ុល​ទូន្មាន​សាសនាចក្រ​នៅ​សម័យ​លោក កុំ​ឲ្យ​កាន់​តាម​ក្រឹត្យ​វិន័យ​នៃ​លោក​ម៉ូសេ​ឡើយ; ៦–៧, កូន​ក្មេង​តូច​សុទ្ធ​តែ​បរិសុទ្ធ ហើយ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ​តាម​រយៈ​ដង្វាយ​ធួន​ហើយ។

ត្បិត​ប្ដី​ដែល​មិន​ជឿ នោះ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ​ដោយ​សារ​ប្រពន្ធ ហើយ​ប្រពន្ធ​ដែល​មិន​ជឿ នោះ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ​ដោយ​សារ​ប្ដី​ដែរ ពុំ​នោះ​កូន​ចៅ​គេ​មិន​ស្អាត​ទេ តែ​ឥឡូវ​នេះ វា​បរិសុទ្ធ​ហើយ។

ឥឡូវ​នេះ នៅ​សម័យ​ពួក​សាវក នោះ​ក្រឹត្យ​វិន័យ​នៃ​ការ​កាត់​ស្បែក​ត្រូវ​បាន​គោរព​តាម​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​មិន​ជឿ​ដល់​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​ការ​ទាស់ទែង​ដ៏​ធំ​មួយ​កើត​ឡើង​ក្នុង​ចំណោម​ប្រជាជន​អំពី​ក្រឹត្យ​វិន័យ​នៃ​ការ​កាត់​ស្បែក ត្បិត​ប្ដី​ដែល​មិន​ជឿ​មាន​បំណង​ចង់​ឲ្យ​កូន​ចៅ​ខ្លួន​កាត់​ស្បែក ហើយ​គោរព​តាម​ក្រឹត្យ​វិន័យ​នៃ​លោក​ម៉ូសេ ជា​ក្រឹត្យ​វិន័យ​ដែល​បាន​បំពេញ​រួច​ហើយ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កូន​ចៅ​ដែល​បាន​ចិញ្ចឹម​ឡើង​ឲ្យ​នៅ​ក្រោម​ក្រឹត្យ​វិន័យ​នៃ​លោក​ម៉ូសេ បាន​ស្ដាប់​តាម​សណ្ដាប់​ទាំង​ឡាយ​នៃ​ពួក​អយ្យកោ​របស់​ពួក​គេ ហើយ​មិន​ជឿ​តាម​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ​ឡើយ ដោយ​ហេតុ​នេះ​ហើយ ទើប​ពួក​គេ​ត្រឡប់​ជា​ឥត​បរិសុទ្ធ។

ហេតុ​ដូច្នោះ​ហើយ ត្បិត​ដោយ​ហេតុ​នេះ ទើប​សាវក​នេះ​បាន​សរសេរ​ទៅ​សាសនាចក្រ ដោយ​ឲ្យ​ដល់​ពួក​គេ​នូវ​បញ្ញត្តិ​មួយ ពុំ​មែន​មក​ពី​ព្រះ​អម្ចាស់​ទេ តែ​មក​ពី​ខ្លួន​លោក ថា​អ្នក​ដែល​ជឿ​មិន​គួរ​ចូល​រួម​នឹង​អ្នក​ដែល​មិន​ជឿ​ឡើយ លើក​លែងតែ​ក្រឹត្យ​វិន័យ​នៃ​លោក​ម៉ូសេ ត្រូវ​បាន​បោះបង់​ចោល​នៅ​ក្នុង​ចំណោម​ពួក​គេ​សិន។

ប្រយោជន៍​ឲ្យ​កូន​ចៅ​របស់​ពួក​គេ​អាច​រស់នៅ​ដោយ​គ្មាន​ការ​កាត់​ស្បែក​ឡើយ ហើយ​ប្រយោជន៍​ឲ្យ​សណ្ដាប់​ដែលបាន​ថា​កូន​ក្មេង​តូច​ឥត​បរិសុទ្ធ នោះ​អាច​ត្រូវ​បាន​លុប​ចោល ត្បិត​សណ្ដាប់​នោះ​ធ្លាប់​មាន​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា

ប៉ុន្តែ​កូន​ក្មេង​សុទ្ធ​តែ​បរិសុទ្ធ ពី​ព្រោះ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ហើយ ហើយ​នេះ​គឺជា​អត្ថន័យ​នៃ​បទគម្ពីរ។